តើព្រះអម្ចាស់ ទ្រង់មានសេចក្ដីមេត្តាករុណាយ៉ាងណា
ភាគថ្មីជាច្រើនស្តីពីប្រវត្តិសាសនាចក្រនឹងជួយយើងឲ្យរក្សាសេចក្តីសញ្ញារបស់យើង តាមរយៈការពង្រីកការចងចាំរបស់យើងអំពីអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើសម្រាប់ពួកយើង ។
នៅគ្រាដំបូងក្នុងរយៈពេលជិតមួយរយឆ្នាំ នោះភាគថ្មីជាច្រើនស្តីពីប្រវត្តិសាសនាចក្រ ត្រូវបានបោះពុម្ពផ្សាយក្រោមការដឹកនាំរបស់គណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ ដែលមានចំណងជើងថា ពួកបរិសុទ្ធ ៖ ដំណើររឿងអំពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៅថ្ងៃចុងក្រោយ ប្រវត្តិនិទានកថានេះប្រាប់រឿងពិតអំពីមនុស្សសាមញ្ញដែលបានក្លាយជាពួកបរិសុទ្ធ តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ( សូមមើល ម៉ូសាយ ៣:១៩ ) ។ ភាគទីមួយ បទដ្ឋាននៃសេចក្តីពិត ១៨១៥–១៨៤៦ ឥឡូវនេះត្រូវបានបញ្ចប់ ហើយបកប្រែជា ១៤ ភាសាសម្រាប់ការបោះពុម្ពចែកផ្សាយដល់តំបន់ជាច្រើននៃពិភពលោក ។
សៀវភៅ ពួកបរិសុទ្ធ គឺជាដំណើររឿងស្តីពីរបៀបដែលព្រះបានស្តារសេចក្តីពិតអស់កល្បជានិច្ចរបស់ទ្រង់ ដោយសារតែសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះបុត្រាបុត្រីរបស់ទ្រង់ ។ វាបង្ហាញអំពីរបៀបដែលព្រះអម្ចាស់បានស្តារដំណឹងល្អរបស់ទ្រង់ ដើម្បីប្រទានសេចក្តីសង្ឃឹម និងភាពសុខសាន្តនៅក្នុងគ្រាដ៏ស្មុគស្មាញ ការសាកល្បង និងការរងទុក្ខ ។ វាក៏បង្ហាញអំពីរបៀបដែលសេចក្តីសញ្ញាដែលបានស្តារឡើងវិញ ដឹកនាំទៅរកភាពតម្កើងឡើងតាមរយៈព្រះយេស៊ូវគ្រីស្ទផងដែរ ។
អ្នកអាចរំពឹងគិតថា ដំណើររឿងនេះចាប់ផ្តើមជាមួយនឹងយ៉ូសែប ស៊្មីធ ប៉ុន្តែសៀវភៅ ពួកបរិសុទ្ធ ចាប់ផ្តើមនៅក្នុងឆ្នាំ ១៨១៥ ជាមួយនឹងបន្ទុះភ្នំភ្លើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលបានបណ្តាលឲ្យមានការស្លាប់ ជំងឺ និងផលប៉ះពាល់ជាសកល ។ ចំណុចចាប់ផ្តើមនេះត្រូវបានជ្រើសរើសនៅក្នុងពន្លឺនៃអ្វីដែលព្រះអម្ចាស់បានបើកសម្តែងអំពីរបៀបដែលទ្រង់បានស្តារសេចក្តីសញ្ញា ដែលចងភ្ជាប់ពួកយើងទៅនឹងព្រះអង្គសង្គ្រោះ ហើយធ្វើឲ្យយើងយកឈ្នះលើបញ្ហាទាំងអស់ក្នុងជីវិត ។
