ការបង្ហាញអំពីសេចក្តីជំនឿ
ម៉ៃឃើល អ៊ីសាក
ទីក្រុងប៊ីឌើរហ្គោស ប្រទេសប៉ូឡូញ
ម៉ៃឃើលដែលកំពុងមានជំងឺខ្សោយតម្រង់នោមនិយាយថា « ជំងឺអាចធ្វើឲ្យរឿងល្អៗជាច្រើនកើតមានឡើង » ។ ដោយសារតែជំងឺរបស់គាត់បានធ្វើឲ្យគាត់មានអំណរគុណកាន់តែខ្លាំងឡើងទៅលើដំណឹងល្អ នោះគាត់និយាយថា « វាគឺជាការសាកល្បងដ៏ល្អមួយ » ។
ឡេសលី នីលសុន ជាងថតរូប
ខ្ញុំបានកើតនៅប្រទេសអេត្យូពីក្នុងឆ្នាំ ១៩៤២ ហើយបានទៅសិក្សានៅប្រទេសប៉ូឡូញនៅឆ្នាំ ១៩៦៥ ។ នៅក្នុងឆ្នាំ ១៩៩១ ខ្ញុំបានជួបពួកអ្នកផ្សព្វផ្សាយសាសនា ហើយបានចូលជាសមាជិកសាសនាចក្រ ។ ខ្ញុំបានបម្រើជាប្រធានសាខាអស់រយៈពេលបីឆ្នាំកន្លះ ។ ខ្ញុំបានបម្រើជាទីប្រឹក្សាគណៈប្រធានបេសកកម្មអស់រយៈពេល ១២ ឆ្នាំ ។ ខ្ញុំបានបម្រើជាប្រធានសាខាម្តងទៀត ហើយបន្ទាប់មកជាប្រធានមណ្ឌល ។ ក្រោយមក ខ្ញុំបានធ្លាក់ខ្លួនឈឺដោយសារជំងឺខ្សោយតម្រង់នោម ។
ឥឡូវនេះ ខ្ញុំអាចធ្វើកិច្ចការបានបន្តិចបន្តួចប៉ុណ្ណោះនៅក្នុងព្រះវិហារ ។ ខ្ញុំព្យាយាមចូលរួមនៅថ្ងៃអាទិត្យ ។
នៅគ្រាដំបូងខ្ញុំមានការខឹងសម្បារ ។
ខ្ញុំបានអធិស្ឋាន « ហេតុអ្វីជារូបខ្ញុំ ? ឱ ព្រះអម្ចាស់ ទូលបង្គំបានបម្រើទ្រង់ » ។ មួយរយៈពេលក្រោយមក ទើបខ្ញុំបានយល់ ។ ខគម្ពីរចែងថា « អ្នកណាដែលមានសេចក្ដីជំនឿជឿដល់យើង ដើម្បីឲ្យបានជាស្បើយ ហើយដែលពុំបានកំណត់ឲ្យស្លាប់ នោះនឹងត្រូវបានជាស្បើយហើយ » ( គ. និង ស. ៤២:៤៨ ) ។
ខគម្ពីរនេះចែងថា យើងនឹងបានជាស្បើយ ប្រសិនបើយើងមិនត្រូវស្លាប់ទេនោះ ។
សមាជិកសាសនាចក្របន្តអធិស្ឋានសម្រាប់ខ្ញុំ ប៉ុន្តែសុខភាពរបស់ខ្ញុំប្រែកាន់តែដុនដាបទៅៗ ។ ពួកគេគិតថា ការអធិស្ឋានរបស់ពួកគេគ្មានការឆ្លើយតបឡើយ ប៉ុន្តែពួកគេបានទទួលចម្លើយ ដោយសារពួកគេក្លាយជាមនុស្សកាន់តែប្រសើរឡើង ហើយដោយសារខ្ញុំទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់ដែលពួកគេបានបង្ហាញដល់ខ្ញុំ ។
ទោះបីជាខ្ញុំមានសុខភាពល្អក្តី តើខ្ញុំនៅរស់បានរយៈពេលយូរប៉ុណ្ណាទៀតនៅក្នុងវ័យដូចខ្ញុំនេះ ? ប៉ុន្តែ ខ្ញុំនៅមានឱកាសជាច្រើននៅទន្ទឹងរង់ចាំខ្ញុំ ។
ខ្ញុំចូលចិត្តអានព្រះគម្ពីរ ហើយស្វែងរកវីរៈបុរសនានាដែលជួយខ្ញុំ ។ កាលខ្ញុំនៅមានសុខភាពល្អ ហើយកំពុងបម្រើ នោះខ្ញុំចូលចិត្តធ្វើតាមនីហ្វៃ ប៉ុន្តែឥឡូវនេះ ភាគច្រើនខ្ញុំគិតអំពីយ៉ូប ។ លោកគឺជាមនុស្សល្អមួយរូប ហើយលោកក៏រងទុក្ខផងដែរ ។ មានសេចក្តីសង្ឃឹមនៅក្នុងដំណឹងល្អជានិច្ច ។
នៅក្នុងទីក្រុងមួយដូចជាទីក្រុងប៊ីឌើរហ្គោស ប្រសិនបើខ្ញុំចង់ទៅជួបចៅហ្វាយក្រុង នោះខ្ញុំគ្មានឱកាសឡើយ ដោយសារខ្ញុំមានឋានៈតូចទាបក្នុងការធ្វើរឿងនោះ ។ ប៉ុន្តែតាមរយៈដំណឹងល្អ នោះទ្វារបើកជានិច្ចដើម្បីអំពាវនាដល់ព្រះ ។ នោះជាហេតុដែលខ្ញុំស្រឡាញ់ព្រះវិហាររបស់ខ្ញុំ ។
ខ្ញុំមានព្រះវិហារ ។ ខ្ញុំមានមធ្យោបាយមួយក្នុងការទាក់ទងទៅព្រះតាមរយៈការអធិស្ឋាន តាមរយៈការតមអាហារ តាមរយៈកិច្ចការទាំងអស់ដែលយើងធ្វើ ។ តើខ្ញុំត្រូវការអ្វីទៀត ?
