យុវមជ្ឈិមវ័យ
ការជំរុញចិត្ត របស់យើង ដើម្បី រស់នៅតាមដំណឹងល្អ
នឹងមាន « ពាក្យពិបាកស្តាប់ » ជានិច្ច ។ ប៉ុន្តែនឹងមានជម្រើសជានិច្ចដើម្បីជ្រើសរើសសេចក្តីជំនឿលើមន្ទិលសង្ស័យ ឬភាពមិនប្រាកដប្រជានានា ។
ផ្លូវនៃភាពជាសិស្សពោរពេញដោយពរជ័យ — ទាំង « មើលឃើញ និងមើលពុំឃើញ » ។១ ប៉ុន្តែមានគ្រាដែលផ្លូវនោះពុំងាយស្រួលឡើយ ទោះបីជាមានពរជ័យក្តី ។ ការក្លាយជាសិស្សរបស់ព្រះគ្រីស្ទតម្រូវឲ្យមានការខិតខំ និងការលះបង់ ហើយជួនកាលវាមានការលំបាកដើម្បីរកឃើញការជំរុញចិត្តដើម្បីរស់នៅតាមបទបញ្ញត្តិ និងធ្វើការលះបង់ទាំងនោះ ។
ក្នុងនាមជាយុវមជ្ឈិមវ័យ អ្នកប្រហែលជាមមាញឹកក្នុងការព្យាយាមរៀបចំការទទួលខុសត្រូវថ្មីៗ ធ្វើការសម្រេចចិត្តដែលផ្លាស់ប្តូរជីវិត និងស្វែងយល់អំពីផ្លូវផ្ទាល់របស់អ្នកនៃភាពជាសិស្សនឹងមានសភាពបែបណាសម្រាប់ពេញមួយជីវិតរបស់អ្នក ។ លើសពីនោះទៀត មានអ្វីៗជាច្រើននៅក្នុងគោលនយោបាយ ប្រវត្តិសាសនាចក្រ ឬនៅក្នុងគោលលទ្ធិដំណឹងល្អ ដែលអ្នកពុំសូវយល់ និងមានការល្បួងដែលអ្នកកំពុងពុះពារយកឈ្នះ ព្រមទាំងពរជ័យដែលអ្នកកំពុងទន្ទឹងរង់ចាំ និងសំណួរអំពីផែនការរបស់ព្រះសម្រាប់អ្នក ។
ពេលខ្លះមានពួកយើងមួយចំនួនអាចឆ្ងល់ថា តើការរស់នៅតាមដំណឹងល្អសក្តិសមនឹងពរជ័យដែលយើងត្រូវបានសន្យានឹងឲ្យដែរឬទេ ។ យើងប្រហែលជាប្រកែកថា យើងពុំសក្តិសម នោះគឺជាការងារដ៏ច្រើនពេកហើយ ឬថាសំណួរនោះហាក់ដូចជាពិបាកឆ្លើយណាស់ ។ ប៉ុន្តែអ្វីដែលពិតជាផ្អែកទៅលើនោះគឺការជំរុញចិត្ត ។ ហេតុអ្វីអ្នកធ្វើនូវអ្វីដែលអ្នកធ្វើ ហើយរស់នៅតាមរបៀបដែលអ្នករស់នៅ ? ហេតុអ្វីអ្នកបន្តរក្សាបទបញ្ញត្តិ ទោះបីគ្មាននរណាម្នាក់នៅជុំវិញអ្នកកត់សម្គាល់ពីរឿងនោះក្តី ?
ទោះបីអ្នកជានរណា ហើយអ្នកស្ថិតនៅក្នុងកម្រិតណានៃជីវិតអ្នកក្តី ជម្រើសស្វែងរកការជំរុញចិត្តរបស់អ្នកតាមរយៈការបណ្តុះសេចក្តីជំនឿរបស់អ្នកលើព្រះអង្គសង្គ្រោះ និងដំណឹងល្អរបស់ទ្រង់គឺស្រេចទៅលើអ្នក ។
តើយើងខ្ញុំនឹងទៅឯអ្នកណាវិញ ?
ការស្វែងរក និងរក្សាការជំរុញចិត្តដើម្បីរស់នៅតាមដំណឹងល្អពុំមែនជាឧបសគ្គខ្លាំងសម្រាប់ជំនាន់របស់យើងនេះទេ ។ សូម្បីតែកាលព្រះអង្គសង្គ្រោះគង់នៅលើផែនដី មនុស្សនៅតែពិបាកយល់ និងគោរពតាមគោលការណ៍នានាដែលទ្រង់បានបង្រៀន ។ មានពួកសិស្សទ្រង់មួយចំនួនបានស្តាប់នៅពេលទ្រង់បានពន្យល់គោលគំនិតមួយដែលហាក់ដូចជាធ្វើឲ្យពួកគេអាក់អន់ចិត្ត — អំពីតួនាទីរបស់ទ្រង់ថាជា « នំប៉័ងនៃជីវិត » ( សូមមើល យ៉ូហាន ៦:៣៥–៥៨ ) ។ ពួកគេបានតបទាំងសង្ស័យថា « ពាក្យនេះពិបាកស្តាប់ណាស់ តើអ្នកណាយល់បាន ? » ( យ៉ូហាន ៦:៦០ ) ។
ដោយទតឃើញពួកគេមានការពិបាកជឿ ឬពុំទទួលយកគោលលទ្ធិនេះ នោះព្រះគ្រីស្ទបានសួរថា « តើសេចក្តីនេះនាំបង្អាក់ដល់ចិត្តអ្នករាល់គ្នាឬអី ? » ( យ៉ូហាន ៦:៦១ ) ។ ជំនួសឲ្យការដាក់សេចក្តីជំនឿរបស់ពួកគេនៅមុខការមន្ទិលសង្ស័យរបស់ខ្លួន នោះពួកសិស្សជាច្រើនរបស់ទ្រង់ « ដកខ្លួនថយចេញ មិនតាមទ្រង់ទៀតទេ » ( យ៉ូហាន ៦:៦៦ ) ។
ប៉ុន្តែនៅពេល ព្រះគ្រីស្ទបានសួរពួកសិស្សទាំងអស់របស់ទ្រង់ថា តើពួកគេនឹង « ថយទៅដែរឬ ? » ពេត្រុសជាម្នាក់ដែលបានឆ្លើយនូវអ្វីដែលពិតជាត្រូវឆ្លើយថា ៖ « តើយើងខ្ញុំនឹងទៅឯអ្នកណាវិញ គឺទ្រង់ហើយ ដែលមានព្រះបន្ទូលនៃជីវិតដ៏នៅអស់កល្បជានិច្ច » ( យ៉ូហាន ៦:៦៧–៦៨ ) ។
ប្រភពនៃការជំរុញចិត្តរបស់យើង
ពេត្រុសបានស្គាល់ពីប្រភពនៃការជំរុញចិត្តរបស់គាត់ ។ វាផ្អែកទៅលើហេតុផលសំខាន់អំពីមូលហេតុដែលយើងធ្វើនូវអ្វីដែលយើងកំពុងធ្វើនៅក្នុងដំណឹងល្អ ៖ ទីបន្ទាល់ និងសេចក្តីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទ ។ ពេត្រុសបានប្រកាសថា « យើងខ្ញុំក៏បានជឿ ហើយដឹងថា ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ពិត » ( យ៉ូហាន ៦:៦៩ ការគូសបញ្ជាក់បានបន្ថែម ) ។ តាមរយៈការទទួលបានការជឿស៊ប់លើព្រះយេស៊ូវគ្រីស្ទ ភាពជាព្រះរបស់ទ្រង់ និងកិច្ចការរបស់ទ្រង់ខ្លាំងបែបនោះ នោះយើងក៏អាចស្វែងរកការជំរុញចិត្តដើម្បីបន្តរស់នៅតាមដំណឹល្អ — ទោះបីវាហាក់បីដូចជាពិបាក ទោះបីជាគ្មាននរណាម្នាក់ទៀតនឹងកត់សម្គាល់ ហើយសូម្បីតែពេលយើងពុំប្រាកដអំពីអ្វីដែលយើងចង់ធ្វើក្តី ។
នឹងមាន « ពាក្យពិបាកស្តាប់ » ជានិច្ច ។ ប៉ុន្តែនឹងមានជម្រើសជានិច្ចដើម្បីជ្រើសរើសសេចក្តីជំនឿលើមន្ទិលសង្ស័យ ឬភាពមិនប្រាកដប្រជានានា ។ ដូចអែលឌើរ អិល វិតនី ក្លេតុន ក្នុងគណៈប្រធាននៃពួកចិតសិបនាក់បានថ្លែងថា « ការសម្រេចចិត្តជឿ គឺជាជម្រើសដ៏សំខាន់បំផុតដែលយើងមិនធ្លាប់ធ្វើ » ។២
ដូច្នេះតើយើងត្រូវធ្វើដូចម្តេច ប្រសិនបើយើងឃើញខ្លួនយើងនៅក្នុងផ្នែកណាមួយនៃ « ពាក្យពិបាកស្តាប់ » ទាំងនោះ ?
