ស្នាមញញឹមនៃការទទួលយក
ហ្វ្រែងក្លីន រូម៉េអូ ទីក្រុងម៉ាណាប៊ី ប្រទេសអេក្វាឌើរ
នាល្ងាចមួយវួដរបស់យើងបានប្រារព្ធសកម្មភាពមួយដែលយើងចំណាយពេលជាច្រើនម៉ោងដើម្បីរៀបចំ ។ បន្ទាប់ពីសកម្មភាពរួច យុវជនម្នាក់ដែលជាសាសនាគន់ការីបាននិយាយលាខ្ញុំ ប៉ុន្តែពីរបីនាទីក្រោយមក គាត់បានត្រឡប់មកសួរថា « ប៊ីស្សព តើពេលណាខ្ញុំត្រូវត្រឡប់មកវិញ ? » ខ្ញុំបានប្រាប់គាត់ថា នៅថ្ងៃអាទិត្យ ហើយយុវជននោះបាននិយាយភ្លាមថា « អត់ទេ តើមានសកម្មភាពមួយផ្សេងទៀតឬទេ ? » គាត់មានពេលដ៏រីករាយជាមួយយុវជនក្នុងវួដរបស់យើង ដែលធ្វើឲ្យគាត់ចង់ត្រឡប់មកវិញទៀត ។
ខ្ញុំក៏បាននិយាយជាមួយគូស្វាមីភរិយាមួយគូជាភ្ញៀវដែលបានមកចូលរួមសកម្មភាពនោះ ហើយបានសួរពួកគេថា តើពួកគេគិតដូចម្តេចដែរ ។ ស្វាមីបាននិយាយថា « តាំងពីខ្ញុំមកដល់ទីនេះ យើងមានភាពសុខសាន្ត និងស្ងប់ស្ងាត់ » ដែលមានភរិយាគាត់បានងក់ក្បាលបញ្ជាក់ ។ ខ្ញុំមានការភ្ញាក់ផ្អើលចំពោះការណ៍នេះ ដោយសារពេលពួកគេមកដល់ដំបូង មានមនុស្សជាច្រើនបាននិយាយគ្នា និងមានសំឡេងអ៊ូអរណាស់ ។ ប៉ុន្តែគាត់បានបន្ត ហើយសម្លឹងមើលខ្ញុំ ហើយសួរថា « តើនោះគឺជាព្រះវិញ្ញាណបរិសុទ្ធ មែនទេ ? » ដោយក្តីភ្ញាក់ផ្អើល ខ្ញុំគ្រាន់តែអាចនិយាយថា មែនហើយ ។
មានកិច្ចការជាច្រើនដែលត្រូវធ្វើដើម្បីត្រៀមសម្រាប់កម្មវិធីនេះ ដូច្នេះនៅយប់នោះនៅពេលអ្វីៗបានបញ្ចប់ទៅ រឿងមួយគត់ដែលខ្ញុំចង់ធ្វើនោះគឺទៅផ្ទះ ហើយសម្រាក ។ ដោយសារតែខ្ញុំអស់កម្លាំងពេក នោះខ្ញុំពុំអាចគិតអំពីការសន្ទនារបស់ខ្ញុំជាមួយសាសនាគន់ការីទាំងនោះទេ ។ ពេលខ្ញុំទៅដល់ផ្ទះ ខ្ញុំបានអធិស្ឋាន ហើយចូលសម្រាក ប៉ុន្តែខ្ញុំពុំអាចដេកលក់ឡើយ ក្នុងចិត្តរបស់ខ្ញុំ ខ្ញុំបានឃើញព្រះភក្ត្រព្រះអម្ចាស់ញញឹម ។ វាជាស្នាមញញឹមនៃការទទួលយក ។ នៅគ្រានោះ ខ្ញុំបានចាប់ផ្តើមចាំនូវរឿងដ៏អស្ចារ្យដែលបានកើតឡើងនៅឯសកម្មភាពនោះ ។
ខ្ញុំបានយល់ថា ភាពឧស្សាហ៍ព្យាយាម និងសេចក្តីស្រឡាញ់របស់សមាជិកវួដអាចធ្វើឲ្យដួងចិត្តរបស់សាសនាគន់ការីទាំងបីនាក់នោះរំជួលចិត្ត ។ ខ្ញុំបានយល់ថា ស្នាមញញឹមនៃការទទួលយកគឺសម្រាប់អ្វីដែលយើងបានធ្វើ ។ ខ្ញុំអត់ទ្រាំនឹងយំពុំបានឡើយ ហើយខ្ញុំមានអារម្មណ៍អរគុណសម្រាប់អំណោយដែលព្រះអម្ចាស់បានប្រទានដល់យើង ។ ទ្រង់បានប្រទានដល់យើងនូវស្នាមញញឹមនៃការទទួលយក ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះបន្ទូលរបស់ព្រះអម្ចាស់ពិត ថានៅពេលយើងនាំព្រលឹងតែមួយគត់មកកាន់ទ្រង់ នោះយើងនឹងមានសេចក្ដីអំណរដ៏មហិមានៅក្នុងនគរនៃព្រះវរបិតា ( សូមមើល គ. និង ស. ១៨:១៥ ) ។