អែលឌើរ អូលីសេស សូរ៉េស ៖ បុរសដែលឥតមានឧបាយកល
នៅគ្រាដំបូងនៃការងារបម្រើរបស់ទ្រង់ នៅពេលព្រះយេស៊ូវកំពុងជ្រើសរើសពួកសាវករបស់ទ្រង់ នោះទ្រង់បានឃើញណាថាណែលមកឯទ្រង់ ។ រំពេចនោះទ្រង់បានជ្រាបដឹងអំពីសេចក្តីល្អរបស់ណាថាណែលដោយប្រកាសថា « នុ៎ះន៍ ជាសាសន៍អ៊ីស្រាអែលពិតមែន ដែលឥតមានចិត្តឧបាយ !១
ព្រះយេស៊ូវបានដឹងថា ណាថាណែលគឺជាបុរសម្នាក់ដែលមានចិត្តបរិសុទ្ធ មានបំណងស្មោះត្រង់ និងពុំលាក់ពុត ឬចេះបោកបញ្ឆោតឡើយ ។ ព្រះអម្ចាស់សព្វព្រះទ័យនឹងគុណសម្បត្តិនៃសេចក្តីទៀងត្រង់ដ៏សុចរិតនេះ ហើយទ្រង់បានហៅណាថាណែលឲ្យធ្វើជាសាវក ។២
អូលីសេស សូរ៉េស គឺជាដូចជាណាថាណែលកាលពីបុរាណ ហើយព្រះអង្គសង្គ្រោះបានហៅលោកផងដែរ ។
« គំរូរបស់ឪពុកម្តាយខ្ញុំ »
អូលីសេស ដែលជាប្អូនប្រុសពៅគេក្នុងចំណោមបងប្អូនប្រុសបួននាក់ បានកើតនៅទីក្រុង សៅ ប៉ូឡូ ប្រទេស ប្រេស៊ីល នៅថ្ងៃទី ២ ខែ តុលា ឆ្នាំ ១៩៥៨ ។ លោកបានកើតមកពីកន្លែងដ៏រាបទាប ប៉ុន្តែឪពុកម្តាយរបស់លោក អាបប៉ារេស៊ីដូ និង មែសេដេស ការេឆូ សូរ៉េស គឺជាមនុស្សគួរឲ្យគោរព ខិតខំធ្វើការដែលស្តាប់អ្នកផ្សព្វផ្សាយសាសនាដោយស្មោះត្រង់ ។ ពួកគាត់បានចូលជាសមាជិកសាសនាចក្រនៅក្នុងឆ្នាំ ១៩៦៥ នៅពេលអូលីសេសអាយុប្រាំមួយឆ្នាំ ។
អូស៊ីរីស កាប្រាល ដែលបានបម្រើជាប្រធានស្តេកកាលអូលីសេសនៅជាយុវជនបាននិយាយថា « ខ្ញុំពុំធ្លាប់ឃើញបងប្រុសអាបប៉ារេស៊ីដូ ខកខានការប្រជុំមួយឡើយ ។ មែសេដេសក៏ស្មោះត្រង់ណាស់ផងដែរ ។ អូលីសេសបានទទួលមរតកនៃការបូជារបស់ឪពុកម្តាយលោក » ។
ដួងចិត្តដ៏ល្អពីធម្មជាតិរបស់អូលីសេសបានកើនឡើង នៅពេលលោកបានរៀនអំពីមាគ៌ារបស់ព្រះអម្ចាស់ ។ អែលឌើរ សូរ៉េស បានថ្លែងថា « ខ្ញុំធំដឹងក្ដីឡើងនៅក្នុងសាសនាចក្រដោយធ្វើតាមគំរូរបស់ឪពុកម្តាយខ្ញុំ » ។ នៅពេលលោកបានធ្វើតាមគំរូនោះ ទីបន្ទាល់របស់លោកបានរឹងមាំឡើងទោះបីជាមានការប្រឆាំងក្តី ។
លោកមានប្រសាសន៍ថា « ខ្ញុំគឺជាសមាជិកតែម្នាក់ឯងគត់នៅក្នុងសាលារៀនរបស់ខ្ញុំ ហើយក្មេងប្រុសផ្សេងទៀតតែងតែព្យាយាមល្បួងខ្ញុំឲ្យធ្វើខុស ហើយទាញខ្ញុំឲ្យធ្វើអ្វីដែលមិនត្រឹមត្រូវ ។ ខ្ញុំត្រូវតែរៀនការពារខ្លួនខ្ញុំនៅក្នុងឧបសគ្គទាំងនេះ ប៉ុន្តែខ្ញុំតែងតែទុកចិត្តលើព្រះអម្ចាស់ដោយអស់ពីដួងចិត្តរបស់ខ្ញុំដើម្បីជួយខ្ញុំឲ្យជោគជ័យ ។ ខ្ញុំបានរៀនក្នុងនាមជាយុវជនម្នាក់ថា ប្រសិនបើអ្នកធ្វើផ្នែករបស់អ្នក នោះព្រះអម្ចាស់នឹងធ្វើផ្នែករបស់ទ្រង់ ។ ប៉ុន្តែអ្នកត្រូវតែកាន់ព្រះហស្តទ្រង់ និងដំណឹងល្អរបស់ទ្រង់ឲ្យជាប់ » ។
