មាគ៌ាដែលរៀបចំខ្លួនអ្នកសម្រាប់អនាគតរបស់អ្នក
ទោះបីអ្នកទៅរៀនមហាវិទ្យាល័យ ស្វែងរកការងារ ឬរៀនធ្វើជំនួញក្តី អ្នកកំពុងអភិវឌ្ឍបុគ្គលិកលក្ខណៈដ៏ចាំបាច់ ដើម្បីស្ថាបនានគរព្រះ ។
ខ្ញុំពុំគិតថា វាជាក្តីសុបិនរបស់ក្មេងស្រីអាយុ ១៤ ឆ្នាំ ដើម្បីឃើញខ្លួននាងនៅក្នុងជង្រុកស្រូវមួយដែលប្រឡាក់ដី លើកពែលច្រេះ សម្អាតក្រោលសេះដ៏ស្អុយឡើយ ។ ប៉ុន្តែនោះគឺជាកិច្ចការរបស់ខ្ញុំរៀងរាល់ថ្ងៃបន្ទាប់ពីចេញពីសាលារៀន រហូតដល់ខ្ញុំធំល្មមដើម្បីបានការងារមួយផ្សេង ។
ប្រាកដណាស់ វាពុំមែនជាស្ថានភាពល្អឥតខ្ចោះរបស់ខ្ញុំដើម្បីធ្វើការអំឡុងពេលរៀនវិទ្យាល័យឡើយ ប៉ុន្តែកាលនោះខ្ញុំបានយល់ថា ប្រសិនបើខ្ញុំចង់បានការងារមួយដែលខ្ញុំពិតជាចូលចិត្ត — ជាការងារមួយដែលមិនទាក់ទងនឹងការសម្អាតសត្វទាំងនេះ — នោះខ្ញុំត្រូវការមហាវិទ្យាល័យ ហើយខ្ញុំត្រូវទៅរៀនមហាវិទ្យាល័យ ខ្ញុំត្រូវការប្រាក់ ។ ខ្ញុំបានដឹងថា ( ដោយក្តីសង្ឃឹម ) សម្រាប់ខ្ញុំការអប់រំគឺជាជំហានត្រឹមត្រូវឆ្ពោះ ទៅការបំពេញមុខរបរមួយ ។
រឿងដែលល្អនោះគឺថា ផ្លូវដែលខ្ញុំបានជ្រើសរើសគឺជាផ្លូវមួយនៃផ្លូវជាច្រើនដែលអាចជួយខ្ញុំឲ្យរៀនធ្វើការ និងផ្តល់តម្រូវការខ្ញុំផ្ទាល់ ។ នេះមានន័យថា ត្រូវមានភាពខ្លួនទីពឹងខ្លួនទាំងខាងសាច់ឈាម និងខាងវិញ្ញាណ ។ នៅពេលអ្នកពិចារណាអំពីជម្រើសរបស់អ្នក សូមព្យាយាមជ្រើសផ្លូវដែលអ្នកទទួលអារម្មណ៍ថានឹងរៀបចំអ្នកបានល្អបំផុត ។
រឿងទាំងនេះបានមកពីមនុស្សដែលមានអាយុស្របាលអ្នកកាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ ។ តាមរយៈការធ្វើតាមគំរូនៃយុវមជ្ឈិមវ័យទាំងនេះ អ្នកអាចរកឃើញផ្លូវផ្ទាល់ខ្លួនអ្នកឆ្ពោះទៅរកភាពខ្លួនទីពឹងខ្លួនយ៉ាងជោគជ័យ ។
ពិចារណាអំពីតម្រូវការជុំវិញអ្នក
ដោយ ឧត្តម ពិសិដ្ឋ ប្រទេសកម្ពុជា
ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្ញុំ ខ្ញុំប្រាប់ខ្លួនខ្ញុំជានិច្ចថា ការខិតខំធ្វើការគឺមានសារៈសំខាន់ណាស់ ប៉ុន្តែរបៀបមួយដើម្បីឲ្យពូកែនោះគឺការធ្វើការដោយឈ្លាសវៃ ។ បន្ទាប់ពីបេសកកម្មរបស់ខ្ញុំនៅប្រទេសអង់គ្លេសមក ខ្ញុំបានត្រឡប់ទៅប្រទេសកម្ពុជាវិញ ហើយស្វែងរកការងារ ។ ខ្ញុំមើលចំណុចនានាដូចជារយៈពេលនៃការបំពាក់បំប៉នដើម្បីទទួលបានការងារនីមួយៗ និងតម្លៃនៃការបំពាក់បំប៉ន ។
