២០១៨
ជំហាន​ទី​មួយ​ឆ្ពោះ​ទៅ​កាន់​ការប្រែចិត្ត
ខែ តុលា ២០១៨


យុវមជ្ឈិមវ័យ

ជំហាន​ទី​មួយ​ឆ្ពោះ​ទៅ​កាន់ ការប្រែចិត្ត

អ្នក​និពន្ធ​រស់​នៅ​ទីក្រុង​អូអេស​ប្រទេស​ហៃទី ។

ខ្ញុំ​ទទួល​អារម្មណ៍​ថា​ភាព​ងងឹត​គ្របដណ្តប់​លើ​ជីវិត​ខ្ញុំ ។ បន្ទាប់​មក ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ត្រូវ​និយាយ​ជាមួយ​ប៊ីស្សព​របស់​ខ្ញុំ ។

man praying, thinking of Christ

រចនា​រូបភាព​ដោយ យ៉ូស្វេ ដេននីស

ខ្ញុំ​ចាំ​ពី​ការកំណត់​ថ្ងៃ​បុណ្យ​ជ្រមុជទឹក​របស់​ខ្ញុំ​ជាមួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ។ ពួកគេ​បាន​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ចុះ​សេចក្តីសញ្ញា​ជាមួយ​ព្រះ​វរបិតាសួគ៌​ដែរ​ឬ​ទេ ។ ដោយ​ពុំបាន​គិត​អំពីវា និង​ដោយ​មាន​ចិត្ត​ពោរពេញ​ដោយ​អំណរ នោះ​ខ្ញុំ​បាន​និយាយ​ថា « ត្រៀម​រួច​រាល់​ហើយ ! » ខ្ញុំ​ចង់​ទទួល​អំណាយ​ពិសេស​ពី​ព្រះវរបិតា​ដែល​ពោរពេញ​ដោយ​ក្តីស្រឡាញ់​របស់​ខ្ញុំ​ប្រទាន​ដល់​ខ្ញុំ ហើយ​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​នឹង​ពុំ​រីករាយ​ឡើយ​ប្រសិនបើ​គ្មាន​ព្រះអង្គសង្គ្រោះ​ក្នុង​ជីវិត​ខ្ញុំ​នោះ ។ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ពុំ​ប្រាកដប្រជា​អំពី​អនាគត​ថា​នឹង​កើត​ឡើង​យ៉ាង​ណា​ចំពោះ​ខ្ញុំ​ឡើយ ។

ទីបំផុត ថ្ងៃ​ដ៏​ធំនោះ​បាន​កើត​ឡើង ។ ខ្ញុំ​ពុំ​អាច​បំភ្លេច​វា​បាន​ឡើយ ហើយ​ខ្ញុំ​ពិត​ជា​រីករាយ​ណាស់ ។

ថ្ងៃ​ដ៏​អាប់អួរ

បន្ទាប់​ពី​បុណ្យជ្រមុជទឹក និង​ពិធីបញ្ជាក់​របស់​ខ្ញុំ​មក ហាក់ដូចជា​មាន​ភាព​អាប់អួរ​កើត​ឡើង​ចំពោះ​ខ្ញុំ ។ ខ្ញុំ​កំពុង​ដោះស្រាយ​បញ្ហា​ជាមួយ​គ្រួសារ​ខ្ញុំ ហើយ​ខ្ញុំ​កំពុង​ពុះពារ​គោរព​តាម​ក្រឹត្យវិន័យ​ទាំងអស់​របស់​ព្រះ ។ ខ្ញុំ​ពុំ​ដឹង​ថា​ត្រូវធ្វើ​អ្វី​ឡើយ ហើយ​ខ្ញុំ​ចង់​ចុះចាញ់​នូវ​អ្វីៗ​គ្រប់​យ៉ាង ។ វា​ហាក់ដូច​ជា​គ្មាន​នរណា​ម្នាក់​យល់​ចិត្ត​ខ្ញុំ​ឡើយ ។