ពេលអូលីសេសអាយុ ១៥ ឆ្នាំ ប៊ីស្សពរបស់លោកបានសុំឲ្យលោកបង្រៀនថ្នាក់សាលាថ្ងៃអាទិត្យដល់យុវវ័យ ។ មេរៀនមួយដែលលោកបានបង្រៀន បានផ្តោតទៅលើការទទួលបានទីបន្ទាល់មួយអំពីដំណឹងល្អ ។ អូលីសេសបានសិក្សាព្រះគម្ពីរមរមន តែងតែទទួលអារម្មណ៍ថា សាសនាចក្រនេះពិត ហើយបានជឿលើព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ ។
នៅពេលលោកបានរៀបចំមេរៀន លោកចង់ថ្លែងទីបន្ទាល់យ៉ាងខ្លាំងដល់សិស្សក្នុងថ្នាក់របស់លោកអំពីសេចក្តីពិតដ៏ពោរពេញនៃដំណឹងល្អ ។ អែលឌើរសូរ៉េសរំឭកថា « ខ្ញុំបានសិក្សា ហើយអធិស្ឋានដោយស្មោះសរ ។ បន្ទាប់ពីខ្ញុំបានលុតជង្គង់ចុះរួច នោះមានអារម្មណ៍ដ៏ផ្អែមល្ហែមមួយផុសឡើងក្នុងចិត្តខ្ញុំ ជាសំឡេងតូចមួយដែលបានបញ្ជាក់ដល់ខ្ញុំថា ខ្ញុំនៅលើផ្លូវដែលត្រឹមត្រូវ ។ វាជាអារម្មណ៍ដ៏ខ្លាំងដែលខ្ញុំមិនអាចនិយាយថា ខ្ញុំពុំបានដឹងនោះឡើយ » ។
នៅពេលអូលីសេសមានភាពចាស់ទុំ នោះលោកបានរៀនថា ប្រសិនបើលោកធ្វើកិច្ចការច្រើនជាងអ្វីដែលបានរំពឹងឲ្យលោកធ្វើ ឬសុំឲ្យធ្វើ នោះព្រះអម្ចាស់នឹងប្រទានពរដល់លោកដោយឥតកំណាញ់ឡើយ ។ មេរៀនមួយបែបនោះបានកើតឡើង នៅពេលលោកបានរៀបចំទៅបេសកកម្ម ។ អំឡុងពេលសម្ភាសជាមួយអូលីសេស ប៊ីស្សពរបស់លោកបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការគោរពតាមបទបញ្ញត្តិ និងការរស់នៅដោយភាពសក្តិសម ។ គាត់ក៏បានសង្កត់ធ្ងន់លើការរៀបចំខាងហិរញ្ញវត្ថុផងដែរ ។
សព្វថ្ងៃនេះ អ្នកផ្សព្វផ្សាយសាសនាទាំងអស់មកពីប្រទេសប្រេស៊ីលបរិច្ចាគចំណាយបេសកកម្មរបស់ពួកគេជាមួយនឹងការបរិច្ចាគមកពីក្រុមគ្រួសារជាច្រើនលើចំណាយទាំងអស់ ។ នៅពេលអូលីសេសឈានដល់អាយុបម្រើបេសកកម្ម នោះលោកបានសម្រេចចិត្តថា លោកចង់រកប្រាក់ទាំងអស់ដែលចាំបាច់សម្រាប់បេសកកម្មរបស់លោក ។ ដោយចាប់យកប្រយោជន៍នៃសីលធម៌ការងារខ្ពស់ នោះលោកបានរៀនធ្វើការនៅក្នុងអាជីវកម្មតូចមួយរបស់ឪពុកលោក ហើយមានជំនាញក្នុងការវាយអត្ថបទកុំព្យូទ័របានលឿន នោះអូលីសេសបានរកឃើញការងារប្រចាំថ្ងៃមួយដោយជួយក្រុមហ៊ុនរៀបចំបញ្ជីប្រាក់ខែបុគ្គលិក ។
បន្ទាប់ពីប្រឡងជាប់នូវការប្រឡងចូលដ៏លំបាកមួយមក លោកបានចាប់ផ្តើមសិក្សាផ្នែកគណនីនៅវិទ្យាល័យឯកទេសមួយនៅពេលល្ងាច ។ រៀងរាល់ខែ បន្ទាប់ពីថ្វាយដង្វាយមួយភាគក្នុងដប់រួច លោកបានសន្សំប្រាក់សម្រាប់បេសកកម្ម ។ មួយឆ្នាំក្រោយមក លោកត្រូវបានប្តូរទៅផ្នែកគណនីនៅក្នុងក្រុមហ៊ុនរបស់ឪពុកលោក ។
អែលឌើរសូរ៉េសថ្លែងថា « នោះគឺជារបៀបដែលខ្ញុំបានសន្សំប្រាក់បង់ថ្លៃបេសកកម្មរបស់ខ្ញុំ ។ រៀងរាល់ខែអំឡុងពេលបីឆ្នាំ ពីមុនខ្ញុំចេញបេសកកម្ម នោះខ្ញុំទិញឥវ៉ាន់ដែលខ្ញុំត្រូវការ — អាវមួយ, ខោមួយ, ស្រោមជើងមួយគូ ក្រវ៉ាត់កមួយ និងវ៉ាលីមួយ » ។ លោកក៏ត្រូវការ ហើយបានទទួលសេចក្តីស្រឡាញ់ និងការគាំទ្រយ៉ាងខ្លាំងពីឪពុកម្តាយរបស់លោក និងថ្នាក់ដឹកនាំក្នុងមូលដ្ឋានផងដែរ ។