ខ្ញុំបានរកឃើញកម្មវិធីបំពាក់បំប៉នមួយដើម្បីធ្វើជាអ្នកបញ្ជាទិញសម្ភាររោងចក្រកាត់ដេរសម្លៀកបំពាក់ វាមានរយៈពេលខ្លី ប៉ុន្តែមានការលំបាក ហើយពុំសូវមានមនុស្សច្រើនធ្វើការងារនេះទេ ។ ខ្ញុំបានឃើញថា វាជាឱកាសល្អ ហើយខ្ញុំបានសម្រេចចិត្តរៀនវា ។ ឥឡូវនេះខ្ញុំបានរៀនចប់កម្មវិធីនេះ ហើយខ្ញុំកំពុងធ្វើការជាអ្នកបញ្ជាទិញសម្ភាររោងចក្រកាត់ដេរសម្លៀកបំពាក់មួយ ។
ការស្វែងរកមុខរបរត្រឹមត្រូវអាចជាការពិបាកណាស់ ប៉ុន្តែខ្ញុំមានព្រះអង្គសង្គ្រោះជួយខ្ញុំ ហើយលើកស្ទួយខ្ញុំឡើង ។
ប្រើការអប់រំដើម្បីបើកឱកាសនានា
ដោយ អ៊ីអូលែនដា ធៀសៀរ៉ា ទីក្រុង កាពេ វើដ ប្រទេសអាហ្វ្រិក
ម្តាយខ្ញុំលើកទឹកចិត្តខ្ញុំជានិច្ចជាមួយនឹងឃ្លាថា « ការអប់រំគឺជាគន្លឹះឆ្ពោះទៅរកភាពជោគជ័យ » ។ ខ្ញុំចង់បានអនាគតមួយដ៏ប្រសើរសម្រាប់ខ្លួនខ្ញុំ ហើយជាពិសេសសម្រាប់គ្រួសារខ្ញុំ ហើយដើម្បីធ្វើរឿងនេះ ខ្ញុំត្រូវតែបន្តការអប់រំរបស់ខ្ញុំ ។ ដោយគ្មានប្រាក់ដើម្បីទៅរៀនមហាវិទ្យាល័យនៅគ្រានោះ ខ្ញុំបានដាក់ពាក្យស្នើសុំអាហាររូបករណ៍ចូលរៀនសាលាបំពាក់បំប៉នវិជ្ជាជីវៈ ដើម្បីសិក្សាប្រព័ន្ធ និងការថែទាំកុំព្យូទ័រ ។
ពេញមួយកម្មវិធីសិក្សារបស់ខ្ញុំ ខ្ញុំបានជួបនឹងឧបសគ្គជាច្រើន ប៉ុន្តែវាពុំអាចបញ្ឈប់ខ្ញុំពីការបន្តឆ្ពោះទៅមុខដោយកែវភ្នែកសម្លឹងទៅរកថ្ងៃដ៏ប្រសើរនោះទេ ។ ការអធិស្ឋានបានជួយខ្ញុំយ៉ាងច្រើន ខ្ញុំស្វែងរកការទូន្មានមកពីព្រះអម្ចាស់ជានិច្ច ។ ខ្ញុំតាំងចិត្តចំពោះការសិក្សាខ្ញុំជានិច្ច ហើយសព្វថ្ងៃនេះ ខ្ញុំបន្តតាំងចិត្តធ្វើការងាររបស់ខ្ញុំ ខំប្រឹងអស់ពីសមត្ថភាពខ្ញុំក្នុងនាមជាជាងជួសជុលកុំព្យូទ័រ និងជំនួយការផ្នែកទីផ្សារ ។
ធ្វើការបច្ចុប្បន្ននេះដើម្បីឆ្ពោះទៅកាន់អនាគតដែលអ្នកចង់បាន
ដោយ អាន សូហ្វី និង ឡរ៉ែន ខាវីន ប្រទេសស្កត់ឡង់ ចក្រភពអង់គ្លេស
អាន-សូហ្វី ៖ ខ្ញុំចង់សិក្សានៅមហាវិទ្យាល័យជានិច្ច ប៉ុន្តែផែនការរបស់ខ្ញុំអំពីអ្វីដែលត្រូវសិក្សាបានផ្លាស់ប្តូរយ៉ាងច្រើន អំឡុងពេលនៃយុវវ័យរបស់ខ្ញុំ ។ បន្ទាប់ពីរៀនចប់វិទ្យាល័យ ខ្ញុំបានស្ម័គ្រចិត្តនៅក្នុងមន្ទីរពេទ្យរយៈពេលប្រាំមួយខែ ។ ចាប់តាំងពីពេលនោះមក ខ្ញុំបានចូលចិត្តគំនិតមួយនៃការក្លាយជាគិលានុបដ្ឋាយិកា ប៉ុន្តែខ្ញុំគិតថា ខ្ញុំពុំអាចធ្វើវាបានទេ ។
