២០១៨
ការទទួល​ជំនួយ​ដើម្បី​ជួយ​មនុស្ស​ដទៃ
ខែ តុលា ២០១៨


គោលការណ៍​នៃ​ការងារបម្រើ

ការទទួល​ជំនួយ​ដើម្បី​ជួយ​មនុស្ស​ដទៃ

តើ​យើង​អាច​ឲ្យ​មនុស្ស​ដទៃ​ចូលរួម​នឹង​យើង នៅពេល​យើង​ត្រូវការ​ជំនួយ​ក្នុង​កិច្ចខិតខំ​របស់​យើង​ដើម្បី​ផ្តល់​ការងារបម្រើ​យ៉ាង​ដូចម្តេច ? ចូលរួម​នៅក្នុង​ការសម្ភាស​អំពី​ការងារ​បម្រើ និង​ការប្រជុំ​ក្រុមប្រឹក្សា​នៅ​ថ្ងៃ​អាទិត្យ​សប្តាហ៍​ទី​មួយ ។

រូបភាព
two women talking

នៅពេល​ជំងឺ​ក្រិន​ច្រើន​កន្លែង​បាន​ធ្វើ​ឲ្យ​ខាធីនៅ​ជាប់​គាំង​តែ​លើ​រទេះ​រុញ នោះ​គាត់​បាន​ឃើញ​ថា គាត់​ត្រូវការ​ជំនួយ​រៀងរាល់​យប់​ដើម្បី​ក្រោក​ចេញ​ពី​រទេះ​រុញ​​ទៅកាន់​គ្រែ​ដេក​របស់​គាត់ ។ កិច្ចការ​នេះ​វា​ហួស​ពី​សមត្ថភាព​ដែល​សមាជិក​ម្នាក់​អាច​ធ្វើ​បាន ។ ដូច្នេះ​កូរ៉ុម​អែលឌើរ​បាន​ប្រឹក្សា​អំពីស្ថានភាព​របស់​គាត់ ហើយ​សម្រេច​ចិត្ត​ធ្វើ​កាលវិភាគ​មួយ​ដើម្បី​ជួយ​គាត់​រៀងរាល់​ល្ងាច ។

នៅពេល​យើង​ដឹង​អំពី​តម្រូវការ និង​កម្លាំង​នៃ​អស់​អ្នក​ដែល​យើង​បម្រើ នោះ​យើង​អាច​ឃើញ​ថា យើង​ត្រូវ​ការជំនួយ​ដើម្បី​ជួយ​បំពេញ​តម្រូវការ​របស់​ពួកគេ ។ ការសម្ភាស​អំពី​ការងារ​បម្រើ និង​ការប្រជុំ​ក្រុមប្រឹក្សា​នៅ​ថ្ងៃ​អាទិត្យ​សប្តាហ៍​ទី​មួយ​ គឺជា​ឱកាស​ពីរ​ដើម្បីពិភាក្សា​អំពី​របៀប​ឲ្យ​មនុស្ស​ដទៃ​ចូលរួម​ដោយ​សមរម្យ ។