អូលីសេសត្រូវបានហៅឲ្យបម្រើនៅបេសកកម្ម ប្រេស៊ីល រីយ៉ូ ដេ ចានេរូ ។ លោកបានបម្រើផ្នែកដំបូងនៃបេសកម្មរបស់លោកក្រោមការដឹកនាំរបស់ប្រធាន ហេលីអូ ដា រ៉ូឆា កាម៉ាហ្គូ ដែលក្រោយមក គាត់បានក្លាយជាអ្នកមានសិទ្ធិអំណាចទូទៅដំបូងគេដែលត្រូវបានហៅពីប្រទេសប្រេស៊ីល ។ អូលីសេសបានចាប់ផ្តើមបេសកកម្មរបស់លោកនៅដើមឆ្នាំ ១៩៧៨ ។ ក្រោយមក ព្រះវិហារបរិសុទ្ធដំបូងគេនៅអាមេរិកឡាទីនត្រូវបានឧទ្ទិសឆ្លងនៅឆ្នាំនោះនៅទីក្រុង សៅ ប៉ូឡូ ដោយប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( ១៨៩៥–១៩៨៥ ) ។
នៅខែ មករា ឆ្នាំ ១៩៨០ អូលីសេស និងដៃគូរបស់លោក ដែលពុំទាន់បានទទួលអំណោយទានពិសិដ្ឋរបស់គាត់ដែរនោះ បានជិះឡានក្រុងនៅ រីយ៉ូ ដេ ចានេរូ រយៈពេលប្រាំបីម៉ោងទៅកាន់ព្រះវិហារបរិសុទ្ធ សៅ ប៉ូឡូ ប្រេស៊ីល ។ ឪពុកម្ដាយ និងបងប្អូនបង្កើតរបស់អូលីសេសបានជួបលោកនៅទីនោះ ហើយក្រុមគ្រួសារសូរ៉េសបានផ្សារភ្ជាប់សម្រាប់គ្រានេះ និងអស់កល្បជានិច្ច ។ អូលីសេសពុំភ្លេចពេលវេលានៅជាមួយគ្នាទាំងប្រាំម៉ោងនោះនៅក្នុងព្រះវិហារបរិសុទ្ធ សៅ ប៉ូឡូ ឡើយ ។ ក្រោយមកនៅថ្ងៃដដែលនោះ លោក និងដៃគូរបស់លោកបានត្រឡប់ទៅតំបន់បេសកកម្មវិញ ។
ទុកព្រះជាទីមួយ
អូលីសេសបានរីករាយនឹងបេសកកម្មដ៏ជោគជ័យ ដែលបានពង្រឹងទីបន្ទាល់របស់លោកបន្ថែមទៀត ។ នៅពេលលោកត្រឡប់ទៅផ្ទះវិញ លោកបានរកការងារធ្វើ ហើយចាប់ផ្តើមសិក្សាគណនី និងសេដ្ឋកិច្ចនៅឯសាកលវិទ្យាល័យមួយក្នុងមូលដ្ឋាន ។
គាត់បានមកដល់ផ្ទះវិញប្រហែលជាប្រាំពីរខែ នៅពេលលោកបានជួប « ស៊ីស្ទើរម៉ហ្គាដូ » នៅឯកម្មវិធីរាំពហុស្តេកមួយ ។ អូលីសេសបានបម្រើជាអ្នកដឹកនាំតំបន់របស់ស៊ីស្ទើរម៉ហ្គាដូអស់មួយរយៈ ហើយពួកលោកទាំងពីរនាក់បានចំណាយពេលល្ងាចនោះជជែកគ្នា និងចែកចាយរឿងនានាមកពីបេសកកម្ម ។ បីសប្តាហ៍ក្រោយមក ពួកលោកបានចាប់ផ្តើមដើរលេងជាគូ ។
រ៉ូសាណា ហ្វើរណាដេស ម៉ហ្គាដូ មានអាយុប្រាំបីឆ្នាំ ពេលបងស្រីរបស់គាត់ឈ្មោះម៉ាហ្គារ៉េត បានចាប់ផ្តើមយកគាត់ទៅព្រះវិហារ ។ ទីបំផុត សាសនាគន់ការីក្មេងៗដ៏ស្មោះត្រង់ទាំងពីរនោះបានទទួលការអនុញ្ញាតពីឪពុករបស់ពួកគេឲ្យជ្រមុជទឹក ប៉ុន្តែពួកគេម្នាក់ៗត្រូវរង់ចាំរហូតដល់ពួកគេមានអាយុ ១៧ ឆ្នាំសិន ។ រ៉ូសាណាបានចូលរួមព្រះវិហារអស់រយៈពេលប្រាំបួនឆ្នាំ ពីមុនបានទទួលការអនុញ្ញាតឲ្យជ្រមុជទឹក ។
អូលីសេសបានរស់នៅទីក្រុង សៅ ប៉ូឡូ ភាគខាងជើង ហើយរ៉ូសាណាបានរស់នៅជាមួយឪពុកម្តាយគាត់នៅផ្នែកខាងត្បូងនៃទីក្រុងនោះ ។ ការធ្វើដំណើរឆ្លងកាត់ទីក្រុងដ៏ធំនេះត្រូវចំណាយពេលពីរទៅបីម៉ោងដោយជិះឡានក្រុង និងរថភ្លើងផ្លូវក្រោមដី ។ សំណាងល្អណាស់ ម៉ាហ្គារ៉េត និងស្វាមីរបស់គាត់ ក្លូឌីអូ រស់នៅក្បែរផ្ទះរបស់ឪពុកម្តាយនាង ។
