« ទទួល បន្ទុកគ្នាទៅវិញទៅមក »
សុន្ទរកថាដែលបានថ្លែងទៅកាន់បុគ្គលិកផ្នែកសេវាកម្មគ្រួសារ អិល.ឌី.អេស. នៅខែ មិថុនា ឆ្នាំ ២០១៧ ។ អែលឌើរ ហូឡិន បានសម្រួលអត្ថបទនេះសម្រាប់ទស្សនិជនឲ្យកាន់តែទូលំទូលាយឡើង ។
យើងប្រហែលជាពុំអាចផ្លាស់ប្តូរការធ្វើដំណើរបានឡើយ ប៉ុន្តែយើងអាចប្រាកដថា គ្មាននរណាម្នាក់ដើរលើផ្លូវនោះតែឯងឡើយ ។ ប្រាកដណាស់ នោះហើយជាអត្ថន័យនៃការទទួលបន្ទុកគ្នាទៅវិញទៅមក ។
សាវកពេត្រុសបានសរសេរថា សិស្សនៃព្រះគ្រីស្ទត្រូវតែ « មានចិត្តអាណិតអាសូរ » ( ពេត្រុសទី ១ ៣:៨ ) ។ បងប្អូនជាច្រើនបានបំពេញតាមបទបញ្ញត្តិនោះដោយគោរព និងពេញចិត្តរៀងរាល់ថ្ងៃនៅក្នុងជីវិតរបស់បងប្អូន ។ ប្រាកដណាស់ សេចក្តីត្រូវការដ៏ខ្លាំងនៃសេចក្តីអាណិតអាសូរគឺមានទំហំធំធេងទាំងសព្វថ្ងៃនេះ ក៏ដូចជាពេលណាៗទាំងអស់ផងដែរ ។ តាមទិន្នន័យបច្ចុប្បន្នបានឲ្យដឹងថា ក្នុងចំណោមមជ្ឈិមវ័យ ( ៤៣.៨ លាននាក់ ) នៅសហរដ្ឋអាមេរិកប្រាំនាក់ មានម្នាក់មាននូវជំងឺផ្លូវចិត្តរៀងរាល់ឆ្នាំ ។១ ការមើលការណ៍អាសគ្រាមក្នុងគេហទំព័រមួយ មានគេចូលមើលច្រើនជាង ២៣ ពាន់លានដងតែក្នុងឆ្នាំ ២០១៦ ប៉ុណ្ណោះ ។២ « គ្រួសារមួយដែលមានឪពុកម្តាយទាំងពីរនាក់កំពុងធ្លាក់ចុះ [ យ៉ាងលឿន ] នៅក្នុងសហរដ្ឋអាមេរិកដោយសារតែការលះលែងគ្នា, … ការរួមរស់ជាមួយគ្នា, [ និងការកើតកូនឥតខាន់ស្លា ] គឺកំពុងតែកើនឡើង ។ … បច្ចុប្បន្ននេះ យ៉ាងហោចណាស់កូនកើតមកដប់នាក់ មានកូនបួននាក់កើតពីស្ត្រីដែលនៅលីវ ឬរស់នៅជាមួយដៃគូដែលពុំបានរៀបការ » ។៣
ដើម្បីត្រូវបានហៅថា ជារាស្ត្ររបស់ព្រះអង្គសង្គ្រោះ ហើយឈរនៅក្នុងសាសនាចក្ររបស់ទ្រង់ យើងត្រូវតែ « ហើយយល់ព្រមទទួលបន្ទុកគ្នាទៅវិញទៅមក ដើម្បីឲ្យបន្ទុកនោះបានស្រាល មែនហើយ ហើយ [ យល់ព្រម ] ទួញយំជាមួយនឹងអ្នកណាដែលទួញយំ មែនហើយ ហើយកម្សាន្ដទុក្ខដល់អស់អ្នកណាដែលកំពុងត្រូវការកម្សាន្ដទុក្ខ ហើយឈរជាសាក្សីដល់ព្រះនៅគ្រប់ពេល និងគ្រប់សេចក្ដី » ( ម៉ូសាយ ១៨:៨–៩ ) ។
