សម្រាប់ឌីជីថលប៉ុណ្ណោះ
ការផ្តាច់ទំនាក់ទំនងដ៏អាក្រក់របស់ខ្ញុំគឺពិតជាពរជ័យដ៏មហិមាមួយ
ជួនកាលយើងយល់ពីហេតុផលចំពោះការបំផុសគំនិត ហើយជួនកាលយើងពុំយល់ឡើយ ។ ទោះជាតាមរបៀបណាមួយក្តី យើងត្រូវអនុវត្តដោយសេចក្តីជំនឿ ។
ខ្ញុំបានផ្តាច់ទំនាក់ទំនងជាមួយមិត្តប្រុសដំបូងរបស់ខ្ញុំនៅយប់ដ៏ស្រឡះនារដូវក្តៅមួយ ។
នៅព្រលឹមនាថ្ងៃនោះ ខាធើរ ( ឈ្មោះត្រូវបានប្តូរ ) និងខ្ញុំបានឈ្លោះគ្នា—វាជារឿងធម្មតាទេនៅក្នុងទំនាក់ទំនងរយៈពេលបីឆ្នាំរបស់យើងដែលឈ្លោះគ្នា ហើយត្រូវគ្នាវិញនោះ ។ យើងឈ្លោះគ្នាអំពីរឿងគ្រប់យ៉ាង—ចាប់តាំងពីអាហារដែលយើងគ្រោងនឹងបរិភោគនាពេលអនាគត ។ នៅគ្រាដំបូង ខ្ញុំព្រងើយកន្តើយនឹងភាពខុសគ្នារបស់យើងជាមួយនឹងសុភាសិតថា « ការផ្ទុយគ្នាធ្វើឲ្យមានភាពទាក់ទាញ » ។ ប៉ុន្តែនៅទីបំផុតការនិយាយចំអន់លេងសើចយូរៗម្តងរបស់យើងប្រែជាច្រវ៉ាក់នៃការមិនចុះសម្រុងគ្នាដ៏ឃោរឃៅមួយ ។
នៅយប់នារដូវក្តៅនោះ យើងបានយកមីក្រូទូស្សន៍មើលទៅទីវាលដើម្បីមើលភពនានា ។ ប៉ុន្តែយើងបានឃើញថា ពន្លឺព្រះចន្ទដែលចាំងលើផ្ទៃមេឃងងឹតនោះបានបាំងគំហើញរបស់យើង ។ ដោយអាក់អន់ចិត្ត យើងបានចាប់ផ្តើមប្រកែកគ្នា—សារជាថ្មីទៀត ។
ខ្ញុំបានដើរចេញដើម្បីរម្ងាប់អារម្មណ៍ខ្ញុំ ។ ខ្ញុំបានគិតថា « ខ្ញុំពុំមែនជាមនុស្សបែបនេះទេ » ។ គេស្គាល់ខ្ញុំថា ជាអ្នកផ្សះផ្សាគ្នាក្នុងចំណោមបងប្អូនរបស់ខ្ញុំ ហើយខ្ញុំបាននិយាយដោយរាបសា និងសុភាពទៅកាន់មិត្តដទៃទៀតរបស់ខ្ញុំ ។ ដូច្នេះហេតុអ្វីខ្ញុំស្រែកដាក់បុរសដែលខ្ញុំប្រកាសថា ខ្ញុំស្រឡាញ់គាត់ទៅវិញ ?
ខ្ញុំបានសម្លឹងមើលទៅលើមេឃដ៏ងងឹតនោះ ហើយបានអធិស្ឋានដើម្បីដឹងអំពីរបៀបដែលខ្ញុំអាចធ្វើឲ្យទំនាក់ទនងរបស់ខ្ញុំជាមួយខាធើរបានប្រសើរឡើង ។ រំពេចនោះ អារម្មណ៍សុខសាន្តមួយបានសន្ធប់មកលើខ្ញុំជំនួសឲ្យការខឹងសម្បារ ហើយខ្ញុំទទួលការបំផុសគំនិតថា រឿងដែលល្អបំផុតដែលខ្ញុំអាចធ្វើបានសម្រាប់យើងទាំងពីរនាក់នោះគឺបញ្ចប់ទំនាក់ទំនងរបស់យើង ។
ការព្យាបាលត្រូវការពេលវេលា ។ មានគ្រាជាច្រើនដែលខ្ញុំត្រូវបានល្បួងឲ្យព្រងើយនឹងការបំផុសគំនិតឲ្យផ្តាច់ទំនាក់ទំនងជាមួយខាធើរ ដោយសារខ្ញុំនឹកដល់ទំនាក់ទំនងដ៏ស្និទ្ធស្នាលរបស់យើង ។ ជួនកាលខ្ញុំមានអារម្មណ៍ស្មុគស្មាញចំពោះព្រះ ដោយជឿថា ទ្រង់បានបិទឱកាសមួយ ដោយមិនបើកឱកាសថ្មីមួយទៀតឲ្យខ្ញុំឡើយ ។ ទោះជាយ៉ាងណាក្តី ខ្ញុំបានពឹងផ្អែកលើការទូន្មានរបស់អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖ « នៅក្នុងគ្រាដ៏គួរឲ្យខ្លាច ឬសង្ស័យ ឬគ្រាអំពល់ … សូមកាន់ខ្ជាប់ទៅនឹងអ្វីដែលអ្នកបានដឹងរួចហើយ ហើយឈរយ៉ាងរឹងមាំរហូតដល់ចំណេះដឹងបន្ថែមទៀតមកដល់ » ( « Lord I Believe » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៩៣–៩៤ ) ។