១. ធ្វើតាមគំរូរបស់ពេត្រុស និងពួកសិស្សផ្សេងទៀតដែលបន្តស្មោះត្រង់ទោះបីវាងាយស្រួលដើម្បី « ដកខ្លួនថយ » ក្តី ។ ស្តាប់ការទូន្មានមកពីពួកព្យាការី ពួកសាវក និងថ្នាក់ដឹកនាំដទៃទៀត ៖
« ក្នុងវេលានៃការភ័យខ្លាច ឬការសង្ស័យ ឬពេលដែលមានបញ្ហា សូមតោងចាប់ទីតាំងដែលអ្នកបានឈ្នះរួចហើយឲ្យជាប់ ។ … យើងអាចតោងឲ្យជាប់ទៅនឹងអ្វីដែលអ្នកបានដឹងរួចហើយនោះ ហើយឈរឲ្យរឹងមាំរហូតដល់ទទួលបានចំណេះដឹងបន្ថែម » ។៣
« សូមបោះជំហានយ៉ាងសាមញ្ញទៅកាន់ក្ដីជំនឿ — ហើយបន្ទាប់មកបោះមួយជំហានទៀត ។ … ផ្ដោតលើសេចក្ដីពិតដែល [ អ្នកពិតជា ] ជឿ ហើយឲ្យការពិតទាំងនោះចម្អែតគំនិត និងដួងចិត្ត [ របស់អ្នក ] ។ …
… សូមចាប់ផ្តើមជាមួយនឹងមូលដ្ឋានគ្រឹះនៃសេចក្តីពិតរបស់ដំណឹងល្អ » ។៤
២. សូមបន្តអានព្រះគម្ពីរ ហើយធ្វើតាមការបង្រៀននៅក្នុងនោះ ៖
« សូមសិក្សា ហើយពិចារណាព្រះគម្ពីរមរមនជារៀងរាល់ថ្ងៃប្រកបដោយការអធិស្ឋាន » ។៥
« បើអ្នកណាចង់ធ្វើតាមព្រះហឫទ័យទ្រង់ នោះនឹងបានដឹងជាសេចក្តីបង្រៀននេះមកពីព្រះ ឬជាខ្ញុំនិយាយដោយអាងខ្លួនខ្ញុំ » ( យ៉ូហាន ៧:១៧ ) ។
« ចូរឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូលទៅ កុំឲ្យគ្រាន់តែស្តាប់ប៉ុណ្ណោះ ហើយបញ្ឆោតខ្លួនវិញនោះឡើយ » ( យ៉ាកុប ១:២២ ) ។
៣. សូមបន្តរក្សាបទបញ្ញត្តិ ។
« ចម្លើយចំពោះសំណួរដ៏ស្មោះត្រង់របស់យើង កើតមាននៅពេលយើងព្យាយាមស្វែងរក និងនៅពេលយើងរស់នៅតាមបទបញ្ញត្តិទាំងឡាយ ។ … សេចក្ដីជំនឿរបស់យើងអាចជួយយើងឲ្យជឿលើអ្វីដែលយើងមិនយល់ក្នុងពេលនេះ » ។៦
« នៅពេលអ្នកបន្តគោរពប្រតិបត្តិ … នោះអ្នកនឹងទទួលបានចំណេះដឹង និងការយល់ដឹងដែលអ្នកស្វែងរក » ។៧
នៅទីបំផុត ការជំរុញចិត្តរបស់យើងផ្អែកសំខាន់ទៅលើអ្វីដែលពេត្រុសបាននិយាយ ។ តើយើងជឿថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទដែរឬទេ ថាទ្រង់ដឹកនាំសាសនាចក្ររបស់ទ្រង់ ហើយថាទ្រង់មានព្រះបន្ទូលនៃជីវិតអស់កល្បជានិច្ចដែរឬទេ ? តើសេចក្តីជំនឿរបស់យើងលើទ្រង់មានធំជាង « ពាក្យពិបាកស្តាប់ » ដែលយើងពុំអាចយល់នៅគ្រានោះដែរឬទេ ?