« យើងជាព្រះអម្ចាស់ដោយជ្រាបនូវគ្រោះដែលនឹងមានមកលើ បណ្តាជនទាំងឡាយនៅ លើផែនដីនោះបានហៅ យ៉ូសែប ស៊្មីធ ជុញ្ញ័រជាអ្នកបម្រើរបស់យើង ហើយបាននិយាយមកកាន់លោកពីលើស្ថានសួគ៌ ហើយបានប្រទានព្រះបញ្ញត្តិទាំងឡាយដល់លោក …
ដើម្បីឲ្យសេចក្តីសញ្ញាដ៏អស់កល្បអស់កាលជានិច្ចរបស់យើងអាចបានតាំងឡើង » ( គ. និង ស. ១:១៧, ២២ ) ។
ចេញមកពីការបើកឆាកនៃច្បាប់ចេញផ្សាយនេះរហូតដល់ការបោះពុម្ពចែកផ្សាយរបស់វាទូទាំងពិភពលោក នោះសៀវភៅ ពួកបរិសុទ្ធ ផ្តល់សញ្ញាបង្ហាញដល់បុត្រាបុត្រីរបស់ព្រះគ្រប់ទីកន្លែងថា វាជាដំណើររឿងនៃសេចក្តីសញ្ញារបស់ពួកគេជាមួយព្រះ ដែលត្រាស់ដឹងអំពីសេចក្តីលំបាករបស់ពួកគេ ។ តាមរយៈព្យាការីរបស់ទ្រង់ ព្រះបានរំឭកសេចក្តីសញ្ញាថា កុំឲ្យកម្ចាត់អំពើអាក្រក់ ទុក្ខព្រួយ ការរងទុក្ខ និងបែកចេញពីគ្នានៅពេលមរណៈឡើយ ប៉ុន្តែសន្យាប្រទានការព្យាបាលតាមរយៈដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ញែកចេញជាបរិសុទ្ធ និងផ្តល់ដល់ជីវិតរបស់យើងនូវអត្ថន័យដ៏មហស្ចារ្យ និងអះអាងដល់យើងថា ទំនាក់ទំនងដែលយើងរីករាយនៅលើផែនដីនេះអាចបន្តមានរហូតដល់អស់កល្បជានិច្ច « រួបរួមដោយសិរីល្អដ៏នៅអស់កល្បជានិច្ច » ( សូមមើល គ. និង ស. ១៣០:២ ) ។
ជំពូកទាំងប្រាំបីដំបូងនៃ បទដ្ឋាននៃសេចក្តីពិត ត្រូវបានបោះពុម្ពផ្សាយនៅក្នុងច្បាប់ចេញផ្សាយនៃទស្សនាវដ្តីនេះពេញមួយឆ្នាំ ។ ច្បាប់ចេញផ្សាយខែនេះ រួមមាននូវសេរីនៃជំពូកមកពីសៀវភៅ ពួកបរិសុទ្ធ ប៉ុន្តែដំណើររឿងបន្តមាននៅគេហទំព័រ saints.lds.org នៅក្នុងកម្មវិធី Gospel Library និងនៅក្នុងការបោះពុម្ព ( បញ្ជាទិញតាមរយៈគេហទំព័រ store.lds.org ) ។ ខ្ញុំសូមអញ្ជើញអ្នកឲ្យបន្តអានវានៅក្នុងបណ្តាញទាំងនេះ ។
លំនាំ និងផែនការរបស់ព្រះ
