ឥទ្ធិពលរបស់ឪពុកសុចរិត
អ្នកនិពន្ធរស់នៅរដ្ឋ កាលីហ្វូញ៉ា ស.រ.អា. ។
តាមរយៈការពឹងផ្អែកទៅលើអ្នកដើរតួជាឪពុកសុចរិត និងព្រះវរបិតាសួគ៌របស់ខ្ញុំ នោះខ្ញុំបានរៀនពីអត្ថន័យដ៏ពិតនៃភាពជាឪពុក ។
រូបថតរបស់អ្នកនិពន្ធជាមួយស្វាមីគាត់ និងកូនស្រីដោយ ចេស៊ី វ៉រែន
កាលធំដឹងក្តីឡើង ខ្ញុំគ្មានឪពុកនៅលើផែនដីនេះនៅក្នុងជីវិតខ្ញុំ ដើម្បីធ្វើឲ្យខ្ញុំស្គាល់ប្រភេទនៃសេចក្តីស្រឡាញ់ដែលព្រះវរបិតាសួគ៌មានសម្រាប់ខ្ញុំឡើយ ។ ផ្ទុយទៅវិញ ខ្ញុំបានសង្កេតមើលបុរសដទៃទៀតដែលបានបង្ហាញនូវសេចក្តីស្រឡាញ់របស់ទ្រង់ និងគំរូនានាអំពីភាពជាឪពុកពិតប្រាកដ ។ ប្រធាន ជែមស៍ អ៊ី ហ្វោស្ត ( ១៩២០–២០០៧ ) ទីប្រឹក្សាទីពីរក្នុងគណៈប្រធានទីមួយបានបង្រៀនថា « ភាពជាឪពុកដ៏ថ្លៃថ្នូរផ្តល់ដល់យើងនូវគំនិតមួយចំនួនតូចអំពីលក្ខណៈនៃភាពជាព្រះរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌របស់យើង » ។១ តាមរយៈគំរូរបស់អ្នកដើរតួជាឪពុកជាច្រើន រួមទាំងសមាជិកគ្រួសារ ថ្នាក់ដឹកនាំសាសនាចក្រ បុរសសុចរិតនៅក្នុងព្រះគម្ពីរ រួមទាំងគ្រូបង្រៀនតាមផ្ទះដ៏ឧស្សាហ៍ព្យាយាមផងដែរ ខ្ញុំបានរៀនអំពីបុគ្គលិកលក្ខណៈរបស់ព្រះវរបិតាសួគ៌ និងលក្ខណៈដ៏ថ្លៃថ្នូររបស់ឪពុកនៅលើផែនដីនេះអាចអភិវឌ្ឍបានដើម្បីធ្វើតាមគំរូរបស់ទ្រង់ ។ នៅទីបំផុត ខ្ញុំអាចបង្វែរការឈឺចាប់ដែលខ្ញុំមានដែលបណ្តាលមកពីការខ្វះឪពុកនៅលើផែនដីនេះ ឲ្យទៅជាមានសេចក្តីរីករាយទៅលើទំនាក់ទំនងដ៏ជិតស្និទ្ធដែលខ្ញុំអាចអភិវឌ្ឍជាមួយព្រះវរបិតាសួគ៌ ។
ខ្ជាប់ខ្ជួន និងជួយជ្រោមជ្រែង
ព្រះវរបិតាគង់នៅស្ថានសួគ៌របស់យើងគឺពុំប្រែប្រួលឡើយ ។ យើងបានអានថា ទ្រង់ « នៅតែដដែលទោះពីថ្ងៃម្សិល ថ្ងៃនេះ និងរហូតតទៅ » ( មរមន ៩:៩ ) ។ ខ្ញុំបានសង្កេតមើលឪពុកនៅលើផែនដីដ៏ឧត្តុង្គឧត្តម ធ្វើតាមគំរូរបស់ព្រះវរបិតាសួគ៌អំពីការពុំចេះងាករេ ។ ឪពុកដ៏ថ្លៃថ្នូរម្នាក់គឺពិតស្មោះត្រង់ចំពោះពាក្យសម្តីរបស់គាត់នៅក្នុងគ្រប់កិច្ចការទាំងអស់ ។ គាត់យល់ថា ការជួយកូនៗរបស់គាត់ដោយខ្ជាប់ខ្ជួនឲ្យទទួលអារម្មណ៍ថា មានសុវត្ថិភាព និងមានគេស្រឡាញ់ ហើយគាត់ត្រូវមានវត្តមានទាំងក្នុងគ្រាដែលមានវិបត្តិ និងអំណរ ។
