២០១៨
ពរជ័យ​មួយ​នៅក្នុង​សំណេរ​ដោយ​ដៃ​របស់​ម្តាយ​ខ្ញុំ
ខែ តុលា ២០១៨


ពរជ័យ​មួយ​នៅក្នុង​សំណេរ​ដោយ​របស់​ម្តាយ​ខ្ញុំ

ដាកឡាស ហេដហ្គើរ រដ្ឋ​ណាវ៉ាដា ស.រ.អា.

Preach My Gospel and mothers photo

រចនា​រូបភាព​ដោយ ឌីលីន ម៉ាស្ស

ល្ងាច​មួយ ខ្ញុំ​កំពុង​ពិចារណាអំពី​សារលិខិត​ដែល​ត្រូវ​និយាយ​នៅ​ក្នុង​សន្និសីទ​វួដ​នាពេល​ខាងមុខ ។ ខ្ញុំ​បាន​សិក្សា​ព្រះគម្ពីរ​ពេញ​មួយ​សប្តាហ៍ ហើយ​ទោះបីជា​ខ្ញុំ​បាន​ទទួល​ការណែនាំ និង​ការយល់​ដឹង​ដ៏​អស្ចារ្យ​ក្តី ខ្ញុំ​នៅតែ​ពុំ​មាន​ការណែនាំ​ច្បាស់​លាស់​អំពី​អ្វី​ដែល​ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​ខ្ញុំ​ថ្លែងទៅ​កាន់​សមាជិក​វួដ​ក្នុង​នាម​ជា​ប្រធាន​ស្តេក ។

ក្នុងការអធិស្ឋាន​ដ៏​ស្មោះត្រង់​របស់​ខ្ញុំ ខ្ញុំ​បាន​ទូលសូម​ការណែនាំ​មក​ពី​ព្រះវិញ្ញាណ​ដើម្បី​ដឹកនាំ​គំនិត​របស់​ខ្ញុំ ។ បន្ទាប់មក ខ្ញុំ​បាន​បើក​ព្រះគម្ពីរ ហើយ​ចាប់ផ្តើម​អាន​វា​ម្តង​ទៀត ។ រំពេច​នោះ ចិត្ត​របស់​ខ្ញុំ​បាន​បែរ​ទៅ​រក​គោលដៅ​វួដ​របស់​យើង​ដែល​ប៊ីស្សព និង​ខ្ញុំ​ទើបតែ​បាន​ពិភាក្សា​គ្នា ។ គោលដៅ​មួយ​នោះ​គឺ​ការប្រើ​សៀវភៅ ប្រកាស​ដំណឹង​ល្អ​របស់​យើង នៅក្នុង​ការចែកចាយ​ដំណឹងល្អ​ជាមួយ​មិត្តភក្តិ និង​អ្នក​ជិតខាង ។

ខ្ញុំ​បាន​ទទួល​អារម្មណ៍​សង្កត់​ធ្ងន់​ឲ្យ​បញ្ចូល​សៀវភៅ ប្រកាស​ដំណឹង​ល្អ​របស់​យើង នៅក្នុង​ការសិក្សា​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​នា​ល្ងាច​នោះ ។ ខ្ញុំ​បាន​ទាញ​យក​សៀវភៅ​នោះ​មួយ​ក្បាល​ចេញ​មក ហើយ​បើក​វា​ទៅដោយ​មិនដឹង​ទំព័រ​ទេ ។ នៅ​ក្នុង​ទំព័រ​មួយ ខ្ញុំ​បាន​ឃើញ​ខគម្ពីរ​យោង​ពីរ​ដែល​សរសេរ​ដោយ​ដៃ — នីហ្វៃ​ទី ១ ៨:៨–១១ និង នីហ្វៃ​ទី ១ ១១:២១–២២ ។ នៅពេល​ខ្ញុំមើល​ជិត ខ្ញុំ​បាន​ដឹង​ថា ខគម្ពីរ​យោង​ទាំង​នោះ​គឺ​ជា​អក្សរ​របស់​ម្តាយ​ខ្ញុំ ។ ម្តាយ​ដ៏ជាទីស្រឡាញ់​របស់​ខ្ញុំ​បាន​ចែកឋាន​ទៅ​អស់​ជា​ច្រើន​ឆ្នាំ​មកហើយ គឺ​ពីរខែ​បន្ទាប់​ពី​ខួបកំណើត​ទី ៨០ ឆ្នាំ​របស់​គាត់ ។ គាត់​គឺ​ជា​គំរូ​មួយ​នៃ​ភាពក្លាហាន និង​ភាពមិន​អាត្មានិយម ដែល​មើល​ឃើញ​សេចក្តីល្អ​នៅក្នុង​មនុស្ស​ជានិច្ច ។ ហើយ​គាត់​ស្រឡាញ់​ព្រះគម្ពីរ ។