សៀវភៅ ពួកបរិសុទ្ធ បន្តលំនាំរបស់ព្រះដែលពួកព្យាការីប្រើប្រាស់ពេលអតីតកាលដែលជាផ្នែកនៃការងារបម្រើរបស់ពួកលោក ដើម្បីជួយយើងរៀនអំពីរបៀបដែលយើងជានរណា និងឃើញគោលបំណងរបស់ព្រះនៅក្នុងជីវិតរបស់យើង ។ នៅក្នុងព្រះគម្ពីរ ពួកព្យាការីជាច្រើនចាប់ផ្តើមការបង្រៀនរបស់ពួកលោក តាមរយៈការដំណាលរឿងនានាអំពីសេចក្តីមេត្តាករុណារបស់ព្រះចំពោះជីដូនជីតារបស់ពួកគេ ។១ មរ៉ូណៃបានដាស់តឿនអ្នកអានព្រះគម្ពីរមរមនឲ្យ « នឹកឃើញថា តើព្រះអម្ចាស់ទ្រង់មានសេចក្ដីមេត្តាករុណាយ៉ាងណា » ពេញមួយប្រវត្តិសាស្ត្រ « ហើយសូមរំពឹងគិតនៅក្នុងចិត្តអ្នកចុះ » ( មរ៉ូណៃ ១០:៣ ) ។ ការសញ្ជឹងគិតអំពីសេចក្តីល្អរបស់ព្រះរៀបចំយើងឲ្យទទួលទីបន្ទាល់អំពីព្រះវិញ្ញាណ ដែលបង្រៀនយើង « អំពីរឿងទាំងឡាយ តាមដែលមាននៅពេលនេះ ហើយអំពីរឿងទាំងឡាយ តាមដែលនឹងមាននៅពេលខាងមុខ » ( យ៉ាកុប ៤:១៣ សូមមើលផងដែរ មរ៉ូណៃ ១០:៤–៥ ) ។
ការដឹងថា ព្រះមាតាបិតាសួគ៌របស់យើងបានដាក់ផែនការសម្រាប់សុភមង្គល និងភាពតម្កើងឡើងដ៏សំខាន់បំផុតរបស់យើង ផ្តល់ឲ្យយើងនូវទស្សនវិស័យ ផ្តល់អត្តសញ្ញាណដល់យើងក្នុងនាមជាបុត្រាបុត្រីជាទីស្រឡាញ់នៃព្រះមាតាបិតាសួគ៌ ហើយបង្កើនទំនុកចិត្តរបស់យើងលើព្រះអម្ចាស់ ទោះបីជានៅគ្រានៃទុក្ខវេទនាក្តី ។ ការចងចាំអំពីសេចក្តីល្អនៃព្រះអម្ចាស់ក៏អាចជួយការពារយើងប្រឆាំងភាពឆ្មើងឆ្មៃ និងគ្រោះថ្នាក់នៃភាពចម្រុងចម្រើន ។ មរមនបានសរសេរអំពីគ្រាមួយ នៅពេលពួកសាសន៍នីហ្វៃ « ចាប់ផ្ដើមដុះដាល មានទ្រព្យច្រើនជាអតិបរមា » ។ ប៉ុន្តែពុំដូចជាគ្រាផ្សេងទៀតនៅក្នុងព្រះគម្ពីរមរមនឡើយ នៅពេលប្រជាជនបានអនុញ្ញាតឲ្យភាពឆ្មើងឆ្មៃ និងទ្រព្យសម្បត្តិនាំឲ្យពួកគេធ្លាក់ចុះ នោះពួកគេបានដើរតាមផ្លូវមួយផ្សេងទៀតនាលើកនេះ ៖ « ប៉ុន្តែទោះជាគេមានទ្រព្យដ៏ស្តុកស្ដម្ភ ឬមានកម្លាំង ឬមានការចម្រើនក្ដី គង់តែពួកគេពុំលើកខ្លួនឡើងក្នុងការឆ្មើងឆ្មៃនៃភ្នែករបស់គេទេ ហើយពួកគេក៏មិនកម្រនឹកឃើញដល់ព្រះអម្ចាស់ជាព្រះរបស់ពួកគេដែរ ប៉ុន្តែពួកគេបានបន្ទាបខ្លួនជាខ្លាំងនៅចំពោះទ្រង់ » ។ ពួកគេបានរក្សាសេចក្តីសញ្ញារបស់ខ្លួន ហើយបន្តនៅសុចរិត ដោយសារ « ពួកគេបាននឹកឃើញដល់កិច្ចការដ៏អស្ចារ្យទាំងឡាយ ដែលព្រះអម្ចាស់ទ្រង់បានធ្វើដើម្បីពួកគេ » ( សូមមើល អាលម៉ា ៦២:៤៨–៥០ ) ។
