២០១៨
អែលឌើរ ជែរីត ដ័បុលយូ ហ្កង ៖ ស្រឡាញ់​ព្រះអម្ចាស់ ហើយ​ទុកចិត្ត​ទ្រង់
ខែ តុលា ២០១៨


អែលឌើរ ជែរីត ដ័បុលយូ ហ្កង ៖ ស្រឡាញ់​ព្រះអម្ចាស់ ហើយ​ទុកចិត្ត​ទ្រង់

Elder and Sister Gong

សិស្ស​បញ្ចប់​ការសិក្សា​ដែលទើប​រៀបការ​ថ្មីថ្មោង​នៅ សាកលវិទ្យាល័យអុកហ្វើត​នៃ​ប្រទេស​អង់គ្លេស ជែរីត ដ័បុលយូ ហ្កង បាន​រៀន​តាមរយៈ​បទពិសោធន៍​ផ្ទាល់​ខ្លួន​ថា នៅពេលយើង​ស្រឡាញ់​ព្រះអម្ចាស់ ហើយ​ទុកចិត្ត​ទ្រង់ នោះ​ទ្រង់​នឹង​ជួយ​យើង ដឹកនាំ​យើង និង​ពង្រឹង​យើង ។

ជែរី​ត​គឺជា​និសិត្ស​អាហារូបករណ៍រ៉ូដេស​ដែល​ខិតខំ​រៀន​ដើម្បី​បញ្ចប់​បរិញ្ញាបត្រ​ចំនួន​ពីរ ដែល​សញ្ញាបត្រ​មួយ​គឺជា​ថ្នាក់​បណ្ឌិត ។ នៅពេល​ដំណាល​គ្នា​នោះ លោក​កំពុង​បម្រើ​នៅ​ក្នុង​គណៈប៊ីស្សព​វួដ​អុកហ្វើត ។ លោក និង​ស៊ូសាន​ភរិយា​របស់​លោក បាន​ចាំ​ពី​ការទូន្មាន​ដែលអែលឌើរ ដេវីឌ ប៊ី ហេត ( ១៩០៦–២០០៤ ) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ផ្តល់​ឲ្យ នៅពេលលោក​រៀប​អាពាហ៍ពិពាហ៍​ឲ្យ​ពួកលោក​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ សលត៍ លេក ។ អែលឌើរ​ហ្កង​ថ្លែង​ថា « លោក​បាន​ប្រាប់​ពួកយើង​ថា ត្រូវ​មាន​ការហៅ​បម្រើ​ជានិច្ច ។ យើង​បាន​ដឹង​ថា ប្រសិនបើ​យើង​ទុកចិត្ត​លើ​ព្រះ ហើយ​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​យើង នោះ​ទ្រង់​នឹង​ជួយ​យើង » ។

លោក​ថ្លែង​ថា ជែរីត និង ស៊ូសាន បាន​ទទួល « ជំនួយ និង​សេចក្តីមេត្តា​ករុណា​ដ៏ទន់ភ្លន់​ពី​ព្រះ » ។ អំឡុងពេល​បន្ត​បម្រើ​នៅក្នុង​គណៈប៊ីស្សព ជែរីត​បាន​បញ្ចប់​តម្រូវការ​នៃ​ឆ្នាំ​សិក្សា​ទាំងអស់​សម្រាប់​សញ្ញាបត្រ​ថ្នាក់​បណ្ឌិត លើកលែង​តែ​និក្ខេបបទ ។ លោក​បាន​សុំ​ឲ្យ​ប៊ីស្សព​នៃ​វួដ​អុកហ្វើត​ឈ្មោះ អាឡេន វែបស្ទើរ ផ្តល់​ការប្រសិទ្ធពរ​បព្វជិតភាព ។ នៅក្នុង​ការប្រសិទ្ធពរនោះ ជែរីត​បាន​ទទួល​ការសន្យា​នេះ ៖ « សូម​បន្ត​ធ្វើ​នូវ​គ្រប់​កិច្ចការ​ដែល​អ្នក​អាច​ធ្វើ​បាន ហើយ​ព្រះអម្ចាស់​នឹង​ប្រទាន​ពរ​ដល់​អ្នក » ។

សមាជិកវួដ​ពីរនាក់​ដែល​មាន​បទពិសោធន៍​ជា​លេខា​ផ្នែក​ច្បាប់​បាន​ស្ម័គ្រ​ចិត្ត​ជួយ​វាយ​ឯកសារ​សរសេរ​ដៃ​របស់​លោក ហើយ​ជែរីត​អាច​បញ្ចប់​និក្ខេបបទ​របស់​លោក​ក្នុង​រយៈពេល​ពីរបី​ខែ ។ ប្រាកដណាស់ លោក​បាន​បញ្ចប់​ទាំង​ថ្នាក់​អនុបណ្ឌិត និង​ថ្នាក់​បណ្ឌិត​តែ​ក្នុង​រយៈពេល​ជាង​បី​ឆ្នាំ​ប៉ុណ្ណោះ ។ នៅពេល​បញ្ចប់​ការសិក្សា លោក​ក៏​បាន​ទទួល​យក​មុខងារ​ស្រាវជ្រាវ​នៅ​មហាវិទ្យាល័យ​មួយ​នៅ​ឯ​សាកលវិទ្យាល័យ​នោះ ។ បទពិសោធន៍​របស់​លោក​នៅ​អុកហ្វើត​បាន​ពង្រឹង​សេចក្តីទុកចិត្តរបស់​លោក​លើ​ព្រះអម្ចាស់ ជា​ការទុកចិត្ត​ដែល​ស៊ូទ្រាំ​រហូត​ដល់​ថ្ងៃ​នេះ ហើយ​នឹង​បន្ត​ប្រទានពរ​ដល់ ជែតរីត ដ័បុលយូ ហ្កង កាល​លោក​បម្រើ​នៅក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​នា​ពេល​បច្ចុប្បន្ន​នេះ ។

