២០១៨
អ្វី​ដែល​ប៊ីស្សព​គ្រប់​រូប​ចង់​ឲ្យ​សមាជិក​វួដ​របស់​គាត់​ដឹង
ខែ តុលា ២០១៨


អ្វី ដែល​ប៊ីស្សព​គ្រប់​រូប ចង់​ឲ្យ​សមាជិក​វួដ​របស់​គាត់​ដឹង

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​យូថាហ៍ ស.រ.អា. ។

នេះ​គឺ​ជា​សេចក្តីពិត​ប្រាំបី​យ៉ាង​ដែល​ខ្ញុំ​បាន​រៀន​អំឡុងពេល​ការបម្រើ​របស់​ខ្ញុំ​ក្នុង​នាម​ជា​ប៊ីស្សព ។

ខ្ញុំ​មាន​ឱកាស​ដ៏​អស្ចារ្យ​ដើម្បី​បម្រើ​ជា​ប៊ីស្សព ។ អំឡុង​ពេល​នៃ​ឆ្នាំ​ទាំង​នោះ ខ្ញុំ​បាន​រៀន​មេរៀន​ច្រើន​ជាង​អ្វី​ដែល​ខ្ញុំ​អាច​និយាយ​បាន​ទៅ​ទៀត ។ ប៉ុន្តែ​ខ្ញុំ​ពិតជា​បាន​រៀន​សេចក្តីពិត​ចំនួន​ប្រាំ​បី​យ៉ាង​ដែល​ខ្ញុំ​ជឿ​ថា វា​ជា​រឿង​សាកល ។ ទោះបី​ជា​បញ្ជី​នេះ​ពុំ​ត្រូវបាន​បញ្ជូល​អ្វីៗ​ទាំង​អស់​ក្តី វា​គឺ​ជា​ការព្យាយាម​របស់​ខ្ញុំ​ក្នុង​ការ​ចែកចាយ​អ្វី​ដែល​ប៊ីស្សព​គ្រប់រូប​សង្ឃឹម​ឲ្យ​សមាជិក​វួដ​របស់​គាត់​ដឹង ។

១. ប៊ីស្សព​ស្រឡាញ់​សមាជិក​គ្រប់រូប​ក្នុង​វួដ​របស់​គាត់​នៅក្នុង​របៀប​មួយ​ដ៏​ស្មោះស្ម័គ្រ ។

family

សេចក្តីស្រឡាញ់​របស់​ប៊ីស្សព​មាន​ចំពោះ​សមាជិក​វួដ​របស់​គាត់​គឺ​មាន​ទំនាក់ទំនង​ទៅ​នឹង​សេចក្តីស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​មាន​ចំពោះ​យើង ។ នៅពេល​ប៊ីស្សព​មើល​សមាជិក​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់ សេចក្តីអាណិតអាសូរ និង​ការយល់​ចិត្ត​សណ្ឋិត​មក​លើ​គាត់​ក្នុង​របៀប​មួយ​មិន​ដូច​ជា​អ្វី​ដែល​គាត់​ធ្លាប់​មាន​បទពិសោធន៍​ឡើយ ។ នៅពេល​ប៊ីស្សព​ក្រោក​ឡើង ហើយ​ចែកចាយ​ពី​ក្តី​ស្រឡាញ់​ដ៏​ធំ​ដែល​គាត់​មាន​ចំពោះ​សមាជិក​វួដ នោះ​អារម្មណ៍​របស់​គាត់​គឺ​ស្មោះត្រង់ និង​ពិត​ប្រាកដ ។ សូម​ដឹង​ថា ប៊ីស្សព​របស់​អ្នក​ស្រឡាញ់​អ្នក ខ្វល់ខ្វាយ​ពី​អ្នក និង​មើល​ថែ​អ្នក​ជាង​អ្វី​ដែល​អ្នក​ដឹង​ទៅ​ទៀត ។