សៀវភៅ ពួកបរិសុទ្ធ បង្រៀនមេរៀនដូចគ្នានេះ និងអ្វីៗជាច្រើនទៀត ។ សៀវភៅនេះនឹងជួយអ្នកឲ្យឃើញជំនួយរបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់អ្នក នៅពេលអ្នកដកបទពិសោធន៍ដោយប្រយោលអំពីការសាកល្បងនៃសេចក្តីជំនឿ ការឈឺចាប់ និងអំណរ វិវរណៈ និងដំណោះស្រាយនៃមនុស្សដែលមិនល្អឥតខ្ចោះដែលស្រឡាញ់ព្រះអម្ចាស់ និងទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ទ្រង់ ។
នៅពេលអ្នកអាន អ្នកនឹងរកឃើញការយល់ដឹង និងអត្ថន័យថ្មីៗ ទោះបីនៅក្នុងរឿងដែលអ្នកធ្លាប់ឮពីមុនក្តី ។ គ្មានឆុតឆាកណានៅក្នុងប្រវត្តិសាស្ត្រសាសនាចក្រដែលគេស្គាល់ប្រសើរជាងការនិមិត្តដំបូងរបស់យ៉ូសែប ស៊្មីធ ឡើយ ប៉ុន្តែសៀវភៅ ពួកបរិសុទ្ធ ជួយយើងឲ្យយល់កាន់តែច្បាស់អំពីរបៀបដែលយ៉ូសែបពុះពារដោះស្រាយនូវអ្វីដែលលោកមាននៅក្នុងចិត្តលោកជាមួយអ្វីដែលលោកបានគិតនៅក្នុងគំនិតលោក ។
បំណងប្រាថ្នាដ៏ស្មោះត្រង់របស់យ៉ូសែបដើម្បីទទួលការអភ័យទោសពីព្រះអង្គសង្គ្រោះពុំបានបំពេញឡើយ ដោយសារលោកបានសង្កេតឃើញថា គ្មានព្រះវិហារណាមួយបង្រៀន « ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ដូចមានកត់ត្រានៅក្នុងព្រះគម្ពីរសញ្ញាថ្មីឡើយ » ។២ នៅក្នុងចិត្តរបស់លោក យ៉ូសែបបានពិចារណាថា តើព្រះវិហារណាមួយត្រឹមត្រូវ ឬព្រះវិហារទាំងនោះសុទ្ធតែខុសទាំងអស់ ។ ក្នុងចិត្តរបស់លោក លោកបានសង្ឃឹមយ៉ាងខ្លាំងថា ពិតជាមានព្រះវិហារណាមួយពិត ដើម្បីគាត់អាចរកឃើញភាពសុខសាន្តដែលគាត់ស្វែងរក ។ ជាមួយនឹងគំនិត និងដួងចិត្តដែលត្រូវគ្នា នោះយ៉ូសែបបានដឹងថា លោកអាចទូលសួរព្រះ ។ លោកបានទៅព្រៃដើម្បីអធិស្ឋាន ។ នៅទីនោះ លោកបានឃើញព្រះវរបិតា និងព្រះរាជបុត្រា ដែលបានអភ័យទោសឲ្យលោក ហើយបានដោះស្រាយទ្វេគ្រោះរបស់លោកក្នុងរបៀបមួយដែលលោកពុំធ្លាប់ស្រមៃដល់ ។៣
