« តើខ្ញុំអាចយាងព្រះវិញ្ញាណបរិសុទ្ធមកក្នុងគេហដ្ឋានខ្ញុំ ពេលយើងកំពុងមានជម្លោះ ឬការទាស់ទែងគ្នាតាមរបៀបណា ? »
ប្រាប់រឿងរបស់អ្នក
ពេលខ្ញុំមានជម្លោះ ខ្ញុំបានឃើញថា ការនិយាយពាក្យសូមទោស និងសារភាពថាអ្នកខុស ទោះបីអ្នកគិត ឬដឹងថាអ្នកត្រូវក្តី វាជួយនាំភាពសុខសាន្តត្រឡប់មកកាន់បន្ទប់នោះវិញ ។ បន្ទាប់មកដើរចេញ នៅស្ងៀម ប្តូរប្រធានបទ ឬស្វែងរកចំណុចអ្វីមួយដើម្បីយល់ស្របនឹងគ្នា ។ វាពុំចំណាយពេលច្រើនឡើយដើម្បីឲ្យព្រះវិញ្ញាណយាងត្រឡប់មកវិញនោះ ។
ឌីលែន អិម អាយុ ១៥ ឆ្នាំ រដ្ឋកាលីហ្វូញ៉ា ស.រ.អា.
សូមស្រឡាញ់
ខ្ញុំបានឃើញថា ការបង្ហាញសេចក្តីស្រឡាញ់ដ៏សុទ្ធសាធចំពោះគ្រួសារអ្នកយាងអញ្ជើញព្រះវិញ្ញាណឲ្យគង់នៅក្នុងគេហដ្ឋានរបស់យើង ។ ព្យាការីបានថ្លែងអំពីសេចក្តីស្រឡាញ់ថា ជាកាតាលីករដែលបណ្តាលឲ្យផ្លាស់ប្តូរ និងជាថ្នាំដែលនាំមកនូវការព្យាបាលដល់ព្រលឹង ។ វិញ្ញាណនៃក្តីស្រឡាញ់នាំមកនូវសុវត្ថិភាព និងភាពសុខសាន្តក្នុងគេហដ្ឋាន ។
យ៉ូសែប ស៊ី អាយុ ១៨ ឆ្នាំ រដ្ឋអារីហ្សូណា ស.រ.អា.
សូមនិយាយទៅកាន់គ្រួសាររបស់អ្នក
ប្រសិនបើគ្រួសារអ្នកពុំមែនជាសមាជិកសាសនាចក្រ សូមប្រាប់ពួកគេអំពីអារម្មណ៍អាក្រក់ដែលអ្នកមាន ពេលពួកគេឈ្លោះគ្នា ហើយសូមឲ្យពួកគេកែលម្អ ។ ប្រសិនបើវាពុំដំណើរការទេនោះ សូមអធិស្ឋាន ហើយព្យាយាមម្តងទៀត ។ ប្រសិនបើពួកគេជាសមាជិក សូមរំឭកពួកគេថា ពួកគេគឺជាកូនរបស់ព្រះ ហើយថាពួកគេគួរតែចៀសវាងការឈ្លោះទាស់ទែងគ្នា ។
ខារ៉ូលីណា អេស អាយុ ១៩ ឆ្នាំ ទីក្រុង ហ្គូយអាស ប្រទេសប្រេស៊ីល
អធិស្ឋានទូលសូមព្រះវិញ្ញាណ
នៅពេលណាដែលគ្រួសារកំពុងឈ្លោះគ្នា វាពិបាកនឹងទទួលអារម្មណ៍ពីវត្តមាននៃព្រះវិញ្ញាណ ប៉ុន្តែនោះពុំមែនមានន័យថា អ្នកពុំអាចទទួលអារម្មណ៍ពីទ្រង់នោះទេ ប្រសិនបើអ្នកសក្តិសមនោះ ។ សូមអធិស្ឋានក្នុងចិត្តអ្នកទូលសូមការបង្កើននូវព្រះវិញ្ញាណរបស់ព្រះអម្ចាស់ ហើយយកចិត្តទុកដាក់បន្ថែមទៀតចំពោះការបំផុសគំនិតដែលទ្រង់បានប្រទានមក ។ ព្រះវរបិតាសួគ៌អាចជួយអ្នកឲ្យទទួលអារម្មណ៍សុខសាន្ត ហើយដឹងអំពីរបៀបដ៏ល្អបំផុតដើម្បីជួយនាំភាពសុខសាន្តនោះចូលក្នុងគេហដ្ឋានអ្នក ។
ខាធី ជី អាយុ ១៧ ឆ្នាំ រដ្ឋយូថាហ៍ ស.រ.អា.
ព្យាយាមដោះស្រាយ
សូមនិយាយជាមួយគ្រួសារអ្នកដើម្បីដោះស្រាយបញ្ហាតាមរបៀបមួយដែលមនុស្សគ្រប់គ្នាបានប្រយោជន៍ ឬចែកចាយខគម្ពីរ ឬច្រៀងទំនុកតម្កើង ។ អ្នកក៏អាចទូលសូមជំនួយពីព្រះវរបិតាសួគ៌ឲ្យជួយដោះស្រាយបញ្ហា ។ តាមរបៀបនេះ មនុស្សគ្រប់រូបនឹងស្ងប់ចិត្ត ហើយអាចដោះស្រាយបញ្ហាដោយពុំត្រូវការការស្រែក ឬអំពើហិង្សាឡើយ ។ ប្រាកដណាស់ ព្រះវិញ្ញាណបរិសុទ្ធនឹងបំពេញដល់អ្នកនូវភាពសុខសាន្ត ហើយផ្តល់ដល់មនុស្សគ្រប់រូបនូវបំណងប្រាថ្នាមិនឲ្យឈ្លោះគ្នាទៀតឡើយ ។
ល្វីស អេហ្វ អាយុ ១៤ ឆ្នាំ ប្លេយ៉ា ឌេល កាមិន ប្រទេសម៉ិកស៊ិក ។