២០១៨
« ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ »
ខែ មិថុនា ឆ្នាំ ២០១៨


« ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ »

សម្រាប់​ពួកយើង​ម្នាក់ៗ ជីវិត​នេះ​គឺជា​ដំណើរ​មួយ​ដ៏​ពិសេស និង​អស្ចារ្យ ។ យើង​នឹង​ឆ្លងកាត់​ដំណាក់កាល​ខុសៗគ្នា​ក្នុង​ជីវិត​របស់​យើង ដែល​វា​ពោរពេញ​ទៅដោយ​រឿង​ថ្មីៗ ការប្រឈម​ថ្មីៗ និង​ការបំផុស​គំនិត​ខាង​វិញ្ញាណ​ថ្មីៗ ។ គឺ​ដូចជា​ការជិះ​រថភ្លើង​មួយ​ដោយ​មាន​គោលដៅ​ទៅ​ទីក្រុង​ដ៏​សែនឆ្ងាយ​មួយ​ដែល​យើង​មិន​ដែល​បាន​ទៅ​លេង​ពីមុន​មក​ យើង​នឹង​មើលទេសភាព​ថ្មីៗ​តាម​បង្អួច ។ វា​នឹង​មាន​អគារ​ជាច្រើន​ក្នុង​ទីក្រុង​ទាំងនោះ ទីវាល ស្ពាន ភ្នំ និង​ឆ្នេរ​សមុទ្រ ។ ជីវិត​របស់​យើង​ស្រដៀង​ទៅនឹង​ទិដ្ឋភាព​ខុសគ្នា​នោះ​ដែរ កាល​យើង​ច្បាស់​ជា​ជួប​នឹង​ក្ដីអំណរ ក្ដីសង្ឃឹម ជោគជ័យ ភាពតានតឹង ការថប់បារម្ភ និង​ការខកចិត្ត ។

ខ្ញុំ​រីករាយ​ដែល​យើង​អាច​ជួប​នឹង​បទពិសោធន៍​នៃ​ជីវិត​ដ៏​សម្បូរ​បែប​នេះ ហើយ​ឆ្លង​កាត់​ដំណើរ​ដ៏​ជោគជ័យ​មួយ​ត្រឡប់​ទៅ​ផ្ទះ​នៅ​ស្ថានសួគ៌​របស់​យើង​វិញ​តាមរយៈ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ដូចជា​ផ្លូវ​រថភ្លើង​ដែល​នាំ​រថភ្លើង​ទៅកាន់​គោលដៅ​របស់​វា​ដែរ ។ ដូចជា​រថភ្លើង​ត្រូវតែ​នៅលើ​ផ្លូវ​របស់​វា​ដើម្បី​ទៅដល់​គោលដៅ​​នោះ យើង​ក៏​ត្រូវ​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងអស់​របស់​ព្រះអម្ចាស់ ទទួល​ពិធីបរិសុទ្ធ​ទាំងអស់ ហើយ​រក្សា​សេចក្ដី​សន្យា​ទាំងអស់​ដើម្បី​ត្រឡប់​ទៅកាន់​ផ្ទះ​នៅ​ស្ថានសួគ៌​របស់​យើង​ផងដែរ ។

យើង​គឺជា​កូនចៅ​ខាង​វិញ្ញាណ​របស់​ព្រះ ។ យើង​មាន​សក្ដានុពល​ដែល​គ្រង​ទុក​មក​ដើម្បី​អភិវឌ្ឍ​គុណសម្បត្តិ​ដ៏​ទេវភាព​របស់​ទ្រង់ ។ តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​ក្លាយ​ដូចជា​ព្រះវរបិតាសួគ៌​របស់​យើង ហើយ​ទទួល​បាន​សេចក្ដីអំណរ​ដ៏​ពេញលេញ ។ វា​មើល​ទៅ​សែន​ឆ្ងាយ​នឹង​ទៅដល់ ប៉ុន្ដែ​វា​មាន​ឥទ្ធិពល​នៅ​ជិត​បង្កើយ​រហូត​ដល់​យើង​សឹង​មិន​អាចយល់​វា​បាន ។