នំប៉័ង និង​ត្រី

អែលឌើរ​ហ្កង​ថ្លែង​ថា « ព្រះអម្ចាស់​មាន​ព្រះទ័យ​សប្បុរស ហើយ​មាន​ក្តីមេត្តា និង​ស្វះស្វែង​ប្រទាន​ពរ​ដល់​យើង ។ ប្រសិនបើ​យើង​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​យើង នោះ​ទ្រង់​នឹង​ធ្វើ​ឲ្យ​យើង​អាច​ធ្វើ​កិច្ចការ​កាន់តែ​ច្រើន​ឡើង​ជាង​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ទៀត ។ វា​ដូចជា​ការបង្កើន​ឡើង​នូវ​នំប៉័ង និង​ត្រី​ដែរ ។ ព្រះអម្ចាស់​យក​នូវ​អ្វី​ដែល​មាន ហើយ​ពង្រីក​វា​ឲ្យ​ហួស​ឆ្ងាយ​ពី​អ្វី​ដែល​យើង​អាច​ធ្វើ​ដោយ​ខ្លួន​យើង​បាន » ។

លោក​ថ្លែង​ថា គោលការណ៍​អំពី​នំបុ័ង និង​ត្រី​ក៏​ពិត​ជាមួយ​នឹង​ការរៀនសូត្រ​ផងដែរ ។ « ទោះបីជា​ពុំ​មាន​ការអប់រំ​ជា​ផ្លូវការ​ក្តី ក៏​វិញ្ញាណ​នៃ​ការរៀនសូត្រ​នៅ​តែ​មាន​តម្លៃ ដោយសារ​ការរៀនសូត្រ​គឺ​អស់កល្ប ។ យើង​ទាំងអស់​គ្នា​អាច​ស្វែង​រក​ពន្លឺ និង​សេចក្តីពិត​បាន មិន​ថា​យើង​មាន​ស្ថានភាព​បែប​ណា​នោះទេ ។ នៅពេល​យើង​ធ្វើ​ដូច្នោះ នោះ​ព្រះអម្ចាស់​នឹង​ជួយ​យើង​ឲ្យ​រកឃើញ​វា » ។

កម្មសិទ្ធិ​នៃ​សេចក្តីសញ្ញា

អំឡុងពេល​នៅ​អុកហ្វើត អែលឌើរ​ហ្កង​បាន​រៀន​ពី​គោលការណ៍​នៃ​ដំណឹង​ល្អ​មួយ​ផ្សេង​ទៀត ជា​អ្វី​ដែល​លោក​ហៅ​ថា « កម្មសិទ្ធិ​នៃ​សេចក្តីសញ្ញា » ។

លោក​បាន​មាន​ប្រសាសន៍​ថា « នៅពេល​យើង​ខិតកាន់តែ​ជិត​ទៅ​នឹង​ព្រះអម្ចាស់ នោះ​យើង​ក៏ខិតកាន់តែ​ជិត​គ្នា​ផងដែរ ។ នៅ​អុកហ្វើត​ ស៊ូសាន និង​ខ្ញុំ​បាន​ទទួល​បទពិសោធន៍​យ៉ាង​ល្អ​ជាច្រើន​មក​ពី​វួដ​របស់​យើង ដូច​ជា​យើង​ទទួល​បាន​ពី​ការសិក្សា​របស់​យើង​ផងដែរ ។ មិត្តភក្ដិជាទីស្រឡាញ់​ជា​ច្រើន​នាក់​របស់​យើង​រហូត​មក​ដល់​សព្វថ្ងៃ​នេះ​គឺជា​អ្នក​ដែល​មក​ពី​វួដ​អុកហ្វើត » ។

ក្នុង​ចំណោម​មិត្តភក្តិ​ទាំង​នោះ​គឺ ធីម និង​ខាធើររីន វីត ដែល​ចាំ​អំពី​ការទៅ​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​អែលឌើរ និង​ស៊ីស្ទើរ​ហ្កង ។ ស៊ីស្ទើរ​វីត​និយាយ​ថា « ខ្ញុំ​ចាំ​យ៉ាង​ច្បាស់​ថា បងប្រុស​ហ្កង​បាន​ដោះ​នាឡិកា​ដៃរបស់​លោក​ចេញ ដើម្បីកុំ​ឲ្យ​វា​រំខាន​ដល់​លោក ឬ​បង្ខំ​ដោយ​ពេលវេលា ពេល​លោក​សញ្ជឹង​គិត​អំពី​កិច្ចការ​អស់កល្ប​ជានិច្ច ។ ទង្វើ​ដ៏​តូចតាច​នោះ​បាន​ជួយ​ខ្ញុំ​ឲ្យ​មាន​ភាព​ឧស្សាហ៍​កាន់តែ​ខ្លាំង​ឡើង​នៅក្នុង​ការថ្វាយ​បង្គំ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ក្នុង​ព្រះវិហារ​បរិសុទ្ធ » ។