ការសម្ភាស​អំពី​ការងារ​បម្រើ

ការសម្ភាស​ក្នុង​រយៈពេល​ត្រីមាស​ទាំង​នេះ រវាង​បងប្អូន​ស្រី​ដែល​ផ្តល់​ការងារ​បម្រើ និង​គណៈប្រធាន​សមាគម​សង្គ្រោះ ឬ​បងប្អូន​ប្រុស​​ដែល​ផ្តល់​ការងារ​បម្រើ និង​គណៈប្រធាន​កូរ៉ុម​អែលឌើរ​គឺ​ជា​របាយការណ៍ ផ្លូវការ តែ​មួយគត់ ដែល​យើង​ធ្វើ​​ឡើង​ទាក់ទង​នឹង​អស់​អ្នក​ដែល​យើង​ផ្តល់​ការងារ​បម្រើ ។ ការសម្ភាស​​យ៉ាង​ហោច​ណាស់​រៀងរាល់​ត្រី​មាស​​គឺ​ជា​ឱកាស​មួយ​ដើម្បី ( ១ ) ប្រឹក្សា​អំពី​ភាពរឹងមាំ សេចក្ដីត្រូវការ និង​ឧបសគ្គ​នានារបស់​គ្រួសារ និង​បុគ្គល​ទាំងឡាយដែល​ត្រូវ​បាន​ចាត់​តាំង ( ២ ) កំណត់​ថា តើ​សេចក្ដីត្រូវការ​ណា​ខ្លះ ដែល​កូរ៉ុម និង​សមាគមសង្គ្រោះ ឬ​ក្រុម​ប្រឹក្សា​វួដ​អាច​ជួយ​បាន និង ( ៣ ) រៀន​ពី​ថ្នាក់​ដឹកនាំ និង​ដើម្បី​ទទួល​ការលើកទឹកចិត្ត​ក្នុង​កិច្ចខិតខំ​ធ្វើការងារបម្រើ ។

ប្រធាន​កូរ៉ុម​អែលឌើរ និងប្រធាន​សមាគម​សង្គ្រោះ​ទាក់ទង​អំពី​តម្រូវការ​សំខាន់ៗ​ដោយ​ផ្ទាល់​ទៅកាន់​ប៊ីស្សព ហើយ​នឹង​ទទួល​ការ​ទូន្មាន ព្រមទាំង​ការណែនាំ​ពីលោក ។

អ្នក​អាច​ស្វែងរក​ព័ត៌មាន​បន្ថែម​អំពី​ការសម្ភាស​ការងារ​បម្រើ​នៅ​គេហទំព័រ ministering.lds.org ។

ការធ្វើ​ឲ្យ​ការសម្ភាស​អំពី​ការងារ​បម្រើ​កាន់តែ​មាន​អត្ថន័យ

នៅក្នុង​ការគាំទ្រ​ដល់​សេចក្តីថ្លែងការណ៍​របស់​ប្រធាន រ័សុល អិម ណិលសុន ដែល​ថា កម្មវិធី​នៃ​ការងារ​បម្រើ​ជា​កត្តា​កំណត់​​ដែល​ជះ​ឥទ្ធិពល​ដល់​អនាគត​នៃ​សាសនាចក្រ នោះអែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា « ការបំពេញ​នូវ​ទស្សនវិស័យ​របស់​លោក … អាច​ផ្អែក​ទៅលើ​របៀប​​ដែល​បងប្អូន​ប្រុសស្រីដែល​ផ្តល់​ការងារ​បម្រើ​​នឹង​ត្រូវបាន​បង្រៀន ព្រមទាំង​ពាក់ព័ន្ធ​នឹង​ការសម្ភាស​អំពីការងារ​បម្រើ​បាន​ល្អ​ប៉ុណ្ណា » ។

គន្លឹះចំនួនបួនសម្រាប់បងប្អូនប្រុសស្រីដែលផ្តល់ការងារបម្រើើ ៖

  • ទៅ​សម្ភាស​ដោយ​ស្វែងរក​ការទូន្មាន ។ ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​រៀន ។

  • រៀបចំ​ខ្លួន​ដើម្បី​ពិភាក្សា​អំពី​តម្រូវការ​ដែល​អ្នក​អាច​ត្រូវការ​ជួយ​ការប្រជុំ ។

  • ផ្ដោត​ទៅលើ​​ភាពខ្លាំង និង​សមត្ថភាព​របស់​បុគ្គលម្នាក់ៗ ពុំមែន​គ្រាន់តែ​តម្រូវការ​នោះ​ទេ ។

  • ទាក់ទង​ទៅគណៈប្រធាន​នៅ​ចន្លោះពេល​ការសម្ភាស​ក្នុង​ត្រីមាស​ទាំងឡាយ ដើម្បីប្រឹក្សា​តាម​ការចាំបាច់ ។

