សម្រាប់ឌីជីថលប៉ុណ្ណោះ
មេរៀនទាំង ៤ មកពីការនាំចេញមកនៃព្រះគម្ពីរមរមនរបស់យ៉ូសែប ស្ម៊ីធ
នៅអាយុ ២៤ ឆ្នាំគត់ យ៉ូសែប ស៊្មីធ បានប្រឈមមុខនឹងឧបសគ្គ នៅពេលលោកធ្វើការដើម្បីសម្រេចបទបញ្ញត្តិរបស់ព្រះ ។ ប៉ុន្តែលោកបានយកឈ្នះដោយមានជំនួយពីព្រះ ហើយយើងក៏អាចធ្វើវាបានផងដែរ ។
ក្នុងនាមជាយុវមជ្ឈិមវ័យ យើងអាចត្រូវបានសូមឲ្យធ្វើកិច្ចការនានា ដែលទំនងជាពុំអាចធ្វើទៅបានដោយគ្មានជំនួយពីព្រះ ។ ដូចគ្នានេះផងដែរ កាលអាយុ ២៤ ឆ្នាំគត់ យ៉ូសែប ស៊្មីធ បានប្រឈមមុខនឹងឧបសគ្គនានា ហើយមានអារម្មណ៍ថា ខ្វះសមត្ថភាពនៅពេលលោកព្យាយាមសម្រេចបទបញ្ញត្តិដ៏សំខាន់មួយ—គឺការបោះពុម្ពការបកប្រែនៃព្រះគម្ពីរមរមន ។ ប៉ុន្តែដោយមានជំនួយមកពីព្រះ លោកបានបំពេញអ្វីៗគ្រប់យ៉ាងដែលត្រូវបានសូមពីលោក ហើយគំរូរបស់លោកបង្ហាញនូវរបៀបជាច្រើន ដែលយើងអាចធ្វើរឿងដែលមិនអាចធ្វើបានឲ្យធ្វើបាន នៅពេលព្រះនៅខាងយើង ។
-
យើងពុំចាំបាច់ត្រូវតែជាមនុស្សអស្ចារ្យសម្រាប់ព្រះ ដើម្បីធ្វើអព្ភូតហេតុតាមរយៈយើងឡើយ ។ នៅពេលយ៉ូសែបកំពុងរៀបចំបោះពុម្ពព្រះគម្ពីរមរមន នោះលោកគឺជាយុវមជ្ឈិមវ័យដែលគ្មានប្រាក់ច្រើន ឬការអប់រំជាផ្លូវការឡើយ—ជាពិសេសលោកគ្មានចំណេះស្តីពីរបៀបបកប្រែ និងបោះពុម្ពកំណត់ត្រាដ៏សំខាន់បែបនេះ ។ ប៉ុន្តែលោកបានឆ្ពោះទៅមុខដោយសេចក្តីជំនឿ និងអំណោយទាន ព្រមទាំងអំណាចនៃព្រះដើម្បីបំពេញកិច្ចការដែលត្រូវបានសូមឲ្យលោកធ្វើ ។ ប្រសិនបើយើងទុកចិត្តលើព្រះវរបិតាសួគ៌ នោះទ្រង់អាចឲ្យយើងធ្វើកិច្ចការរបស់ទ្រង់បាន ។
-
នៅពេលព្រះប្រទានកិច្ចការមួយដល់យើង នោះទ្រង់នឹងប្រទានផ្លូវមួយឲ្យទទួលជោគជ័យ ។ ចំពោះយ៉ូសែប ការបោះពុម្ពព្រះគម្ពីរចំនួន ៥០០០ ក្បាល ដែលមួយក្បាលៗមាន ៥៩០ សន្លឹកហាក់ដូចជាពុំអាចធ្វើបានឡើយ ។ ប៉ុន្តែ នៅពេលដល់ពេលត្រូវបោះពុម្ពឯកសារសរសេរដោយដៃនោះ ព្រះអម្ចាស់បានបំផុសគំនិត ម៉ាទីន ហារីស ឲ្យដាក់បញ្ចាំកសិដ្ឋានដ៏មានជោគជ័យរបស់គាត់ ហើយផ្តល់ប្រាក់ ៣០០០ ដុល្លារ ( ដែលមានតម្លៃស្មើនឹង ៧៦០០០ ដុល្លារបច្ចុប្បន្ននេះ ) ដើម្បីជួយយ៉ូសែបបំពេញបេសកកម្មរបស់លោក ។ ដូចនីហ្វៃបានបង្រៀនថា « [ ព្រះអម្ចាស់ ] នឹងរៀបចំផ្លូវ ដើម្បីឲ្យគេអាចសម្រេចនូវអ្វីៗ ដែលទ្រង់បានបញ្ជាដល់ពួកគេទុកជាមុនសិន » ( នីហ្វៃទី ១ ៣:៧ ) ។ ព្រះវរបិតាសួគ៌បានដាក់ធនធានចាំបាច់នានានៅក្នុងដៃរបស់យ៉ូសែបដើម្បីបញ្ចប់គម្រោងនោះ ។ ហើយទ្រង់នឹងធ្វើដូចគ្នាចំពោះយើងផងដែរ ។
-
ព្រះប្រទានឱកាសលើកទីពីរ ។ យ៉ូសែប ស៊្មីធ បានធ្វើខុសដែលនាំឲ្យបាត់ឯកសារសរសេរដោយដៃចំនួន ១១៦ ទំព័រនៃព្រះគម្ពីរមរមន ។ ដោយសារការបាត់បង់ឯកសារចំនួន ១១៦ ទំព័រនោះ យ៉ូសែបក៏បាត់បង់សមត្ថភាពដើម្បីបកប្រែមួយរយៈ ។ ប៉ុន្តែដោយសារលោកបានជ្រើសរើសប្រែចិត្ត នៅទីបំផុតលោកត្រូវបានអភ័យទោស ហើយទទួលឱកាសទីពីរដើម្បីបំពេញបេសកកម្មរបស់លោក ។ ព្រះអម្ចាស់មានបន្ទូលថា « ប៉ុន្តែចូរចាំចុះថា ព្រះទ្រង់ប្រកបដោយសេចក្ដីមេត្តាករុណា ហេតុដូច្នេះហើយ ចូរប្រែចិត្តពីអ្វីដែលអ្នកបានធ្វើដែលផ្ទុយទៅនឹងបញ្ញត្តិ ដែលយើងបានឲ្យដល់អ្នកចុះ ហើយអ្នកក៏នឹងនៅជាអ្នកជម្រើសដដែល ហើយអ្នកត្រូវបានហៅឲ្យធ្វើកិច្ចការម្ដងទៀត » ( គ. និង ស. ៣:១០ ) ។ ជីវិតរបស់យើងនឹងពោរពេញដោយកំហុសនៅក្នុងជីវិតនេះ ប៉ុន្តែនៅពេលយើងប្រែចិត្ត ហើយដាក់ចិត្តរបស់យើងនៅកន្លែងត្រឹមត្រូវ នោះព្រះអម្ចាស់នឹងប្រទានឱកាសផ្សេងទៀតដល់យើង ។
-
ការទន្ទឹងរង់ចាំចំពោះអំណរដែលបានសន្យាអាចជួយយើងឲ្យយកឈ្នះលើឧបសគ្គនានា ។ ទោះបីជាយ៉ូសែបបានជួបឧបសគ្គទាំងអស់នោះក្តី ក៏លោកបានទទួលពរជ័យជាច្រើន ហើយបានជួបអំណរដ៏ពិតពេញក្នុងកិច្ចការរបស់លោក ដើម្បីនាំចេញមកនូវព្រះគម្ពីរមរមន ។ បន្ទាប់ពីបោះពុម្ពព្រះគម្ពីរមរមនរួចមក សាសនាចក្រត្រូវបានរៀបចំ ហើយឪពុកម្តាយរបស់យ៉ូសែបបានទទួលបុណ្យជ្រមុជទឹក ។ នៅថ្ងៃនោះ យ៉ូសែបបានទៅក្នុងព្រៃតែឯង ហើយបានចាប់ផ្តើមយំដោយមានសុភមង្គល ។ ប្រសិនបើយើងបន្តឆ្លងកាត់ការសាកល្បងរបស់យើងដោយស្មោះត្រង់ ដោយដាក់ទីទុកចិត្តទាំងស្រុងរបស់យើងលើព្រះ នោះយើងក៏នឹងអាចរកឃើញអំណរ និងភាពសុខសាន្តផងដែរ ។