២. ប៊ីស្សព​ត្រូវបាន​គាំទ្រ​ផ្នែក​រូបកាយ ផ្លូវ​ចិត្ត និង​ខាង​វិញ្ញាណ​ដោយ​សេចក្តីជំនឿ និង​ការអធិស្ឋាន​របស់​សមាជិក ។

man standing at the pulpit

ប៊ីស្សព​ចំណាយ​ពេល​រាប់​មិន​អស់​ក្នុងការ​បម្រើ ។ គាត់​នឹង​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង​នៅ​ព្រះវិហារ​នៅ​ថ្ងៃ​អាទិត្យ និង​ការទៅ​សួរ​សុខទុក្ខ​បន្ថែម​ទៀត​នៅ​ពេល​យប់​បន្ទាប់​ពី​ការងារ សម្ភាស និង​ការមើល​ថែ​សមាជិក​វួដ​របស់​គាត់ ។

ប៊ីស្សព​អាច​ធ្វើ​កិច្ចការ​ទាំង​នេះ​ពី​មួយ​សប្តាហ៍​ទៅ​មួយ​សប្តាហ៍​ដោយសារ​សេចក្តីជំនឿ និង​ការអធិស្ឋាន​របស់​សមាជិក​វួដ ។ ក្នុងនាម​ជា​ប៊ីស្សព​ដែល​ទើប​នឹង​ហៅ​ថ្មី ខ្ញុំ​បាន​យំ​ដោយ​មិន​ដឹង​ខ្លួន​រាល់​ពេល​ដែល​ខ្ញុំ​បាន​ស្តាប់​ឮ​សមាជិក​អធិស្ឋាន​ថា « សូម​ប្រទាន​ពរ​ដល់​ប៊ីស្សព » ។ ការអធិស្ឋាន​ដោយ​សេចក្តីជំនឿ​របស់​អ្នក​គឺ​ពិត​ជា ត្រូវ​បាន​ឆ្លើយ​តប ហើយ​ប៊ីស្សព​ទទួល និង​មាន​អារម្មណ៍​នៃ​ឥទ្ធិពល​គាំទ្រ​មក​ពី​ការអធិស្ឋាន​ទាំង​នោះ ។ ព្រះអម្ចាស់​ឆ្លើយ​តាម​ការអធិស្ឋាន​ដែល​ពោរពេញ​ដោយ​សេចក្តីជំនឿ​ទាំង​នោះ​ទៅ​លើ​ក្បាល​របស់​ប៊ីស្សព​នៃ​សាសនាចក្រ ។

៣. ជា​រឿយៗ ប៊ីស្សព​មាន​អារម្មណ៍​ថា ខ្វះ​សមត្ថភាព​យ៉ាង​ខ្លាំង​ចំពោះ​ការ​ហៅ​បម្រើ​នោះ ( ទោះបី​បន្ទាប់​ពី​បាន​ហៅ​បម្រើ​អស់​រយៈពេល​បី ឬ​បួន​ឆ្នាំ​ក្តី ) ។

man with head in his hands

ខ្ញុំ​បាន​ស្គាល់​ប៊ីស្សព​មួយ​ចំនួន​តូច​ដែល​មាន​អារម្មណ៍​ថា ពួកគេ​ពិតជា​ត្រូវបាន « រៀបចំ » សម្រាប់​ការហៅ​បម្រើ​នេះ ។ ទោះជា​យ៉ាង​ណា​ក្តី ខ្ញុំ​ដឹងថា « អ្នក​ដែល​ព្រះអម្ចាស់​បាន​ហៅ ព្រះអម្ចាស់​នឹង​ធ្វើ​ឲ្យ​គេ​សម​នឹង​កិច្ចការ​នោះ » ។ ទោះបី​ប៊ីស្សព​ដឹង​ថា គាត់​ត្រូវ​បាន​ធ្វើ​ឲ្យ​សម​នឹង​កិច្ចការ​នោះ​ក្តី គាត់​ក៏​នៅ​តែ​មាន​អារម្មណ៍​លំបាក​ថា គាត់​នឹង​មិន​អាច​ធ្វើ​ការហៅ​បម្រើ​នោះ​បាន​ល្អ​ឡើយ ។ គាត់​នឹង​ប្រឹង​អស់​ពី​សមត្ថភាព​របស់​គាត់​ដើម្បី​ផ្តល់​ការទូន្មាន​ដ៏​ឈ្លាសវៃ​នៅពេល​ចាំបាច់ ពុំ​ធ្វើ​ឲ្យ​មនុស្ស​អាក់អន់​ចិត្ត ហើយ​ងាយ​នឹង​ស្តាប់​តាម​ព្រះវិញ្ញាណ​បរិសុទ្ធ ប៉ុន្តែ​គាត់​នៅ​តែ​ឆ្ងល់​នៅ​គ្រា​នោះ​ថា តើ​គាត់​កំពុង​បំពេញ​ការហៅ​បម្រើ​របស់​គាត់​គួរឲ្យ​ទទួល​យក​បាន​ដែរ​ឬ​ទេ ។