ជារឿយៗ អែលឌើរ និង​ស៊ីស្ទើរហ្កង​ជួប​មិត្តភក្តិ​ដែល​ពួកលោក​ស្គាល់​គឺ​ដោយសារ​តែ​ដំណឹងល្អ ។ អែលឌើរ​ហ្កង​ថ្លែង​ថា « គេ​នឹង​និយាយ​បែប​នេះ​ថា ‹ យើង​បាន​ធ្វើការ​ជាមួយ​អ្នក កាល​អ្នក​នៅ​ក្នុង​ក្រុមប្រឹក្សា › ហើយ​យើង​ក៏​ដូច្នោះ​ផងដែរ ។ ខ្ញុំ​មាន​អំណរគុណ​សម្រាប់​ប្រធាន​ស្តេក និង​ក្រុមប្រឹក្សា​វួដ​ដែល​បាន​ជួយ​ខ្ញុំ​កាល​ខ្ញុំ​ជា​ប៊ីស្សព​វ័យ​ក្មេង​ម្នាក់ ។ យើង​ជំពាក់​គុណ​ឪពុកម្តាយ, សាច់​ថ្លៃ, អ្នក​ជិតខាង, ប្រធាន​បេសកកម្ម, បងប្អូន​ស្រី និង​ថ្នាក់​ដឹកនាំ​បព្វជិតភាព​ទាំងអស់​ដែល​មាន​ចិត្ត​សប្បុរស​ចំពោះ​យើង ដឹកនាំ​យើង និង​លើក​ទឹកចិត្ត​យើង​ឲ្យ​មក​កាន់​ព្រះគ្រីស្ទ » ។

មរតក​គ្រួសារ

ពង្សប្រវត្តិ​របស់​អែលឌើរ​ហ្កង​មាន ៣៤ ជំនាន់​រហូតដល់​ហ្កង​ត្រាហ្គន់​ទីមួយ ដែល​បាន​កើត​នៅក្នុង​ឆ្នាំ ៨៣៧ នៃ​គ.ស. ។ តាយាយ​របស់​អែលឌើរ​ហ្កង​បាន​ធ្វើ​អន្តោប្រវេស្តន៍​មកពី​ប្រទេស​ចិន​ទៅ​សហរដ្ឋ​អាមេរិក ។ ជេន​ដែល​ជា​ម្តាយ​របស់​លោក​បាន​ចូលជា​សមាជិក​សាសនាចក្រ​កាល​នៅវ័យជំទង់​នៅ​រដ្ឋ​ហាវ៉ៃ ស.រ.អា. ហើយ​ក្រោយ​មក​បាន​ចូល​រៀន​នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ នៅ​ទីក្រុង​ប្រូវ៉ូ រដ្ឋ​យូថាហ៍ ស.រ.អា. ជា​កន្លែង​ដែល​គាត់​បាន​ស្នាក់​នៅ​ជាមួយ​គ្រួសារ​ជែរីត ឌឺ ចុង ជា​ព្រឹទ្ធបុរស​នៃ​មហា​វិទ្យាល័យ​វិចិត្រ​សិល្បៈ ។ គាត់និយាយ​ថា « គ្រួសារ ឌឺ ចុង បាន​ជួយ​ខ្ញុំ​ឲ្យ​យល់​អំពីអត្ថន័យ​នៃ​គ្រួសារ​ដែល​មាន​ដំណឹង​ល្អ » ។

បន្ទាប់​ពី​បញ្ចប់​ការសិក្សា​នៅ ប៊ី.វ៉ាយ.យូ. ជេន​បាន​ចូលរៀន​សាកលវិទ្យាល័យ​ស្ទែនហ្វត​នៅទីក្រុង​ផាឡូ អាល​តូ រដ្ឋ​កាលីហ្វូញ៉ា ស.រ.អា. ជា​កន្លែង​ដែល​គាត់​បាន​ជួប វ៉តធើរ អេ ហ្កង ។ ជេន​និយាយ​ថា « គាត់​គឺជា​គ្រិស្ត​សាសនិក​រួច​ទៅ​ហើយ ហើយ​គាត់​បាន​យល់​ភ្លាម​នូវ​អ្វី​ដែល​ដំណឹងល្អ​ដែល​បាន​ស្តារ​ឡើង​វិញ​បាន​ផ្តល់​ឲ្យ » ។ គាត់​បាន​ចូលរួម​សាសនាចក្រ ហើយ​មួយ​ឆ្នាំ​ក្រោយ​មក ពួកគាត់​បាន​រៀបការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក ។ ពួកគាត់​ទាំងពីរ​នាក់បាន​ក្លាយ​ជា​គ្រូបង្រៀន​ដ៏​មាន​វិជ្ជាជីវៈ ទាំង​ពីរ​នាក់ ពួកគាត់​បាន​ចំណាយ​ពេល​ជាង ៧០ ឆ្នាំ​ក្នុង​ការបង្រៀន ។

អែលឌើរ​ហ្កង​ថ្លែង​ថា « ប៉ា​ខ្ញុំ​ក៏​បាន​ក្លាយ​ជា​លោក​អយ្យកោ ហើយ​ដោយសារ​តែ​ពរជ័យ​នៃ​លោកអយ្យកោ​ត្រូវបាន​ផ្តល់​ឲ្យ​នៅក្នុង​ផ្ទះ​របស់​យើង នោះ​ផ្ទះ​របស់​យើង​បាន​ពោរពេញ​ដោយ​គារវភាព​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​សេចក្តីស្រឡាញ់​របស់​ព្រះ​សម្រាប់​បុត្រា​បុត្រី​គ្រប់រូប​របស់​ទ្រង់ » ។