ចំពោះខ្ញុំ ការទទួលបន្ទុកគ្នាទៅវិញទៅមកគឺជារឿងសាមញ្ញ ប៉ុន្តែវាជានិយមន័យដ៏មានឥទ្ធិពលនៃដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ ពេលយើងព្យាយាមសម្រាលបន្ទុកគ្នាទៅវិញទៅមក នោះយើងគឺជា « អ្នកសង្គ្រោះ … នៅលើភ្នំស៊ីយ៉ូន » ( អូបាឌា ១:២១ ) ។ យើងកំពុងធ្វើខ្លួនរបស់យើងជាសញ្ញាមួយឲ្យស្របនឹងព្រះប្រោសលោះនៃពិភពលោក និងដង្វាយធួនរបស់ទ្រង់ ។ យើង « [ កំពុង ] ប្រោសមនុស្សដែលមានចិត្តសង្រេង … [ កំពុង ] ប្រកាសប្រាប់ពីសេចក្តីប្រោសលោះដល់ពួកឈ្លើយ ហើយ … កំពុងដោះលែង … ដល់ពួកអ្នកដែលជាប់ចំណង » ( អេសាយ ៦១:១ ) ។
ការអាណិតអាសូររបស់ព្រះ
ចូរយើងបន្តពិភាក្សាអំពីដង្វាយធួនរបស់ព្រះគ្រីស្ទបន្តិច ។ ប្រសិនបើខ្ញុំយល់នូវគោលលទ្ធិនេះត្រឹមត្រូវនៅក្នុងបទពិសោធន៍នៃដង្វាយធួន ព្រះយេស៊ូវគ្រីស្ទបានទទួលបទពិសោធន៍ជំនួសមនុស្សដទៃ — ហើយទទួលយកបន្ទុកនៃ — អំពើបាប និងក្តីទុក្ខ និងកង្វល់ ព្រមទាំងទឹកភ្នែករបស់មនុស្សលោកទាំងអស់ ចាប់តាំងពីអ័ដាម និងអេវ៉ា រហូតដល់ទីបញ្ចប់នៃពិភពលោកនេះ ។ នៅក្នុងរឿងនេះ ព្រះអង្គទ្រង់ផ្ទាល់គ្មានអំពើបាបឡើយ ប៉ុន្តែទ្រង់បានទទួលអារម្មណ៍នៃការឈឺចាប់ និងលទ្ធផលនៃអស់អ្នកដែលបានធ្វើបាប ។ ទ្រង់គ្មានបទពិសោធន៍ផ្ទាល់នៃការបែកបាក់ក្នុងអាពាហ៍ពិពាហ៍ឡើយ ប៉ុន្តែទ្រង់បានទទួលអារម្មណ៍នៃការឈឺចាប់ និងលទ្ធផលនៃអស់អ្នកដែលមានការបែកបាក់នោះ ។ ទ្រង់គ្មានបទពិសោធន៍ផ្ទាល់នៃការចាប់រំលោភ ឬជំងឺវិកលចរឹត ឬជំងឺមហារីក ឬការបាត់បង់កូនឡើយ ប៉ុន្តែទ្រង់បានទទួលអារម្មណ៍នៃការឈឺចាប់ និងលទ្ធផលនៃអស់អ្នកដែលមានបទពិសោធន៍ទាំងនោះ ព្រមទាំងបន្ទុក និងការខូចចិត្តគ្រប់ជំពូកផ្សេងទៀតនៃជីវិត ។
ការយល់ដឹងអំពីរបៀបដែលដង្វាយធួនដំណើរការផ្តល់នូវសេចក្តីពិតមួយអំពីគំរូនៃព្រះស្តីពី សេចក្តីអាណិតអាសូរ ដែលពិភពលោកពុំដែលធ្លាប់បានស្គាល់ ។ ប្រាកដណាស់ គ្មានពាក្យពេចន៍ពេញលេញគ្រប់គ្រាន់ចំពោះទង្វើដ៏សំខាន់បំផុតនៃសាកលលោកនេះឡើយ ប៉ុន្តែថ្ងៃនេះខ្ញុំគ្មានពាក្យណាល្អជាងដែលជំនួសពាក្យនេះបាន ដូច្នេះខ្ញុំនឹងប្រើពាក្យនេះ ។