៤. ព្រះវិញ្ញាណ​នៃ​ព្រះ​អាច​ធ្វើការ​តាម​រយៈ​ប៊ីស្សព នៅពេល​គាត់​ទូន្មាន​សមាជិក​វួដ ។

two men talking

នៅពេល​គេ​សួរ​ថា តើ​ខ្ញុំ​នឹក​អ្វី​ជាង​គេ​បំផុត​អំពី​ការម្រើ​ក្នុង​នាម​ជា​ប៊ីស្សព នោះ​ខ្ញុំ​ប្រាប់​គេ​ថា ខ្ញុំ​នឹក​នូវ​ព្រះចេស្តា​ដ៏​ខ្លាំង​ក្លា​របស់​ព្រះវិញ្ញាណ​ដែល​កើត​មាន​មក​ជាមួយ​នឹង​សិទ្ធិ​អំណាច​នៃ​ប៊ីស្សព ។ មិន​ថា​ការលួងលោម​ដល់​អស់​អ្នក​ដែល​មាន​មនុស្ស​ជា​ទីស្រឡាញ់​ស្លាប់ ការនិយាយ​ជាមួយ​អស់​អ្នក​ដែល​កំពុង​មាន​ការលំបាក​ជាមួយ​ស្វាមី ឬ​ភរិយា​ដែល​មិន​ស្មោះត្រង់ ឬ​ការហៅ​មនុស្ស​ឲ្យ​ប្រែចិត្ត​ក្ដី ព្រះវិញ្ញាណ​ដែល​មាន​ចំពោះ​ប៊ីស្សព​ដ៏​ស្មោះត្រង់​គឺ​ជា​ព្រះវិញ្ញាណ​នៃ​ព្រះ និង​ជា​វិញ្ញាណ​នៃ​វិវរណៈ ។

