២០១៨
ស៊ុត ហ្វ៊ុយហ្សីប និង​សេចក្តីជំនឿ
ខែ តុលា ២០១៨


ស៊ុត ហ្វ៊ុយហ្សីប និង​សេចក្តីជំនឿ

អាលវ៉ារូ អាលសៀណូ ទីក្រុង​អានតូហ្វាហ្គាស្តា ប្រទេស ឈីលី

pencil sharpener

រចនា​រូបភាព​ដោយ ខារ៉ូលីន វីបប៊ើត

គោលដៅ​មួយ​របស់​យើង​ជា​គ្រួសារ​គឺ​សន្សំ​ប្រាក់​គ្រាប់គ្រាន់​ដើម្បី​បង់​ប្រាក់កក់​យក​ផ្ទះ​ផ្ទាល់​ខ្លួន​របស់​យើង ។ ប្រសិនបើ​គ្មាន​គោលដៅ​នេះ​ទេ ខ្ញុំ​ប្រហែល​ជា​ចំណាយ​ពេល​ឥតប្រយោជន៍​នៅ​ចុង​សប្តាហ៍​មើល​ទូរទស្សន៍ ដោយ​ទន្ទឹង​ចាំ​មើល​ឱកាស​ហិរញ្ញវត្ថុ​កើត​មាន​ចំពោះ​ខ្ញុំ ។

ក្នុង​នាម​ជា​អ្នក​បើកបរ​ឲ្យ​ក្រុមហ៊ុន​ជីករ៉ែ​មួយ​នៅក្នុង​ប្រទេស​ឈីលីភាគ​ខាង​ជើង ខ្ញុំធ្វើការ​នៅ​ឆ្ងាយ​ពី​ផ្ទះ​រយៈពេល​បួន​ថ្ងៃ​នៅ​ឯ​អណ្តូង​រ៉ែ ហើយ​បន្ទាប់​មក​មាន​ថ្ងៃ​ឈប់សម្រាក​បី​ថ្ងៃ — ថ្ងៃ​សៅរ៍​រហូត​ដល់​ថ្ងៃ​ចន្ទ ។ ដើម្បី​បន្ថែម​ប្រាក់​ចំណូល និង​ប្រាក់​សន្សំ​ដើម្បី​ទិញ​ផ្ទះ យើង​បាន​សម្រេច​ចិត្ត​ចាប់ផ្តើម​លក់​ស៊ុត ។ គម្រោង​របស់​យើង​គឺ​លក់​ស៊ុត​ឲ្យ​មិត្តភក្តិ អ្នកជិតខាង និង​សមាជិក​សាសនាចក្ររបស់​យើង ដោយ​យើងទិញ​ស៊ុត​ប្រហែល​ជា ១០០០ ស៊ុត​រៀងរាល់​សប្តាហ៍​មក​ពី​អ្នក​លក់​ដុំ​ម្នាក់ បន្ទាប់​មក​ទៅ​ដឹកវា ហើយ​ចែកចាយ​ស៊ុត​នោះ​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​ចន្ទ ។

ឡរ៉ា​ភរិយា​របស់​ខ្ញុំ និង​ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា យើង​នឹង​យក​កូន​ពីរនាក់​របស់យើង​ទៅ​ជាមួយ​យើង​ពេល​ចែកចាយ ហើយ​មាន​ពេល​រីករាយ​ជាមួយ​គ្នា ។ ប៉ុន្តែ​នៅពេល​យើង​នៅ​តាម​ផ្លូវ​ទៅ​ទិញ​ស៊ុត​ជា​លើក​ដំបូង​របស់​យើង ឡាន​យើង​បាន​ខូច ។ ដោយ​លេង​ជាមួយ​ប្រដាប់​ខួង​ខ្មៅដៃ​ដែក​ដ៏​តូច​មួយ នោះ​កូន​ម្នាក់​របស់​យើង​បាន​បោះ​ប្រដាប់​ខួង​នោះ ហើយ​វា​បាន​ធ្លាក់​ចំ​ត្រង់​កន្លែង​ដាក់​ដែកកេះ​ជក់​បារី​ទទេ ។ ផ្កា​ភ្លើង​បាន​ខ្ទាត​ឡើង​មក ហើយ​ឡាន​របស់​យើង​បាន​ដាច់​ភ្លើង​ទាំងអស់ ធ្វើ​ឲ្យ​ឡាន​ឈប់​ងក់ភ្លាម​នៅ​ចំកណ្តាល​ទ្រូង​ផ្លូវ​ធំ​មួយ ។ ឡាន​យើង​បាន​ដាច់​ហ្វ៊ុយហ្សីប ។