សេចក្តីអាណិតអាសូរ មានន័យថា « ជាទង្វើនៃការយល់ចិត្តយល់ថ្លើម … និងការមានបទពិសោធន៍ជំនួសអារម្មណ៍, គំនិត និងទទួលបទពិសោធន៍របស់នរណាម្នាក់ទោះជាបទពិសោធន៍នោះនៅក្នុងអតីតកាល ឬបច្ចុប្បន្នកាលក្តី » ។៤ ដូចបានកត់សម្គាល់រួចហើយ នោះគឺពិតជាសេចក្តីថ្លែងដែលមានហេតុផលអំពីដំណើរការនៃការពលិកម្មធួន ជាពិសេសប្រសិនបើយើងបន្ថែមពាក្យ « អនាគតកាល » ទៅលើពាក្យ « អតីតកាល » និង « បច្ចុប្បន្នកាល » នោះ ។
យើងទាំងអស់គ្នាដឹងថា មានបុត្រាបុត្រីរបស់ព្រះជាច្រើនដែលបានរងទុក្ខដោយស្ងប់ស្ងាត់ និងតែឯកឯង ។ ឧទាហរណ៍ សូមគិតពីយុវជនម្នាក់ដែលបានសរសេរសំបុត្រមកខ្ញុំ ដោយបង្ហាញអំពីទីបន្ទាល់របស់គាត់នៅក្នុងសំបុត្រដែលមានវោហារដ៏អស្ចារ្យរបស់គាត់ ប៉ុន្តែក្រោយមកបានបន្ថែមថា គាត់ខូចចិត្ត ដោយសារគាត់ពុំបានឃើញការសម្រេចបានណាមួយ ឬអំណរសម្រាប់អនាគតកាលដែលអាចកើតមានដល់គាត់ ក្នុងនាមគាត់ជាបុគ្គលម្នាក់ដែលប្រតិព័ទ្ធភេទដូចគ្នាឡើយ ។
« ខ្ញុំជួបនឹងភាពឯកោអាប់អួរទាំងយប់ទាំងថ្ងៃពេញមួយជីវិត ។ ខ្ញុំបានចូលរួមថ្នាក់យុវមជ្ឈិមវ័យនៅលីវរបស់ខ្ញុំដោយស្មោះត្រង់ ហើយរៀងរាល់សប្តាហ៍ខ្ញុំចាកចេញពីព្រះវិហារដោយដឹងថា ខ្ញុំពុំអាចក្លាយជាចំណែកក្នុងថ្នាក់នោះឡើយ ។ ខ្ញុំនឹងពុំអាចបង្រៀនកូនប្រុសខ្ញុំឲ្យចេះជិះកង់ ។ ខ្ញុំនឹងពុំអាចដឹងថា កូនស្រីខ្ញុំចាប់ម្រាមដៃខ្ញុំ ពេលនាងរៀនដើរឡើយ ។ ខ្ញុំនឹងពុំអាចមានចៅឡើយ ។
« ខ្ញុំនឹងមកដល់ផ្ទះដែលមានតែផ្ទះទទេ ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយខែទៅមួយខែ ពីមួយទសវត្សរ៍ទៅមួយទសវត្សរ៍ ដោយបោះយុថ្កាតែមួយគត់នៅក្នុងសេចក្តីសង្ឃឹមខ្ញុំទៅលើព្រះគ្រីស្ទ ។ ជួនកាល ខ្ញុំងឿងឆ្ងល់ពីមូលហេតុដែលទ្រង់ធ្វើបែបនេះដាក់ខ្ញុំ ហើយសុំឲ្យខ្ញុំធ្វើនូវការលះបង់ដែលពុំអាចធ្វើទៅបានបែបនេះទៅវិញ ។ ខ្ញុំយំនៅពេលយប់ដែលគ្មាននរណាម្នាក់មើលឃើញ ។ ខ្ញុំពុំបានប្រាប់នរណាម្នាក់ឡើយ សូម្បីតែឪពុកម្តាយខ្ញុំ ។ ពួកគាត់ និងមិត្តភក្តិខ្ញុំ … នឹងបដិសេធខ្ញុំ ប្រសិនបើពួកគេបានដឹងរឿងនេះ គឺដូចជាអ្វីដែលពួកគេបានបដិសេធចំពោះអស់អ្នកដែលធ្លាប់ដើរលើផ្លូវនេះពីមុនរូបខ្ញុំដែរ ។ ខ្ញុំនឹងរស់នៅក្នុងជីវិតមួយដែលប្លែកពីគេ ។ ខ្ញុំមានជម្រើសក្នុងការត្រូវបានគេរំខាន និងចៀសវាងពីការនៅលីវ ឬត្រូវបានគេអាណិត និងបដិសេធដោយសារតែការប្រាប់នូវហេតុផងនោះ ។ ជីវិតដ៏អាប់អួរនេះហាក់ដូចតោងជាប់នឹងរូបខ្ញុំ ។ តើគ្មានប្រទាលមុខសេះនៅស្រុកកាឡាតទេឬ ? »៥