កាល​មាន​បន្ទូល​ពី​អស់​អ្នក​ដែល​ប្រែចិត្ត នោះ​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា « ទោះ​បើ​អំពើ​បាប​របស់​ឯង​ដូច​ជា​ពណ៌​ក្រហមទែង​ក៏​ដោយ គង់​តែ​នឹង​បាន​ស​ដូច​ហិមៈ » « ហើយ​យើង​ជា​ព្រះ​អម្ចាស់​មិន​ចាំ​ពី​អំពើ​បាប​ទាំង​នោះ​ទៀត​ទេ » ។ មិន​ថា​បញ្ហា​អ្វី​ឡើយ វា​អាច​ដោះស្រាយ​បាន​តាមរយៈ​ការប្រែចិត្ត​ដ៏​ត្រឹមត្រូវ ។ យើង​អាច​ស្អាតបាត​ម្ដង​ទៀត​បាន ។

ព្រះអង្គសង្គ្រោះ​បាន​មាន​ព្រះបន្ទូល​ថា « អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់សម្រាក ។ ចូរ​ទទួល​នឹមខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្តី​សំរាក​ដល់​ព្រលឹង ។ ពី​ព្រោះ​នឹម​ខ្ញុំ​ងាយ​ទេ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល » ។

អែលឌើរ ដេវីឌ អេ បែដណា បាន​បង្រៀន​ថា « ការចុះ និង​ការ​រក្សា​សេចក្តីសញ្ញា​ពិសិដ្ឋ គឺ​ជា​ការ​ទឹម​យើង​ជាមួយនឹង​ព្រះ​អម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ … កាលណា​យើង​ទុកចិត្ត ហើយ​ទាញបន្ទុក​យើង​ជាមួយ​ទ្រង់​ក្នុងដំណើរ​នៃ​ជីវិត​រមែង​ស្លាប់នេះ នោះ​នឹម​ទ្រង់​នឹង​ងាយ ហើយ​ស្រាល​ជា​ប្រាកដ … យើង​ពុំ​ដែល​នៅ​ម្នាក់​ឯង​ឡើយ ។ យើង​អាច​ឆ្ពោះ​ទៅមុខ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​យើង ដោយ​មាន​ជំនួយ​ពី​ស្ថានសួគ៌ » ។

កាល​ព្រះអម្ចាស់​បាន​ប្រកាស​ថា « ហេតុ​ដូច្នេះ​ហើយ ចូរ​បន្ត​ដំណើរ​របស់​អ្នក ហើយ​ចូរ​ឲ្យ​ចិត្ត​អ្នក​បាន​សប្បាយរីករាយ​ចុះ ត្បិត​មើល​ចុះ និង​មើល​ន៏ យើង​គង់នៅ​ជា​មួយ​អ្នក​រហូត​ដល់​ចុង​បំផុត » ។ ដូច្នេះ ព្រះគុណ​របស់​ព្រះគ្រីស្ទ​ផ្ដល់​ឲ្យ​យើង​មិន​ត្រឹមតែ​សេចក្ដី​សង្គ្រោះ​ចេញពី​ទុក្ខសោក អំពើបាប និង​សេចក្ដីស្លាប់​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​ផ្ដល់​ដល់​យើង​នូវ​កម្លាំង​ដែល​យើង​ត្រូវការ​ដើម្បី​យកឈ្នះ​លើ​ការឈឺចាប់ និង​ការរងទុក្ខ​ខាង​សាច់ឈាម​ទាំងឡាយ​ផងដែរ ។

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា « ហើយ​បើ​សិន​ជា​មនុស្ស​លោក​មក​រក​យើង នោះ​យើង​នឹង​បង្ហាញ​ដល់​ពួក​គេ​នូវ​ភាព​ទន់ខ្សោយ​របស់​ពួក​គេ ។ យើង​ឲ្យ​ភាព​ទន់ខ្សោយ​ទៅ​មនុស្ស ដើម្បី​ឲ្យ​ពួក​គេ​អាច​បាន​រាបសា ហើយ​គុណ​របស់​យើង​មាន​គ្រប់​គ្រាន់​សម្រាប់​មនុស្ស​ទាំង​អស់ ដែល​បន្ទាប​ខ្លួន​នៅ​ចំពោះ​យើង ត្បិត​បើ​សិន​ជា​ពួក​គេ​បន្ទាប​ខ្លួន​នៅ​ចំពោះ​យើង ហើយ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​យើង លំដាប់​នោះ យើង​នឹង​ធ្វើ​ឲ្យ​អ្វី​ដែល​ទន់ខ្សោយ​ក្លាយ​ទៅ​ជា​ខ្លាំង​ពូកែ​ចំពោះ​ពួក​គេ​វិញ » ។ ( អេធើរ ១២:២៧ )