ព្រះវរបិតាសួគ៌របស់យើងក៏យល់អំពីប្រភេទនៃការខិតខំដែលតម្រូវឲ្យមាន ដើម្បីមានភាពសក្តិសមរស់នៅអស់កល្បជានិច្ចជាមួយទ្រង់វិញ ។ ទ្រង់ស្គាល់ឈ្មោះយើងម្នាក់ៗ ហើយទ្រង់អនុញ្ញាតឲ្យយើងមានឧបសគ្គដើម្បីបន្សុទ្ធយើង ។ ឪពុកនៅលើផែនដីដ៏ថ្លៃថ្នូរក៏អនុញ្ញាតឲ្យកូនៗរបស់គាត់មានការពុះពារយូរៗម្តង ដោយសារគាត់ដឹងថា ឧបសគ្គទាំងនោះនាំមកនូវឱកាសរីកចម្រើន ។
ស្វាមីរបស់ខ្ញុំគឺជាសិល្បៈករគុណយ៉ាងស្ទាត់ជំនាញម្នាក់ ។ ឪពុករបស់គាត់បានបង្រៀនគាត់ ហើយជារឿយៗគាត់ប្រាប់ថា ឪពុករបស់គាត់តឹងរឹងនឹងគាត់ជាងកូនសិស្សផ្សេងៗទៀត ។ ការលត់ដំខ្លួនរបស់ឪពុកគាត់បានពង្រឹងដល់គាត់ និងជួយគាត់ឲ្យរីកចម្រើនកាន់តែលឿន ។ ដូចជាព្រះវរបិតាសួគ៌របស់យើងដែរ ឪពុកនៅលើផែនដីដ៏ថ្លៃថ្នូរលើកទឹកចិត្តកូនៗរបស់ខ្លួន ឲ្យធ្វើឲ្យអស់ពីសមត្ថភាពរបស់ពួកគេ ដោយផ្តល់កម្លាំង សេចក្ដីស្រឡាញ់ និងការជួយជ្រោមជ្រែង ។
« កិច្ចការគ្មានទីបញ្ចប់ »
កិច្ចការរបស់ព្រះវរបិតាសួគ៌យើងគឺអស់កល្ប និងគ្មានទីបញ្ចប់ឡើយ ( សូមមើល អាលម៉ា ១២:២៥–៣៣ ) ។ នៅក្នុងរបៀបដូចគ្នានោះ កិច្ចការរបស់ឪពុកនៅលើផែនដីដ៏ថ្លៃថ្នូរនេះក៏គ្មានទីបញ្ចប់ផងដែរ ។ ឪពុកដ៏ថ្លៃថ្នូរធ្វើកិច្ចការយ៉ាងខ្ជាប់ខ្ជួន ហើយព្យាយាមស្វែងរកសេចក្តីសុចរិត ។ ពួកគាត់ពិតស្មោះត្រង់ក្នុងការគោរពតាមបទបញ្ញត្តិព្រះ ។ ពួកគាត់ទុកចំណាប់អារម្មណ៍ផ្ទាល់ខ្លួនមួយអន្លើរសម្រាប់សេចក្តីល្អដល់គ្រួសាររបស់ពួកគាត់ ។ នៅក្នុង « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ព្យាការីនៅរស់បានបង្រៀនថា « តាមការរៀបចំដ៏ទេវភាពនេះ ឪពុកត្រូវបានចាត់ឲ្យធ្វើជាអ្នកដឹកនាំនៅក្នុងគ្រួសាររបស់ខ្លួន ដោយសេចក្តីស្រឡាញ់ និង សេចក្តីសុចរិត ហើយមានភារកិច្ចក្នុងការផ្គត់ផ្គង់សេចក្តីត្រូវការក្នុងជីវិត ព្រមទាំងការពារក្រុមគ្រួសារខ្លួនផង » ។២ កិច្ចការនេះពុំគ្រាន់តែជាការការពារខាងរូបកាយប៉ុណ្ណោះទេ តែក៏ជាការការពារខាងវិញ្ញាណផងដែរ ។ ឪពុកដ៏ថ្លៃថ្នូរដឹកនាំតាមរយៈគំរូ ហើយផ្តល់សេចក្តីស្រឡាញ់ និងការទូន្មានដល់កូនៗរបស់ពួកគាត់ ។ ពួកគាត់ក៏ព្រមានទាស់នឹងគ្រោះថ្នាក់ខាងវិញ្ញាណ នៅពេលចាំបាច់ ។
រចនាសម្ព័ន្ធរបស់គ្រួសារដ៏មានឥទ្ធិពល