ជាមួយនឹងការឈឺចាប់ និងក្តីទុក្ខដ៏ខ្លាំង ក្តីអស់សង្ឃឹមដ៏ខ្លាំងបែបនេះ រឿងមួយដែលយើងព្យាយាមជាប្រាកដដើម្បីផ្តល់ឲ្យបុគ្គលបែបនោះគឺ ការបញ្ជាក់អះអាងថា គាត់ពុំឯកោឡើយ ។ យើងត្រូវតែមានចិត្តរឹងប៉ឹងក្នុងការបញ្ជាក់ថា ព្រះគង់នៅជាមួយគាត់ ពួកទេវតានៅជាមួយគាត់ ហើយយើងនៅជាមួយគាត់ ។
សេចក្តីអាណិតអាសូរ ។ ហាក់ដូចជាគ្មានន័យគ្រប់គ្រាន់ឡើយ ប៉ុន្តែវាគឺជាចំណុចចាប់ផ្តើម ។ យើងប្រហែលជាពុំអាចផ្លាស់ប្តូរការធ្វើដំណើរបានឡើយ ប៉ុន្តែយើងអាចប្រាកដថា គ្មាននរណាម្នាក់ដើរលើផ្លូវនោះតែឯងឡើយ ។ ប្រាកដណាស់ នោះហើយជាអត្ថន័យនៃការទទួលបន្ទុកគ្នាទៅវិញទៅមក — ពួកគេ គឺជា បន្ទុក ។ ហើយតើមាននរណាដឹងថា ពេលណា ឬប្រសិនបើពួកគេនឹងត្រូវបានលើកស្ទួយនៅក្នុងជីវិតរមែងស្លាប់នេះ ។ ប៉ុន្តែយើងអាចដើរជាមួយគ្នា ហើយរំលែកនូវបន្ទុកនោះ ។ យើងអាចលើកស្ទួយបងប្អូនប្រុសស្រីរបស់យើង ដូចជាព្រះគ្រីស្ទបានលើកស្ទួយពួកយើងដែរ ( សូមមើល អាលម៉ា ៧:១១–១៣ ) ។
ហើយតាមរយៈកិច្ចការទាំងនេះ នោះយើងប្រាកដជាទទួលបាននូវការថ្លែងអំណរគុណថ្មី និងកាន់តែថ្លៃថ្លាចំពោះអ្វីៗដែលព្រះអង្គសង្គ្រោះបានធ្វើសម្រាប់យើង ។ ដូចខ្ញុំធ្លាប់និយាយថា ៖
« ក្នុងការខិតខំរកក្ដីសុខសាន្ដ និងការយល់ខ្លះពីបញ្ហាលំបាកទាំងនេះ វាសំខាន់ត្រូវចាំថា យើងកំពុងរស់នៅ — និងបានជ្រើសរើសរស់នៅ — ក្នុងពិភពលោកវឹកវរមួយ ដែលការខិតខំដ៏ស្មោះត្រង់របស់យើងឆ្ពោះទៅរកភាពដូចជាព្រះនឹងទទួលការសាកល្បង និងត្រូវព្យាយាមដដែលៗ ។ ក្នុងការអះអាងដ៏អស្ចារ្យបំផុតក្នុងផែនការព្រះ គឺថាព្រះអង្គសង្គ្រោះត្រូវបានសន្យា ជាព្រះមួយអង្គដែលជួយយើងឲ្យឈ្នះពីការសាកល្បងទាំងនោះ តាមរយៈជំនឿយើងទៅលើទ្រង់ ទោះព្រះបិតាជាអង្គដែលបញ្ជូនទ្រង់មក និងព្រះរាជបុត្រា ជាអង្គដែលយាងមក ត្រូវបង់ថ្លៃដ៏ធំដើម្បីធ្វើកិច្ចការនោះក្ដី ។ វាជាការដឹងគុណតែមួយគត់ចំពោះក្ដីស្រឡាញ់ដ៏ទេវភាពនេះ ដែលនឹងធ្វើឲ្យការរងទុក្ខតិចតួចរបស់យើង ដំបូង អាចទ្រាំទ្របាន រួចហើយអាចយល់ និងចុងក្រោយអាចសង្គ្រោះបាន » ។៦