នៅពេល​យើង​អង្គុយ​នៅ​ទីនោះ​ដោយ​ធ្វើ​ឲ្យ​កកស្ទះ​ចររាចរណ៍ ហើយ​មិនដឹង​ជា​ធ្វើ​ដូចម្តេច នោះ​យើង​មាន​ភាពស្មុគស្មាញ​ជា​ខ្លាំង​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ចង់​យំ ។ ប៉ុន្តែ​នៅ​គ្រា​នោះ ខ្ញុំ​បាន​ចាំ​ថា ព្រះអម្ចាស់​បាន​សន្យា​ថា លើក​យើង​ឡើង និង​ជួយ​យើង ប្រសិនបើ​យើង​ដាក់​ទីទុកចិត្ត​របស់​យើង​លើ​ទ្រង់ ។ ភាព​ស្ងប់សុខ​បាន​កើត​មាន​មក​លើ​ខ្ញុំ ។ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ពុំ​អាច​គ្រាន់តែ​អង្គុយ​នៅ​ទីនោះ ហើយ​រអ៊ូរទាំ​ឡើយ ។ យើង​មាន​បញ្ហា ហើយ​ដោយ​មាន​ជំនួយ​ពី​ព្រះ នោះ​យើង​អាចដោះស្រាយ​វា​បាន ។

ឡរ៉ា និង​ខ្ញុំ​បាន​បែរ​មើល​មុខ​គ្នា ហើយ​និយាយ​ថា « យើង​ត្រូវតែ​បង្ហាញ​សេចក្តីជំនឿ » ។ យើង​បាន​អធិស្ឋាន ហើយ​ជូត​ទឹកភ្នែក​របស់​ពួកយើង ។ បន្ទាប់​មក ខ្ញុំ​ចេញ​ទៅ​ក្រៅ​ដើម្បីរុញ​ឡាន ហើយ​ឡរ៉ា​កាច់​ចង្កូត ។ មនុស្ស​មួយ​ចំនួន​ចេញ​មក​ពី​ឡានរបស់​ពួកគេ​ហើយ​ជួយ​រុញ​ឡាន​ខ្ញុំ ។

យើង​បាន​រុញ​ឡាន​ប្រហែល​ជា ២០០ ម៉ែត្រ ពីមុន​យើង​អាច​រកឃើញ​កន្លែង​សុវត្ថិភាព​មួយ​ចេញពី​ផ្លូវ​ធំ​នោះ​ដើម្បី​ចត ។ នៅពេល​ឡាន​បានរំកិល​ទៅ​កន្លែង​ឈប់​មួយ ខ្ញុំ​ឃើញ​ថា យើង​បាន​ចត​ឡាន​នៅ​ផ្នែក​ខាង​ស្តាំ​នៅ​ពីមុខ​ហាង​ឡានស្ទេរ៉េអូ ។

ខ្ញុំ​បាន​រកទីតាំង​ហ្វ៊ុយហ្សីប​ដែល​ខូច​នោះ ហើយ​ដើរ​ទៅ​ក្នុង​ហាង​រួច​សួរ​ថា « តើ​អ្នក​មាន​លក់​អានេះ​ទេ ? »​

អ្នក​លក់​បាន​តប​ថា « មាន » ។

ខ្ញុំ​បាន​ទិញ​ហ្វ៊ុយហ្សីប​មួយ ហើយ​ដាក់​វា​នៅកន្លែង​វា​វិញ ឡាន​បាន​ឆេះ​ឡើង​វិញ ហើយ​យើង​បាន​ចេញ​ដំណើរ​ទៅ​មុខ​ទៀត ។ អ្នក​លក់​ស៊ុត​នោះ​នៅ​ជិត​កន្លែង​ដែល​យើង​ទើប​តែ​បើក​ឡាន​ចេញ​ទៅ​នោះ ។ យើង​បាន​ទិញ​ស៊ុត ហើយ​ដឹក​យក​ទៅ​ឲ្យ​គេ ។

ពេល​យើង​មាន​ឧបសគ្គ យើង​ត្រូវតែ​ចងចាំ​ទូលសូម​ជំនួយ​ពី​ព្រះវរបិតាសួគ៌​របស់​យើង ។ ខ្ញុំ​ដឹង​ថា ទ្រង់​នឹង​ឆ្លើយ​តប​យើង នៅពេល​យើង​បន្ត​ឆ្ពោះទៅមុខ ហើយ​បង្ហាញ​សេចក្តីជំនឿ​របស់​យើង​លើ​ទ្រង់ ។