យ៉ូសែប ក្រុមគ្រួសាររបស់លោក និងមនុស្សជាច្រើនផ្សេងទៀតដែលទទួលយកសេចក្តីសញ្ញាដែលស្តារឡើងវិញរបស់ព្រះអម្ចាស់ ចង់ទទួលសេចក្តីស្រឡាញ់របស់ព្រះសម្រាប់ពួកគេ រៀនអំពីរបៀបដែលពួកគេអាចខិតកាន់តែជិតទ្រង់ និងព្យាបាលទំនាក់ទំនងជាមួយមនុស្សជាទីស្រឡាញ់ ។ សៀវភៅ ពួកបរិសុទ្ធ ប្រាប់អំពីរឿងរបស់ពួកគេ ។
ការទុកចិត្តលើព្រះអម្ចាស់អំឡុងគ្រាសាកល្បង
ភាគទី ១ នៃសៀវភៅ ពួកបរិសុទ្ធ រួមមានរឿងដ៏រំជួលចិត្តអំពី អាម៉ានដា បាណេស ស្ម៊ីធ និងគ្រួសាររបស់គាត់ ដែលគោរពតាមបទបញ្ញត្តិរបស់ព្រះអម្ចាស់ ហើយបានធ្វើតាមព្រះទ័យរបស់ទ្រង់ ។៤ ស្វាមីរបស់អាម៉ានដា និងកូនប្រុសម្នាក់របស់គាត់ត្រូវបានគេសម្លាប់យ៉ាងឃោរឃៅជាមួយនឹងពួកបរិសុទ្ធថ្ងៃចុងក្រោយ ១៥ នាក់ដទៃទៀត ដែលបានបោះជំរំនៅក្នុងការតាំងទីលំនៅតូចមួយនៅ ស្សូល គ្រិគ ក្នុងរដ្ឋមិសសួរី ។ ព្រះអម្ចាស់គាំទ្រអាម៉ានដាតាមរយៈបទពិសោធន៍ដ៏អាក្រក់នោះ បានឆ្លើយតបការអធិស្ឋានរបស់គាត់ បានប្រទានភាពក្លាហាន និងធ្វើឲ្យគាត់អាចព្យាបាលកូនប្រុសដែលមានរបួសដ៏ធ្ងន់ធ្ងររបស់គាត់ ។៥
សៀវភៅ ពួកបរិសុទ្ធ បង្ហាញអំពីរបៀបដែលអាម៉ានដា បានរៀនទុកចិត្តលើព្រះអម្ចាស់តាមរយៈសេចក្តីវេទនាដ៏ខ្លាំងក្លា ។ សៀវភៅនេះក៏ប្រាប់នូវអ្វីដែលយ៉ូសែប ស្ម៊ីធ បានរៀនអំពីសេចក្តីល្អនៃព្រះ ទោះបីនៅក្នុងគ្រានៃការរងទុក្ខក្តី ។ សៀវភៅនេះបង្ហាញថា ការដឹងអំពីទំនាក់ទំនងនៃព្រះអម្ចាស់ ផ្តល់ទស្សនវិស័យអស់កល្បជានិច្ចដល់យើង ជួយយើងឲ្យឃើញនូវអ្វីៗតាមដែលមាននៅពេលនេះ និងមាននៅពេលខាងមុខ ហើយជួយពួកគេឲ្យអនុវត្តសេចក្តីជំនឿថា ព្រះអម្ចាស់នឹងទតឃើញយើងតាមរយៈគ្រាលំបាកនានា ។
នៅពេលព្យាការីយ៉ូសែបបានរៀនអំពីអ្វីដែលបានកើតឡើងចំពោះគ្រួសាររបស់អាម៉ានដា និងអ្នកដទៃទៀតនៅ ស្សូល គ្រិគ នោះលោកបានទទួលអារម្មណ៍ថា លោកគួរចូលគុក ឬត្រូវគេសម្លាប់ជាជាងទុកឲ្យពួកបរិសុទ្ធត្រូវបានគេប្រល័យចោល ។ នៅថ្ងៃបន្ទាប់ លោកបានព្យាយាមជជែកតវ៉ានូវដំណោះស្រាយដ៏សន្តិភាពមួយជាមួយទាហានរដ្ឋមិសសួរី ដែលប្រុងប្រៀបវាយប្រហារទីលំនៅសំខាន់របស់ពួកបរិសុទ្ធនៅ ហ្វា វេស ។ ផ្ទុយទៅវិញ យ៉ូសែបត្រូវបានចាប់ខ្លួន ហើយចាត់ទុកដូចជាអ្នកមានទោស ។