យើងរៀនយ៉ាងលឿនថា ជារឿយៗការបម្រើដ៏ល្អបំផុត និងមិនគិតពីខ្លួនយើងពុំគ្រប់គ្រាន់ដើម្បីលួងលោម ឬលើកទឹកចិត្តក្នុងរបៀបមួយដែលមនុស្សត្រូវការឡើយ ។ ឬប្រសិនបើយើងបានជោគជ័យម្តងហើយ ជារឿយៗយើងហាក់ដូចជាពុំអាចបានជោគជ័យទៀតឡើយ ។ ឬយើងក៏ពុំមែនជាវីរបុរសដែលរារាំងនូវការត្រឡប់ថយក្រោយនៅក្នុងមនុស្សដែលយើងខ្វល់ខ្វាយពីពួកគេឡើយ ។ ទាំងអស់នេះហើយ ជាមូលហេតុដែលយើងត្រូវបែរទៅរកព្រះយេស៊ូវគ្រីស្ទ ហើយពឹងផ្អែកលើទ្រង់ទាំងស្រុង ( សូមមើល នីហ្វៃទី២ ៩:២១ ) ។
ជារឿយៗយើងពុំអាចជួយ — ឬយ៉ាងហោចណាស់ យើងពុំអាចបន្តរក្សាជំនួយរបស់យើង ឬពុំអាចធ្វើវាម្តងហើយម្តងទៀត ពេលយើងធ្វើវាបានជោគជ័យនៅពេលខ្លះនោះឡើយ ។ ប៉ុន្តែព្រះគ្រីស្ទអាចជួយបាន ។ ព្រះជាព្រះវរបិតាអាចជួយបាន ។ ព្រះវិញ្ញាណបរិសុទ្ធអាចជួយបាន ហើយយើងត្រូវបន្តការព្យាយាមធ្វើជាភ្នាក់ងាររបស់ពួកទ្រង់ ដោយជួយនៅពេល និងនៅកន្លែងដែលយើងអាចជួយបាន ។
ពង្រឹងខ្លួនរបស់អ្នក
ចំពោះអស់អ្នកដែលព្យាយាមដោយស្មោះដើម្បីទទួលបន្ទុករបស់មនុស្សដទៃទៀត វាជារឿងសំខាន់ថា អ្នកត្រូវពង្រឹងខ្លួនរបស់អ្នក ហើយស្ថាបនាខ្លួនរបស់អ្នកឡើងវិញជាមុនសិន នៅពេលមនុស្សដទៃរំពឹងទាញយកកម្លាំងយ៉ាងច្រើនពីអ្នក ហើយប្រាកដណាស់គេទាញយកកម្លាំងយ៉ាងច្រើនពីអ្នក ។ គ្មាននរណាម្នាក់រឹងប៉ឹងរហូតដល់គាត់ពុំធ្លាប់មានអារម្មណ៍ថា ហត់នឿយ ឬលំបាក ឬទទួលស្គាល់តម្រូវការដើម្បីមើលថែដល់ខ្លួនគាត់ឡើយ ។ ប្រាកដណាស់ ព្រះយេស៊ូវមានបទពិសោធន៍នៃការនឿយហត់នោះ បានទទួលអារម្មណ៍នៃការបាត់បង់កម្លាំងរបស់ទ្រង់ ។ ទ្រង់បានប្រទានឲ្យ ម្តងហើយម្តងទៀត ប៉ុន្តែមានតម្លៃចំពោះការធ្វើបែបនោះ ហើយទ្រង់បានជ្រាបដឹងអំពីការរងទុក្ខរបស់មនុស្សជាច្រើនដែលពឹងផ្អែកទៅលើទ្រង់ ។ នៅពេលស្ត្រីម្នាក់ដែលមានជំងឺធ្លាក់ឈាមបានពាល់ទ្រង់នៅក្នុងហ្វូងមនុស្ស នោះទ្រង់បានព្យាបាលគាត់ ប៉ុន្តែទ្រង់ក៏បានសម្គាល់ដែរថា « មានព្រះចេស្តាចេញពីទ្រង់ » ( សូមមើល ម៉ាកុស ៥:២៥–៣៤ ) ។
