ព័ត៌មានសាសនាចក្រសារលិខិតថ្នាក់ដឹកនាំតំបន់អាស៊ី
ការក្លាយជាមនុស្សដែលស្វាគមន៍បំផុតនិងរាក់ទាក់បំផុតនៅក្នុងវួដ ឬសាខា
ជាច្រើនឆ្នាំកន្លងទៅ ខណៈដែលកំពុងបម្រើជាប៊ីស្សព ខ្ញុំបានសួរដល់ក្រុមប្រឹក្សាវួដរបស់ពួកយើងថា « តើយើងអាចក្លាយជាមនុស្សដែលស្វាគមន៍បំផុត និងរាក់ទាក់បំផុតនៅក្នុងវួដដោយរបៀបណា ? » ពួកយើងបានប្រឹក្សាជាមួយគ្នាថាតើយើងមានអារម្មណ៍យ៉ាងណា នៅពេលពួកយើងមកកាន់វួដរបស់ពួកយើងនៅលើកដំបូងនោះ ។ តើនរណាបានជម្រាបសួរយើង ? តើមាននរណាម្នាក់បានមកអង្គុយជាមួយយើងឬទេ ? តើនឹងមានអ្វីកើតឡើង បើយើងពុំស្លៀកពាក់បានសមរម្យ ឬឃើញថាកំពុងមានបញ្ហាក្នុងការញៀនបារីនោះ ? ពួកយើងបានពិភាក្សាអំពីសេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះ និងរបៀបដែលយើងអាចប្រាកដថា អស់អ្នកដែលមកវួដរបស់ពួកយើងទទួលបានអារម្មណ៍នៃសេចក្ដីស្រឡាញ់នោះ ។ នៅពេលពួកយើងបន្ដប្រឹក្សាជាមួយគ្នា សមាជិកក្រុមប្រឹក្សាវួដម្នាក់ៗបានពិចារណា ហើយពិភាក្សាអំពីការចូលរួមចំណែករបស់ពួកគេ ដើម្បីជួយដល់វួដរបស់ពួកយើងឲ្យក្លាយជាកន្លែងស្វាមគន៍ និងរាក់ទាក់បំផុត ។ ពួកយើងបានបង្កើតគំនិតខ្លះៗជាមួយគ្នា ហើយជាក្រុមប្រឹក្សាវួដទាំងមូល ពួកយើងបានតាំងចិត្តដើម្បីសាកល្បងនូវចំណុចទាំងនេះនៅសប្ដាហ៍បន្ទាប់ ៖
-
ទៅចាប់ដៃនឹងសមាជិកថ្មី និងអ្នករៀនថ្មីដោយផ្ទាល់ ហើយជួយពួកគេឲ្យទទួលអារម្មណ៍ស្វាគមន៍ និងផាសុកភាព ។
-
ពិភាក្សាអំពីរបៀបនៃការធ្វើឲ្យវួដយើងជាវួដដែលស្វាគមន៍ និងរាក់ទាក់បំផុត នៅក្នុងការប្រជុំកូរ៉ុម និងអង្គការជំនួយនីមួយៗ ។
-
អញ្ជើញយុវជនឲ្យនៅកន្លែងចតរថយន្ដពីមុនការប្រជុំដើម្បីជម្រាបសួរដល់មនុស្សគ្រប់រូប ហើយផ្ដល់ជំនួយដល់នរណាម្នាក់ដែលត្រូវការជំនួយ ។
-
អញ្ជើញយុវនារីឲ្យធ្វើជាអ្នកឈរជម្រាបសួរនៅយ៉ខាងមុខ ហើយជួយមនុស្សគ្រប់រូបឲ្យចូលមកក្នុងអគារដោយទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះ ។
-
ណែនាំសមាជិកថ្មី និងអ្នករៀនថ្មីឲ្យសមាជិកនៃគណៈប៊ីស្សពម្នាក់ស្គាល់ ។
-
ស្វាគមន៍ ហើយស្គាល់សមាជិកថ្មី និងអ្នករៀនថ្មីនៅក្នុងថ្នាក់រៀន ការប្រជុំអង្គការជំនួយ និងបព្វជិតភាព ។
-
ចៀសវាងពីការវិនិច្ឆ័យ ឬផ្ដល់យោបល់ ទៅកាន់អ្នករៀនថ្មី ឬសមាជិកដែលត្រឡប់មកវិញ ដែលពុំបានស្លៀកពាក់តាមសម្លៀកបំពាក់មកព្រះវិហារនោះ ។
-
