២០១៨
របៀប ៥ យ៉ាង​ដែល​អ្នក​អាច​ជួយ​ប៊ីស្សព​របស់​អ្នក​ជួយ​ដល់​អ្នក
ខែ តុលា ២០១៨


សម្រាប់​ឌីជីថល​ប៉ុណ្ណោះ

របៀប ៥ យ៉ាង​ដែល​អ្នក​អាច​ជួយ​ប៊ីស្សព​របស់​អ្នក​ជួយ​ដល់​អ្នក

គាត់​បាន​ខិតខំ​អស់​ពី​សមត្ថភាព​របស់​គាត់​ហើយ ប៉ុន្តែ​ជួនកាល​គាត់​ត្រូវការ​ជំនួយ ។

young adult talking with bishop

គាត់​បាន​ស្វាគមន៍​អ្នក​ជាមួយ​នឹង​ការចាប់​ដៃ​ដ៏​រឹងប៉ឹង​គ្រប់​ពេល​ដែល​អ្នក​ជួប​គាត់ គាត់​អង្គុយ​នៅ​កន្លែង​ដែល​បាន​ចាត់តាំង​នៅលើ​វេទិកា​អំឡុង​ការប្រជុំ​សាក្រាម៉ង់ ហើយ​គាត់​លះបង់​ពេលវេលា​របស់​គាត់​យ៉ាង​ច្រើន​ដើម្បី​បម្រើ​អ្នក និង​ព្រះអម្ចាស់ ។

គាត់​គឺ​ជា​ប៊ីស្សព​របស់​អ្នក ៖ ថ្នាក់ដឹកនាំ​បព្វជិតភាព​ម្នាក់​ដែល​ត្រូវបាន​ហៅ​ដោយ​ព្រះ​ឲ្យ​គ្រប់គ្រង​វួដ​របស់​អ្នក ។ បញ្ជី​កិច្ចការ​របស់​គាត់​នឹង​ពុំ​ត្រូវ​បាន​គូស​អស់​ទាំង​ស្រុង​ឡើយ គាត់​ទូន្មាន​សមាជិក​នៅក្នុង​ការិយាល័យ​របស់​គាត់ ទោះបី​បន្ទាប់​ពី​គាត់​ធ្វើ​ការពេញ​មួយ​ថ្ងៃ​ក្តី ហើយ​គាត់​បន្ត​នៅ​ក្នុង​សាលា​ប្រជុំ​ជា​ច្រើន​ម៉ោង​បន្ទាប់​ពី​ព្រះវិហារ​ចប់​ដើម្បី​បំពេញ​កាតព្វកិច្ច​របស់​គាត់ ។

មើល​ទៅ​ប៊ីស្សព​របស់​អ្នក​ហាក់ដូច​ជា​មាន​ថាមពល​ខ្លាំងក្លា ប៉ុន្តែ​ការដឹកនាំ​វួដ​ទាំង​មូល​អាច​ធ្វើ​ឲ្យ​គាត់​អស់​កម្លាំង​ណាស់ ! គាត់​ព្យាយាម​ខិតខំ​អស់​ពី​សមត្ថភាព​របស់​គាត់​ហើយ ប៉ុន្តែ​ជួនកាល​គាត់​ត្រូវការ​ជំនួយ ។ នេះ​គឺ​ជា​របៀប ៥ យ៉ាង​ដែល​អ្នក​អាច​ជួយ​ប៊ីស្សព​របស់​អ្នក​ជួយ​ដល់​អ្នក ៖

  1. អធិស្ឋាន​សម្រាប់​គាត់ ។ ការហៅ​បម្រើ​របស់​ប៊ីស្សព​អាច​សាកល្បង​ដល់​កម្រិត​នៃ​ផ្លូវ​ចិត្ត ខាង​វិញ្ញាណ និង​ថាមពល​ខាង​រូបកាយ​របស់​គាត់ ។ គាត់​ត្រូវការ​កម្លាំង​ដែល​មាន​តែ​ព្រះ​ប៉ុណ្ណោះ​ទើបអាច​ប្រទាន​ឲ្យ​បាន ប៉ុន្តែ​ការណ៍​នោះ​អាច​កើត​ឡើង​បាន ដោយសារ​សេចក្តីជំនឿ និង​ការអធិស្ឋាន​របស់​អ្នក ( សូមមើល យ៉ាកុប ៥:១៦ ) ។