រង្វាន់នៃការរស់នៅតាមដំណឹងល្អ
ពេលយើងសម្រេចចិត្តដើម្បីស្រឡាញ់ និងធ្វើតាមព្រះ និងព្រះយេស៊ូវគ្រីស្ទ ព្រមទាំងរក្សាបទបញ្ញត្តិ ទោះបីនៅពេលយើងពុំយល់ពីបទបញ្ញត្តិនោះទាំងស្រុងក្តី នោះនឹងទទួលរង្វាន់មិនអាចវាស់វែងបានឡើយ ។ មនុស្សខាងសាច់ឈាមសួរថា « តើវាមានប្រយោជន៍អ្វីសម្រាប់ខ្ញុំ ? » ការបង្រៀននៃដំណឹងល្អឆ្លើយតបថា ៖ « សេចក្តីសុខសាន្តនៅនាលោកិយនេះ និងជីវិតដ៏នៅអស់កល្បជានិច្ចនៅបរលោក », កន្លែងមួយដែលបានរៀបចំសម្រាប់អ្នកនៅក្នុងវិមាននៃព្រះ, អ្វីៗទាំងអស់ដែលព្រះវរបិតាសួគ៌មាន, « សុភមង្គលដ៏មិនចេះចប់មិនចេះហើយ » ( សូមមើល គ. និង ស. ៥៩:២៣; អេធើរ ១២:៣៤; គ. និង ស. ៨៤:៣៨; ម៉ូសាយ ២:៤១ ) ហើយដូចអែលឌើរ ឌៀថើរ អេស្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានថ្លែងថា ៖ « [ នៅក្នុងសាសនាចក្រ ] នេះ អ្នកនឹងរកឃើញនូវអ្វីដែលមានតម្លៃហួសពីការប៉ាន់ស្មាន ។ … នៅទីនេះអ្នកនឹងរកឃើញបន្ទូលនៃជីវិតអស់កល្ប ការសន្យានៃការប្រោសលោះ និងមាគ៌ាឆ្ពោះទៅភាពសុខសាន្ត និងសុភមង្គល » ។៨ នេះគ្រាន់តែមួយចំនួនប៉ុណ្ណោះ ។
នៅពេលយើងបូជាខ្លួនយើងដើម្បីធ្វើតាមព្រះគ្រីស្ទ ហើយគោរពតាមបទបញ្ញត្តិទ្រង់ នោះយើងត្រូវបានសន្យាថា ទទួលបាននូវអ្វីៗទាំងអស់នេះ និងរបស់ជាច្រើនថែមទៀត ។ នោះពុំមែនមានន័យថា ផ្លូវនោះនឹងងាយស្រួល ឬអាចយល់បាននោះទេ ប៉ុន្តែពរជ័យដែលយើងត្រូវបានសន្យាមកពីការបន្តរឹងមាំ នឹងបន្តបើកសម្តែងពេញមួយជីវិតរបស់យើង និងបន្ទាប់ពីជីវិតនេះផងដែរ ។
ប៉ុន្តែ ទោះបីពរជ័យទាំងនេះអស្ចារ្យយ៉ាណាក្តីវាពុំគួរជាការជំរុញចិត្តសំខាន់របស់យើងដើម្បីរស់នៅតាមដំណឹងល្អឡើយ ។ ទោះបីអ្នកមានសំណួរអ្វី ទោះបីគោលលទ្ធិណាមួយដែលអ្នកពុំយល់ក្តី សេចក្ដីជំនឿរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់គឺជាកូនសោនៃការជំរុញចិត្តរបស់អ្នកដើម្បីរស់នៅតាមដំណឹងល្អ គឺដូចជាករណីរបស់ពេត្រុស និងមនុស្សដទៃទៀតផងដែរ ។