ធ្វើការផ្ដល់អនុសាសន៍សម្រាប់ការហៅបម្រើ និងការចាត់តាំងនានាទៅដល់សមាជិកថ្មីដើម្បីនឹងប្រទានពរដល់ជីវិតរបស់ពួកគេ ហើយជួយពួកគេទទួលអារម្មណ៍ថាមានគេត្រូវការ និងរៀនសូត្រ ហើយរីកចម្រើន ។
-
ចាត់បងប្អូនប្រុសស្រីដែលផ្ដល់ការងារបម្រើឲ្យមើលថែដល់សមាជិកថ្មី ។
-
ធ្វើការគៀកស្មាគ្នាជាមួយនឹងអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងដើម្បីឲ្យអ្នករៀនរបស់ពួកគេមានទំនាក់ទំនង និងមានសមាជិកក្នុងវួដធ្វើជាមិត្តដែលស្រឡាញ់ពួកគេនៅរំពេចដែលពួកគេចាប់ផ្ដើមមកចូលរួមក្នុងព្រះវិហារ ។
នៅពេលក្រុមប្រឹក្សាវួដបន្ដអនុវត្តគោលគំនិតទាំងឡាយរបស់ពួកគេ ហើយរំឭកមើលពីការរីកចម្រើន នោះយើងក្លាយជាវួដកាន់តែរីករាយកាន់តែឆាប់ ។ នៅពេលយើងរៀនជាមួយគ្នាអំពីរបៀបដើម្បីស្វាគមន៍ និងរាក់ទាក់គ្នា នោះយើងទាំងអស់គ្នាមានអារម្មណ៍កាន់តែមានក្ដីស្រឡាញ់ និងសាមគ្គីភាព ។ សាសនាចក្រក្លាយជាបទពិសោធន៍ដ៏មានអំណរ ហើយមនុស្សដែលមកចូលរួមនៅក្នុងវួដជាលើកដំបូងទទួលអារម្មណ៍ថាពួកគេជាសមាជិកគ្រួសារ ។
នៅក្នុងលិខិតរបស់គណៈប្រធានទីមួយដែលបានសរសេរផ្ញើទៅកាន់សមាជិកក្រុមប្រឹក្សាវួដ និងស្ដេកទាំងអស់ភ្លាមបន្ទាប់ពីសន្និសីទទូទៅកន្លងមកនេះ បានសរសេរថា ៖ ការបម្រើរបស់ព្រះអង្គសង្គ្រោះគឺជាគំរូនៃបទបញ្ញត្តិធំពីរ ៖ « ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃអ្នកឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតអ្នក » និង « ចូរឲ្យអ្នកស្រឡាញ់អ្នកជិតខាង ដូចជាខ្លួនឯង » ។1 នៅក្នុងស្មារីនោះ ព្រះយេស៊ូវក៏បានបង្រៀនផងដែរថា « អ្នករាល់គ្នាជាអ្នកដែលយើងបានរើសដើម្បីធ្វើការងារបម្រើដល់ប្រជាជននេះ » ។2
អំឡុងសន្និសីទទូទៅ ប្រធាន ណិលសុនបានអញ្ជើញយើងឲ្យបម្រើដល់គ្នាទៅវិញទៅមកតាមរបៀបកាន់តែខ្ពស់ និងកាន់តែបរិសុទ្ធ ។ ការងារបម្រើគឺពុំកំណត់ត្រឹមតែជាការចាត់តាំងឲ្យផ្ដល់ការងារបម្រើខាងបព្វជិតភាព ឬសមាគមសង្គ្រោះនោះទេ ។ នៅពេលយើងយល់ដឹងកាន់តែពេញលេញអំពីការអញ្ជើញឲ្យស្រឡាញ់ព្រះ និងស្រឡាញ់អ្នកជិតខាងរបស់យើង នោះយើងនឹងស្វែងរកឱកាសដើម្បីផ្ដល់ការងារបម្រើស្ទើរតែនៅគ្រប់ស្ថានភាពទាំងអស់ ។