នៅក្នុងថ្នាក់ភាពខ្លួនទីពឹងខ្លួនរបស់វួដខ្ញុំ យើងត្រូវបានសូមឲ្យរើសយកការងារមួយដែលយើងចូលចិត្ត ទោះបីជាយើងមិនអាចមានគុណសម្បត្តិនឹងការងារនោះក្តី ។ ខ្ញុំបានអធិស្ឋានអំពីអ្វីដែលត្រូវធ្វើ ហើយការធ្វើជាគិលានុបដ្ឋយិកាបានបន្តផុសឡើងក្នុងគំនិតខ្ញុំ ។ ខ្ញុំបានសម្រេចចិត្តធ្វើតាមការបំផុសគំនិតពីព្រះអម្ចាស់ ។
ការចាប់យកជំនាញនៅលើផ្លូវនេះពុំងាយស្រួលឡើយ ។ ដើម្បីចាប់ផ្តើម ខ្ញុំបានស្រាវជ្រាវកម្មវិធីគិលានុបដ្ឋយិកា និងអ្វីដែលតម្រូវឲ្យខ្ញុំរៀន ។ ខ្ញុំបាននិយាយជាមួយមនុស្សដែលបានឆ្លងកាត់ដំណើរការស្រដៀងនោះ ។ នៅគ្រាដំបូង ខ្ញុំបានដាក់ពាក្យរៀនកម្មវិធីគិលានុបដ្ឋយិកា ខ្ញុំត្រូវបានដាក់ឲ្យនៅក្នុងបញ្ជីរង់ចាំ ។ ប៉ុន្តែខ្ញុំពុំបោះបង់ចោលឡើយ ខ្ញុំបានដាក់ពាក់សុំម្តងទៀត ហើយទីបំផុតខ្ញុំអាចចូលរៀនបាន ។ ជួនកាលអ្នកត្រូវតែអត់ធ្មត់ ហើយទុកចិត្តលើព្រះអម្ចាស់ នៅពេលទ្រង់មានផែនការផ្ទាល់សម្រាប់អ្នក ។
ឡរ៉ែន ៖ កាលខ្ញុំនៅក្មេង ខ្ញុំបានដាក់គោលដៅដើម្បីធ្វើជាមនុស្សដែលមានសមត្ថភាពបំផុតតាមដែលខ្ញុំអាចធ្វើបាន ទោះបីខ្ញុំរៀនមុខវិជ្ជាអ្វី ឬធ្វើការងារអ្វីក៏ដោយ ។ ខ្ញុំតែងតែព្យាយាមរៀនសូត្រ និងកែលម្អខ្លួន ដើម្បីផ្តល់ដល់ខ្លួនខ្ញុំនូវឱកាសសម្រាប់ភាពជោគជ័យ ។
បច្ចុប្បន្ននេះ ខ្ញុំធ្វើការជាអ្នកគ្រប់គ្រងម្នាក់នៅរោងចក្រកាត់ដេរ ប៉ុន្តែខ្ញុំចង់ចូលធ្វើជាកងកម្លាំងប៉ូលីស ។ នៅប្រទេសស្កត់ឡង់ អ្នកត្រូវរស់នៅក្នុងប្រទេសរយៈពេលបីឆ្នាំជាប់គ្នា ពីមុនដាក់ពាក្យសូមធ្វើជាប៉ូលីស ។ ដោយសារការបម្រើបេសកកម្ម ខ្ញុំបានរស់នៅក្រៅប្រទេសអស់រយៈពេលពីរឆ្នាំ នោះខ្ញុំត្រូវរង់ចាំពីរបីខែទៀតពីមុនខ្ញុំអាចចូលក្រុមនោះបាន ។
ទោះបីវាជាឧបសគ្គដ៏ធំដែលពាំងផ្លូវខ្ញុំក្តី ខ្ញុំពុំបោះបង់វាឡើយ ។ ខ្ញុំមានការងារល្អដើម្បីផ្គត់ផ្គង់គ្រួសាររបស់ខ្ញុំ ហើយខ្ញុំបានខិតខំធ្វើការដើម្បីប្រាកដថា ខ្ញុំមានឈ្មោះល្អដើម្បីគេអាចណែនាំសម្រាប់ការងារនាពេលអនាគត ។
