« ខ្ញុំប្រៀបធៀបខ្លួនខ្ញុំទៅនឹងមនុស្សដទៃជានិច្ច ជាពិសេសប្រៀបធៀបទៅនឹងមនុស្សដែលហាក់បីដូចជាមានជីវិតល្អឥតខ្ចោះ ។ តើខ្ញុំមានអារម្មណ៍កាន់តែមានទំនុកចិត្តឡើងយ៉ាងដូចម្តេច ? »
រូបថតមកពី Getty Images
អធិស្ឋានដើម្បីដឹងអំពីអំណោយទានរបស់អ្នក
អ្នកមានទេពកោសល្យ និងអំណោយទានខាងវិញ្ញាណជាច្រើន ដែលព្រះវរបិតាសួគ៌បានប្រទានដល់អ្នកដោយផ្ទាល់ ។ មានរបៀបនានាដែលមានតែអ្នកប៉ុណ្ណោះដែលអាចផ្តល់ពរដល់ជីវិតមនុស្សដទៃទៀត ។ នេះជាផែនការរបស់ព្រះវរបិតាសួគ៌ ។ សូមអធិស្ឋានដើម្បីដឹងអំពីអំណោយទានណាដែលអ្នកត្រូវបានប្រទានឲ្យ ហើយប្រសិនបើអ្នកត្រូវការការណែនាំបន្ថែមទៀត សូមសួរអស់អ្នកដែលជិតស្និទ្ធនឹងអ្នក ។ តាមរយៈការស្តាប់តាមព្រះវិញ្ញាណ និងការព្យាយាមរកមើល និងអភិវឌ្ឍទេពកោសល្យរបស់អ្នក ព្រមទាំងគុណសម្បត្តិនៃភាពជាព្រះរបស់អ្នក នោះអ្នកអាចរកឃើញទំនុកចិត្តនៅក្នុងខ្លួនអ្នកដែលអ្នកពុំធ្លាប់មានពីមុន ។
អែមមី ភី អាយុ ១៧ ឆ្នាំ រដ្ឋ ខេនធើឃី ស.រ.អា.
ស្គាល់ពួកគេឲ្យកាន់តែច្បាស់
នៅពេលណាខ្ញុំឃើញថា ខ្ញុំកំពុងប្រៀបធៀបខ្លួនខ្ញុំទៅនឹងនរណាម្នាក់ ខ្ញុំព្យាយាមស្គាល់បុគ្គលម្នាក់នោះកាន់តែច្បាស់ជាងមុនបន្តិចទៀត ។ ពេលខ្ញុំស្គាល់ « មនុស្សមានមុខមានមាត់ » ការពិតនឹងបង្ហាញកាន់តែច្បាស់ឡើងថា មនុស្សគ្រប់រូបនៅលើផែនដីនេះជួបនូវការសាកល្បងនៅក្នុងជីវិតរបស់ពួកគេ ។ កាលណាខ្ញុំកាន់តែនិយាយជាមួយបុគ្គលនោះ នោះខ្ញុំកាន់តែចាប់ផ្តើមយល់ឃើញថា ពួកគេគឺមិត្តភក្តិម្នាក់ ហើយពុំមែនជាមនុស្សដែលគ្មានកំហុសនោះឡើយ ។
អាមេលៀ ស៊ី អាយុ ១៥ ឆ្នាំ រដ្ឋ អៃដាហូ ស. រ. អា.