ខ្ញុំពុំបានទទួល « ចំណេះដឹងបន្ថែមទៀត » នោះអស់រយៈពេលជាច្រើនខែ ហើយខ្ញុំបានចាប់ផ្តើមឆ្ងល់ថា តើខ្ញុំបានទទួលចំណេះដឹងនោះដែរឬទេ ។ បន្ទាប់ពីការអធិស្ឋានដ៏ស្មោះត្រង់អំពីការផ្តាច់ទំនាក់ទំនងនោះមក ព្រះវិញ្ញាណបានបញ្ជាក់ដល់ដួងចិត្តខ្ញុំ ដោយមានបន្ទូលប្រាប់ខ្ញុំថា ការបំផុសគំនិតរបស់ព្រះវរបិតាសួគ៌គឺសម្រាប់សុខុមាលភាពនៃបុត្រាបុត្រីរបស់ទ្រង់ ។ ភាពលម្អិតនៃហេតុផលរបស់ទ្រង់ពុំទាក់ទងនឹងសេចក្តីជំនឿខ្ញុំលើទ្រង់ឡើយ ។
ការដឹងថា ព្រះវរបិតាសួគ៌មានផែនការសម្រាប់ខ្ញុំ បានផ្តល់សេចក្តីសង្ឃឹមសម្រាប់អនាគតខ្ញុំ ហើយបានជួយខ្ញុំឲ្យចាប់ផ្តើមដើរលេងជាគូម្តងទៀត ។ នាព្រឹកមួយ ខ្ញុំអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៤០ ត្រង់កន្លែងដែលព្រះអម្ចាស់បង្រៀនថា « ពន្លឺនៅជាប់នឹងពន្លឺ » ។ ភ្លាមនោះ ខ្ញុំបានដឹងថា គោលការណ៍នេះអាចអនុវត្តចំពោះការដើរលេងជាគូ ។ ខ្ញុំបានដឹងថា ខ្ញុំអាចមានភាពសប្បាយរីករាយជាងជាមួយមនុស្សម្នាក់ដែលមានតម្លៃ និងពន្លឺដូចខ្ញុំ ។
ទីបំផុតខ្ញុំបានជួបនឹងអូស្ទីន ។ យើងបានទាក់ទងគ្នាភ្លាម ចាប់តាំងពីការចូលចិត្តម្ហូបថាកូរហូតដល់ការបម្រើបេសកកម្មរបស់យើងនៅក្នុងសហរដ្ឋ ។ វិញ្ញាណដ៏ទន់ភ្លន់របស់គាត់ត្រូវគ្នានឹងខ្ញុំ ហើយទីបំផុតខ្ញុំបានរៀបការជាមួយគាត់ ។ ទំនាក់ទំនងរបស់យើងពុំមែនជាទំនាក់ទំនងដែលពោរពេញដោយតណ្ហាដូចអ្នករំពឹងឃើញនៅក្នុងខ្សែភាពយន្តសង់ទីម៉ង់ដ៏ល្បីល្បាញនោះទេ ។ វាផ្អែមល្ហែម និងមានលំនឹង—ជាអ្វីដែលខ្ញុំជឿថាអាចនៅអស់កល្បជានិច្ច ។
គ្នាយើងជាច្រើននាក់ប្រាថ្នាចង់បានការពន្យល់មួយនៅពេលយើងទទួលការបំផុសគំនិតដ៏លំបាក ។ តាមរយៈបទពិសោធន៍របស់ខ្ញុំ នោះខ្ញុំបានរៀនថា សេចក្តីជំនឿលើព្រះអម្ចាស់អាចជួយយើងឲ្យបន្តគោរពប្រតិបត្តិទាំងពុំដឹងពីមូលហេតុក្ដី ។ នៅពេលយើងទុកចិត្តលើព្រះដែលជ្រាបដឹងអ្វីៗគ្រប់យ៉ាង នោះយើងអាចទទួលអារម្មណ៍សុខសាន្តនៅក្នុងការសម្រេចចិត្តរបស់យើង ដើម្បីអនុវត្តតាមការបំផុសគំនិតរហូតដល់យើងទទួល « ចំណេះដឹងបន្ថែមទៀត » ដែលទ្រង់បានសន្យាដល់អ្នកស្មោះត្រង់ ។