ខណៈ​មរ៉ូណៃ​អង្វរ​ថា « មែន​ហើយ ចូរ​មក​រក​ព្រះ​គ្រីស្ទ ហើយ​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ទ្រង់ …​ ស្រឡាញ់​ព្រះ​ឲ្យ​អស់​ពី​សមត្ថ​ភាព អស់​ពី​គំនិត និង​អស់​ពី​កម្លាំង​របស់​អ្នក នោះ …​ ដោយ​សារ​ព្រះ​គុណ​នៃ​ព្រះ នោះ​អ្នក​រាល់​គ្នា​អាច​បាន​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ព្រះ​គ្រីស្ទ »

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​អញ្ជើញ​យើង​ថា « តើ​យើង​ត្រៀម​ខ្លួន​សម្រាប់​ដំណើរ​ឆ្លងកាត់​ជីវិត​របស់​យើង​ហើយ​ឬ​នៅ ? ផ្លូវ​នេះ​ពេលខ្លះ​អាច​ពិបាក ។ គូស​ផ្លូវ​របស់​អ្នក​ទុក ចូរ​ប្រុង​ប្រយ័ត្ន ហើយ​តាំងចិត្ត​ថា​ត្រូវ​ខំ​រៀន អធិស្ឋាន​ដោយ​ក្លៀវក្លា និង រស់នៅ​ដោយ​សុចរិត » ។

នៅក្នុង​ឯកសារ « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់ ៖ ទីបន្ទាល់​នៃ​ពួកសាវក » គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ប្រកាស​ថា « យើង​សូម​ថ្វាយ​នូវ​ទីបន្ទាល់​របស់​យើង​អំពី​សគុណភាព​នៃ​ការបូជា​ដ៏​មហិមា​របស់​ទ្រង់​ដែល​ធួន​នឹង​បាប ។ សូម្បីតែ​មួយ​ក៏​គ្មាន​សោះ ដែល​ឥទ្ធិពល​ដ៏​ជ្រាលជ្រៅ​ទៅលើ​អស់​ទាំង​មនុស្ស​ដែល​បាន​រស់នៅ ហើយ​ដែល​នឹង​រស់នៅ​លើ​ផែនដី​នៅ​អនាគតកាល » ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​របស់​ខ្ញុំ​ថា ព្រះ​មាន​ព្រះជន្ម​រស់ ។ ទ្រង់​ស្រឡាញ់​យើង ។ ទ្រង់​ស្ដាប់​ឮ​ការអធិស្ឋាន​របស់​យើង នៅពេល​ណា​យើង​អររីករាយ ក្រៀមក្រំ តានតឹង ឬ​ថប់​បារម្ភ ។ ខ្ញុំ​សូមថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក​នេះ ។ ទ្រង់​គឺជា​ព្រះប្រោសលោះ ។ ខ្ញុំ​ដឹង​ថា ដង្វាយធួន​របស់​ទ្រង់​នឹង​ជួយ​យើង​ឲ្យ​មាន​ដំណើរ​ដ៏​ជោគជ័យ​មួយ​ត្រឡប់​ទៅកាន់​ផ្ទះ​របស់​យើង​នៅឯ​ស្ថានសួគ៌​វិញ ។ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. អេសាយ ១:១៨ ។

  2. គោលលទ្ធិ និង សេចក្តី​សញ្ញា ៥៨:៤២ ។

  3. ម៉ាថាយ ១១:២៨–៣០ ។

  4. ដេវីឌ អេ បែដណា « រែក​បន្ទុក​របស់ពួក​គេ​យ៉ាង​ងាយ » Ensign ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៨៨ ។

  5. គោលលទ្ធិ និង សេចក្តី​សញ្ញា ១០០:១២ ។

  6. អេធើរ ១២:២៧ ។

  7. មរ៉ូណៃ ១០:៣២ ។

  8. ថូម៉ាស អេស ម៉នសុន « Be Your Best Self » Ensign ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៦៧ ។