គន្លឹះ​ប្រាំ​ចំណុច​សម្រាប់​អ្នក​ដឹកនាំ ៖

  • ការសម្ភាស​ពុំ​ចាំបាច់​ប្រើពេលវេលា​យូរ​ឡើយ ប៉ុន្តែ​សូម​ដាក់​កាលវិភាគ​ឲ្យ​មានពេល​គ្រប់​គ្រាន់​ជួប​នៅកន្លែង​មួយ​ដែល​អនុញ្ញាត​ឲ្យ​មាន​ការសន្ទនា​មួយ​ដ៏​មាន​អត្ថន័យ ។

  • ឆ្លៀត​ឱកាស​ធ្វើការងារ​បម្រើ​ដល់​បងប្អូន​ប្រុសស្រី​ដែល​ផ្តល់​ការងារ​បម្រើ​នោះ ។

  • កុំ​សួរ​សំណួរ​ដែល​ហាក់ដូចជា​បង្ហាញ​ថា អ្នក​កំពុង​រាប់​ការទៅ​សួរ​សុខទុក្ខ ឬ​គូស​ចំណាំ​នៅលើ​បញ្ជីឈ្មោះ​ដែល​ត្រូវទាក់ទង​ ( « តើ​អ្នក​បាន​ធ្វើការងារ​បម្រើ​របស់​អ្នក​ចប់​សព្វគ្រប់ហើយ​ឬ ? » ) នោះ​ឡើយ ។ ចូរ​សួរ​សំណួរ​ដែល​ពង្រឹង​ដល់​ឥរិយាបថ​ដែល​មាន​បំណង​ប្រាថ្នា ( « តើ​អ្នក​ទទួល​បាន​ការបំផុសគំនិត​អ្វី​ខ្លះ នៅពេល​អ្នក​បាន​អធិស្ឋាន​សម្រាប់​ក្រុមគ្រួសារ​នោះ ? តើមានអ្វីខ្លះបានកើតឡើង​នៅពេល​​អ្នក​បាន​អនុវត្ត​តាម​ការបំផុសគំនិត​ទាំង​នោះ ? » )

  • ស្តាប់​ដោយ​ចិត្ត​ស្មោះសរ ហើយ​កត់ត្រា ។

  • ប្រឹក្សា​ជាមួយគ្នា ។ ដៃគូ​​​នៃ​អ្នក​ផ្តល់ការងារ​បម្រើ​មាន​សិទ្ធិ​ទទួល​វិវរណៈ​សម្រាប់​អស់​អ្នក​ដែល​ពួកគេ​ត្រូវបាន​ចាត់​ឲ្យ​ផ្តល់​ការងារ​បម្រើ ។

សំណួរ និង ចម្លើយ​ស្តីពី​ការសម្ភាស​អំពីការងារបម្រើ

តើ​ការសម្ភាស​អំពីការងារបម្រើ​គឺ​ជា​អ្វី ?

វា​គឺ​ជា​ការពិភាក្សា​រវាង​បងប្អូន​ប្រុស​ដែល​ផ្តល់​ការងារបម្រើ និង​សមាជិក​ម្នាក់​នៃ​គណៈប្រធាន​កូរ៉ុម​អែលឌើរ ឬ​រវាង​បងប្អូន​ស្រី​ដែល​ផ្តល់​ការងារ​បម្រើ និង​សមាជិក​ម្នាក់​នៃ​គណៈ​ប្រធាន​សមាគម​សង្គ្រោះ នៅក្នុងបរិយាកាស​មួយ​ដែល​អនុញ្ញាត​ឲ្យ​ពួកគេ​ស្វែងរក និង​ទទួល​ការបំផុសគំនិត​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ជា​លទ្ធផល បងប្អូនប្រុសស្រី​ដែល​ផ្តល់​ការងារ​បម្រើ​អាច​ត្រូវបាន​បំផុសគំនិត​ដើម្បី​មើល​ថែ ស្រឡាញ់ បង្រៀន និង​លួងលោម​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ ។

តើ​ការសម្ភាស​ប្រចាំ​ត្រីមាស​ទាំង​នេះ​ចាំបាច់​ត្រូវ​តែ​ជួប​មុខ​គ្នា​ផ្ទាល់​ដែរ​ឬ​ទេ ?

