ព័ត៌មានក្នុងស្រុក
ទីបន្ទាល់សមាជិកទៅកាន់ព្រះវិហារបរិសុទ្ធ
នាងខ្ញុំឈ្មោះ ម៉ន លិ បានទៅដល់ព្រះវិហារបរិសុទ្ធ ។ ខ្ញុំមានអារម្មណ៍មួយថាទទួលបានពន្លឺដ៏អស្ចារ្យ ដោយសារនាងខ្ញុំបានធ្វើពិធីផ្សារភ្ជាប់ជាមួយនឹងក្រុមគ្រួសារ ហើយបានសង្គ្រោះជីដូនជីតារបស់នាងខ្ញុំ ។ នាងខ្ញុំមានអារម្មណ៍ថាមានអំណរយ៉ាងខ្លាំង
ខ្ញុំបាទឈ្មោះ បួន រស់ អាយុ ៣៤ ឆ្នាំ ។ ពេលដែលខ្ញុំបានមកដល់ព្រះវិហារបរិសុទ្ធ ខ្ញុំឃើញព្រះដំណាក់ព្រះយ៉ាងស្អាត និងមានវិរៈភាព ។ ខ្ញុំមានអារម្មណ៍ថាបានជួបនឹងព្រះ ។ ខ្ញុំនឹកស្មានមិនដល់ថាបានមកព្រះដំណាក់របស់ទ្រង់ ដូចដែលគ្រួសាររបស់ខ្ញុំប្រាថ្នាសោះ ។ ថ្ងៃដំបូងដែលខ្ញុំមកដល់ ខ្ញុំមានអារម្មណ៍រីករាយរកពាក្យនិយាយមិនត្រូវសោះ ថាព្រះដំណាក់របស់ព្រះពិតជាអស្ចារ្យចំពោះរូបខ្ញុំ ។
ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០១៨ ខ្ញុំបានចូលព្រះដំណាក់ទ្រ់ង ហើយជួយបម្រើដល់សមាជិកនៅក្នុងព្រះវិហាររបស់យើង ធ្វើឲ្យខ្ញុំមានអារម្មណ៍ស្ងប់ណាស់ ។ ខ្ញុំបានផ្សារភ្ជាប់នឹងប្រពន្ធ និងកូនៗរបស់ខ្ញុំ ពិតជាស្រស់ស្អាតណាស់ ។ ពួកយើងបានជួយបម្រើដល់ជីដូនជីតាដែលបានស្លាប់ ដោយធ្វើពិធីបរិសុទ្ធសម្រាប់ពួកគាត់ ។ ដំណឹងល្អគឺពិតជាអស្ចារ្យណាស់ ពេលបានស្គាល់នោះ ។ ពួកយើងបានជួយជីដូនជីតាដើម្បីគាត់អាចបានទៅរស់នៅជាមួយព្រះអង្គនៅស្ថានសួគ៌វិញផងដែរ ។
ពីមួយថ្ងៃទៅមួយថ្ងៃពួកយើងធ្វើពិធីបរិសុទ្ធនៅក្នុងព្រះវិហារបរិសុទ្ធដោយចិត្តស្មោះ ហើយនោះជាអំណរចំពោះពួកយើង ។ ពួកយើងពុំមានអារម្មណ៍នឿយហត់ទេ ពេលបម្រើនៅក្នុងព្រះដំណាក់ទ្រង់ ។ វាជាអារម្មណ៍ដ៏អស្ចារ្យណាស់ ។
ខ្ញុំបាទឈ្មោះ លឹម ពៅពិសាល ។ ខ្ញុំមានអារម្មណ៍រំភើបអស្ចារ្យដែលបានឃើញព្រះវិហារបរិសុទ្ធដ៏ស្រស់ស្អាត ជាងទីកន្លែងណាៗទាំងអស់ ហើយអ្នកផ្ដល់ការបម្រើនៅក្នុងព្រះវិហារបរិសុទ្ធ ស្លៀកដោយសម្លៀកបំពាក់ស មានពេញដោយស្នាមញញឹម ហើយចាំជួយយើងគ្រប់ទីកន្លែង ហាក់បីដូចជាពួកយើងបានទទួលរាក់ទាក់ដោយពួកទេវតារបស់ព្រះនៅនគរស្ថានសួគ៌ដូច្នោះដែរ ។ អ្វីដែលកាន់តែអស្ចារ្យនោះគឺ មិនត្រឹមតែបានធ្វើពិធីសម្រាប់ខ្លួនឯងនោះទេ ថែមទាំងបានជួយកិច្ចការជាច្រើននៅក្នុងព្រះវិហារបរិសុទ្ធទៀតផង ។