អែលឌើរ អុជដូហ្វ បានមានប្រសាសន៍ថា « ការជំរុញចិត្ត និងគំនិតទាំងស្រុងរបស់យើងជះឥទ្ធិពលលើសកម្មភាពរបស់យើង » ។ « ទីបន្ទាល់នៃភាពពេញលេញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញ គឺជាការជំរុញចិត្តដ៏មានអនុភាពបំផុតនៅក្នុងជីវិតរបស់យើង ។ ព្រះយេស៊ូវបានគូសបញ្ជាក់ឡើងវិញអំពីអំណាចនៃគំនិតល្អ និងការជំរុញចិត្តត្រឹមត្រូវដូច្នេះ ៖ ‹ ចូរមើលមកឯយើង ដោយនូវគ្រប់ទាំងគំនិត ចូរកុំសង្ស័យ កុំខ្លាចឡើយ › ( គ. និង ស. ៦:៣៦ ) ។
« ទីបន្ទាល់នៃព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដែលបានស្តារឡើងវិញនឹងជួយយើងនៅក្នុងជីវិតរបស់យើង ដើម្បីរៀនអំពីផែនការជាក់លាក់របស់ព្រះសម្រាប់យើង ហើយបន្ទាប់មកអនុវត្តស្របទៅតាមនោះ ។ វាផ្តល់ដល់យើងនូវការបញ្ជាក់អះអាងអំពីភាពពិតប្រាកដ សេចក្តីពិត និងសេចក្តីល្អនៃព្រះ អំពីការបង្រៀន និងដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ និងអំពីការបម្រើមកពីព្រះនៃពួកព្យាការីថ្ងៃចុងក្រោយនេះ » ។៩
សម្រាប់ខ្ញុំ ខ្ញុំនឹងបន្តការព្យាយាមទៅមុខ ទោះបីនៅពេលវាលំបាកក្តី ។ ខ្ញុំនឹងបន្តអធិស្ឋាន ហើយសិក្សាព្រះគម្ពីរ ។ ខ្ញុំនឹងខិតខំពង្រឹងទីបន្ទាល់របស់ខ្ញុំអំពីព្រះអង្គសង្គ្រោះរៀងរាល់ថ្ងៃ ។ ហើយខ្ញុំនឹងបន្តព្យាយាមរស់នៅដូចដែលទ្រង់សព្វព្រះទ័យឲ្យខ្ញុំរស់នៅ ហើយពឹងផ្អែកលើព្រះបន្ទូលរបស់ទ្រង់ និងពួកព្យាការី និងពួកសាវកនៅរស់របស់ទ្រង់ដើម្បីបង្រៀនខ្ញុំអំពីរបៀបនានា ដោយពឹងផ្អែកលើការជំរុញចិត្តដែលពុំមែនគ្រាន់តែជាលទ្ធផលមកពីសេចក្តីជំនឿ និងសេចក្តីស្រឡាញ់ចំពោះទ្រង់ប៉ុណ្ណោះនោះទេ ប៉ុន្តែមកពីការលះបង់ដ៏អស់កល្បជានិច្ច និងសេចក្តីស្រឡាញ់របស់ទ្រង់សម្រាប់ខ្ញុំផងដែរ ។