ជួនកាលខ្ញុំនិយាយប្រាប់ខ្លួនខ្ញុំថា « ប្រហែលនោះជាមូលហេតុដែលខ្ញុំឈឺ — ប្រយោជន៍ឲ្យខ្ញុំអាចយល់នូវរឿងដ៏អស្ចារ្យដែលខ្ញុំកំពុងមាន យល់នូវបុព្វហេតុដ៏មហិមានៃកិច្ចការទាំងនេះ » ។
ខ្ញុំឃើញភរិយារបស់ខ្ញុំ រ៉េណាតា បានកើតទុក្ខក្រៀមក្រំដោយសារខ្ញុំឈឺ ។ ខ្ញុំពុំចង់ឲ្យរឿងនោះកើតឡើងឡើយ ប៉ុន្តែសេចក្តីទុក្ខព្រួយគឺជាលទ្ធផលនៃសេចក្តីស្រឡាញ់ ។ ប្រសិនបើគាត់ពុំស្រឡាញ់ខ្ញុំ នោះគាត់នឹងពុំកើតទុក្ខឡើយ ។ សេចក្តីស្រឡាញ់ជួយអ្នកឲ្យទទួលអារម្មណ៍ថា អ្នកពុំនៅឯកោឡើយ ហើយថា មានមនុស្សដែលខ្វល់ខ្វាយពីអ្នក ។
ការស្លាប់គឺជារឿងសាមញ្ញ ។ មនុស្សគ្រប់រូបនឹងស្លាប់ ។ វាស្រេចតែលើរបៀបដែលយើងនឹងស្លាប់ ។ ខ្ញុំដឹងថា ព្រះមានព្រះជន្មរស់ ។ ទ្រង់ស្រឡាញ់ពួកយើងទាំងអស់គ្នា—រួមទាំងខ្ញុំផងដែរ ។ នោះជាអ្វីដែលខ្ញុំអាចនិយាយបាន ។
ជំងឺរបស់ម៉ៃឃើលគឺជាការសាកល្បងដ៏លំបាកចំពោះភរិយារបស់គាត់រ៉េណាតា ។ គាត់និយាយថា « ខ្ញុំឃើញភរិយារបស់ខ្ញុំបានកើតទុក្ខក្រៀមក្រំដោយសារខ្ញុំឈឺ ។ ប៉ុន្តែសេចក្តីទុក្ខព្រួយគឺជាលទ្ធផលនៃសេចក្តីស្រឡាញ់ ។ សេចក្តីស្រឡាញ់ជួយអ្នកឲ្យទទួលអារម្មណ៍ថា អ្នកពុំនៅឯកោឡើយ ហើយថា មានមនុស្សដែលខ្វល់ខ្វាយពីអ្នក » ។
ទោះបីជាជំងឺរបស់គាត់ធ្វើឲ្យគាត់ធ្វើកិច្ចការក្នុងដែនកំណត់ក្តី ក៏ម៉ៃឃើលនៅតែស្វែងរកមធ្យោបាយនានាដើម្បីបម្រើ និងលើកស្ទួយមនុស្សដែលនៅជុំវិញគាត់ផងដែរ ។
ម៉ៃឃើលរកឃើញសេចក្តីសង្ឃឹម និងការណែនាំនៅក្នុងព្រះគម្ពីរ ។ កាលគាត់នៅមានសុខភាពល្អ និងកំពុងបម្រើ គាត់កោតសរសើរដល់នីហ្វៃណាស់ ។ គាត់និយាយថា « ប៉ុន្តែឥឡូវនេះ ភាគច្រើនខ្ញុំគិតអំពីយ៉ូប ។ លោកគឺជាមនុស្សល្អមួយរូប ហើយលោកក៏រងទុក្ខផងដែរ » ។