Elder Gong as a baby with his parents

នៅ​ថ្ងៃ​ទី ២៣ ខែ ធ្នូ ឆ្នាំ ១៩៥៣ នៅទីក្រុងរ៉េតវ៉ូត ស៊ីធី រដ្ឋ​កាលីហ្វូញ៉ា កូន​ដំបូង​ក្នុង​ចំណោម​កូនទាំងបី​របស់​ជេន និង វ៉តធើរ​បាន​កើត ។ ជេន​ពន្យល់​ថា « ឈ្មោះ​លោកគឺ ជែរីត ជា​ភាសា​ហូឡង់ដើម្បី​រំឭក​ដល់ ជែរីត ឌឺ ចុង ។ ឈ្មោះ​កណ្តាល​របស់​លោក​គឺ វ៉តធើរ ដើម្បី​រំឭក​ចាំ​ដល់​ឪពុក​របស់​លោក ។ ហើយ​ឈ្មោះ​ត្រកូល​របស់​យើង​គឺ​ជា​ភាសា​ចិន ដែល​រំឭក​ចាំ​ពី​មរតក​របស់​លោក » ។

ជេន​និយាយ​ថា ជែរីត​ចេះ​គិតគូរ​ដល់​ប្អូនៗរបស់​លោក​គឺ ប្រាយអិន និង ម៉ាហ្គើរីត ។ ជេន​និយាយ​ថា « លោ​ក​ចូលចិត្ត​ជួយ​ពួកគេ ទោះបី​ជា​មាន​កិច្ចការ​តូចតាច​ក្តី ដូចជា​ការបង្រៀន​ពួកគេ​ឲ្យ​ចង​ស្បែក​ជើង​ជា​ដើម » ។ ជេន​ចាំ​ពីថ្ងៃ​មួយ​ពេល​ចេញ​ពី​ព្រះវិហារ​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​បាន​ឮ​ជែរីត និង​ប្រាយអិន​និយាយ​គ្នា​ដោយ​ចៃដន្យថា ពួកគេ​បាន​គិត​ថា ការឡើង​និយាយ​នៅ​ការ​ប្រជុំ​សាក្រាម៉ង់​គួរ​ឲ្យ​ធុញ​ទ្រាន់​ ។ ជេន​និយាយ​ថា « ដូច្នេះ​ខ្ញុំ​បាន​អញ្ជើញ​ពួកគេ ៖ ‹ ដូច្នេះ​កូន​លើក​យក​ការនិយាយ​ដែល​ល្អ​ប្រសើរ​ជាង​នេះ​មួយ​មក › ។ ពួកគេ​បាន​ទទួល​យក​ការអញ្ជើញ​នោះ ហើយ​បាន​ចាប់ផ្តើម​ផ្តោត​ចិត្ត​ទុកដាក់​កាន់តែ​ខ្លាំង​លើ​ការនិយាយ​ទាំងអស់ » ។

កាល​នៅ​វ័យ​ជំទង់ ជែរីត​ចូលចិត្ត​ដើរ​លេង​ដោយ​ស្ពាយ​កាតាប ហើយ​ឡើង​ភ្នំ​ជាមួយ​យុវជន​ផ្សេង​ទៀត​នៅក្នុង​វួដ​របស់​លោក ។ វ៉លលី សាលប៉ែកខា ជា​មិត្ត​យូរអង្វែង​ម្នាក់​ចាំ​អំពី​ដំណើរ​បោះជំរំ​ដ៏​ពិសេស​មួយ ។ « ខ្ញុំ​បាន​នៅទីនោះជាមួយ​ជែរីត និង​ប្អូន​ប្រុស​របស់​លោក​គឺប្រាយអិន និង​មិត្ត​ម្នាក់​ទៀត​ដែល​ពុំមែន​ជា​សមាជិក​សាសនាចក្រ​របស់​យើង​ទេ ។ ដោយ​ហេតុផល​មួយ​ចំនួន យើង​បាន​ចាប់ផ្តើម​ច្រៀង​ទំនុកតម្កើង ។ ជែរីត​បាន​ច្រៀង​តុង​មេឡូឌី, ប្រាយអិន​បាន​ច្រៀង​តុង​តេណ័រ ហើយ​ខ្ញុំ​បាន​ច្រៀង​តុង​បាស ។ ខ្ញុំ​គិត​ថា យើង​បាន​ច្រៀង​ទំនុក​តម្កើង ១០ ឬ ២០ បទដោយ​ព្រោះ​តែ​អំណរ​នៃ​ការច្រៀង ។ វា​ជា​បទពិសោធន៍​មួយ​ដ៏​ល្អ ។ មិត្ត​ភក្ដិ​ម្នាក់​ដែល​ពុំមែន​ជា​សមាជិក​របស់​យើង​កោតសរសើរ​យើង​ណាស់ » ។

បងប្រុស​សាលប៉ែក​ខា​ក៏​ចាំ​ថា នៅ​វិទ្យាល័យជែរីត​បាន​សុំ​ឲ្យ​ក្រុម​អ្នក​ស្រែក​ហ៊ោ ដឹកនាំ​ការអបអរសាទរ​ដ៏​ស្ងាត់ស្ងៀម​មួយ​សម្រាប់​ក្រុម​លេង​អុក ។ គាត់​និយាយ​ថា « លោក​បាន​បញ្ចុះបញ្ចូល​ពួកគេ​ថា ការគាំ​ទ្រ​ផ្នែ​ក​សីលធម៌​គឺល្អ​ដល់​មនុស្ស​គ្រប់​គ្នា ហើយ​ពួកគេ​បាន​មក​មើល​ការប្រកួត​មួយ ! »