ជា​ធម្មតា ការសម្ភាស​ទាំង​នោះ​ត្រូវ​ធ្វើ​ឡើង​ដោយ​ជួប​មុខ​គ្នា​ផ្ទាល់ ប៉ុន្តែ​វាក៏​អាច​ធ្វើ​ការសម្ភាស​តាម​ទូរសព្ទ ឬ​តាម​អ៊ីនធើរណែត ប្រសិន​បើ​ការជួប​ផ្ទាល់​ពុំ​អាច​ធ្វើ​ទៅ​បាន​នោះ ។ ជា​ទូទៅ ដៃគូ​ទាំង​ពីរ​នាក់​នឹង​ចូលរួម​នៅក្នុង​ការសម្ភាស​នៅពេល​សមរម្យ ។

តើ​អ្វី​ទៅជា​គោលបំណង​នៃ​ការសម្ភាស​អំពី​ការងារ​បម្រើ ?

ការសម្ភាស​អំពី​ការងារ​បម្រើ​គឺ​ជា​ឱកាស​ដើម្បី​ឲ្យ​បងប្អូន​ប្រុសស្រី​ដែល​ផ្តល់​ការងារ​បម្រើ រំឭក​ឡើង​វិញ​នូវ​ស្ថានភាព​បច្ចុប្បន្ន ដាក់ផែនការ​សម្រាប់​អនាគត ហើយ​ទទួល​ជំនួយ​ដែល​ចាំបាច់​ដល់​បុគ្គល​ម្នាក់ៗ ឬ​ក្រុមគ្រួសារ​ដែល​ពួកគេ​ផ្តល់​ការងារ​បម្រើ ។ វា​ជា​ឱកាស​មួយ​ដើម្បី​ពិភាក្សា​អំពី​ធនធាន​អ្វីខ្លះ​ដែល​កូរ៉ុម និង​សមាគម​សង្គ្រោះ​អាច​ផ្ដល់​ឲ្យ ។

តើ​ខ្ញុំ​អាច​ដោះស្រាយ​​បញ្ហា​ដែល​សម្ងាត់ ឬ​​បញ្ហា​ដែល​ងាយ​នឹង​ប៉ះពាល់អារម្មណ៍​យ៉ាង​ដូចម្តេច ?

បងប្អូនប្រុសស្រី​ដែល​ផ្តល់​ការងារ​បម្រើ​ចែកចាយ​ព័ត៌មាន​សម្ងាត់​តែ​ជាមួយ​ប្រធាន​កូរ៉ុម​អែលឌើរ ឬ​ប្រធាន​សមាគសង្គ្រោះ​ប៉ុណ្ណោះ — ឬ​ដោយ​ផ្ទាល់​ជាមួយ​ប៊ីស្សព ។ ព័ត៌មាន​សម្ងាត់ ឬ​ដែល​ងាយ​នឹង​ប៉ះពាល់​អារម្មណ៍​គួរតែ​ពុំ​ត្រូវ​បាន​ចែកចាយ​នៅក្នុង​ការប្រជុំ​ក្រុមប្រឹក្សា​នៅ​ថ្ងៃ​អាទិត្យ​សប្តាហ៍​ទី​មួយ​ឡើយ ។

រូបភាព
council meeting

ការប្រជុំ​ក្រុមប្រឹក្សា​នៅ​ថ្ងៃ​អាទិត្យ​សប្តាហ៍​ទី​មួយ

ក្រៅ​ពី​ការសម្ភាស​អំពី​ការងារ​បម្រើ ការប្រជុំ​ក្រុមប្រឹក្សា​នៅ​ថ្ងៃ​អាទិត្យ​សប្តាហ៍​ទី​មួយ​គឺ​ជា​របៀប​មួយ​ទៀត​ដើម្បី​ឲ្យ​មនុស្ស​ដទៃចូលរួម​នៅក្នុង​ការងារ​បម្រើ ។ នៅក្នុង​ការប្រជុំ​សមាគម​សង្គ្រោះ និង​អែលឌើរកូរ៉ុម នោះ​ការបំផុសគំនិត​អាច​កើត​ឡើង​ដល់​អស់​អ្នកដែល​ចូលរួម​តាមរយៈ​ព្រះវិញ្ញាណ និង​ពី​អ្នកដទៃ​នៅក្នុង​ក្រុម​នោះ ។