ថ្មីៗ​នេះ ខ្ញុំ​មាន​អតីត​សមាជិក​វួដ​ម្នាក់​សូម​ឲ្យ​ខ្ញុំ​ជួយ​ដោះស្រាយ​បញ្ហា​ផ្ទាល់​ខ្លួន​មួយ​ចំនួន​របស់​គាត់ ។ គាត់​បាន​ប្តូរ​ទៅ​រស់នៅ​វួដ​ថ្មី ហើយ​ពុំ​ប្រាកដ​ចិត្ត​ថា តើ​គាត់​ចង់​ទៅ​ជួប​ប៊ីស្សព​ថ្មី​របស់​គាត់​ដើម្បី​សូម​ការណែនាំ​ឬ​ទេ ។ ខ្ញុំ​បាន​ចែកចាយ​ជាមួយ​គាត់​នូវ​អ្វី​ដែល​ខ្ញុំ​បាន​ចែកចាយ​ជា​ច្រើន​ដង​ចាប់​តាំង​ពី​ខ្ញុំ​បាន​ដោះ​លែង​ដែល​ថា ទោះបី​ខ្ញុំ​រីករាយ​ដើម្បី​ជួយ​ក្តី ខ្ញុំ​ពុំ​កាន់​កូនសោ​ដែល​ប៊ីស្សព​កាន់​ឡើយ ហើយ​កូនសោ​ទាំង​នោះ​គឺ​ជា​កូន​សោ​សំខាន់​ដើម្បី​ផ្តល់​ការគាំទ្រ​ដែល​គាត់​ត្រូវការ ។ ខ្ញុំ​បាន​ផ្តល់​យោបល់​ថា សូម​ឲ្យ​គាត់​ទៅ​និយាយ​ជាមួយ​ប៊ីស្សព​គាត់​ទៅ ។ ពីរ​សប្តាហ៍​ក្រោយ​មក ខ្ញុំ​បាន​ទៅ​សួរ​សុខទុក្ខ​គាត់ ហើយ​គាត់​បាន​និយាយ​ថា គាត់​បាន​ជួប​ជាមួយ​ប៊ីស្សព​គាត់ ហើយ​ប៊ីស្សព​នោះ​ហាក់​ដូច​ជា​បាន​ដឹង​រួច​ទៅ​ហើយ​នូវ​បញ្ហា​របស់​គាត់ និង​របៀប​ដើម្បី​ជួយ​គាត់​យ៉ាង​ល្អ​បំផុត ។ ទោះ​ប៊ីស្សព​ក៏​អាច​ធ្វើ​ខុស តែ​ព្រះអម្ចាស់​បំផុសគំនិត​គាត់ ដឹកនាំ​គាត់ និង​ប្រទាន​ពរ​ដល់​ជីវិត​មនុស្ស​ជាច្រើន​តាមរយៈ​ពាក្យ​សម្តី​របស់​គាត់ ។

៥. ប៊ីស្សព​គឺ​ជា​មនុស្ស​លោក ជួនកាល​គាត់​ធ្វើ​ខុស ហើយ​ជួនកាល​គាត់​ធ្វើ​កិច្ចការ​ខុស​ផងដែរ ។

man falling

ទោះបី​ការហៅ​បម្រើ​របស់​គាត់​ជា​ប៊ីស្សព​ក្តី ប៊ីស្សព​គឺ​ជា​មនុស្ស​ខាង​សាច់​ឈាម ។ ពួកគាត់​មាន​ភាព​ពុំ​គ្រប់​លក្ខណ៍ ទន់ខ្សោយ លំអៀង និង​មាន​ប​ញ្ហា​ផ្ទាល់​ខ្លួន​របស់​ពួកគាត់ ។ ព្រះវិញ្ញាណ​ធ្វើ​ឲ្យ​បុរស​ដែល​កាន់​តំណែង​ប៊ីស្សព​សក្តិសម ប៉ុន្តែ​ប៊ីស្សព​នៅ​តែ​ជា​មនុស្ស​ដែល​ទទួល​រង​នូវ​បញ្ហា និង​ភាព​ទន់ខ្សោយ​ដូច​ដែល​យើង​ទាំងអស់​ជួប​ប្រទះ​ផងដែរ ។

ការដឹង​អំពី​រឿង​នេះ​ពុំ​គួរ​កាត់​បន្ថយ​ការគោរព​ដែល​យើង​បង្ហាញ​ដល់​ការហៅ​បម្រើ​របស់​គាត់ ឬ​ពុំ​ស្តាប់​នូវ​អ្វី​ដែល​គាត់​ផ្តល់​ការទូន្មាន​ឡើយ ។ ប៊ីស្សព​ដឹង​យ៉ាង​ច្បាស់​អំពី​ភាព​ទន់ខ្សោយ​របស់​គាត់ ហើយ​ព្យាយាម​យក​ឈ្នះ​វា ឬ​យ៉ាង​ហោច​ណាស់​ទុក​ភាព​ទន់ខ្សោយ​ទាំង​នោះ​ឲ្យ​នៅ​ក្រៅ​ពី​ការបម្រើ​របស់​គាត់​ក្នុងនាម​ជា​ប៊ីស្សព ។ ទោះ​គាត់​ព្យាយាម​យ៉ាង​ណា​ក្តី គាត់​នៅតែ​ពុំ​គ្រប់​លក្ខណ៍​ដែរ ។

៦. ប៊ីស្សព​មាន​អារម្មណ៍​ថា គាត់​ពុំ​អាច​ឃើញ​សមាជិក​វួដ​គ្រប់គ្រាន់ ឬ​ធ្វើ​កិច្ចការ​នានា​បាន​ល្អ​គ្រប់គ្រាន់​ទេ ។

people talking

រៀងរាល់​ថ្ងៃ​ប៊ីស្សព​ឆ្ងល់​ថា តើ​នរណា​ទៀត​ដែល​គាត់​អាច ឬ​គួរតែ​ជួយ​នៅ​ថ្ងៃ​នោះ ។ ខ្ញុំ​ចូលចិត្ត​ទៅ​សួរ​សុខទុក្ខ​សមាជិក​គ្រប់​រូប​ជាញឹកញាប់ ប៉ុន្តែ​ខ្ញុំ​មាន​ការងារ​ពេញ​ម៉ោង គ្រួសារ កម្មវិធី​យុវវ័យ និង​សមាជិក​វួដ​មួយ​ចំនួន​ដែល​មាន​តម្រូវការ​សំខាន់ៗ ។ ដូច្នេះ​ខ្ញុំ​គ្មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ទៅ​ជួប​សមាជិក​គ្រប់រូប​ញឹកញាប់​នោះ​ទេ ។

ទោះជា​យ៉ាង​ណា​ក៏​ដោយ ក្នុងនាម​ជា​ប៊ីស្សព ជួនកាល​ព្រះវិញ្ញាណ​បំផុសគំនិត​ខ្ញុំ​ឲ្យ​សួរ​សុខ​ទុក្ខ​សមាជិក​មួយ​ចំនួន​ដែល​កំពុង​ជួប​ការលំបាក ។ ជា​ច្រើន​ដង ការទៅ​សួរ​សុខ​ទុក្ខ​ទាំង​នោះ​ចាប់ផ្តើម​ដោយ​ពួកគេ​និយាយ​ថា « ខ្ញុំ​ដឹង​ថា ប៊ីស្សព​នឹង​មក » ។ ជារឿយៗ យើង​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​យ៉ាង​លើសលុប នៅពេល​យើង​ទាំង​ពីរ​នាក់​ដឹង​ថា ការសួរ​សុខទុក្ខ​នោះ​គឺ​ជា​ភស្តុតាង​ថា ព្រះ​ឆ្លើយ​តប​ការអធិស្ឋាន ។

ខ្ញុំ​ក៏​រីករាយ​នឹង​ការទទួល​រាក់ទាក់​ដែល​ខ្ញុំ​បាន​ទទួល​នៅ​ផ្ទះ​នៃ​សមាជិក​ដែល​សកម្ម « ដែល​ពុំ​មាន​ការលំបាក » ទាំង​នោះ ។ សមាជិក​ល្អៗ​ទាំង​នេះ​ទៅ​ព្រះវិហារ​រៀងរាល់​សប្តាហ៍ បម្រើ​យ៉ាង​ស្មោះត្រង់​ក្នុង​ការហៅ​បម្រើ គ្មាន​ឧបសគ្គ​ធំ​ដុំ​លេច​ធ្លោរ​ឡើង ហើយ​ជា​ទូទៅ​ថ្នាក់​ដឹកនាំ​បព្វជិតភាព​ពុំ​ទៅ​សួរ​សុខទុក្ខ​ពួកគេ​ជា​ទៀងទាត់​ឡើយ ។ ពួកគេ​មាន​អំណរគុណ​ដែល​មាន​ពេល​ជួប​ផ្ទាល់​ជាមួយ​ប៊ីស្សព​របស់​ពួកគេ ។ ចំពោះ​បងប្អូន​ទាំង​អស់​គ្នា ខ្ញុំ​សូម​និយាយ​ថា « សូម​អរគុណ » ! សូម​បន្ត​ឆ្ពោះ​ទៅ​មុខ​ទៀត ! សូម​ដឹង​ថា ប៊ីស្សព​របស់​អ្នក​ស្រឡាញ់​អ្នក ហើយ​ចង់​ទៅ​សួរ​សុខទុក្ខ​ឲ្យ​បាន​ច្រើន ប្រសិនបើ​គាត់​អាច​ធ្វើ​បាន ។