Elder Gong as a missionary and later with a missionary

ចាប់​ពី​ឆ្វេង ៖ ម៉ាជូរី និង ហ្គរដុន ប៊ី ហ៊ិងគ្លី ស្វាគមន៍ ជែរីត និង ស៊ូសាន​នៅ​ភោជនីយអាហារ​នៃ​អាពាហ៍ពិពាហ៍​របស់​គ្រួសារ​ហ្កង ។ ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​ប្រទេស​តៃវ៉ាន់ អែលឌើរ​ហ្កង​បាន​បង្រៀន​គ្រួសារ​មួយ ហើយ​ជា​ច្រើន​ឆ្នាំ​ក្រោយ​មក ក្នុងនាមជា​អ្នក​មាន​សិទ្ធិអំណាច​ទូទៅ​ម្នាក់ លោក​បាន​ជួប​ចៅ​ប្រុស​របស់​កូនស្រី​ម្នាក់​នៃ​គ្រួសារ​នោះ ។ នៅ​ប្រទេស​វៀតណាម អែលឌើរ និង​ស៊ីស្ទើរ​ហ្កង​លាប​ពណ៌​គំនូរ​នៅលើ​ជញ្ជាំង​ជារបៀប​មួយ​នាំ​អំណរ​ដល់​ក្មេង​ៗ​ដែល​ជួប​នូវ​ឧបសគ្គ ។ សមាជិក​នៃ​គ្រួសារ​ហ្កង​បាន​ប្រមូល​គ្នា​ជាមួយ​នឹង​អ្នក​ដែល​បាន​ជួយ​លាប​ថ្នាំ​លើ​ជញ្ជាំង​នៅ​ប្រទេស​វៀតណាម ។

បន្ទាប់​ពី​ចប់​ពី​វិទ្យាល័យ អែលឌើរ​ហ្កង​បាន​ចូល​រៀន​សាកល​វិទ្យាល័យ​ព្រិកហាំ យ៉ង់ ។ ​ពី​ឆ្នាំ ១៩៧៣ ដល់ ១៩៧៥ លោក​បាន​បម្រើ​នៅក្នុង​បេសកកម្ម​តៃវ៉ាន តៃប៉ិ ក្រោយ​មក​បាន​ត្រឡប់​ទៅ​ ប៊ី.វ៉ាយ.យូ. វិញ ជា​កន្លែង​ដែល​លោក​បាន​ទទួល​បរិញ្ញាបត្រ​របស់​លោក​ក្នុង​ការសិក្សា​អំពី​ពួកអាស៊ី និង​ការសិក្សា​អំពី​សាកលវិទ្យាល័យ​នៅ​ឆ្នាំ ១៩៧៧ ។

សេចក្តីស្នេហា និង​អាពាហ៍ពិពាហ៍

បន្ទាប់​ពី​បេសកកម្ម​ អែលឌើរ​ហ្កង​បាន​ស្ម័គ្រ​ចិត្ត​ផ្តល់​ការប្រជុំ​ពិសេស​ពេល​ល្ងាច​នៅ​ថ្ងៃ​អាទិត្យ​នៅ​មជ្ឈមណ្ឌល​បំពាក់បំប៉ន​អ្នក​ផ្សព្វផ្សាយ​សាសនា​ប្រូវ៉ូ ។ ការប្រជុំពិសេស​នោះ​បាន​ជួយ​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​នឹង​ទៅ​ប្រទេស​តៃវ៉ាន់​ឲ្យ​ស្គាល់​អំពី​ប្រជាជន ប្រពៃណី និង​វប្បធម៌​នៅ​ទីនោះ ។ អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​គឺ​ស៊ីស្ទើរ ស៊ូសាន លីនសាយ មក​ពី​ទីក្រុង ថេលើរស្វីល រដ្ឋ​យូថាហ៍ ជា​កូនស្រី​របស់ រីឆាដ ភី និង ម៉ារៀន ប៊ី លីនសាយ ។ បងប្រុស​លីនសាយ​គឺ​ជា​សមាជិក​ម្នាក់​ក្នុង​កូរ៉ុម​ទី​ពីរ​នៃ​ពួកចិតសិបនាក់ ។ អែលឌើរ​ហ្កង​ថ្លែង​ថា « ខ្ញុំ​មាន​អារម្មណ៍​ថា ស៊ូសាន​គឺជា​មនុស្ស​ម្នាក់​ដែល​ខ្ញុំ​ស្គាល់​យូរ​មកហើយ » ។

ពីរ​ឆ្នាំ​ក្រោយ​មក ប៉ុន្មាន​ខែ​បន្ទាប់​ពី​ស៊ូសាន​បាន​ត្រឡប់​មក​រៀន ប៊ី.វ៉ាយ.យូ. វិញ​បន្ទាប់​ពី​បេសកកម្ម​របស់​គាត់​ ជែរីត​បាននៅ​ទីក្រុង​ប្រូវ៉ូ​ជាមួយ​គ្រួសារ​របស់​លោក ។ ឪពុក​របស់​លោក​កំពុង​បង្រៀន​នៅ​សាកលវិទ្យាល័យ ហើយ​ជែរីត​បាន​ដាក់​ផែនការ​ទៅ​សួរសុខទុក្ខ​គាត់​ពីរ​សប្តាហ៍ ។ ការទៅសួរសុខទុក្ខ​នោះ​ត្រូវបាន​អូស​បន្លាយ​រហូត​ដល់​បួន​សប្តាហ៍ ដោយសារ​លោក និង​ស៊ូសាន​បាន​ដើរលេង​ជា​គូ​រៀងរាល់​ថ្ងៃ ។ បន្ទាប់​មក ជែរីត​បាន​ចេញ​ទៅ​ធ្វើ​កម្មសិក្សា​នៅ​រដ្ឋ​ហាវ៉ៃ​ ពីមុន​ត្រឡប់​ទៅ​កាន់​អុកហ្វើត​វិញ ។