មានតែយោបល់របស់ព្រះវរបិតាសួគ៌ប៉ុណ្ណោះដែលចាំបាច់
នៅក្នុងសុន្ទរកថាសន្និសីទខែតុលា ឆ្នាំ ២០១៦ « តើខ្ញុំបានគ្រប់លក្ខណ៍ហើយឬនៅ ? តើខ្ញុំអាចបានគ្រប់លក្ខណ៍ដែរឬទេ ? » អែលឌើរ ជេ. ដេវណ៍ ខួនីស្ស ក្នុងពួកចិតសិបនាក់ថ្លែងថា « យោបល់តែមួយគត់ដែលសំខាន់ចំពោះយើងគឺថា តើព្រះវរបិតាសួគ៌មានព្រះទ័យយ៉ាងណាចំពោះយើង ។ សូមទូលសួរទ្រង់ដោយស្មោះថា ទ្រង់គិតយ៉ាងណាអំពីអ្នក ។ ទ្រង់នឹងស្រឡាញ់ ហើយកែតម្រូវ ប៉ុន្តែមិនបំបាក់ទឹកចិត្តយើងឡើយ » ។ ពេលខ្ញុំគិតថា ខ្ញុំនឹងមិនល្អដូចមនុស្សនៅជុំវិញខ្លួនខ្ញុំ នោះខ្ញុំបានអធិស្ឋានទៅរកព្រះវរបិតាសួគ៌ ហើយព្យាយាមចងចាំថា ខ្ញុំគឺជាបុត្រីរបស់ព្រះដែលពេញដោយក្តីស្រឡាញ់ ដែលមានព្រះទ័យជួយខ្ញុំឲ្យសម្រេចបាននូវសក្តានុពលដ៏ពេញលេញរបស់ខ្ញុំ និងជាអង្គដែលជ្រាបដឹងថា ខ្ញុំអាចក្លាយជាអ្វី ប្រសិនបើខ្ញុំស្វែងរកជំនួយពីទ្រង់ ។
អាម៉ានដា អិម អាយុ ១៩ ឆ្នាំ ប៉ារ៉ាណា ប្រទេស ប្រេស៊ីល
អធិស្ឋានសូមទំនុកចិត្ត
ខ្ញុំធ្លាប់ប្រៀបធៀបខ្លួនរបស់ខ្ញុំទៅនឹងមនុស្សដទៃ ដែលខ្ញុំបានគិតថា ពួកគេមានជីវិតល្អជាងខ្ញុំឆ្ងាយណាស់ ជាពិសេសមនុស្សដែលមានហិរញ្ញវត្ថុនឹងនរជាងខ្ញុំ ។ ពេលណាដែលខ្ញុំបានអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌ ទ្រង់បានប្រទានទំនុកចិត្តដល់ខ្លួនខ្ញុំ ។ ខ្ញុំបានដឹងថា ទោះបីជាមានឧបសគ្គបែបណាក្តី ព្រះនឹងជួយខ្ញុំ ដោយសារទ្រង់ពុំប្រទានកាតព្វកិច្ចដល់យើងឡើយ លើកលែងតែទ្រង់រៀបចំផ្លូវឲ្យយើងសម្រេចនូវកិច្ចការនោះ ( សូមមើល នីហ្វៃទី១ ៣:៧; ១៧:៣ ) ។
យ៉ូស្វេ អូ អាយុ ១៩ ឆ្នាំ ឡាហ្គោស ប្រទេសនីហ្សេរីយ៉ា
« យើងចំណាយពេល និងកម្លាំងជាច្រើនក្នុងការប្រៀបធៀបខ្លួនរបស់យើងទៅនឹងមនុស្សដទៃ ។ … ការណ៍នេះនាំឲ្យយើងបង្កើតនូវការរំពឹងទុកនានាសម្រាប់ខ្លួនយើងដែលវាពុំអាចសម្រេចបាន ។ …
… [ ព្រះ ] សព្វព្រះទ័យឲ្យយើងប្រែជាល្អឥតខ្ចោះ ហើយប្រសិនបើយើងបន្តនៅលើផ្នូវនៃភាពជាសិស្ស នោះថ្ងៃណាមួយយើងនឹងអាចសម្រេចកិច្ចការនោះបាន ។ វាមិនអីទេ ដែលអ្នកពុំទាន់ឈានដល់ចំណុចនោះនៅឡើយ ។ សូមបន្តធ្វើកិច្ចការនោះ ប៉ុន្តែត្រូវឈប់ដាក់ទោសដល់ខ្លួនឯង » ។
អែលឌើរ ឌៀថើរ អេហ្វ អុចដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ « Forget Me Not » សន្និសីទទូទៅខែ តុលា ឆ្នាំ ២០១១ ។
តើអ្នកគិតដូចម្តេច ?
« តើខ្ញុំទុកឧបករណ៍អេឡិចត្រូនិចមិនឲ្យរំខានអារម្មណ៍របស់ខ្ញុំយ៉ាងដូចម្តេច ជាពិសេសនៅព្រះវិហារ និងនៅក្នុងថ្នាក់សិក្ខាសាលា ? »
ប្រសិនបើអ្នកមានបំណងឆ្លើយនឹងសំណួរនេះ សូមផ្ញើចម្លើយរបស់អ្នក និងរូបថតមានគុណភាពច្បាស់មួយសន្លឹកឲ្យបានត្រឹមថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០១៨ ទៅកាន់គេហទំព័រ liahona.lds.org ( សូមចុច « Submit an Article or Feedback » ) ។
ចម្លើយអាចនឹងត្រូវបានកែសម្រួលឡើងវិញ ប្រសិនបើវាវែងពេក ឬមិនសូវច្បាស់លាស់ ។