នៅក្នុងព្រះគម្ពីរមរមន មានគំរូដ៏អស្ចារ្យជាច្រើនអំពីការងារបម្រើ ។ អំឡុងបេសកកម្មរបស់បុត្រាទាំងបួនរបស់ស្ដេចម៉ូសាយ ពួកសាសន៍លេមិនរាប់ពាន់នាក់បានផ្លាស់ប្រែចិត្តមករកព្រះអម្ចាស់ ។ អ្នកផ្លាស់ប្រែចិត្តជឿថ្មី យកដាក់មកលើខ្លួនពួកគេនូវឈ្មោះ អាន់តៃនីហ្វៃលីហៃ ។ ជាចំណែកនៃការប្រែចិត្ត និងការផ្លាស់ប្ដូរដួងចិត្តរបស់ពួកគេ នោះពួកគេបានកប់គ្រឿងសស្ត្រាវុទ្ធរបស់ពួកគេទៅក្នុងដី ជាទីបន្ទាល់មួយចំពោះព្រះថា ពួកគេនឹងឈប់ប្រើគ្រឿងសស្ត្រាវុទ្ធដើម្បីបង្ហូរឈាមមនុស្សទៀតហើយ ។3 សមាជិកថ្មីក្នុងព្រះវិហារដ៏អស្ចារ្យទាំងនេះត្រូវបានពួកសាសន៍លេមិនដែលនៅសេសសល់មកវាយប្រហារ យ៉ាងហោចណាស់មកវាយប្រហារលើពួកគេពីរដង ហើយមានមនុស្សជាច្រើនត្រូវបានសម្លាប់ ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេបានបន្ដនៅពិតស្មោះត្រង់ចំពោះសេចក្ដីសញ្ញារបស់ពួកគេ ។ នៅក្នុងសកម្មភាពនៃការងារបម្រើ និងការលះបង់ដ៏អស្ចារ្យមួយ ប្រជាជននៅសារ៉ាហិមឡា បានទទួលយកពួកគេ ហើយនិយាយថា « មើលចុះ យើងនឹងប្រគល់ដែនដីយើសុន … ឲ្យទៅបងប្អូនយើងទុកជាកេរ្ដិ៍អាករ » ។4 ពួកសាសន៍នីហ្វៃក៏បានដាក់ពលទ័ពរបស់ពួកគេនៅជុំវិញដែនដីយើសុន ហើយបានការពារដល់សមាជិកថ្មីទាំងនេះ ។5
ក្រោយមក អាលម៉ា និងអាមូលេក បានដឹកនាំបេសកកម្មមួយទៅកាន់ពួកសាសន៍សារ៉ាហិមឡា ។ មានមនុស្សក្រីក្រជាច្រើននៅក្នុងចំណោមពួកគេបានចូលរួមនៅក្នុងព្រះវិហារ ហើយត្រូវបានបងប្អូនរបស់ពួកគេដែលមានអំនួត និងមានទ្រព្យសម្បត្តិច្រើនបណ្ដេញចេញ ។ អ្នកផ្លាស់ប្រែចិត្តជឿថ្មីបានធ្វើដំណើរទៅកាន់ប្រជាជនអាំម៉ូន ដែល « បានទទួលអស់អ្នកក្រនៃពួកសាសន៍សូរាំ ដែលបានឆ្លងចូលមករកគេ ហើយគេបានចិញ្ចឹមពួកនោះ ហើយបានផ្ដល់សម្លៀកបំពាក់ ហើយបានឲ្យដីទុកជាកេរ្តិ៍អាករដល់គេ ហើយពួកគេបានជួយឧបត្ថម្ភអ្នកទាំងនោះ ស្របតាមអ្វីៗដែលគេត្រូវការ » ដោយទង្វើរនៃសេចក្ដីស្រឡាញ់ និងការងារបម្រើដ៏អស្ចារ្យ ។6
នៅពេលយើងធ្វើតាមគំរូនៃការងារបម្រើទាំងនេះ ខ្ញុំអធិស្ឋានសូមឲ្យយើងនឹងស្វាគមន៍ ស្រឡាញ់ មើលថែ ហើយផ្ដល់ការងារបម្រើដល់អស់សមាជិកថ្មី និងអ្នករៀនថ្មី ដែលចូលរួមនៅក្នុងវួដ និងសាខារបស់យើង ។ ខ្ញុំសង្ឃឹមថា យើងនឹងឈោងទៅជួយដោយមិត្តភាព ថាយើងនឹងជួយពួកគេឲ្យរៀន និងរីកចម្រើន ហើយថាយើងនឹងអញ្ជើញពួកគេឲ្យចូលរួមតាមរយៈការបម្រើ និងការចាត់តាំងដ៏មានអត្ថន័យ ។ ខ្ញុំដឹងថា នៅពេលយើងធ្វើដូចនេះ នោះយើងនឹងទទួលបទពិសោធន៍នៃអំណរដ៏មហិមា ហើយពួកគេនឹងទទួលអារម្មណ៍សេចក្ដីស្រឡាញ់ដ៏មហិមារបស់ព្រះអង្គសង្គ្រោះចំពោះពួកគេតាមរយៈពួកយើង ។