អែលឌើរ​ហ្កង​រំឭក​ថា « យើង​បាន​ចែចង់​គ្នា​ទោះ​នៅក្នុង​អឌ្ឍគោល​ពីរ​ផ្សេង​គ្នា​ក្តី ។ ខ្ញុំ​បាន​ព្យាយាម​រៀន​នៅក្នុង​ប្រទេស​អង់គ្លេស អំឡុងពេល​ខ្ញុំ​រៀន​អ្វីៗ​គ្រប់​យ៉ាង​ដែល​ខ្ញុំ​អាច​រៀន​បាន​អំពី​ស៊ូសានដែល​នៅ​ឯ​នាយ​ម្ខាង​នៃ​សមុទ្រ​អាត្លង់ទិច » ។

ស៊ីស្ទើរ​ហ្កង​និយាយ​ថា « យើង​បាន​ភ្ជាប់​ពាក្យ​គ្នា​តាម​ទូរសព្ទ ។ លោក​បាន​ត្រឡប់​មក​ផ្ទះ​វិញ​នៅ​ឱកាស​បុណ្យ​ថ្លែង​អំណរគុណ ហើយ​យើង​បាន​រៀបការ​នៅ​ថ្ងៃ​ដំបូង​ដែល​ព្រះវិហារ​បរិសុទ្ធ​បាន​បើក​ក្រោយ​ពេល​ចូល​ឆ្នាំ​ថ្មី » ។ ពីរ​សប្តាហ៍​ក្រោយ​មក ពួកយើង​បាន​ជិះយន្តហោះ​ទៅ​ប្រទេស​អង់គ្លេស​ដើម្បី​ចាប់ផ្តើម​ជីវិត​ថ្មី​ជាមួយ​គ្នា ។

អែលឌើរ​ហ្កង​ថ្លែង​ថា « ពេល​មនុស្ស​រៀបការ ពួកគេ​និយាយ​អំពី​គ្រួសារ​ពីរ​ក្លាយ​ទៅ​ជា​គ្រួសារ​តែ​មួយ ។ ហើយ​នោះ​គឺ​ពិត​ជា​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ខ្ញុំ ។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ជា​ផ្នែក​មួយ​នៃ​គ្រួសារ​លីនសាយ គឺ​ដូចរូប​ខ្ញុំ​ជា​ផ្នែក​មួយ​នៃ​គ្រួសារ​ហ្កង​ផងដែរ » ។

Gong wedding photo with the Hinckleys

មុខរបរ​ដ៏លេចធ្លោរ

បន្ទាប់​ពី​លោក​បាន​ចំណាយ​ពេល​ដ៏​ខ្លី​នៅ​មហាវិទ្យាល័យ​នៅ​អុកហ្វើត មុខរបរ​របស់​ជែរីត​បាន​ប្តូរ​ទៅ​បម្រើ​រដ្ឋាភិបាល​នៅ​ទីក្រុង​វ៉ាស៊ីនតោន ឌី.ស៊ី ស.រ.អា. ។ ក្នុង​ឆ្នាំ ១៩៨៤ លោក​បាន​បម្រើ​ជា​បុគ្គលិកក្នុង​យុទ្ធនាការ​បោះឆ្នោត​ឡើង​វិញ រៀហ្គាន-ប៊ូស្ស ជា​កន្លែង​ដែល​លោក​បាន​ធ្វើ​ការ​រួម​ការិយាល័យ​ជាមួយ ម៉ៃ លេវីត ដែល​ក្រោយ​មក​បាន​ក្លាយ​ជា​អភិបាល​រដ្ឋ​យូថាហ៍ ។ បងប្រុស​លេវីត​និយាយ​ថា « ជែរីត​គឺជា​មនុស្ស​ដែល​ចេះ​សង្កេត និង​ចេះ​គិតគូរ ប៉ុន្តែ​លោក​ត្រូវបាន​គេ​ស្គាល់​ដោយសារ​សេចក្តីសប្បុរស​ដ៏​ឥត​ឈប់ឈរ​របស់​លោក » ។

នៅក្នុង​ឆ្នាំ ១៩៨៥ ជែរីត​បាន​បម្រើ​ជា​ជំនួយ​ការពិសេស​ម្នាក់​ឲ្យអនុរដ្ឋលេខាធិការ​នៃ​នាយកដ្ឋាន​រដ្ឋ ។ នៅក្នុង​ឆ្នាំ ១៩៨៧ លោក​បាន​ក្លាយ​ជា​ជំនួយ​ការពិសេស​ម្នាក់​ឲ្យ​អគ្គរាជទូត​នៃ​សហរដ្ឋ​នៅក្នុង​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន ។ ហើយ​ចាប់​ពី​ឆ្នាំ ១៩៨៩ ទៅ​ឆ្នាំ ២០០១ លោក​បាន​បំពេញ​មុខងារ​ជាច្រើន​នៅ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ និង​អន្តរជាតិ​នៅ​ទីក្រុង​វ៉ាស៊ីនតោន ឌី.ស៊ី. ។ បន្ទាប់​មក ​លោក​បាន​ត្រឡប់​ទៅ​ពិភព​សិក្សា​វិញ នៅពេល​លោក​បាន​ទទួល​មុខងារ​ជា​ជំនួយ​ការ​ប្រធាន​សម្រាប់​ការដាក់​ផែនការយុទ្ធសាស្ត្រ​នៅ ប៊ី.វ៉ាយ.យូ. ។ លោក​បាន​ចំណាយ​ពេល​ប្រាំបួន​ឆ្នាំ​នៅក្នុង​មុខ​តំណែង​នោះ ។

