រឿងក្នុងព្រះគម្ពីរ
ព្រះនាងអេសធើរ
ដកស្រង់ពី នាងអេសធើរ ២–៨ ។
នាងអេសធើរគឺជាម្ចាស់ក្សត្រី ។ ព្រះនាងបានរៀបការនឹងស្តេចនៃស្រុកពើស៊ី ។
ស្តេចនោះមានមិត្តម្នាក់ជាមនុស្សអាក្រក់ ។ មនុស្សអាក្រក់នោះបានបញ្ឆោតស្តេចឲ្យបង្កើតក្រឹត្យវិន័យមួយដែលថា ពួកសាសន៍យូដាទាំងអស់ត្រូវយកទៅសម្លាប់ចោល ! ស្តេចពុំបានដឹងឡើយថា ព្រះនាងអេសធើរដែលជាមហេសីរបស់ទ្រង់គឺជាសាសន៍យូដាទេ ។
ព្រះនាងអេសធើរបានសម្រេចចិត្តទៅសូមស្វាមីព្រះនាងដែលជាស្តេចឲ្យទុកជីវិតដល់ប្រជាជនរបស់ព្រះនាង ។ ប៉ុន្តែព្រះនាងបានបារម្ភថា ស្តេចនឹងខ្ញាល់ ។ ព្រះនាងអេសធើរបានសុំឲ្យពួកសាសន៍យូដាទាំងអស់តមអាហារ និងអធិស្ឋានឲ្យព្រះនាង ។ បន្ទាប់មក ព្រះនាងអេសធើរបានចូលទៅគាល់ស្ដេច ។ ស្តេចពុំបានខ្ញាល់ទេ !
ព្រះនាងអេសធើរបានអញ្ជើញស្តេច និងមិត្តភក្តិរបស់ទ្រង់សោយអាហារពេលល្ងាច ។ នៅឯអាហារពេលល្ងាចនោះ ព្រះនាងអេសធើរបានប្រាប់ស្តេចថា ព្រះនាង គឺជាសាសន៍យូដា ។ ស្តេចបានខ្ញាល់ដែលមិត្តរបស់ទ្រង់បានបញ្ឆោតទ្រង់ ។ ទ្រង់បានប្រាប់ពួកសាសន៍យូដាថា ពួកគេអាចការពារខ្លួនបាន ។ ព្រះនាងអេសធើរបានសង្គ្រោះជីវិតប្រជាជនរបស់ព្រះនាង !
យើងអាចទូលសូមជំនួយពីព្រះវរបិតាសួគ៌ ។ យើងអាចក្លាហាន និងមានចិត្តក្លាហានដូចព្រះនាងអេសធើរដែរ ។