៧. ប៊ីស្សព​របស់​អ្នក​ពិតជា​ត្រូវការ​អ្នក​ដើម្បី​ផ្តល់​ការងារ​បម្រើ​ដល់​គ្នា​ទៅ​វិញ​ទៅមក ។

man on the phone

ក្នុង​នាម​ជា​ប៊ីស្សព នៅពេល​គេ​ប្រាប់​ខ្ញុំ​អំពី​សមាជិក​វួដ​ម្នាក់​ដែល​ជួប​ការលំបាក នោះ​ខ្ញុំ​តែងតែ​សួរ​ថា « តើ​នរណា​គឺ​ជា​គ្រូបង្រៀន​តាម​ផ្ទះ និង​គ្រូ​សួរ​សុខទុក្ខ​តាម​ផ្ទះ ? » នេះ​គឺ​ជា​របៀប​មួយ​នៃ​ការប៉ាន់​ប្រមាណ​ថា តើ​តម្រូវការ​របស់​សមាជិក​ត្រូវ​បាន​បំពេញ​ទាំង​រយៈពេល​ខ្លី និង​វែង​ដែរ​ឬ​ទេ ។ ប៊ីស្សព​ធ្វើ​កិច្ចការ​ដោយ​គ្មាន​ជំនួយ​ពី​សមាជិក​វួដ​ផ្សេង​ទៀត​ក្នុង​វួដ និង​ស្តេក នោះ​គាត់​នឹង​មាន​ធនធាន​ដែល​មាន​ដែន​កំណត់ ។ ប្រាកដ​ណាស់​គាត់​អាច — ហើយ​នឹង — ទៅ​សួរសុខទុក្ខ​សមាជិក​ដែល​មាន​វិបត្តិ ។ ប៉ុន្តែ​ជាមួយ​ធនធាន​បព្វជិតភាព និង​សមាគម​សង្គ្រោះ​ដែល​មាន​សម្រាប់​គាត់ នោះ​គាត់​អាច​ពង្រីក​ការជួយ​របស់​គាត់ ។

នេះ​គឺ​ជា​ការងារ​បម្រើ ។ មាន​គ្រា​ជា​ច្រើន​ដែល​ពួកយើង​មួយ​ចំនួន​ភ្លេច​ពី​មូលហេតុ​ដែល​យើង​ផ្តល់​ការងារ​បម្រើ​ដល់​គ្នា​ទៅ​វិញ​ទៅមក ៖ ព្រះអម្ចាស់​បាន​ត្រាស់​បង្គាប់​យើង​ឲ្យ « ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក » ( យ៉ូហាន ១៣:៣៤ ) ។ សូម​ដឹង​ថា ប៊ីស្សព​របស់​អ្នក​ប្រើ​ប្រាស់​ការងារ​បម្រើ​ជា​មធ្យោបាយ​មួយ​ដ៏​បំផុស​គំនិត​ដើម្បី « កាន់តែ​មាន​វត្តមាន » នៅក្នុង​ជីវិត​សមាជិក​ក្នុង​វួដ ។