ខារី ជេនឃីន ជំនួយ​ការ​ឲ្យ​ប្រធាន​ទំនាក់ទំនង​នៃ​សាកលវិទ្យាល័យ​នៅ​ ប៊ី.វ៉ាយ.យូ. បាន​ធ្វើ​ការនៅ​ការិយាល័យ​ជាប់​នឹង​លោក ។ ជេនឃីន​ចាំ​អំពី​សមត្ថភាព​របស់​ជែរីត ហ្កង​ ក្នុង​ការលើក​ទឹកចិត្ត​ដល់​អ្នក​ដែល​នៅជុំវិញ​លោក ។ ជេនឃីន​និយាយ​ថា « ប្រសិនបើ​អ្នក​គ្មាន​ទំនុកចិត្ត​ថា អ្នក​អាច​ទទួល​យក​ការចាត់តាំង​ពិបាកណា​មួយ​ទេ​នោះ លោក​មាន​ទំនុកចិត្ត​នោះ​សម្រាប់​អ្នក ។ លោក​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​នៅក្នុង​អំណាច​លោក​ដើម្បី​ប្រឹក្សា​អ្នក ផ្តល់​ក្តីសង្ឃឹម​ដល់​អ្នក ហើយ​ទុក​ឲ្យ​អ្នក​បន្ត​ឆ្ពោះ​ទៅមុខ ហើយ​បញ្ជាក់​ដល់​ខ្លួន​អ្នក​ផ្ទាល់ » ។

ថូម៉ាស ប៊ី ហ្គ្រីហ្វីស្ស ចៅក្រម​សហព័ន្ធ ដែល​ស្គាល់​អែលឌើរ​ហ្កង​ទាំង​នៅ​វ៉ាស៊ីនតោន និង​ ប៊ី.វ៉ាយ.យូ. ពិពណ៌នា​អំពី​ទំនាក់ទំនង​ជាមួយ​លោក​តាម​របៀប​នេះ ៖ « នៅ​ចុង​បញ្ចប់​នៃ​ការសន្ទនា នោះអ្នក​ដឹង​ថា ការផ្តោត​ចិត្ត​ទុក​ដាក់​បាន​មាន​លើ​រូប​អ្នក ។ លោក​គឺជា​អ្នក​ដែល​ពូកែ​ស្តាប់ ។ ហើយ​លោក​សួរ​សំណួរ​ដែល​ធ្វើ​ឲ្យ​អ្នក​គិត » ។

ស៊ីសីល អូ សាំយ៉ូអែល​សុន អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​ក្នុង​ក្រុម​ចិតសិប​នាក់​ដែល​បាន​ដោះលែង​ពី​តំណែង និង​ជា​អតីត​ប្រធាន​ ប៊ី.វ៉ាយ.យូ. ថ្លែង​ថា អែលឌើរ​ហ្កង « ជាទូទៅ​ស្ងប់ស្ងាត់ ប៉ុន្តែ​ចិត្ត​របស់​លោក​គឺ​មិន​ស្ងប់ស្ងាត់​ទេ » ។

Gong family in Vietnam

ជីវិត​គ្រួសារ

ជែរីត និង​ស៊ូសាន​ ហ្កង បាន​ក្លាយ​ជា​ឪពុកម្តាយ​នៃ​កូន​ប្រុស​បួន​នាក់ — អ័ប្រាហាំ, សាំយ៉ូអែល, គ្រីស្ទស្តូហ្វើរ, និង​ម៉ាធ្យូ — ដែល​បាន​ធំ​ដឹង​ក្តី​ឡើង​នៅក្នុង​បរិយាកាស​ផ្សេងៗ​ ។

អែលឌើរ​ហ្កង​ថ្លែង​ថា « កាល​យើង​នៅ​ទីក្រុង​ប៉េកាំង កូនៗ​របស់​យើង​មាន​ពរ​ដោយ​ការក្លាយ​ជា​មិត្តភក្តិ​ជិតស្និទ្ធ​នឹង​គ្នា » ។

ស៊ីស្ទើរ​ហ្កង​បន្ថែម​ថា « ទី​មួយ ពួកគេ​មាន​ឱកាស​ដើម្បី​ឃើញ​ទស្សនវិស័យ​ដ៏​ទូលំទូលាយ​នៃ​ពិភពលោក ។ ទីពីរ វា​ជួយ​យើង​ឲ្យ​មាន​ចំណង​រឹងមាំ​ជា​គ្រួសារ ។ កូន​ប្រុស​របស់​យើង​នៅតែ​និយាយ​ថា រឿង​ដ៏​ល្អ​បំផុត​ដែល​យើង​បាន​ធ្វើ​ក្នុងនាម​ជា​ឪពុក​ម្តាយ​នោះ​គឺ បាន​ផ្តល់​បងប្អូន​ប្រុស​ដល់​ពួកគេ » ។