ជិតប្រាំខែក្រោយមក យ៉ូសែបបានបន្តនៅក្នុងការឃុំឃាំង បង្ខាំងនៅក្នុងភាពត្រជាក់ រមួលក្រពើក្នុងគុកនៅជាន់ក្រោមក្នុងគុកលីប៊ើធី រដ្ឋមិសសួរី ។ លោកបានឆ្ងល់ថា តើព្រះលាក់ព្រះកាយនៅឯណា ហើយតើលោកអាចទ្រាំនឹងស្តាប់ការស្រែកយំរបស់ពួកស្ត្រីមេម៉ាយ និងក្មេងកំព្រាបានយូរប៉ុន្មានទៀត ។ លោកបានអធិស្ឋានថា « ឱព្រះអម្ចាស់អើយ តើពួកគេត្រូវរងទុក្ខចំពោះកំហុស និងការសង្កត់សង្កិនដ៏ខុសច្បាប់ទាំងនេះដល់ណាទៅមុនព្រះហឫទ័យរបស់ទ្រង់នឹងបានទន់ទៅរកពួកគេ ហើយមុនព្រះអង្គមានចិត្តក្ដួលដោយសេចក្ដីមេត្តាករុណាដល់ពួកគេ ? » ( គ. និង ស. ១២១:៣ ) ។
សៀវភៅ ពួកបរិសុទ្ធ បង្រៀនពួកយើងថា សេចក្តីវេទនាពុំមែនជាភស្តុតាងនៃការមិនពេញព្រះទ័យរបស់ព្រះ ឬការដកយកពរជ័យរបស់ទ្រង់ឡើយ ។ ការផ្ទុយគឺជាផ្នែកមួយនៃផែនការរបស់ព្រះ ដើម្បីបន្សុទ្ធយើង និងរៀបចំយើងសម្រាប់ជោគវាសនាសេឡេស្ទាលដ៏អស់កល្បមួយ ( សូមមើល នីហ្វៃទី ២ ២:១១ ) ។ យ៉ូសែបបានរៀនថា ការរងទុក្ខដ៏គ្មានដែនកំណត់របស់ព្រះអង្គសង្គ្រោះ ធ្វើឲ្យទ្រង់ជួយពួកយើង នៅពេលពួកយើងរងទុក្ខ ហើយទីបំផុតលើកតម្កើងយើង ( សូមមើល អាលម៉ា ៧:១១–១៣ ) ។ ក្នុងការឆ្លើយតបចំពោះការស្រែកយំអំពាវនាវដ៏ឈឺចាប់របស់យ៉ូសែប នោះព្រះអម្ចាស់បានរៀបរាប់នូវឧបសគ្គទាំងអស់ពីមុនបញ្ចប់ ៖
« បុត្រយើងអើយ ចូរអ្នកដឹងថា គ្រប់ការណ៍ទាំងនេះនឹងផ្ដល់ការពិសោធន៍ដល់អ្នក ហើយនឹងទៅជាការល្អដល់អ្នកទៅវិញ ។
កូនមនុស្សបានចុះទាបជាងការណ៍ទាំងនោះទៅទៀត ។ តើអ្នកធំជាងទ្រង់ឬអី ? » ( គ. និង ស. ១២២:៧–៨ ) ។
ការដកបទពិសោធន៍នូវ រឿងទាំងនេះ ដោយខ្លួនយើងអាចផ្តល់ដល់យើងនូវសេចក្តីអាណិតអាសូរដូចជាព្រះគ្រីស្ទដល់អស់អ្នកដែលរងទុក្ខ ។ យ៉ូសែបបានដឹងអំឡុងពេលនៅក្នុងគុកថា « ចិត្តរបស់ខ្ញុំនឹងកាន់តែទន់ភ្លន់ជាងពីមុនជានិច្ចបន្ទាប់ពីរឿងនោះមក » ។ លោកប្រាថ្នាថា លោកអាចនៅជាមួយពួកបរិសុទ្ធដើម្បីលួងលោម និងលួងចិត្តរបស់ពួកគេ ។ លោកបានពន្យល់ថា « ខ្ញុំពុំអាចមានអារម្មណ៍ដូចខ្ញុំមាននាគ្រានេះទេ ប្រសិនបើខ្ញុំពុំរងទុក្ខនូវកំហុសដែលខ្ញុំបានអត់ទ្រាំ » ។៦
ហេតុផលមួយដែលគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បង្គាប់ និងអនុមតិ សៀវភៅ ពួកបរិសុទ្ធ នេះគឺថា វាអាចជួយយើងម្នាក់ៗឲ្យដកពិសោធន៍នូវ រឿងទាំងនេះ តាមរយៈរឿងរបស់មនុស្សដទៃ ។ យើងអាចរៀនមកពីអាម៉ានដាថា ទោះបីជាពេលដែលព្រះទតឃើញថា សក្តិសមនៅក្នុងព្រះប្រាជ្ញាដ៏គ្មានដែនកំណត់របស់ទ្រង់ដោយពុំរារាំងអំពើអាក្រក់ ឬការរងទុក្ខ នោះទ្រង់ស្រឡាញ់យើង ហើយទ្រង់ខ្វល់ព្រះទ័យពីយើង ។ ទ្រង់ស្តាប់ការអធិស្ឋានរបស់យើង ហើយមានក្ដីមេត្តាករុណា និងមានព្រះទ័យល្អ ។
បានស្តារឡើងវិញនូវពរជ័យព្រះវិហារបរិសុទ្ធ
គ្មានកន្លែងណាដែលសេចក្តីមេត្តា និងសេចក្តីសប្បុរសបង្ហាញដល់យើងច្រើនជាងនៅក្នុងព្រះវិហារបរិសុទ្ធឡើយ ។ ចំណុចសំខាន់នៃសៀវភៅ ពួកបរិសុទ្ធ គឺជាដំណើររឿងនៃពរជ័យព្រះវិហារបរិសុទ្ធដែលបានស្តារឡើងវិញ ។ ភាគទីមួយបញ្ចប់នៅពេលពួកបរិសុទ្ធថ្ងៃចុងក្រោយរាប់ពាន់នាក់ទទួលពិធីបរិសុទ្ធពិសិដ្ឋនៅក្នុងព្រះវិហារបរិសុទ្ធណៅវូក្នុងឆ្នាំ ១៨៤៦ ។ ភាគទីពីរនឹងបញ្ចប់នៅក្នុងការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធសលត៍ លេក ហើយពួកបរិសុទ្ធចាប់ផ្តើមទទួលពិធីបរិសុទ្ធនៅទីនោះក្នុងឆ្នាំ ១៨៩៣ ។ ភាគទីបីនឹងបញ្ចប់ជាមួយនឹងពួកបរិសុទ្ធនៅអឺរ៉ុបចាប់ផ្តើមប្រមូលផ្តុំគ្នាទៅព្រះវិហារបរិសុទ្ធនៅប្រទេសស្វីសក្នុងឆ្នាំ ១៩៥៥ ។ ភាគទីបួននឹងនាំមកនូវដំណើររឿងមកដល់សម័យបច្ចុប្បន្ន នៅពេលព្រះវិហារបរិសុទ្ធមានច្រើននៅលើផែនដី ហើយពួកបរិសុទ្ធនៅជុំវិញសកលលោកទទួលពិធីបរិសុទ្ធនៃភាពតម្កើងឡើង ដូចដែលពួកព្យាការីបានគិតឃើញកាលពីយូរលង់ណាស់មកហើយ ។