នៅក្នុងអត្ថបទ New York Times « The Stories That Bind Us » របស់លោក ប្រ៊ូស ហ្វៀលើ ផ្តល់នូវទស្សនវិស័យនៃការសិក្សានានាទាក់ទងនឹងការធ្វើឲ្យគ្រួសារមានភាពយ៉ាប់យ៉ឺន ។ នៅក្នុងការសិក្សាទាំងនេះ អ្នកចិត្តវិទ្យាបានរកឃើញថា កូនៗដែលបង្ហាញនូវភាពរឹងប៉ឹងដ៏អស្ចារ្យ គឺជាក្មេងដែលបានជួបនឹងរចនាសម្ព័ន្ធរបស់គ្រួសារដ៏មានឥទ្ធិពល ដែលបានជួយពួកគេឲ្យទទួលអារម្មណ៍ថា ពួកគេជាចំណែកនៃអ្វីមួយដែលធំជាងនោះ ។ ហ្វៀលើបានថ្លែងថា « ប្រសិនបើអ្នកចង់បានគ្រួសារមួយដ៏រីករាយ សូមបង្កើត បន្សុទ្ធ និងប្រាប់ឡើងវិញនូវគ្រាវិជ្ជមាននានារបស់គ្រួសារអ្នក និងសមត្ថភាពរបស់អ្នកដើម្បីធ្វើឲ្យបានប្រសើរឡើងវិញពីគ្រាដ៏លំបាកនានា ។ ទង្វើបែបនោះអាចបង្កើននូវភាពពិសេសនានាដែលគ្រួសាររបស់អ្នកនឹងជោគជ័យអស់ជាច្រើនជំនាន់បន្តបន្ទាប់ទៀត » ។៣
គំរូនេះអាចឃើញនៅក្នុង ម៉ូសេ ១ ។ ម៉ូសេមានអំណាចដោយសារចំណេះរបស់លោកអំពីផែនការរបស់ព្រះ និងអត្តសញ្ញាណនៃភាពជាព្រះរបស់លោកផ្ទាល់ ។ ពេលសាតាំងបានមកល្បួងលោក ម៉ូសេបានឆ្លើយតបយ៉ាងមុតមាំថា « តើអ្នកជានរណា ? ដ្បិតមើលចុះ ខ្ញុំជាបុត្រនៃព្រះនៅក្នុងរូបដូចជាព្រះរាជបុត្រាបង្កើតតែមួយរបស់ទ្រង់ ហើយចុះតើសិរីល្អរបស់អ្នកនៅឯណា ដែលគួរឲ្យខ្ញុំថ្វាយបង្គំ ? » ( ម៉ូសេ ១:១៣ ) ។ បន្ទាប់មកម៉ូសេ ថែមទាំងមានចិត្តក្លាហានបញ្ជាឲ្យសាតាំងចាកចេញទៀតផង ។
ឪពុកនៅលើផែនដីដ៏ថ្លៃថ្នូរផ្តល់អំណាចដល់កូនៗរបស់ពួកគាត់ តាមរយៈការរំឭកពួកគេអំពីអត្តសញ្ញាណនៃភាពជាព្រះរបស់ពួកគេ ក្នុងនាមជាបុត្រខាងវិញ្ញាណរបស់ព្រះ ។ ពួកគាត់ជួយស្ថាបនាគ្រួសាររឹងប៉ឹងមួយ តាមរយៈគំរូល្អរបស់ខ្លួន ហើយប្រាកដថា កូនៗរបស់គាត់បានចូលរួមចំណែកនៅក្នុងការស្ថាបនានោះ ។ ការណ៍នេះផ្តល់ស្មារតីមួយនៃគោលបំណងដ៏រឹងប៉ឹង និងទំនុកចិត្តដើម្បីមានជ័យជម្នះដល់កូនៗរបស់ពួកគាត់ ។
ការស្វែងរកស្វាមីដ៏ថ្លៃថ្នូរ