ខ្ញុំតែងកោតសរសើរទ្រង់ជានិច្ចដែល ទ្រង់អាចផ្ទុំលក់នៅកណ្តាលព្យុះនៅលើសមុទ្រកាលីឡេដ៏ខ្លាំងក្លា និងឃោរឃៅ ដែលសិស្សជាអ្នកនេសាទត្រីដ៏មានបទពិសោធន៍របស់ទ្រង់បានគិតថា សំពៅនឹងលិចចុះ ។ ឱទ្រង់ពិតជានឿយហត់ខ្លាំងណាស់ហើយ ? តើមានការបង្រៀនច្រើនប៉ុណ្ណាដែលអ្នកបង្រៀន ហើយតើមានការប្រសិទ្ធពរណាដែលអ្នកអាចធ្វើឡើងដោយគ្មានការនឿយហត់អស់កម្លាំងនោះ ? អ្នកដែលមើលថែទាំគេ ក៏ត្រូវតែទទួលការមើលថែផងដែរ ។ អ្នកត្រូវតែមានប្រេងនៅក្នុងកាដុងពីមុនអ្នកអាចឲ្យប្រេងនោះទៅអ្នកដទៃ ។
រ៉ូសាលីន ខាធើរ ប្រធានក្រុមប្រឹក្សានៃវិទ្យាស្ថាន រ៉ូសាលីន ខាធើរ សម្រាប់ការផ្តល់ការថែទាំ បានថ្លែងថា « មានមនុស្សតែបួនប្រភេទប៉ុណ្ណោះនៅក្នុងពិភពលោកនេះ ៖ អស់អ្នកដែលធ្លាប់ធ្វើជាអ្នកមើលថែទាំគេ, អស់អ្នកដែលកំពុងមើលថែទាំគេ, អស់អ្នកដែលនឹងក្លាយជាអ្នកមើលថែទាំគេ និងអស់អ្នកដែលនឹងត្រូវការអ្នកមើលថែទាំ » ។៧
ប្រាកដណាស់ « ទំនាក់ទំនងរវាងអ្នកមើលថែទាំគេ និងអ្នកទទួលការថែទាំពីគេគឺជា [ ទំនាក់ទំនងដ៏ធ្ងន់មួយ, គឺជាទំនាក់ទំនងកាន់តែ ] ពិសិដ្ឋ » ។៨ ទោះជាយ៉ាងណាក៏ដោយ នៅពេលយើងជួបបទពិសោធន៍នៃការលំបាកស្តីពីការទទួលបន្ទុកគ្នាទៅវិញទៅមក នោះយើងអាចចងចាំថា គ្មានពួកយើងណាម្នាក់អាចចៀសវាងពីឥទ្ធិពលនៃការអាណិតអាសូរ ជាមួយនឹងការឈឺចាប់ និងការរងទុក្ខរបស់បុគ្គលណាម្នាក់ដែលយើងមើលថែទាំឡើយ ។
ស្វែងរកតុល្យភាព
វាគឺជាកត្តាសំខាន់ក្នុងការស្វែងរកវិធីនានាដើម្បីធ្វើឲ្យតួនាទីក្នុងការមើលថែទាំរបស់អ្នកមានតុល្យភាពជាមួយនឹងកត្តាផ្សេងៗទៀតនៃជីវិតអ្នក — រួមមាន ការងារ, គ្រួសារ, ទំនាក់ទំនងនានា និងសកម្មភាពដែលអ្នកចូលចិត្ត ។ នៅក្នុងសុន្ទរកថានៃសន្និសីទទូទៅស្តីពីប្រធានបទនេះ ខ្ញុំបានព្យាយាម « ថ្លែងអំណរគុណដល់បងប្អូនទាំងអស់គ្នា ដល់អស់អ្នកដែលបានធ្វើកិច្ចការដ៏ច្រើន ហើយថែទាំយ៉ាងអស់ពីចិត្ត ព្រមទាំងធ្វើការដោយ ‹ បំណងប្រាថ្នាដើម្បីធ្វើល្អ › ។ មានមនុស្សជាច្រើនដែលមានចិត្តសប្បុរស ។ ខ្ញុំដឹងថា មានបងប្អូនមួនចំនួន [ អាចជួបប្រទះនឹងការលំបាកជាមួយផ្នែកផ្លូវចិត្ត ឬហិរញ្ញវត្ថុ ] នៅក្នុងជីវិតផ្ទាល់របស់អ្នក ហើយអ្នកនៅតែស្វែងរកអ្វីមួយដើម្បីចែកចាយ [ ជាមួយអ្នកដទៃ ] ។ ដូចស្តេចបេនយ៉ាមីនបានព្រមានប្រជារាស្ត្ររបស់ទ្រង់ថា វាពុំមែនជាការណ៍ល្អឡើយដែលយើងរត់លឿនជាងកម្លាំងយើងនោះ ហើយគ្រប់កិច្ចការទាំងអស់គប្បីធ្វើឡើងតាមរបៀបរៀបរយ ( សូមមើល ម៉ូសាយ ៤:២៧ ) » ។៩ ប៉ុន្តែថ្វីបើវាបែបនោះក្តី ខ្ញុំដឹងថា មានបងប្អូនជាច្រើនបានរត់យ៉ាងលឿន ហើយជួនកាលការផ្គត់ផ្គង់ផ្នែកកម្លាំង និងសតិអារម្មណ៍របស់អ្នកស្ទើរតែអស់រលីងតែម្តង ។
នៅពេលបញ្ហាហាក់បីដូចជាធំធេងពេក ចូរចាំអំពីការសរសេរទាំងនេះមកពីតែងសេចក្តីមួយរបស់ ដេវីឌ បែតធី ៖
« សេចក្តីសង្ឃឹមពុំមែនជាអារម្មណ៍ឡើយ — វាពុំមែនជារលកនៃទឹកជោរ ឬទឹកនាចនៃអំណរនៅក្នុងកណ្តាលបញ្ហាមួយឡើយ ។
… សេចក្តីសង្ឃឹមពុំមែនជាដំបងទិព្វដែលធ្វើឲ្យបញ្ហានោះរលាយបាត់ទៅឡើយ ។ សេចក្តីសង្ឃឹមគឺជាខ្សែជីវិតដែលអាចរក្សាអ្នកពីការមានភាពស្មុគស្មាញដែលកើតមកពីព្យុះក្នុងជីវិតរបស់អ្នក ។
ពេលអ្នកដាក់សេចក្តីសង្ឃឹមរបស់អ្នកលើព្រះយេស៊ូវ នោះអ្នកដាក់ការទុកចិត្តរបស់អ្នកលើការសន្យារបស់ទ្រង់ថា ទ្រង់នឹងពុំចាកចោលអ្នក ឬបោះបង់អ្នកចោលឡើយ — ថាទ្រង់នឹងធ្វើអ្វីដែលល្អបំផុតសម្រាប់អ្នក ។ ទោះបីជាអ្នកកំពុងមានបញ្ហាដ៏ធំមួយក្តី សេចក្តីសង្ឃឹមអាចធ្វើឲ្យអ្នកមានភាពសុខសាន្ត ដោយដឹងថា ព្រះយេស៊ូវគង់នៅជាមួយអ្នកគ្រប់ជំហានដែលអ្នកដើរ » ។១០
ខ្ញុំចូលចិត្តអ្វីដែលប៉ុលបានដោះស្រាយជាមួយនឹងការលំបាក និងអារម្មណ៍នៃការខ្វះសមត្ថភាពនេះ ។ នៅក្នុងព្រះគម្ពីរ ព្រះអម្ចាស់បានពន្យល់ថា ព្រះគុណរបស់ទ្រង់មានគ្រប់គ្រាន់ល្មមសម្រាប់ប៉ុល ហើយថា កម្លាំងរបស់ទ្រង់ « បានពេញខ្នាតដោយសេចក្តីកម្សោយ » ។ បន្ទាប់មកប៉ុលបានសរសេរថា « ដូច្នេះ ខ្ញុំនឹងស៊ូអួតពីសេចក្តីកម្សោយរបស់ខ្ញុំ ដោយអំណរជាខ្លាំង ដើម្បីឲ្យព្រះចេស្តានៃព្រះគ្រីស្ទបានសណ្ឋិតនៅនឹងខ្ញុំ » ( កូរិនថូសទី២ ១២:៩ ) ។១១
ទុកចិត្តលើព្រះវរបិតា និងព្រះរាជបុត្រា