នៅក្នុងដំណាក់នៃព្រះអម្ចាស់ យើងចុះសេចក្តីសញ្ញា ហើយទទួលអំណាចដើម្បីឈ្នះលើឥទ្ធិពលនៃការធ្លាក់ រួមទាំងអំពើអាក្រក់ និងការរងទុក្ខនៅក្នុងពិភពលោកនេះ ។ យើងទទួលការការពារ និងអំណាចដ៏ខ្លាំងក្លាដើម្បីចេញមកនៅក្នុងដំណើររស់ឡើងវិញ ផ្សារភ្ជាប់ជាមួយមនុស្សជាទីស្រឡាញ់ជារៀងរហូត ។
សៀវភៅ ពួកបរិសុទ្ធ នឹងជួយយើងឲ្យរក្សាសេចក្តីសញ្ញាតាមរយៈការពង្រីកការចងចាំរបស់យើងនៅក្នុងរបៀបនៃពិធីសាក្រាម៉ង់ ។ វានឹងជួយយើងឲ្យចងចាំជានិច្ចនូវអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើសម្រាប់យើង ? បើគ្មានកំណត់ត្រាពីទំនាក់ទំនងរបស់ព្រះកាលពីអតីតកាល នោះយើងពុំអាច « នឹកឃើញថា តើព្រះអម្ចាស់ទ្រង់មានសេចក្ដីមេត្តាករុណាយ៉ាងណាដល់កូនចៅមនុស្ស » នោះទេ ( មរ៉ូណៃ ១០:៣ ) ។ ដោយសារហេតុផលទាំងនេះហើយ យើងជំពាក់គុណព្រះអម្ចាស់ និងពួកបរិសុទ្ធដែលបានកត់ត្រាបទពិសោធន៍របស់ពួកគេអំពីសេចក្តីស្រឡាញ់របស់ទ្រង់ដល់ពួកគេ ។ ព្រះអម្ចាស់បានបង្គាប់ឲ្យយ៉ូសែប ស្ម៊ីធ កត់ត្រាបទពិសោធន៍របស់លោក ( សូមមើល គ. និង ស. ២១:១ ) ។ ទ្រង់បានបង្គាប់ឲ្យអ្នកប្រវត្តិសាស្ត្រសាសនាចក្រធ្វើការក្រោមការដឹកនាំរបស់យ៉ូសែបដើម្បី « ឲ្យកត់បញ្ជី និងប្រវត្តិសាសនាចក្រជានិច្ច » ( គ. និង ស. ៤៧:៣ ) ។ ទ្រង់បានបង្គាប់ថា ប្រវត្តិសាស្ត្ររួមមាន « គ្រប់ទាំងអស់ ដែលនឹងទៅជាការល្អដល់សាសនាចក្រ និងដល់តំណមនុស្សមានវ័យធំឡើង » ( គ. និង ស. ៦៩:៨ ) ។
ជាមួយនឹងវិវរណៈទាំងនេះ និងសេចក្តីសញ្ញាដើម្បីចងចាំព្រះអង្គសង្គ្រោះជានិច្ចនៅក្នុងចិត្ត នោះគណៈប្រធានទីមួយ និងពួកសាវកដប់ពីរនាក់បានចាប់ផ្តើមដាក់ផែនការអំពីសៀវភៅ ពួកបរិសុទ្ធ តាំងពី ១០ ឆ្នាំមុន ។ ឥឡូវនេះ យើងសូមលើកទឹកចិត្តអ្នកឲ្យអានវា ដោយទុកចិត្តថា វានឹងជួយអ្នកនៅក្នុងការយល់ដឹងអំពីផែនការរបស់ព្រះឲ្យឃើញថា តើព្រះអម្ចាស់ទ្រង់មានសេចក្ដីមេត្តាករុណាយ៉ាងណា ឲ្យស៊ូទ្រាំដោយស្មោះត្រង់នៅក្នុងគ្រាល្អ និងគ្រាអាក្រក់ ឲ្យទទួលបានសេចក្តីអាណិតអាសូរដូចជាព្រះគ្រីស្ទសម្រាប់មនុស្សដទៃ និងរក្សាសេចក្តីសញ្ញាដែលនាំអ្នកឆ្ពោះទៅរកភាពតម្កើងឡើង ។