ខ្ញុំ​ចូលចិត្ត​អាន​ព្រះគម្ពីរ​មរមន​ជានិច្ច ប៉ុន្តែ​អំឡុង​គ្រា​នោះ ខ្ញុំ​បាន​ទុក​វា​មួយ​អន្លើរ ។ ថ្ងៃ​មួយ ពេល​ខ្ញុំ​នៅ​ផ្ទះ​តែ​ឯង ខ្ញុំ​មាន​អារម្មណ៍​ដ៏​ផ្អែមល្ហែម​មក​ពី​ការបំផុសគំនិត​ពី​ព្រះវិញ្ញាណ​ដល់​ខ្ញុំ​ឲ្យ​អាន​ព្រះគម្ពីរ​មរមន ។ ខ្ញុំ​បាន​អធិស្ឋាន​ជាមុន ដោយ​ចង់​ស្វែងរក​ចម្លើយ​ដែល​អាច​នាំ​នូវ​ភាព​សុខសាន្ត​ចំពោះ​ការរងទុក្ខ​របស់​ខ្ញុំ ។ ខ្ញុំ​បាន​បើក​ទៅ​អាលម៉ា​ជំពូក ៥ តែ​ម្ដង ។ ខទី ២៧ ចែង​ថា ៖ « តើ​អ្នក​រាល់​គ្នា​បាន​ដើរ ដោយ​កាន់​ខ្លួន​អ្នក​ថា ជា​គ្មាន​ទោស​នៅ​ចំពោះ​ព្រះ​ឬ ? តើ​អ្នក​រាល់​គ្នា​អាច​និយាយ​នៅ​ក្នុង​ចិត្ត​អ្នក បើ​សិន​ជា​អ្នក​រាល់​គ្នា​ត្រូវ​បាន​ហៅ​ឲ្យ​ទៅ​ស្លាប់​នៅ​ក្នុង​ពេល​នេះ​ថា តើ​អ្នក​រាល់​គ្នា​បាន​បន្ទាប​ខ្លួន​គ្រប់​គ្រាន់​ហើយ​ឬ​នៅ ? តើ​សម្លៀក​បំពាក់​របស់​អ្នក​ត្រូវ​បាន​ជម្រះ ហើយ​ត្រូវ​បាន​ធ្វើ​ឲ្យ​ស តាម​រយៈ​ព្រះ​លោហិត​នៃ​ព្រះ​គ្រីស្ទ ដែល​ទ្រង់​នឹង​យាង​មក​សង្គ្រោះ​រាស្ត្រ​របស់​ទ្រង់​ពី​អំពើ​បាប​ទាំង​ឡាយ​របស់​គេ​ហើយ​ឬ ? »

ទីបំផុត ខ្ញុំ​រំជួល​ដួងចិត្ត​នឹង​ពាក្យ​ទាំង​នោះ ។ ខ្ញុំ​ដឹង​ថា ខ្ញុំ​ត្រូវ​ប្រែចិត្ត ដូច្នេះ​ខ្ញុំ​បាន​ណាត់​ជួប​ជាមួយ​ប៊ីស្សព​របស់​ខ្ញុំ ។ ខ្ញុំ​មាន​ការភ័យខ្លាច​ណាស់ ប៉ុន្តែ​ខ្ញុំ​បាន​បង្ខំ​ខ្លួន​ឯង​ដើម្បី​ទៅ​ជួប​ជាមួយ​គាត់ ។