  2. ចូរ​មាន​សេចក្ដីជំនឿ​នៅក្នុង​មុខ​តំណែង ។ អ្នក​បាន​គាំទ្រ​គាត់​ជា​ប៊ីស្សព​របស់​អ្នក ប៉ុន្តែ​សេចក្តីជំនឿ​របស់​អ្នក​ពុំ​គ្រាន់តែ​ចាំបាច់​នៅលើ​មនុស្ស​នោះ​ទេ ប៉ុន្តែ​នៅក្នុង​តំណែង ឬ​ការហៅ​បម្រើ​ជា​ប៊ីស្សព និង​នៅ​លើ​ព្រះ​ដែល​បាន​ហៅ និង​គាំទ្រ​ដល់​គាត់ ។ តើ​អ្នក​អាច​បង្ហាញ​សេចក្តីជំនឿ​របស់​អ្នក​យ៉ាង​ដូចម្ដេច ? សូម​មាន​ឆន្ទៈ​បំពេញ​ការហៅ និង​ការចាត់តាំង​របស់​អ្នក ។ នៅពេល​អ្នក​ជួប​ជាមួយ​ប៊ីស្សព​របស់​អ្នក សូម​ទៅ​ដោយ​រៀបចំ​ខ្លួន —អធិស្ឋាន តមអាហារ​ប្រសិនបើ​ចាំបាច់ និង​ស្លៀកពាក់​ឲ្យ​បាន​សមរម្យ​ដើម្បី​បង្ហាញ​ការគោរព​របស់​អ្នក​ចំពោះ​ព្រះអម្ចាស់ ។ សូម​ពិចារណា​អំពី​ការទូន្មាន​របស់​គាត់​ដោយ​យក​ចិត្ត​ទុកដាក់ ។ គាត់​តំណាង​ឲ្យ​ព្រះអម្ចាស់ ។

  3. រៀន​ស្គាល់​គាត់ ។ សូម​ព្យាយាម​រៀន​ស្គាល់​គាត់ ។ សូម​សួរ​គាត់​អំពី​ជីវិត ប្រវត្តិរូប និង​បទពិសោធន៍​របស់​គាត់ ។ សូម​ឲ្យ​គាត់​ដឹង​ថា អ្នក​ថ្លែង​អំណរគុណ​ដល់​ការបម្រើ​របស់​គាត់ ហើយ​ថា​អ្នក​មាន​សេចក្តីជំនឿ​លើ​សមត្ថភាព​របស់​គាត់​ដើម្បី​បំពេញ​ការហៅ​បម្រើ​នោះ ។ ( សូម​មើល ថែស្សាឡូនីចទី១ ៥:១២–១៣ ) ។

  4. សូម​កុំ​ពឹងផ្អែក​ទៅលើ​គាត់​ពេក ។ ប៊ីស្សព​របស់​អ្នក​ចង់​ជួយ​អ្នក ប៉ុន្តែ​ប្រសិនបើ​អ្នក​មាន​បញ្ហា​ដែល​អាច​ដោះស្រាយ​ដោយ​គ្រូបង្រៀន​តាម​ផ្ទះ​របស់​អ្នក ទីប្រឹក្សា​ម្នាក់​របស់​ប៊ីស្សព ឬ​ប្រធាន​សមាគម​សង្គ្រោះ ឬ​ប្រធាន​កូរ៉ុម​អែលឌើរ នោះ​សូម​ទៅ​ជួប​ពួកគេ​ជា​មុនសិន ។ ការបម្រើ​ដែល​ពួកគេ​មាន​គឺ​មាន​ហេតុផល​មួយ ! ពួកគេ​រង់ចាំ​ដើម្បី​ជួយ​អ្នក ហើយ​ក៏​អនុញ្ញាត​ឲ្យ​ប៊ីស្សព​របស់​អ្នក​ផ្តោត​ទៅលើ​កិច្ចការ​នានា​ដែល​មាន​តែ​គាត់​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​បាន ។

  5. សូម​ទុក​ឲ្យ​គាត់​ធ្វើ​ជា​មនុស្ស ។ ទោះបី​ជា​ប៊ីស្សព​របស់​អ្នក​ត្រូវបាន​បង្កើត​ឡើង​សម្រាប់​ការហៅ​បម្រើ​របស់​គាត់​ក្តី គាត់​ពុំ​ល្អ​ឥតខ្ចោះ​នោះ​ទេ ។ គាត់​មាន​មន្ទិល​សង្ស័យ​លើ​ខ្លួន​គាត់ ហើយ​គាត់​ធ្វើ​ខុស ។ ប៉ុន្តែ​គាត់​ពិតជា​ស្រឡាញ់​អ្នក ហើយ​ផ្តល់​នូវ​អ្វីៗ​ទាំងអស់​ដែល​គាត់​មាន​ដល់​ការហៅ​បម្រើ​របស់​គាត់ ។ សូម​បើក​ដួងចិត្ត​ចំពោះ​គាត់ ។ ដរាប​ណា​គាត់​ស្គាល់​អ្នក និង​ស្ថាន​ភាព​របស់​អ្នក នោះ​គាត់​អាច​ជួយ​អ្នក​បាន​កាន់តែ​ប្រសើរ​ឡើង ។