កាលខ្ញុំកំពុងនៅដើរលេងជាគូ ខ្ញុំបានស្វែងរកដៃគូអស់កល្បជានិច្ចដែលនឹងធ្វើជាឪពុកដ៏ថ្លៃថ្នូរ ។ ចាប់តាំងពីខ្ញុំធំដឹងក្តីឡើងដោយគ្មានគំរូនោះនៅក្នុងកុមារភាពរបស់ខ្ញុំ នោះវាកាន់តែពិបាកសម្រាប់ខ្ញុំក្នុងការដឹងនូវបុគ្គលិកលក្ខណៈទាំងអស់ដែលឪពុកនៅលើផែនដីដ៏ថ្លៃថ្នូរគួរតែមាន ។ ខ្ញុំមានការខកចិត្តដែលពរលោកអយ្យកោរបស់ខ្ញុំពុំបានផ្តល់ការណែនាំលម្អិតច្រើនអំពីបុគ្គលដែលព្រះវរបិតាសួគ៌ចង់ឲ្យខ្ញុំរៀបអាពាហ៍ពិពាហ៍ជាមួយឡើយ ។ ពរនោះគ្រាន់តែប្រាប់ថា ខ្ញុំគួរតែស្វែងរកនរណាម្នាក់ដែលអាចនាំខ្ញុំទៅព្រះវិហារបរិសុទ្ធ ។ ប៉ុន្តែទោះបីវាជាការណែនាំដ៏សាមញ្ញក្តី ក៏វាហាក់ដូចជាមានការលំបាកផងដែរ ។ ទោះបីជាខ្ញុំមានបទពិសោធន៍វិជ្ជមានមួយចំនួននៃការដើរលេងជាគូក្តី ជារឿយៗខ្ញុំបានបារម្ភថា គ្មានបុរសដែលមានលក្ខណៈបែបនោះពិតប្រាកដឡើយ ឬខ្ញុំត្រូវរងទុក្ខដោយការសាកល្បងស្វែងរកស្វាមីនេះដោយគ្មានទីបញ្ចប់ឡើយ ។
ទោះបីជាបទពិសោធន៍ពីមុនធ្វើឲ្យខ្ញុំមានការថប់បារម្ភក្តី ខ្ញុំបានបន្តអធិស្ឋានស្វែងរកស្វាមីដែលនឹងធ្វើជាឪពុកសុចរិតសម្រាប់កូនៗរបស់ខ្ញុំ ដែលនឹងស្រឡាញ់ពួកគេ ហើយបន្តមានវត្តមាននៅក្នុងជីវិតរបស់ពួកគេ ។ ដូចជាម្តាយដ៏ស្មោះត្រង់របស់ខ្ញុំផងដែរ ខ្ញុំបានដឹងថា ទោះបីមានរឿងអ្វីកើតឡើងក្តី ខ្ញុំនឹងអាចពឹងផ្អែកលើព្រះវរបិតាអស់កល្បរបស់ខ្ញុំសម្រាប់ការជួយជ្រោមជ្រែង ។
ដោយក្តីភ្ញាក់ផ្អើល និងក្តីរីករាយ ខ្ញុំបានទទួលចម្លើយចំពោះការអធិស្ឋានរបស់ខ្ញុំនៅចំកាលវិភាគដ៏ល្អឥតខ្ចោះរបស់ព្រះវរបិតាសួគ៌ ។ វាគឺជាការព្យាបាលដល់ខ្ញុំ ដើម្បីសង្កេតមើលគំរូនៃសេចក្តីស្រឡាញ់របស់ស្វាមីខ្ញុំអំពីលក្ខណៈដែលឪពុកម្នាក់គួរមាន ។ ខ្ញុំមានអំណរគុណដែលគាត់ធ្វើតាមគំរូដែលបានផ្តល់ជាគំរូដោយពួកព្យាការី និងពួកសាវក ហើយថា គាត់ជ្រើសរើសដើម្បីរីករាយ និងស្រឡាញ់ខ្ញុំដោយគ្មានភាពអាត្មានិយម ។ គំរូរបស់គាត់ក្នុងនាមជាស្វាមីដែលមានក្តីស្រឡាញ់ក៏បានផ្តល់ពរដល់កូនៗរបស់យើងផងដែរ ។ ដួងចិត្តរបស់ខ្ញុំពោរពេញដោយអំណរគុណចំពោះសេចក្តីស្មោះត្រង់របស់គាត់ដែលបានឆ្លងកាត់ការសាកល្បងនានា គំរូរបស់គាត់អំពីការខិតខំធ្វើការ ភាពសក្តិសមរបស់គាត់ដើម្បីអនុវត្តបព្វជិតភាព និងភាពបរិសុទ្ធ សេចក្តីស្រឡាញ់ដ៏ឥតងាករេដែលគាត់បានបង្ហាញក្នុងនាមជាឪពុកវ័យក្មេងមួយរូប ។
ឪពុកដែលនៅជុំវិញយើង
រូបភាពដែលលាបដោយថ្នាំទឹកពណ៌ ដោយអ្នកនិពន្ធអំពីស្វាមី និងកូនស្រីរបស់គាត់ ។ គាត់ត្រូវបានបំផុសគំនិតឲ្យចាប់យកផ្នែកសិល្បៈគំនូរដោយគ្រូបង្រៀនតាមផ្ទះរបស់គាត់—ដែលជាអ្នកដើរតួធ្វើជាឪពុកម្នាក់នៅក្នុងជីវិតគាត់ ។
