អព្ភូតហេតុនៅក្នុងដំណាក់របស់ព្រះអម្ចាស់នៅក្វីវ
ដូរូ វ៉ាសីល ទីក្រុង ប៊ូឆារេស ប្រទេសរូម៉ានី
គ្រួសារខ្ញុំ និងខ្ញុំមានចិត្តរំភើបរីករាយដើម្បីធ្វើដំណើរតាមឡានពីប្រទេសរូម៉ានីទៅក្វីវ ប្រទេស អ៊ុយក្រែន សម្រាប់ការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធនៅខែ សីហា ឆ្នាំ ២០១០ ។ ដោយដឹងថា នេះគឺជាព្រះវិហារបរិសុទ្ធសម្រាប់ពួកបរិសុទ្ធនៅក្នុងបេសកកម្មរូម៉ានី/មូលដូវ៉ា នោះយើងបានធ្វើដំណើររយៈពេល ១៤ ម៉ោងដើម្បីទៅកាន់ទីនោះ ។ ពេលយើងទៅដល់ យើងបានជួបក្រុមផ្សេងទៀតដែលបានធ្វើដំណើរមកពីប្រទេសរូម៉ានីផងដែរ ។ យើងទាំងអស់រីករាយដើម្បីនៅក្វីវសម្រាប់ប្រព្រឹត្តិការណ៍ដ៏ពិសិដ្ឋនេះ ។
នៅថ្ងៃនៃការឧទ្ទិសឆ្លង ក្រុមរបស់យើងមកពីប្រទេសរូម៉ានីត្រូវបានចាត់ឲ្យមើលការឧទ្ទិសឆ្លងនោះតាមរយៈការចាក់ផ្សាយនៅក្នុងបន្ទប់មួយនៅជាន់ផ្ទាល់ដីនៃព្រះវិហារបរិសុទ្ធ ។ មនុស្សមួយចំនួនបានបង្ហាញការខកចិត្តរបស់ពួកគេ ។ ពួកគេបានសង្ឃឹមថា បានចូលរួមនៅក្នុងការឧទ្ទិសឆ្លងជាមួយព្យាការីនៅក្នុងបន្ទាប់សេឡេស្ទាល ។ អ្នកខ្លះបាននិយាយថា ពួកគេអាចនៅផ្ទះ ហើយមើលការចាក់ផ្សាយនេះពីសាលាប្រជុំមួយនៅក្នុងប្រទេសរូម៉ានីវិញ ។
ខ្ញុំបានចាប់ផ្តើមអធិស្ឋានក្នុងចិត្តខ្ញុំថា « ឱ ព្រះវរបិតាសួគ៌អើយ តើយើងអាចជួយសមាជិកទាំងនេះដែលមកពីប្រទេសរូម៉ានីឲ្យទទួលបានបទពិសោធន៍ដែលពុំអាចបំភ្លេចបាននៅក្នុងដំណាក់របស់ព្រះអង្គដូចម្តេចទៅ ? »
ខ្ញុំនៅតែពុំបានទទួលចម្លើយនៅឡើយ នៅពេលសម័យប្រជុំឧទ្ទិសឆ្លងបានចាប់ផ្តើម ។ រំពេចនោះយើងបានដឹងថា ព្យាការី ថូម៉ាស អេស ម៉នសុន ( ១៩២៧–២០១៨ ) នឹងចុះមកខាងក្រោមហើយបញ្ចុះបឋមសីលាទៅកន្លែងរបស់វា ។ ប្រហែលនេះអាចជាចម្លើយរបស់ពួកយើង ! ខ្ញុំបានអធិស្ឋានទូលសូមរបៀបមួយឲ្យព្យាការីមក ហើយស្វាគមន៍ដល់ពួកបរិសុទ្ធរូម៉ានី ។
ខ្ញុំបានអធិស្ឋានថា « ខ្ញុំពុំបានទូលសូមការណ៍នេះសម្រាប់ខ្លួនខ្ញុំឡើយ ប៉ុន្តែសម្រាប់បងប្អូនប្រុសស្រីរបស់ខ្ញុំវិញ » ។
បន្ទាប់ពីពិធីបញ្ចុះបឋមសីលារួច ប្រធានម៉នសុនបានដើរក្បែរបន្ទប់របស់យើងដើម្បីត្រឡប់ទៅបន្ទប់សេឡេស្ទាលវិញ ។ រំពេចនោះ ខ្ញុំមានអារម្មណ៍ក្នុងចិត្តថា ខ្ញុំគួរតែឈរ ហើយអញ្ជើញគាត់ឲ្យចូលមកក្នុងបន្ទប់របស់យើង ។
ខ្ញុំបានឈរ ហើយនិយាយថា « ឱ ព្យាការីរបស់យើងអើយ ! សូមចូលមក ហើយមើលពួកយើង ។ ពួកយើងមកពីប្រទេសរូម៉ានី » ។
លោកហាក់ដូចជាមិនឮខ្ញុំនិយាយទេ ។ មួយសន្ទុះក្រោយមក លោកបានត្រឡប់មកវិញ ។ លោកបានមានប្រសាសន៍ថា « ប្រទេសរូម៉ានី ! » រួចលោកបានចូលក្នុងបន្ទប់ ។
លោកបានស្វាគមន៍ពួកយើង ហើយថ្លែងថា លោកស្រឡាញ់ពួកយើងយ៉ាងខ្លាំង ។ ដួងចិត្តរបស់ខ្ញុំបានពោរពេញ នៅពេលខ្ញុំបានមើលទឹកមុខដ៏មានអំណររបស់សមាជិកជាទីស្រឡាញ់របស់ខ្ញុំ ។ ខ្ញុំបានអធិស្ឋានថា « ឱ ព្រះវរបិតាអើយ សូមអរគុណទ្រង់ សម្រាប់អព្ភូតហេតុនេះនៅក្នុងដំណាក់របស់ទ្រង់ » ។
នៅពេលព្យាការីចាកចេញពីបន្ទប់ទៅ គ្មាននរណាម្នាក់កើតទុក្ខទៀតឡើយ ។ ខ្ញុំមានអារម្មណ៍ថា យើងនៅក្នុងបន្ទប់មួយដ៏មានពរបំផុតនៅក្នុងព្រះវិហារបរិសុទ្ធ ។ វាជាបទពិសោធន៍មួយដែលខ្ញុំនឹងមិនអាចបំភ្លេចវាឡើយ ។