ខ្ញុំ​បាន​បើក​ព្រះគម្ពីរ​រក​ខគម្ពីរ​ទាំង​នោះ ដើម្បី​ដឹង​ថា តើ​មាន​អ្វី​ដែល​បំផុសគំនិត​ឲ្យ​គាត់​សរសេរ​វា​ទុក ។ នៅពេល​ខ្ញុំ​អាន​ខគម្ពីរ​ទាំង​នោះ ស្រាប់តែ​គំនិត​របស់​ខ្ញុំ​បាន​បើក​ភ្លាម​ទៅកាន់​សារលិខិត​ដែល​ខ្ញុំគួរតែ​និយាយ ។ វា​គឺជា​សារលិខិត​សាមញ្ញ​ដែល​សមាជិក​សាសនាចក្រ ដែល​បាន​ភ្លក់​ផ្លែឈើ​ដ៏ឆ្ងាញ់​នៃ​ដំណឹងល្អ​ជួនកាល​អាច​ភ្លេច​ថា មនុស្ស​ដទៃ​ជាច្រើន​ទៀត​កំពុង​ស្វែងរក​ផ្លែឈើ​ដូចគ្នា​នោះ ។ យើង​ត្រូវតែ​ឈោង​ទៅរក​ពួកគេ ហើយ​ប្រាប់​ពួកគេ​អំពី​កន្លែង​ដើម្បីស្វែងរក​វា ។

ខ្ញុំ​បាន​គិត​អំពីម្តាយ​ជាទីស្រឡាញ់​របស់​ខ្ញុំ នៅពេល​ខ្ញុំ​មើល​សៀវភៅ ប្រកាស​ដំណឹង​ល្អ​របស់​យើង​ដល់ចប់ ។ គ្មាន​ឈ្មោះ គ្មាន​កំណត់ចំណាំ ឬ​អ្វី​ទៀត​ដែល​បង្ហាញ​ថា សៀវភៅ​នេះ​គឺជា​សៀវភៅ​របស់​គាត់​ឡើយ ។ ខ្ញុំ​បាន​អង្គុយ​ដោយ​ប្លែក​ក្នុង​ចិត្ត នៅពេល​ខ្ញុំ​សញ្ជឹង​គិត​អំពី​ច្រវ៉ាក់​ខាង​វិញ្ញាណ​ដ៏បំផុសគំនិត ដែលដឹកនាំ​ឲ្យ​មក​ដល់​គ្រា​នេះ ។ ព្រះវិញ្ញាណ​បញ្ជាក់​ដល់​ខ្ញុំ​ថា ខ្ញុំ​ត្រូវបាន​ដឹកនាំ​នៅក្នុង​គំនិត​ខ្ញុំ គឺ​ដូច​ជា​អ្វី​ដែល​ខ្ញុំ​បាន​អធិស្ឋាន​ទូលសូម ។ ម្តាយ​ខ្ញុំ​បាន​ដឹង​តិចតួច ប៉ុន្តែ​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ គាត់​បាន​សរសេរ​ខគម្ពីរ​យោង​ទាំង​នោះ ដែល​ព្រះអម្ចាស់​នឹង​ប្រើ​វា​ដើម្បី​ឆ្លើយតប​ចំពោះ​ការអធិស្ឋាន​ដ៏​រាបសា​របស់​កូន​ប្រុស​គាត់ ។