អែលឌើរ ក្លូឌីអូ អរ អែម កូស្តា ជាពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅដែលជាអនាគតបងប្រុសថ្លៃរបស់លោកបានរំឭកថា « នៅពេលអូលីសេសមកដើរលេងជាគូជាមួយរ៉ូសាណានៅចុងសប្តាហ៍ វាពិបាកសម្រាប់គាត់ត្រឡប់ទៅផ្ទះវិញដែលនៅឆ្ងាយនៅពេលយប់ ។ ដូច្នេះ គាត់ និងម៉ាហ្គារ៉េតបានអញ្ជើញអូលីសេសឲ្យស្នាក់នៅផ្ទះរបស់ពួកគេនាពេលយប់បន្ទាប់ពីដើរលេងជាគូនោះ » ។ អែលឌើរកូស្តាបន្ថែមថា « យើងបានយកគាត់មកចិញ្ចឹមមួយរយៈ » ។
ស៊ីស្ទើរកូស្តានិយាយថា « គាត់បានសម្រាកលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវរបស់យើង ។ យើងទើបតែរៀបការ ដូច្នេះយើងគ្មានភួយនៅសល់ទេ ។ ប៉ុន្តែគាត់បានយកវាំងននចាស់របស់យើងមកដណ្ដប់ ។ លោកសប្បាយចិត្ត ដោយសារលោកអាចជួបរ៉ូសាណាម្តងទៀតនៅថ្ងៃបន្ទាប់ ។ គាត់មានចិត្តល្អចំពោះប្អូនស្រីខ្ញុំណាស់ ហើយឪពុកម្តាយរបស់ខ្ញុំចូលចិត្តគាត់ខ្លាំងណាស់ » ។
អូលីសេស និងរ៉ូសាណាបានរៀបការនៅព្រះវិហារបរិសុទ្ធ សៅ ប៉ូឡូ ប្រេស៊ីល នៅថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៨២ ។
ប្រសិនបើអ្នកចំណាយពេលពីរបីនាទីជាមួយអែលឌើរ និងស៊ីស្ទើរសូរ៉េស នោះអ្នកនឹងឃើញសេចក្តីស្រឡាញ់ ការកើតសរសើរ និងការគោរពចំពោះគ្នាទៅវិញទៅមករបស់ពួកលោកទាំងពីរភា្លមៗ ។ សម្រាប់អែលឌើរសូរ៉េស នោះរ៉ូសាណា « គឺជាគំរូមួយនៃសេចក្ដីល្អ សេចក្ដីស្រឡាញ់ និងការលះបង់ខ្ពស់ចំពោះព្រះអម្ចាស់សម្រាប់ខ្ញុំ និងគ្រួសារខ្ញុំ » ។៣ សម្រាប់ស៊ីស្ទើរសូរ៉េស នោះអូលីសេសគឺជា « អំណោយមួយមកពីស្ថានសួគ៌ » ។
ស៊ីស្ទើរសូរ៉េសបន្ថែមដូច្នេះ ៖ « លោកតែងតែងទទួលខុសត្រូវ និងសុចរិតយ៉ាងខ្លាំង លោកមើលថែគ្រួសាររបស់យើងបានល្អជានិច្ច ហើយលោកប្រព្រឹត្តល្អចំពោះខ្ញុំជានិច្ច ។ នៅក្នុងគ្រប់ការហៅបម្រើទាំងអស់របស់លោកក្នុងសាសនាចក្រ លោកបានធ្វើវាដោយអស់ពីសមត្ថភាពរបស់លោក ។ លោកចេញទៅ ហើយធ្វើកិច្ចការទាំងនោះ ។ លោកដាក់កិច្ចការរបស់ព្រះជាដំបូងនៅក្នុងជីវិតរបស់លោកជានិច្ច ។ ខ្ញុំបានធ្លាក់ក្នុងអន្លង់ស្នេហ៍លើលោកកាន់តែខ្លាំងឡើងៗ ដោយសារខ្ញុំដឹងថា ប្រសិនបើលោកដាក់កិច្ចការរបស់ព្រះជាដំបូងគេ នោះលោកក៏នឹងដាក់ខ្ញុំជាដំបូងផងដែរ » ។