គោលបំណង​នៃ​​ការប្រជុំ​ក្រុម​ប្រឹក្សា​គឺ​ដើម្បី ៖

  • « ប្រឹក្សា​រួម​គ្នា​អំពី​ការ​ទទួលខុសត្រូវ ឱកាស និង​ឧបសគ្គ​នានា​ក្នុង​មូលដ្ឋាន

  • រៀន​ពី​ការយល់ដឹង និង​បទពិសោធន៍​របស់​គ្នា​ទៅវិញទៅមក ព្រមទាំង

  • ដាក់គោលដៅ​ដើម្បី​អនុវត្ត​តាម​ការបំផុសគំនិត​ដែល​បាន​ទទួល​មក​ពី​ព្រះវិញ្ញាណ » ។3

ការប្រជុំ​ក្រុមប្រឹក្សា​គឺ​លើស​ពី​ការពិភាក្សា​មួយ​ទៅ​ទៀត ៖ ការប្រជុំ​ទាំង​នេះ​នាំ​យើង​ឲ្យ​អនុវត្ត​ជាបុគ្គល​ម្នាក់ៗ ឬ​អនុវត្ត​ជា​ក្រុម​នៅពេល​ត្រូវបាន​​បំផុសគំនិត​ពី​ព្រះវិញ្ញាណ ។ សមាជិក​អាច​ទទួល​អារម្មណ៍​នូវ​បំណង​ប្រាថ្នា​ដើម្បី​សម្រេច​បាន​នូវ​កិច្ចការ​របស់​ព្រះអម្ចាស់​ដែល​ជា​លទ្ធផល​នៃ​ការប្រជុំ​ទាំងនេះ ។

ការអញ្ជើញ​ឲ្យ​អនុវត្ត

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​មាន​ប្រសាសន៍​ថា « ការអធិស្ឋាន​របស់​យើង​ថ្ងៃ​នេះ គឺ​សូម​ឲ្យ​បុរស​ស្ត្រី​គ្រប់រូប — នឹង​យុវជនយុវនារី​វ័យ​ចំណាស់​របស់​យើង — នឹង [ មាន ] ការ​តាំងចិត្ត​កាន់តែ​ខ្លាំង​ចំពោះ​ការ​ថែទាំ​ដោយ​អស់​ពី​ចិត្ត​ចំពោះ​គ្នាទៅវិញ​ទៅមក ដែល​ជំរុញ​ទឹកចិត្ត​តែ​តាមរយៈ​សេចក្ដីស្រឡាញ់​សុទ្ធសាធ​របស់​ព្រះគ្រីស្ទ​ដើម្បី​ធ្វើ​ដូច្នោះ​ប៉ុណ្ណោះ » ។4

កំណត់​ចំណាំ

  • សូមមើល Mormon Messages វីដេអូ « Lift » គេហទំព័រ lds.org/media-library ។

  • ហ្គែរី អ៊ី ស្ទីវ៉ែនសុន នៅក្នុង ( វីដេអូ ) « Ministering Interviews » គេហទំព័រ ministering.lds.org ។

  • កម្មវិធី​ចូរ​មក​តាម​ខ្ញុំ — សម្រាប់​ការប្រជុំ​ថ្នាក់​បព្វជិតភាព​មិលគីស្សាដែក និង​ថ្នាក់​សមាគម​សង្គ្រោះ នៅក្នុង Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ១៤០ ក៏​មានផងដែរ​នៅលើ​គេហទំព័រ comefollowme.lds.org ។

  • ជែហ្វ្រី អ័រ ហូឡិន « នៅ​ជាមួយ និង ចម្រើន​កម្លាំង​ពួកគេ » Liahona, ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១០៣ ។

បោះពុម្ព