យើងត្រូវតែទុកចិត្តថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទពិតជាមើលថែទាំយើង និងកិច្ចការដែលយើងកំពុងធ្វើ ថាពួកទ្រង់មានព្រះទ័យឲ្យយើង « បានពេញខ្នាតដោយសេចក្តីកម្សោយ » — គឺដូចជាអ្វីដែលអ្នកចង់ឲ្យមានដល់អស់អ្នកដែលអ្នកមើលថែទាំផងដែរ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះជ្រាបដឹងពីបន្ទុករបស់យើង ហើយទ្រង់នឹងពង្រឹងយើងដើម្បីឲ្យយើងពង្រឹងដល់អ្នកដទៃទៀត ។ នេះពុំមែនមានន័យថា បញ្ហារបស់យើងនឹងរលាយបាត់ទៅជានិច្ច ឬពិភពលោកនេះនឹងមានភាពសុខសាន្តភ្លាមៗនោះទេ ។ ប៉ុន្តែវាក៏ពុំមែនមានន័យថា ទ្រង់មិនស្តាប់ការអធិស្ឋានរបស់អ្នកឡើយ ។ ហើយក៏ពុំមែនមានន័យថា ការអធិស្ឋាននៃអស់អ្នកដែលអ្នកមើលថែទាំ — មានដូចជា ស្រ្តីមេម៉ាយ, អ្នកលះលែងគ្នា អ្នកឯកោ អ្នកដែលស្មុគស្មាញ អ្នកញៀន អ្នកជំងឺ អ្នកគ្មានសង្ឃឹម — គឺមនុស្សគ្រប់គ្នា គ្មាននរណាស្តាប់ឮនោះដែរ ។១២
បងប្អូនប្រុសស្រី ការបម្រើដែលយើងផ្តល់ ពេលយើងទទួលបន្ទុកគ្នាទៅវិញទៅមកគឺជាកិច្ចការដែលសំខាន់ណាស់ — ប្រាកដណាស់នេះគឺជាកិច្ចការរបស់លោកចៅហ្វាយយើង ។ សំបុត្រដ៏ច្រើនដែលខ្ញុំបានទទួលនៅការិយាល័យរបស់ខ្ញុំបង្ហាញពីជំនួយជាច្រើនដែលត្រូវការ ។ ជំនួយនោះគឺជានំម៉ាន៉ាមកពីស្ថានសួគ៌ដល់អស់អ្នកដែលមានការលំបាក ។
មានម្តងនោះខ្ញុំបានថ្លែងថា ៖ « នៅពេលយើងនិយាយអំពីអស់អ្នកដែលជាឧបករណ៍នៅក្នុងព្រះហស្តទ្រង់ នោះយើងកំពុងរំឭកថា ទេវតាទាំងអស់ពុំមែនសុទ្ធតែមកពីឯម្ខាងទៀតនៃវាំងនននោះទេ ។ ពួកទេវតាមួយចំនួននោះគឺជាអ្នកដែលដើរជាមួយយើង និងនិយាយជាមួយយើង — នៅទីនេះ នៅពេលនេះ រៀងរាល់ថ្ងៃ ។ ពួកគាត់មួយចំនួនរស់នៅក្នុងសហគមន៍របស់យើងផ្ទាល់ ។ ពួកគាត់មួយចំនួនផ្តល់កំណើតដល់យើង ហើយនៅក្នុងករណីរបស់ខ្ញុំ មានពួកគាត់ម្នាក់បានយល់ព្រមរៀបការជាមួយខ្ញុំ ។ ប្រាកដណាស់ ស្ថានសួគ៌ហាក់ដូចជានៅជិតបង្កើយ នៅពេលយើងឃើញសេចក្តីស្រឡាញ់នៃព្រះបង្ហាញឡើងនៅក្នុងសេចក្តីសប្បុរស និងការលះបង់នៃមនុស្សដ៏ល្អ និងដ៏បរិសុទ្ធដែលមានតែពាក្យថា ពួកទេវតា ទេដែលផុសឡើងក្នុងចិត្តដែលសមនឹងហៅពួកគេនោះ » ។១៣
ចំពោះខ្ញុំ នៅពេលអ្នកព្យាយាមសម្រាលបន្ទុកគ្នាទៅវិញទៅមក នោះអ្នកពិតជាទេវតានៃសេចក្តីមេត្តាករុណានៅក្នុងគ្រប់ស្មារតីទាំងអស់ ។ ចូរអ្នកទទួលបានមកវិញមួយរយភាគរយនូវអ្វីដែលអ្នកព្យាយាមផ្តល់ដល់គេ ។