អែលឌើរសូរ៉េសថ្លែងអំពីភរិយារបស់លោកដូច្នេះ ៖ « ភរិយាខ្ញុំពិតជាវីរៈនារី និងជាការបំផុសគំនិតនៅក្នុងគ្រួសាររបស់យើង ។ គាត់មានក្ដីស្រឡាញ់ មានចិត្តល្អ និងអត់ធ្មត់ជាមួយមនុស្សគ្រប់រូប ។ គាត់រួបរួមសាមគ្គីគ្រួសារយើងគាត់មើលឃើញសេចក្តីល្អនៅក្នុងមនុស្សគ្រប់រូប ។ គាត់បានរួមចំណែកយ៉ាងខ្លាំងដល់អ្វីដែលបានកើតឡើងក្នុងជីវិតរបស់ខ្ញុំ ។ ស្តីពីការហៅរបស់ខ្ញុំទៅក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ខ្ញុំនិយាយលេងប្រាប់គាត់ថា ‹ នេះជាកំហុសរបស់អូន ដោយសារអូនបានបង្កើនអំណាចនៃដំណឹងល្អយ៉ាងខ្លាំងក្លានៅក្នុងជីវិតរបស់បង › » ។
ចិត្តល្អសប្បុរស
ហ្គូស្តាវ៉ូកូនច្បងបង្អស់របស់គ្រួសារសូរ៉េស ចាំពីយប់មួយកាលនៅក្មេង ពេលគាត់មិនស្តាប់តាមឪពុកម្តាយរបស់គាត់ ហើយដោយគ្មានការអនុញ្ញាត គាត់បានទៅមើលពិធីអបអរសាទរប្រចាំឆ្នាំនៅក្នុងទីក្រុងជិតខាង សៅ ប៉ូឡូ របស់ពួកគេដែលហៅថា បុណ្យ ហ្វេសស្តា ហុនីណា ។
គាត់និយាយថា « ខ្ញុំកំពុងនៅកណ្តាលហ្វូងមនុស្សដ៏ធំមួយកំពុងតែសប្បាយរីករាយ ពេលខ្ញុំបានឮអ្នកប្រកាសហៅឈ្មោះខ្ញុំឲ្យទៅខាងមុខ ។ នៅពេលនោះខ្ញុំបានឃើញឪពុករបស់ខ្ញុំ » ។
ឪពុកម្ដាយរបស់គាត់បារម្ភពីគាត់ខ្លាំងណាស់ ប៉ុន្តែជាជាងការជេរស្តីឲ្យហ្គូស្តាវ៉ូ នោះសូរ៉េសបានឱបគាត់យ៉ាងណែន ។
ហ្គូស្តាវ៉ូបានរំឭកថា « យើងបាននិយាយគ្នាយ៉ាងម៉ឹងម៉ាត់អំពីការបាត់រូបខ្ញុំ ប៉ុន្តែឪពុកម្តាយរបស់ខ្ញុំបានប្រព្រឹត្តដាក់ខ្ញុំដោយការគោរព ។ ខ្ញុំមានអារម្មណ៍ថា បានទទួលការការពារ ហើយខ្ញុំដឹងថា ពួកលោកពិតជាស្រឡាញ់ខ្ញុំណាស់ » ។
សូរ៉េសមានការលះបង់ចំពោះគ្រួសាររបស់លោក ។ ទោះបីជាមានការងារ និងកាលវិភាគធ្វើដំណើរដ៏មមាញឹកអស់ជាច្រើនឆ្នាំក្តី លោកបានញែកពេលវេលាដើម្បីស្ថាបនាទំនាក់ទំនងជាមួយកូនៗរបស់លោក ។
នៅពេលអែលឌើរសូរ៉េសត្រូវបានគាំទ្រឲ្យបម្រើក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់នៅថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០១៨ ប្រហែលជាគ្មាននរណាម្នាក់ដែលភ្ញាក់ផ្អើលជាងហ្គូស្តាវ៉ូ និងប្អូនស្រីទាំងពីររបស់គាត់គឺលេស្ស៊ីសៀ ខារ៉ាវ៉េឡូ និង ណាថាលៀ សូរ៉េស អាវីឡា ឡើយ ។ ប៉ុន្តែប្រសិនបើសេចក្តីស្រឡាញ់ ការខិតខំធ្វើការ សេចក្តីអាណិតអាសូរ និងសេចក្តីរាបទាបសក្តិសមឲ្យបុគ្គលម្នាក់ធ្វើជាសាវក នោះពួកគេនិយាយថា ពួកគេអាចយល់ពីមូលហេតុដែលព្រះអម្ចាស់បានហៅឪពុករបស់ពួកគេ ។
លេស្ស៊ីសៀនិយាយថា « នៅពេលព្រះយេស៊ូវបានហៅសាវករបស់ទ្រង់ នោះទ្រង់ពុំបានរើសពួកផារិស៊ីដែលមានចំណេះដឹងខ្លាំងនោះទេ ទ្រង់បានរើសយកអ្នកនេសាទត្រីវិញ ។ ឪពុក និងម្តាយរបស់ខ្ញុំគឺដូចនោះផងដែរ ។ ពួកលោកទុកចិត្តលើព្រះអម្ចាស់ទាំងស្រុង ហើយទ្រង់ប្រើពួកលោកដើម្បីបំពេញកិច្ចការរបស់ទ្រង់ ដោយសារទ្រង់ជ្រាបដឹងថា ពួកលោកគ្មានភាពអត្មានិយម មានឆន្ទៈខិតខំធ្វើការ និងរាបសាល្មមដើម្បីទទួលការកែតម្រូវ » ។
