ការចែកចាយ សេចក្តីស្រឡាញ់នៃព្រះ
មួយរយៈកន្លងទៅ គ្រួសារខ្ញុំ និងខ្ញុំបានប្តូរទៅរស់នៅរដ្ឋខេនធើឃី ។ ខ្ញុំពិតជាអន់ចិត្តណាស់ដោយសារខ្ញុំត្រូវចេញពីមិត្តភក្តិ និងសាច់ញាតិរបស់ខ្ញុំ ។ រដ្ឋខេនធើឃីគឺជារដ្ឋមួយផ្សេងពីកន្លែងដែលខ្ញុំធ្លាប់រស់នៅ ។ គ្រាដំបូងដែលយើងបានទៅព្រះវិហារ ខ្ញុំបានឃើញថា ពុំសូវមានមនុស្សច្រើននៅទីនោះឡើយ ។ ពេលខ្ញុំដឹងថា យើងមានសមាជិកតិចនៅសាខាដូច្នោះ ខ្ញុំបានសម្រេចចិត្តថា ជំនួសឲ្យការគិតមិនល្អអំពីសាខានេះ នោះខ្ញុំនឹងធ្វើអ្វីមួយ ។
នៅថ្ងៃបន្ទាប់ ម្តាយខ្ញុំ និងខ្ញុំបានទៅហាងទំនិញមួយ ។ ពីមុនយើងចេញពីផ្ទះ ខ្ញុំបានចាប់យកប័ណ្ណចែកចាយមួយដុំ ។ ពេលយើងទៅដល់ហាងទំនិញ ខ្ញុំបានយកស្ករគ្រាប់មួយដុំ ហើយបានចេញទៅបង់ប្រាក់ ។ បេឡាករបានស្កេនស្ករគ្រាប់នោះ បន្ទាប់មកហុចវាឲ្យខ្ញុំ ។ ខ្ញុំបានហុចវាត្រឡប់ទៅវិញ ។ គាត់បានមើលមកខ្ញុំដោយងឿងឆ្ងល់ ហើយនិយាយថា « ប្អូនទើបតែបានបង់ប្រាក់រួចសម្រាប់ស្ករគ្រាប់នេះ » ។
ខ្ញុំបាននិយាយថា « ខ្ញុំដឹង ប៉ុន្តែខ្ញុំជូនបងទុកជាអំណោយ » ។ បន្ទាប់មក ខ្ញុំបានដាក់ប័ណ្ណចែកចាយមួយជាមួយនឹងស្ករគ្រាប់នោះ ។ គាត់បានញញឹម ហើយអរគុណខ្ញុំ ។ គាត់បានមើលផ្នែកខាងក្រោយនៃប័ណ្ណចែកចាយនោះ នៅលើប័ណ្ណនោះខ្ញុំបានសរសេរថា « មនុស្សគ្រប់គ្នាគឺជាបុត្ររបស់ព្រះ » ។ ខ្ញុំបានដើរចេញទៅដោយមានសុភមង្គល ដោយដឹងថា ទោះបីជាគាត់ពុំចូលរួមសាសនាចក្រក្តី ខ្ញុំនៅតែបានធ្វើអ្វីមួយដែលល្អ ។
បន្តិចក្រោយមកនៅថ្ងៃដដែលនោះ ខ្ញុំបានចាំថា ខ្ញុំបានទុកប័ណ្ណចែកចាយដែលនៅសល់នៅកន្លែងម៉ាស៊ីនគិតប្រាក់នោះ ។ ក្រោយមក ពេលយើងបានទៅហាងនោះទៀត ខ្ញុំបានទៅសួរ ប្រសិនបើប័ណ្ណទាំងនោះនៅតែនៅទីនោះ ។ ក្រោយមក ខ្ញុំបានឃើញអ្វីមួយ ហើយខ្ញុំបានឈប់នៅស្ងៀម ។ ម៉ាស៊ីនគិតប្រាក់ប្រហែលជាប្រាំមានប័ណ្ណចែកចាយនោះដែលសរសេរថា « មនុស្សគ្រប់គ្នាគឺជាបុត្ររបស់ព្រះ » ។ បេឡាករនោះបានចែកចាយកាតទាំងនោះ ! ខ្ញុំមានអារម្មណ៍សប្បាយរីករាយចំពោះអ្វីដែលខ្ញុំបានធ្វើ ។