ការយល់ដឹង​អំពី​ការសន្យា​របស់​ព្រះ

ពេលខ្ញុំ​ទៅ​ដល់​ការិយាល័យ​របស់​ប៊ីស្សព ខ្ញុំ​មាន​អារម្មណ៍​ថា មាន​កំហុស​ដែល​ខ្ញុំ​ចង់​ចេញ​ទៅវិញ​ដោយ​ពុំ​បាច់​ជួប​គាត់ ។ ប៉ុន្តែ​ខ្ញុំ​បាន​អធិស្ឋាន​ទូលសូម​ភាព​ក្លាហាន​ដើម្បី​និយាយ​នូវ​អ្វី​ដែល​ខ្ញុំ​ត្រូវ​និយាយ ។ ប៊ីស្សព​បាន​ស្វាគមន៍​ខ្ញុំ​ឲ្យ​ចូល​ការិយាល័យ​របស់​គាត់ បន្ទាប់​មក គាត់​បាន​អធិស្ឋាន​ដើម្បី​ទទួល​បាន​ជំនួយ​ពី​ព្រះ ។ គាត់​បាន​និយាយ​មក​កាន់​ខ្ញុំ​ ដូច​ខ្ញុំ​ជា​កូន​របស់​គាត់ ហើយ​បង្ហាញ​សេចក្តីស្រឡាញ់​របស់​គាត់​ចំពោះ​ខ្ញុំ​តាមរយៈ​ពាក្យ​សម្តី​របស់​គាត់ ។ គាត់​បាន​ផ្តល់​ការទូន្មាន​ដល់​ខ្ញុំ ហើយ​សុំ​ឲ្យ​ខ្ញុំ​ធ្វើ​នូវ​រឿង​ចាំបាច់​នានា​ដើម្បី​ទទួល​បាន​ការអភ័យទោស​ពី​ព្រះ ហើយ​បន្ទាប់​មក​ត្រឡប់​មក​ជួប​គាត់​ទៀត ។

ខ្ញុំរីករាយ​យ៉ាង​ខ្លាំង​សម្រាប់​ឱកាស​នេះ ។ ខ្ញុំ​បាន​ធ្វើ​តាម​ការទូន្មាន​របស់​គាត់ ហើយ​ទីបំផុត​ខ្ញុំ​បានយល់​អំពី​ការសន្យា​របស់​ព្រះ​អំពី​ការអភ័យទោស​ដល់​អាលម៉ា ៖ « បើ​សិន​ជា​គេ​ទទួល​សារ​ភាព​នូវ​អំពើ​បាប​ទាំង​ឡាយ​របស់​ខ្លួន​ចំពោះ​អ្នក និង​ចំពោះ​យើង ហើយ​ប្រែ​ចិត្ត​ដោយ​ស្មោះ​អស់​ពី​ចិត្ត អ្នក​នោះ​ហើយ​ដែល​អ្នក​ត្រូវ​អត់​ទោស​ឲ្យ ហើយ​យើង​ក៏​នឹង​អត់​ទោស​ឲ្យ​គេ​ដែរ » ( ម៉ូសាយ ២៦:២៩ ) ។ បន្ទាប់​ពី​ការប្រែចិត្ត​ដ៏​ស្មោះត្រង់ នោះ​ខ្ញុំ​បាន​ដឹង​ថា ព្រះ​បាន​អភ័យទោស​ឲ្យ​ខ្ញុំ ។ ទីបំផុត​ខ្ញុំ​អាច​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​ក្នុង​ចិត្ត​របស់​ខ្ញុំ ហើយ​ភាព​អាប់អួរ​នោះ​ត្រូវបាន​លើក​ស្ទួយ ។ ខ្ញុំ​រីករាយ ហើយ​មាន​មោទនភាព​ចំពោះ​ខ្លួន​ឯង ។

ប៊ីស្សព​នៅទីនោះ​ដើម្បី​ជួយ​ជានិច្ច

ប៊ីស្សព​គឺជា​អ្នកតំណាង​ឲ្យ​ព្រះ​អម្ចាស់​សម្រាប់​សមាជិក​វួដ ។ សូម​ដឹង​ថា គាត់​នៅ​ទីនោះ​ដើម្បី​ជួយ​អ្នក​ស្វែងរក​សុភមង្គល​ដ៏​ពិត​ដែល​ព្រះ​បាន​ត្រៀម​ទុក​សម្រាប់​អ្នក ។ សូម​ទុក​ចិត្ត​គាត់ ។ ប្រសិនបើ​អ្នក​មាន​បញ្ហា ឬ​ត្រូវ​ប្រែចិត្ត សូម​ទៅ​ជួប​គាត់ ។ គាត់​នឹង​ជួយ​អ្នក ។