ណាថាលៀបន្ថែមថា « ចិត្តល្អសប្បុរស » របស់ឪពុកពួកគេនឹងជួយលោក នៅពេលលោកបានឆ្ពោះទៅមុខក្នុងនាមជាសាក្សីពិសេសម្នាក់របស់ព្រះអង្គសង្គ្រោះ ។ នាងនិយាយថា « លោកមានចិត្តអាណិតអាសូរគ្រប់គ្រាន់ដើម្បីធ្វើកិច្ចការនេះ ។ លោកទទួលអារម្មណ៍ពីព្រះចេស្តាមកពីស្ថានសួគ៌ ហើយលោកស្រឡាញ់មនុស្សគ្រប់រូប ហើយចង់ធ្វើអ្វីដែលត្រឹមត្រូវ » ។
« អ្វីៗគ្រប់យ៉ាងនឹងដំណើរការល្អ »
នៅពេលអែលឌើរសូរ៉េសបម្រើជាប្រធានបេសកកម្ម ព័រទុយហ្គាយ ព័រតូ ពីឆ្នាំ ២០០០ ដល់ ២០០៣ មានគេស្គាល់លោកច្រើនដោយការប្រើឃ្លាជាភាសាព័រទុយហ្គាយថា « Tudo vai dar certo » — អ្វីៗគ្រប់យ៉ាងនឹងដំណើរការល្អ ។
ធី បិនណែត អ្នកផ្សព្វផ្សាយសាសនាម្នាក់របស់លោកបានរំឭកថា « លោកបានបង្រៀនឃ្លានេះដល់យើង ។ លោកបានរស់នៅដោយមានសេចក្ដីជំនឿ និងសុទិដ្ឋិនិយមដែលថា ប្រសិនបើយើងធ្វើអ្វីដែលព្រះអម្ចាស់សព្វព្រះទ័យឲ្យយើងធ្វើ នោះអ្វីៗគ្រប់យ៉ាងនឹងដំណើរការល្អ » ។
រីឆាដ ស្សៀដ អ្នកផ្សព្វផ្សាយសាសនាម្នាក់ទៀតរបស់លោកនិយាយថា លោកក៏បានបង្រៀនអ្នកផ្សព្វផ្សាយសាសនារបស់លោកកុំឲ្យប្រើពាក្យ ពិបាក ឬ មិនអាចធ្វើបាន ឡើយ ។ « យើងហៅរឿងផ្សេងៗថាជា ‹ ឧបសគ្គ › ។ ការទូន្មាននោះបានជួយសម្រួចសម្រាំងជីវិតរបស់ខ្ញុំ នៅពេលខ្ញុំបានមើលទៅរឿងផ្សេងៗថាជា ‹ ឧបសគ្គ › ដើម្បីយកឈ្នះលើ ជាជាងមើលឃើញវាថាជារឿងដែល ‹ ពិបាក › ឬ ‹ មិនអាចធ្វើបាន › » ។
សេចក្ដីជំនឿ និងសុទិដ្ឋិនិយមបែបនោះពុំកើតឡើងមកពីជីវិតដែលងាយស្រួលឡើយ ។ អែលឌើរ និងស៊ីស្ទើរសូរ៉េសស្គាល់ច្បាស់អំពីការខកចិត្តនៃការឈានទៅមុខដោយគ្មានការងារធ្វើ និងការហត់នឿយនឹងការងារ និងការសិក្សាពេញមួយថ្ងៃ ការធ្លាក់ខ្លួនឈឺ និងការខូចចិត្តមកពីការរលូតកូន កូនស្លាប់ក្នុងផ្ទៃ និងការស្លាប់បងប្អូនបង្កើត និងឪពុកម្តាយ ។
ប៉ុន្តែតាមរយៈដំណើរជីវិត ពួកលោកបានដាក់សេចក្តីជំនឿរបស់ពួកលោកលើពាក្យនៃខគម្ពីរដែលអែលឌើរសូរ៉េសពេញចិត្ត ៖ « ចូរមានចិត្តរាបសា ហើយព្រះអម្ចាស់ជាព្រះរបស់អ្នកនឹងដឹកដៃអ្នក ហើយប្រទានចម្លើយដល់បទអធិស្ឋានទាំងឡាយរបស់អ្នក » ។៤
អែលឌើរសូរ៉េសថ្លែងថា « ឧបសគ្គគឺជាផ្នែកនៃការរីកចម្រើនរបស់យើង ។ ប៉ុន្តែនៅពេលយើងអត់ធ្មត់នៅក្នុងការរងទុក្ខ នៅពេលយើងរៀនរស់នៅក្នុងឧបសគ្គជីវិត នៅពេលយើងបន្តស្មោះត្រង់ នោះព្រះអម្ចាស់កោតសរសើរ និងប្រទានពរដល់យើងនូវពរជ័យដែលទ្រង់បានសន្យា » ។
លោកបន្ថែមទៀតថា ហើយនៅពេលយើងកាន់ដំបងដែកយ៉ាងខ្ជាប់ខ្ជួន នោះព្រះអម្ចាស់នឹងពុំបោះបង់យើងឲ្យនៅឯកោឡើយ ។