អំឡុងពេលធ្វើបុណ្យជ្រមុជទឹកជំនួសជីដូនជីតា ខ្ញុំបានឃើញពួកគាត់ខ្លះបានរង់ចាំ ហើយបានត្រេកអរ ដែលយើងបានធ្វើកិច្ចការសម្រាប់ពួកគាត់នៅព្រះវិហារបរិសុទ្ធ ។
ខ្ញុំបាទឈ្មោះ ហែម ម៉ានិត ។ នៅពេលខ្ញុំបានមកដល់ទឹកដីបរិសុទ្ធ ជាទឹកដីដ៏អស្ចារ្យ គឺព្រះវិហារបរិសុទ្ធ ខ្ញុំមានអារម្មណ៍រំភើបដូចជាកូនបានមកដល់ផ្ទះជួបឪពុកផងដែរ ។ ខ្ញុំសប្បាយពេលខ្ញុំបានធ្វើពិធីបុណ្យជ្រមុជទឹកជំនួសជីដូនជីតា ព្រមទាំងធ្វើពិធីបរិសុទ្ធផ្សេងៗ ដើម្បីផ្ដល់សេចក្ដីសង្គ្រោះដល់ពួកគាត់ ។ ខ្ញុំក៏បានធ្វើពិធីផ្សារភ្ជាប់ជាមួយនឹងក្រុមគ្រួសារផងដែរ ។ នេះជាអារម្មណ៍មួយដែលពុំអាចបំភ្លេចបានអស់មួយជីវិត ។
នៅពេលខ្ញុំធ្វើពិធីបរិសុទ្ធទាំងនេះ ខ្ញុំទទួលអារម្មណ៍បំផុសគំនិតថា ខ្ញុំដឹងថា ព្រះវរបិតាសួគ៌ និងព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទ គឺជាព្រះដ៏មានព្រះជន្មរស់ ហើយទ្រង់កំពុងទតមើលមកកូនចៅរបស់ទ្រង់ជាប្រាកដ ។
នាងខ្ញុំ ហឿង សុភី និងស្វាមី បួន រស់ ព្រមទាំងកូនស្រី រស់ សោភ័ណ្ឌ និងកូនប្រុស រស់សុវណ្ណារា បានមកធ្វើពិធីផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធហុងកុង ។ ខ្ញុំបានទទួលអារម្មណ៍ដ៏អស្ចារ្យដែលមិនធ្លាប់មានពីមុនមកទេ ។ ខ្ញុំបានឃើញថាដំណាក់របស់ព្រះពិតជាអស្ចារ្យខ្លាំងណាស់ ហើយគួរឲ្យស្ញប់ស្ញែងជាទីបំផុត ។ ខ្ញុំបានធ្វើពិធីពិសិដ្ឋផ្ទាល់ខ្លួនដែលពោរពេញដោយព្រះវិញ្ញាណ ហាក់ដូចជាខ្មួលខ្មាញ់នៅ ក្នុងចិត្តជាខ្លាំង ប្រៀបដូចជាមានការផ្លាស់ប្ដូររូបកាយ និងដួងវិញ្ញាណថ្មី ហើយខ្ញុំពេញដោយអំណរចំពោះព្រះអម្ចាស់ ។
ខ្ញុំបានឃើញពីភាពអស្ចារ្យនូវភាពដែលគ្មានទីបញ្ចប់នៃក្រុមគ្រួសាររបស់ខ្ញុំ ។ ខ្ញុំមានអារម្មណ៍ថាពិសិដ្ឋខ្លាំងណាស់ ដូចបានត្រឡប់ទៅផ្ទះដែលបានបែកចេញមកជាយូរអញ្ចឹង មកជួបនឹងព្រះវរបិតា និងព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្គ្រោះជាទីស្រឡាញ់សារជាថ្មី ។ ខ្ញុំពិបាកនឹងពិពណ៌នាពីអារម្មណ៍ទាំងអស់នេះណាស់ គ្រាន់តែដឹងថាភ្នែកខ្ញុំចាប់ផ្ដើមមើលឃើញនូវអ្វីៗដែលព្រះបានបង្ហាញដល់ខ្ញុំ មួយវគ្គម្ដងៗ តាមរយៈពិធីបរិសុទ្ធទាំងឡាយ និងសេចក្ដីសញ្ញាទាំងឡាយដែលខ្ញុំបានធ្វើ គឺពិសិដ្ឋចំពោះខ្ញុំ ក្រុមគ្រួសារខ្ញុំ និងជីដូនជីតាខ្ញុំខ្លាំងណាស់ ។