ខ្ញុំ​ដឹង​ថា ជួនកាល​វា​ពុំមែន​ជា​រឿង​ងាយ​ស្រួល​ដើម្បី​ទៅ​ជួប​គាត់​ឡើយ ។ ប៉ុន្តែ ប្រធាន ឡូរែនសូ ស្នូ ( ១៨១៤–១៩០១ ) បាន​ពន្យល់​អំពី​ផែនការ​អស់កល្បជានិច្ច​របស់​ព្រះវរបិតាសួគ៌​របស់​យើង ៖ « ខ្ញុំ​ហ៊ាន​និយាយ​ថា​នៅក្នុង​ពិភពវិញ្ញាណ [ ជីវិត​មុន​ឆាក​ជីវិត​នេះ ] នៅពេល​យើង​ត្រូវបាន​ស្នើសុំ​ឲ្យ…ឆ្លងកាត់​បទពិសោធន៍​ដែល​យើង​កំពុង​ទទួល​ឥឡូវ​នេះ វា​ពុំ​រីករាយ និង​ទទួល​យក​បាន​ទាំង​អស់​នោះ​ទេ ។ … ប៉ុន្តែ​គ្មាន​ការសង្ស័យ​ឡើយ​ដែល​យើង​បាន​ឃើញ និង​យល់​យ៉ាង​ច្បាស់​នៅ​ទីនោះ​ថា នេះ​ជា​បទពិសោធន៍​ចាំបាច់​មួយ ដើម្បី​សម្រេច​បាន​នូវ​ភាពតម្កើង​ឡើង និង​សិរីល្អ​របស់​យើង » ។ លោក​បាន​បន្ត​ថ្លែង​ទៀត​ថា « យើង​មាន​ឆន្ទៈ​អនុលោម​តាម​ព្រះទ័យ​របស់​ព្រះ ហើយ​នោះ​ជា​ហេតុ​ដែល​យើង​នៅ​ទីនេះ » ( Teachings of Presidents of the Church: Lorenzo Snow [ ឆ្នាំ ២០១២ ] ទំព័រ ១១០ ) ។

ការប្រែចិត្ត​គឺជា​ផ្នែក​នៃ​ការអនុលោម​តាម​ព្រះទ័យ​របស់​ព្រះ ។ ដូច្នេះ​ជាជាង​ការភ័យខ្លាច​នឹង​ប៊ីស្សព សូម​ធ្វើ​ជាមិត្តភក្តិ​នឹង​គាត់​វិញ ។ ព្រះ​បាន​ជ្រើសរើស​គាត់ ហើយ​គាត់​អាច​ជួយ​អ្នក​ឲ្យ​ប្រែចិត្ត និង​ព្យាបាល​ព្រលឹង​អ្នក​តាមរយៈ​ការមក​រក​ព្រះយេស៊ូវគ្រីស្ទ ។ ព្រះអម្ចាស់​សព្វព្រះទ័យ​ជួយ​យើង ប៉ុន្តែ​យើង​ត្រូវតែ​ធ្វើ​ជំហាន​ទី​មួយ​ឆ្ពោះ​ទៅ​កាន់​ការប្រែចិត្ត​សិន ។ តាម​របៀប​នេះ​យើង​អាច​ឃើញឃើញ​ការសន្យា​នៅក្នុង អេសាយ ១:១៨ ត្រូវបាន​បំពេញ ៖ « ទោះបើ​អំពើបាប​របស់​អ្នក​រាល់​គ្នា​ខ្មៅ​កខ្វក់​យ៉ាង​ណា​ក្តី​ក៏​វា​ប្រែ​ស​ដូច​សំឡី​វិញ​ដែរ » ។ ដោយ​ហេតុនោះ​ហើយ ប៊ីស្សព​នៅទីនោះ​ដើម្បី​ជួយ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះមាន​ព្រះ​ជន្មរស់ ហើយ​ថាព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះអង្គសង្គ្រោះ​របស់​យើង ! ពួកទ្រង់​ស្រឡាញ់​យើង​ខ្លាំង​ណាស់ ។