អែលឌើរសូរ៉េសថ្លែងទីបន្ទាល់ថា « ការកាន់ខ្ជាប់ទៅនឹងបទបញ្ញត្តិ ដំណឹងល្អ ព្រះគម្ពីរ និងព្រះអម្ចាស់យេស៊ូវគ្រីស្ទយ៉ាងខ្ជាប់ខ្ជួន ជួយយើងឲ្យយកឈ្នះលើឧបសគ្គជីវិត ។ នៅពេលយើងលុតជង្គង់អធិស្ឋាន នោះទ្រង់នឹងគង់នៅជាមួយយើង ហើយទ្រង់នឹងដឹកនាំយើង ។ ទ្រង់នឹងបំផុសគំនិតយើងអំពីកន្លែងដែលត្រូវទៅ និងអ្វីដែលត្រូវធ្វើ ។ នៅពេលយើងគោរពប្រតិបត្តិ និងបន្ទាបខ្លួនយើង នោះព្រះអម្ចាស់ឆ្លើយតបការអធិស្ឋានរបស់យើង » ។
សិស្សដែលមានការលះបង់
អូលីសេស សូរ៉េស គឺជាបុរសម្នាក់ដែលមានសមត្ថភាព និងការរៀបចំ ។ ការអប់រំរបស់លោកដែលរួមមានកម្រិតអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម បានរៀបចំលោកឲ្យធ្វើការជាគណនេយ្យករ និងសវនករសម្រាប់ក្រុមហ៊ុនចម្រុះជាតិនៅប្រទេសប្រេស៊ីល ។ បទពិសោធន៍នោះបានរៀបចំលោកឲ្យធ្វើការនៅក្នុងនាយកដ្ឋានហិរញ្ញវត្ថុរបស់សាសនាចក្រ ដែលបានរៀបចំលោកនៅវ័យ ៣១ ឆ្នាំ ឲ្យក្លាយជានាយកផ្នែកកិច្ចការអាណាចក្រម្នាក់ក្នុងវ័យដ៏ក្មេងបំផុតរបស់សាសនាចក្រ ។ ការរៀបចំនោះក៏បានជួយលោកឲ្យធ្វើជាប្រធានបេសកកម្មម្នាក់ដ៏ល្អ និងជួយការហៅរបស់លោកក្នុងនាមជាពួកចិតសិបនាក់មានសិទ្ធិអំណាចទូទៅនៅថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០០៥ ។
ពីមុនការហៅឲ្យបម្រើនៅក្នុងគណៈប្រធាននៃពួកចិតសិបនាក់នៅថ្ងៃទី ៦ ខែ មករា ឆ្នាំ ២០១៣ អែលឌើរសូរ៉េសបានបម្រើជាទីប្រឹក្សា ហើយក្រោយមកបានបម្រើជាប្រធាននៃគណៈប្រធានតំបន់នៃប្រទេសប្រេស៊ីល និងជាទីប្រឹក្សានៅក្នុងគណៈប្រធានតំបន់អាហ្វ្រិកប៉ែកអាគ្នេយ៍ ។ នៅទីនោះ លោកបានបម្រើជាទីប្រឹក្សារបស់អែលឌើរ ឌេល ជី រេនឡាន់ ដែលកាលនោះនៅបម្រើជាពួកចិតសិបនាក់មានសិទ្ធិអំណាចទូទៅ ។ អែលឌើររេនឡាន់ ដែលឥឡូវនេះគឺជាសមាជិកក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់មានពេលដ៏រីករាយជាមួយគ្នា ។
អែលឌើររេនឡាន់ថ្លែងថា « អែលឌើរសូរ៉េសគឺជាសិស្សម្នាក់របស់ព្រះយេស៊ូវគ្រីស្ទដែលរីករាយ មានការតាំងចិត្ត និងមានការលះបង់ ។ ខ្ញុំពុំស្គាល់នរណាដែលទទួលអារម្មណ៍យ៉ាងមោះមុតថា លោកកំពុងធ្វើធុរកិច្ចរបស់ព្រះអម្ចាស់ឡើយ ។ ប្រសិនបើលោកត្រូវបានស្នើសុំឲ្យធ្វើអ្វីមួយ នោះលោកនឹងធ្វើវាដោយអស់ពីពលំរបស់លោក » ។
លោកបានថ្លែងថា អែលឌើរសូរ៉េសបាន « ធ្លាក់អន្លង់ស្នេហ៍ » ជាមួយនឹងពួកបរិសុទ្ធនៅទ្វីបអាហ្វ្រិកលឿនណាស់ ។ ការចាត់តាំងដំបូងរបស់លោកនៅក្នុងតំបន់នោះគឺធ្វើជាអធិបតីលើសន្និសីទស្តេកមួយនៅកាណាន់ហ្គា សាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ ។ អែលឌើររេនឡាន់មានប្រសាសន៍ថា « ពេលលោកត្រឡប់មកវិញ លោកពុំឈប់និយាយអំពីសេចក្តីល្អ និងការលះបង់របស់មនុស្សដែលលោកបានជួបឡើយ » ។
