បញ្ចាំងពន្លឺរបស់អ្នកចេញទៅ
ការបញ្ចាំងពន្លឺ នៅក្នុងសាធារណៈរដ្ឋឆែក
ចងក្រងដោយ សារ៉ុន ហ្គោដរិច ទស្សនាវដ្ដីសាសនាចក្រ
យើងគឺជាកុមារនៅថ្នាក់បឋមសិក្សានៅក្នុងសាធារណៈរដ្ឋឆែក ។ នេះគឺជារបៀបដែលយើងបញ្ចាំងពន្លឺនៅក្នុងប្រទេសរបស់យើង ។
មានគ្រាមួយ ខ្ញុំបានបាត់ស្រោមដៃដែលខ្ញុំចូលចិត្ត ។ ខ្ញុំកើតទុក្ខជាខ្លាំង ។ ម្តាយខ្ញុំ និងខ្ញុំបានអធិស្ឋាន ប៉ុន្តែយើងរកវាពុំឃើញទេ ។ ខ្ញុំបានព្យាយាមឲ្យមានសេចក្តីជំនឿ ។ មួយសប្តាហ៍ក្រោយមក ប្អូនប្រុសរបស់ខ្ញុំបានរកឃើញស្រោមដៃខ្ញុំនៅតាមផ្លូវ ! ព្រះបានឆ្លើយតបការអធិស្ឋានរបស់យើង ។ ខ្ញុំស្រឡាញ់ទ្រង់ ហើយខ្ញុំដឹងថា ទ្រង់មានព្រះជន្មរស់ !
អែនដ្រៀ ដបុលយូ អាយុ ៩ ឆ្នាំ
ខ្ញុំមានមិត្តភក្តិនៅសាលារៀនដែលពុំមែនជាសមាជិកសាសនាចក្រទេ ប៉ុន្តែពួកគេនៅតែគោរពបទដ្ឋានរបស់ខ្ញុំ ។ ពេលខ្ញុំនិយាយថា យើងគួរតែអធិស្ឋាន ពួកគេបានយល់ព្រម ! ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ។
អ៊ីវ៉ាណា អេ អាយុ ១១ ឆ្នាំ
មិត្តភក្ដិខ្ញុំ និងខ្ញុំកំពុងចុះទៅជាន់ក្រោម ។ ពេលយើងទៅដល់ជណ្តើរយោង ខ្ញុំមានអារម្មណ៍អត់ល្អ ហើយសូមកុំឲ្យមិត្តខ្ញុំប្រើជណ្តើរយោងនោះឡើយ ។ តែពួកគេបានសម្រេចចិត្តជិះជណ្តើរយោងនោះ ។ ខ្ញុំបានចុះតាមជណ្តើរធម្មតាវិញ ។ ពេលខ្ញុំចុះទៅដល់ជាន់ក្រោម មិត្តភក្ដិរបស់ខ្ញុំមិននៅទីនោះទេ ។ ជណ្តើរយោងនោះបានជាប់គាំង ! វាគាំងមួយរយៈពេលធំពីមុនពួកគេអាចចេញវិញបាន ។ ខ្ញុំរីករាយដែលគ្មានបញ្ហាអ្វីធ្ងន់ធ្ងរបានកើតឡើង ។ ខ្ញុំក៏ទទួលអារម្មណ៍ល្អដែលខ្ញុំបានធ្វើតាមព្រះវិញ្ញាណបរិសុទ្ធ ។
អាម៉ាលី អិន អាយុ ១០ ឆ្នាំ
នៅឯមាត់សមុទ្រ មេឃបានចាប់ផ្តើមងងឹត ។ ខ្យល់បានបោកបក់ ហើយធ្វើឲ្យមានរលកធំៗ ។ មានរន្ទះបាញ់ ផ្លេកបន្ទោរ និងដុំទឹកកកធំៗ ។ មនុស្សម្នាបានរត់ទៅរកទីជ្រក ។ យើងគ្មានគ្រោះថ្នាក់ដោយសារព្យុះនោះទេ ។ នៅតាមផ្លូវទៅផ្ទះវិញ យើងបានឃើញឥន្ទធនូបី ។ យើងដឹងថា ព្រះបានជួយ និងការពារយើង ។
ចាកូប ប៊ី អាយុ ១០ ឆ្នាំ
នៅសាលារៀន ខ្ញុំមានមិត្តម្នាក់ដែលគ្មាននរណាផ្សេងទៀតចង់រាប់អានគាត់ជាមិត្តឡើយ ។ ក្មេងផ្សេងទៀតបានចាប់ផ្តើមនិយាយពាក្យអាក្រក់ៗដាក់នាងដែលធ្វើឲ្យនាងមានអារម្មណ៍អាក្រក់ ។ ខ្ញុំបានប្រាប់គ្រូបង្រៀនរបស់ខ្ញុំ ហើយបានអញ្ជើញមិត្តរបស់ខ្ញុំឲ្យលេងជាមួយខ្ញុំ ។ វាធ្វើឲ្យមិត្តខ្ញុំរីករាយជាខ្លាំង !
លូមីឡា វី អាយុ ៨ ឆ្នាំ
ខ្ញុំបានខឹងនឹងម្តាយខ្ញុំ ដោយសារខ្ញុំពុំចង់ងូតទឹក ហើយចូលគេង ។ នៅថ្ងៃបន្ទាប់ខ្ញុំកើតទុក្ខដោយសារជម្រើសមិនល្អរបស់ខ្ញុំ ។ ម៉ាក់បាននិយាយថា យើងអាចអធិស្ឋាន ហើយទូលសូមការអភ័យទោសពីព្រះវរបិតាសួគ៌ ។ យើងបានលុតជង្គង់ ហើយអធិស្ឋាន ។ ខ្ញុំមានអារម្មណ៍ប្រសើរឡើងវិញ ។ ខ្ញុំបានរៀនថា យើងអាចប្រែចិត្ត ហើយដោយសារព្រះយេស៊ូវគ្រីស្ទ នោះយើងអាចទទួលបានការអត់ទោស ។
សាំយូអែល អេច អាយុ ៥ ឆ្នាំ
ខ្ញុំបានថ្លែងទីបន្ទាល់របស់ខ្ញុំនៅក្នុងព្រះវិហារ ។ វាត្រូវការភាពក្លាហាន ! ចាប់តាំងពីនោះមក ខ្ញុំមានអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ ។
អ៊ីលីស្កា ខេ អាយុ ១១ ឆ្នាំ
ពេលសត្វកណ្តុរដែលជាសត្វចិញ្ចឹមរបស់ខ្ញុំឈឺ ខ្ញុំបានអធិស្ឋានសម្រាប់វា ។ ខ្ញុំមានអំណរគុណចំពោះព្រះវរបិតាសួគ៌សម្រាប់ការជួយពួកយើង ។
អាណេតា ភី អាយុ ១០ ឆ្នាំ