គ្មានដែនកំណត់ចំពោះឥទ្ធិពលនៃបុរសម្នាក់ដែលយល់ដូចជាម៉ូសេស្គាល់អំពីខ្លួនរបស់គាត់ឡើយ ។ ស៊ិស្ទើរ ស្សើរី ឌូ អតីតទីប្រឹក្សាទីពីរនៅក្នុងគណៈប្រធានសមាគមសង្គ្រោះទូទៅ បានបង្រៀនថា ស្ត្រីទាំងអស់មានការអប់រំឲ្យបំពេញតួនាទីនៃភាពជាម្តាយ ទោះបីជាពួកគេពុំទាន់ក្លាយជាម្តាយក្តី ។ គាត់បានថ្លែងទីបន្ទាល់ថា « យើងទាំងអស់គ្នាគឺជាម្តាយនៅក្នុងសាសន៍អ៊ីស្រាអែល ហើយការហៅរបស់យើងគឺដើម្បីស្រឡាញ់ និងជួយដឹកនាំជំនាន់ដែលកំពុងពេញវ័យឆ្លងកាត់ផ្លូវដ៏គ្រោះថ្នាក់នៃជីវិតរមែងស្លាប់នេះ » ។៤ បុរសដែលជាគំរូសុចរិតក្នុងការបំពេញតួនាទីនៃការធ្វើជាឪពុកនៅក្នុងសាសន៍អ៊ីស្រាអែល និងគំរូដ៏មានគុណធម៌របស់គាត់អាចជះឥទ្ធិពលហួសពីគ្រួសាររបស់ពួកគេផ្ទាល់ទៅទៀត ។
បន្ទាប់ពីឧបសគ្គនៅកុមារភាពរបស់ខ្ញុំ ខ្ញុំមានទំនុកចិត្តថា ព្រះវរបិតាសួគ៌បានជ្រាបដឹងយ៉ាងពិតប្រាកដនូវអ្វីដែលខ្ញុំត្រូវការ ដើម្បីធ្វើឲ្យខ្ញុំទុកចិត្តលើដៃគូអស់កល្បជានិច្ចរបស់ខ្ញុំ ។ គាត់ធ្វើជាគំរូដ៏ខ្ជាប់ខ្ជួនជាច្រើនអំពីភាពជាឪពុកនៅក្នុងជីវិតខ្ញុំ ។ ទាំងនេះរួមមានទាំងជីតាសុចរិតរបស់ខ្ញុំ ដែលស្រឡាញ់ព្រះអម្ចាស់ និងជាគ្រូបង្រៀនតាមផ្ទះដ៏ឧស្សាហ៍ព្យាយាមដែល — យល់អំពីដែនកំណត់នៃហិរញ្ញវត្ថុរបស់គ្រួសារខ្ញុំ — បានយកខ្ញុំឲ្យធ្វើជាកូនសិស្សរបស់គាត់នៅក្នុងស្ទូឌីយ៉ូសិល្បៈរបស់គាត់ ហើយបំផុសគំនិតខ្ញុំឲ្យធ្វើតាមគន្លងវិជ្ជាជីវៈរបស់គាត់ ។ នៅក្នុងជីវិតជាយុវមជ្ឈិមវ័យរបស់ខ្ញុំ ការព្យាបាលសួគ៌ាក៏ត្រូវបានប្រទានមកតាមរយៈពរជ័យដែលពុំបានរំពឹងទុកនៃការទទួលឪពុកចុងដ៏សុចរិតម្នាក់ ដែលមានចិត្តអត់ធ្មត់ជាមួយនឹងភាពស្ទាក់ស្ទើររបស់ខ្ញុំ ដើម្បីទុកចិត្តលើអ្នកដើរតួជាឪពុក ហើយដែលបន្តបង្ហាញសេចក្តីសប្បុរសដល់ខ្ញុំ ។
តាមរយៈឥទ្ធិពលសុចរិតរបស់អ្នកដើរតួជាឪពុកទាំងនេះ នោះខ្ញុំរកឃើញសេចក្តីសង្ឃឹម ការព្យាបាល និងអំណរ ។ ខ្ញុំមានអំណរគុណដល់បុរសទាំងអស់ដែលធ្វើតាមគំរូដែលព្រះវរបិតាគង់នៅស្ថានសួគ៌បានបង្កើតឡើង ហើយព្យាយាមធ្វើជាគំរូអំពីភាពជាឪពុកដ៏ថ្លៃថ្នូរ ។