អែលឌើរ អិល វិតនី ក្លេតុន ដែលបានបម្រើជាមួយអែលឌើរសូរ៉េសអស់រយៈពេលប្រាំឆ្នាំកន្លះនៅក្នុងគណៈប្រធានពួកចិតសិបនាក់ហៅអែលឌើរសូរ៉េសថាជា អ្នកជួយបង្កើតឲ្យមានកិច្ចព្រមព្រៀង ។ « លោកស្តាប់ និងពិចារណាគំនិតរបស់លោក ។ លោកមានការយកចិត្តទុកដាក់លើរបៀបដែលលោកប្រព្រឹត្តខ្លួនលោកនៅក្នុងការប្រជុំនានា ដូច្នេះសំឡេងរបស់យើងបង្កើតបានជាសំឡេងបន្ទររួមគ្នាមួយ ជាជាងសំឡេងតែមួយដែលប្រកួតប្រជែងគ្នា ។
អែលឌើរសូរ៉េសមានការបន្ទាបខ្លួនអំពីសមត្ថភាពរបស់លោកក្នុងការទាក់ទងជាភាសាព័រទុយហ្គាល់, អង់គ្លេស, អេស្ប៉ាញ និងបារាំង ។ អែលឌើរក្លេតុនថ្លែងថា ប៉ុន្តែអំណោយទាននោះ ដែលតម្រូវឲ្យយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនគឺជាពរជ័យមួយដល់សាសនាចក្រ ។ អែលឌើរសូរ៉េសអាចនិយាយទៅកាន់សមាជិកសាសនាចក្រក្នុងចំនួនយ៉ាងច្រើនជាភាសាផ្ទាល់របស់ពួកគេ ។
អែលឌើរ ក្លូឌីអូ កូស្តា បងប្រុសថ្លៃរបស់លោកសង្កេតឃើញថា « អូលីសេសគឺជាអ្នកដឹកនាំតាំងពីលោកនៅក្មេងម៉្លេះ ។ លោកមានប្រាជ្ញា និងមានសមត្ថភាពណាស់ ហើយលោកទទួលអារម្មណ៍នៃការទទួលខុសត្រូវថា លោកត្រូវធ្វើឲ្យអស់ពីសមត្ថភាពរបស់លោកជានិច្ច ។ លោកស្រឡាញ់អ្នកដែលនៅជុំវិញលោកដោយងាយ ។ លោកមានដួងចិត្តជាសិស្សពិតរបស់ព្រះអង្គសង្គ្រោះ ហើយលោកមានទីបន្ទាល់រឹងមាំថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ។ ខ្ញុំស្រឡាញ់លោក ហើយខ្ញុំមានអំណរគុណក្នុងការគាំទ្រលោកឲ្យធ្វើជាសាវកនៃព្រះអម្ចាស់ » ។
ហើយអែលឌើរ ដេវីឌ អេ បែដណា ថ្លែងសម្រាប់កូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបន្ថែមដូច្នេះ ៖ « អែលឌើរសូរ៉េសគឺបរិសុទ្ធ គ្មានឧបាយកល និងជាសិស្សដ៏ស្លូតត្រង់របស់ព្រះអង្គសង្គ្រោះ ។ តាមរយៈពន្លឺនៅលើផ្ទៃមុខរបស់លោក ស្នាមញញឹមដ៏កក់ក្តៅរបស់លោក និងអត្តចរិតដ៏រួសរាយរបស់លោក នោះបុគ្គលម្នាក់ៗ និងក្រុមគ្រួសាររាប់មិនអស់បាន កំពុងបាន ហើយនឹងទទួលការបំផុសគំនិតជាមួយនឹងបំណងប្រាថ្នាដ៏ធំធេង ក្នុងការធ្វើតាមព្រះអង្គសង្គ្រោះ ហើយរស់នៅតាមសិក្ខាបទនៃដំណឹងល្អរបស់ទ្រង់ » ។
នៅក្នុងគ្រាកាន់កាប់ត្រួតត្រារបស់យើង ព្រះអម្ចាស់មានបន្ទូលអំពីអែតវឹត ប៉ាទ្រិច ថា « ចិត្តគាត់បរិសុទ្ធនៅចំពោះយើង ដ្បិតគាត់ដូចជា ណាថាណែល ពីបុរាណ ដែលឥតមានចិត្តឧបាយឡើយ » ។៥ ព្រះអម្ចាស់មានបន្ទូលអំពី ហៃរុម ស៊្មីធ ថា « យើងជាព្រះអម្ចាស់ស្រឡាញ់គាត់ មកពីសេចក្ដីស្មោះនៃចិត្តរបស់គាត់ និងមកពីគាត់បានស្រឡាញ់នូវអ្វីដែលត្រឹមត្រូវចំពោះយើង » ។៦
ព្រះអម្ចាស់ក៏នឹងមានបន្ទូលដូចគ្នាអំពីអូលីសេស សូរ៉េសផងដែរ ។