ដូចជាពួកយុវមជ្ឈិមវ័យទាំងនេះដែរ អ្នកនឹងរកឃើញនូវផ្លូវជាច្រើនដែលអាចរៀបចំអ្នកឲ្យមើលថែខ្លួនអ្នក និងគ្រួសារនាពេលអនាគតរបស់អ្នក ។ ដោយមានគោលដៅក្នុងចិត្ត នោះអ្នកអាចដាក់ផែនការសម្រាប់ភាពជោគជ័យ ។ អែលឌើរ ឌៀថើរ អេស្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា « ចូរយើងធ្វើឲ្យអស់ពីសមត្ថភាពដែលយើងអាចធ្វើបាន ហើយបណ្តុះកេរ្តិ៍ឈ្មោះសម្រាប់ភាពឥតខ្ចោះនៅក្នុងគ្រប់កិច្ចការដែលយើងធ្វើ ។ ចូរយើងដាក់គំនិត និងរូបកាយរបស់យើងទៅរកឱកាសដ៏រុងរឿងនៃការងារដែលមានថ្មីៗរៀងរាល់ថ្ងៃនេះ » ( « Two Principles for Any Economy » សន្និសីទទូទៅខែ តុលា ឆ្នាំ ២០០៩ ) ។ នៅពេលអ្នកផ្តោតយកចិត្តទុកដាក់ក្នុងពេលនេះទៅលើការរៀនសូត្រ និងការងារ នោះអ្នកនឹងបង្កើតទម្លាប់នានាដែលនឹងជួយអ្នកឲ្យទទួលអារម្មណ៍ថាមានទំនុកចិត្តកាន់តែខ្លាំងអំពីអនាគត ។
ការស្វែងរកមាគ៌ារបស់អ្នក
-
ស្គាល់ខ្លួនឯង
តើអ្នកពូកែខាងអ្វី ? តើអ្នកចូលចិត្តធ្វើអ្វី ? ការឆ្លើយសំណួរទាំងនេះអាចជួយអ្នករកឃើញមុខរបរដែលនឹងអាចមាន ដែលត្រូវនឹងជំនាញ ចំណាប់អារម្មណ៍ និងទេពកោសល្យដែលអ្នកមានរួចជាស្រេចនោះ ។
តម្រុយ ៖ សូមគិតពីការសួរឪពុកម្តាយ គ្រូបង្រៀន និងមិត្តភក្តិរបស់អ្នកអំពីទេពកោសល្យដែលពួកគេឃើញថាអ្នកមាន ។ អ្នកអាចនឹងភ្ញាក់ផ្អើលចំពោះអ្វីដែលពួកគេនិយាយ !
-
ស្គាល់ពីពិភពលោកជុំវិញអ្នក
តើការងារអ្វីខ្លះដែលកំពុងត្រូវការនៅកន្លែងដែលអ្នករស់នៅ ? តើក្រុមហ៊ុនមួយណាដែលកំពុងរើសមនុស្សធ្វើការ ? វាជារឿងឈ្លាសវៃដើម្បីរើសយកផ្លូវនៃមុខរបរមួយនៅក្នុងកន្លែងមួយដែលរីកចម្រើន ហើយដែលនឹងទំនងជាមានឱកាសនាពេលអនាគត ។
តម្រុយ ៖ ជារឿយៗ មហាវិទ្យាល័យ សាកលវិទ្យាល័យ ឬសាលាជំនួញស្គាល់ជំនាញនានាដែលកំពុងត្រូវការ និងវិស័យណាដែលកំពុងរីកចម្រើន ។
-
ដឹងអ្វីដែលអ្នកត្រូវធ្វើបន្ទាប់ទៀត
តើមានតម្រូវការរៀបចំអ្វីខ្លះសម្រាប់ការងារដែលអ្នកចង់ធ្វើ ? តើអ្នកនឹងទទួលការបំពាក់បំប៉ន និងការអប់រំដែលអ្នកត្រូវការនៅកន្លែងណា ? តើអ្នកនឹងបង់ថ្លៃការអប់រំនោះយ៉ាងដូចម្ដេច ? ដើម្បីសម្រេចបាននូវគោលដៅមុខរបរយូរអង្វែងមួយ អ្នកចាំបាច់ត្រូវដឹងអំពីរបៀបដើម្បីទៅដល់ទីនោះ ។
តម្រុយ ៖ សូមគិតពីការនិយាយជាមួយនរណាម្នាក់ដែលកំពុងធ្វើនូវអ្វីដែលអ្នកចង់ធ្វើ ។ សួរសំណួរពួកគេ ។ ភាគច្រើនមនុស្សរីករាយនឹងផ្តល់ការទូន្មាន និងយោបល់នានា ។