៨. ប៊ីស្សព​ប្រាថ្នា​ថា គាត់​អាច​ធ្វើ​កិច្ចការ​គ្រប់​យ៉ាង​ដល់​សមាជិក​របស់​គាត់ ។

man walking up

គ្រប់ពេល​ទាំងអស់ ទាំង​ថ្ងៃ ឬ​យប់ ទោះ​ជា​ការប្រសិទ្ធពរ​បព្វជិតភាព ការ​ទូន្មាន​ដល់​ក្មេង​រឹងរូស ឬ​ប្រញាប់​ទៅកាន់​កន្លែង​គ្រោះថ្នាក់​ក្តី ប៊ីស្សព​ចង់​ធ្វើ​អ្វីៗ​ទាំងអស់​ដែល​សមាជិក​ត្រូវការ ។ គាត់​ពុំ​អាច​ធ្វើ​វា​ទាំងអស់​ជានិច្ច​នោះ​ទេ ហើយ​គាត់​ពុំ​អាច​ធ្វើ​ជាមនុស្ស​ដែល​អាច​ដោះស្រាយ​រឿង​គ្រប់​ស្ថានភាព​នោះ​ទេ ប៉ុន្តែ​សូម​កុំ​ខ្លាច​សូម​ជំនួយ​នៅពេល​អ្នក​ត្រូវការ​ឡើយ ។ សូម​ដឹង​ថា ប៊ីស្សព​រង់ចាំ​បម្រើ​នៅ​គ្រប់​ពេល​ទាំង​នោះ ហើយ​អ្នក​ទាំង​ពីរ​ទទួល​ពរ​យ៉ាង​ច្រើន​សម្រាប់​ការធ្វើការ​រួម​គ្នា ។

ខ្ញុំ​មាន​ចិត្ត​រាបទាប​ចំពោះ​ឱកាស​ដ៏​ពិសិដ្ឋ​ដែល​ខ្ញុំ​មាន​ដើម្បី​បម្រើ​នៅក្នុង​ការហៅ​ដ៏​បរិសុទ្ធ​នេះ ។ នៅក្នុង​ការបម្រើ​របស់​ខ្ញុំ ខ្ញុំ​បាន​ចាប់ផ្តើម​ជឿ​រហូត​ដល់​ខ្ញុំ​បាន​ដឹង ។ ខ្ញុំ​ពុំ​គ្រាន់តែ​ជឿ​ថា ដំណឹងល្អ​គឺ​ពិត​ឡើយ តែ​ខ្ញុំ​ដឹង​ថា ដំណឹងល្អ​ពិត ។ ខ្ញុំ​ពុំ​គ្រាន់តែ​ជឿ​ថា ព្រះ​ស្គាល់​ខ្ញុំ​ឡើយ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា ព្រះ​គឺ​ពិតជា​ស្គាល់​ពួកយើង​ម្នាក់ៗ ស្គាល់​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ និង​ការលំបាក​ផ្ទាល់​ខ្លួន​របស់​យើង ។ លើស​ពី​នោះ​ទៀត ខ្ញុំ​ដឹង​ថា ទ្រង់​ធ្វើការ​តាមរយៈ​អ្នក​បម្រើ​របស់​ទ្រង់ ជាពិសេស​អស់​អ្នក​ដែល​កាន់​កូនសោ​បព្វជិតភាព ។ ខ្ញុំ​ដឹង​ថា ខ្ញុំ​ពុំ​អាច​បម្រើ​ជា​ប៊ីស្សព​ដោយ​គ្មាន​ជំនួយ​ពី​ព្រះ​ក្នុង​កិច្ចការ​នេះ​បាន​ឡើយ ។ វា​គឺ​ជា​ដំណឹង​ល្អ​ដ៏​ពោរពេញ និង​សេចក្តីស្រឡាញ់​របស់​ព្រះ​ចំពោះ​បុត្រាបុត្រី​របស់​ទ្រង់​ដែល​អាច​ឲ្យ​ប៊ីស្សព​គ្រប់​រូប​បម្រើ ។

កំណត់​ចំណាំ

  1. ថូម៉ាស អេស. ម៉នសុន « Duty Calls » Ensign, ខែ ឧសភា ឆ្នាំ ១៩៩៦ ទំព័រ ៤៤ ។