អែលឌើរ​ហ្កង​ថ្លែង​ថា « មាន​ម្ដង​នោះ យើង​បាន​ប្ដូរ​ពិន្ទុ​នៃ​កម្មវិធី​ជិះ​យន្តហោះ​ដែល​យើង​បាន​ប្រមូល​ជាច្រើន ទៅជា​ការ​ជិះ​យន្ដហោះ​ដោយ​ឥតគិត​ថ្លៃ ។ យើង​បាន​អនុញ្ញាត​ឲ្យ​ពួកគេ​ម្នាក់ៗ​ជ្រើសរើស​ទិសដៅ​មួយ ។ យើង​បាន​ចាប់ផ្តើម​នៅ វ៉ាស៊ីនតោន ឌី.ស៊ី. ជា​កន្លែង​ដែល​យើង​បាន​រស់នៅ បន្ទាប់​មក​ទៅ​ប្រទេស​អង់គ្លេស, សាធារណៈរដ្ឋ​ឆែក, ក្រិក, តួកគី, ឥណ្ឌា, ចិន និង​ជប៉ុន ។

ស៊ូសាន​និយាយ​ថា « យើង​មាន​ច្បាប់​តឹងរឹង​មួយ​អំឡុង​ពេល​ធ្វើ​ដំណើរ​នោះ ។ មិន​ថា​យើង​ទៅ​ទី​ណា​នោះ​ទេ នោះ​យើង​បរិភោគ​អាហារ​ដែល​មនុស្ស​នៅក្នុង​តំបន់​នោះ​បរិភោគ » ។ ទីបំផុត នៅក្នុង​ប្រទេស​ជប៉ុន​ជា​គោលដៅ​ចុង​បញ្ចប់​នៃ​ដំណើរ​នោះ អែលឌើរ​ហ្កង​បាន​ប្រាប់​កូន​ប្រុស​របស់​លោក​ថា លោក​នឹង​នាំ​ពួកគេ​ទៅ​ភោជនីយដ្ឋាន​មួយ​ដែល​ល្បីឈ្មោះ​ទូទាំង​ពិភពលោក​ខាង​សាច់​គោ ។ នៅ​ឯ​ហាង​ម៉ាកដូណាល់ កូន​ប្រុស​ទាំង​បួន​នាក់ និង​ឪពុកម្តាយ​ទាំងពីរ​ដែល​ឃ្លាន​បាន​បរិភោគ​ហេមប៊ើហ្គើរ​អស់​ចំនួន ១៧ !

អ័ប្រាហាំ​និយាយ​ថា « ទាំងប៉ា និង​ម៉ាក់​បាន​ផ្តល់​គុណតម្លៃ​ខ្ពស់​លើ​ការរៀន​សូត្រ​តាមរយៈ​បទពិសោធន៍ ។ ប៉ា​គិត​យ៉ាង​ជ្រាល​ជ្រៅ​អំពី​របៀប​ដែល​បទពិសោធន៍​សម្រួចសម្រាំង​មនុស្ស ​រួមទាំង​វប្បធម៌​ទាំងមូល​ផង » ។ អ័ប្រាហាំក៏​កត់សម្គាល់​ឃើញ​ថា ឪពុក​របស់គាត់ « និយាយ​យ៉ាង​ប្រុង​ប្រយ័ត្ន ដោយសារ​លោក​ត្រូវតែ​និយាយ​ដោយ​ម៉ឹងម៉ាត់ទាំងស្រុង ហើយ​ជឿ​ទាំងស្រុង​នូវ​អ្វី​ដែល​លោក​ថ្លែង » ។

សាំយ៉ូអែល​ចាំ​ថា « ទោះ​បី​ជា​ប៉ា​រវល់​កាល​គាត់​នៅ​ឯ​នាយកដ្ឋាន​រដ្ឋ​ក្តី ក៏​ប៉ា​ឆ្លៀតពេល​រៀងរាល់​យប់​ដើម្បី​បង្រៀន និង​បំពាក់បំប៉ន​ខ្ញុំ​សម្រាប់​ការប្រឡង​ប្រកួតប្រជែង​ផ្នែក​គណិតវិទ្យា​ថ្នាក់​ទី​បី​ដែល​ខ្ញុំ​ចង់​ចូល​ប្រកួត​នោះ​ផងដែរ ដែល​ហៅ​ថា ‹ ការប្រកួតប្រជែង ២៤ › ។ លោក​បាន​មាន​ប្រសាសន៍​ថា ប្រសិនបើ​ខ្ញុំ​ឈ្នះ យើង​នឹង​ជប់លៀង​ជាមួយ​ការ៉េម​សាន់ដេ ហើយ​មាន​ដាក់​គ្រឿង​បន្ថែម ២៤ មុខ ។ សាំយ៉ូអែល​បាន​ប្រឡង​ជាប់​រហូត​ដល់​ថ្នាក់​ជាតិ​ចុង​ក្រោយ ប៉ុន្តែ​គាត់ពុំ​បាន​ជាប់​នៅ​ថ្នាក់​ជាតិ​ទេ ។ ទោះជា​យ៉ាង​ណា​ក្តី គ្រួសារ​ហ្កង​នៅតែ​ទៅ​បរិភោគ​ការ៉េម​សាន់ដេ​ ។ ប៉ុន្តែ​វា​ពុំ​ងាយ​ស្រួល​ដើម្បី​ធ្វើ​គ្រឿង​បន្ថែម ២៤ មុខ​ឡើយ — គ្រឿង​ដែល​ពិបាក​នោះ​គឺ​សាច់​គោ​ងៀត ។

គ្រីស្ទស្តូហ្វើរ និង ម៉ាធ្យូ បាន​ថ្លែង​យ៉ាង​ច្រើន​អំពី « អំណរគុណ​ចំពោះ​ទំនុកចិត្ត សេចក្ដី​ស្រឡាញ់ និង​ការលះបង់​របស់​ឪពុក​ម្តាយ​របស់​យើង​ដែល​មាន​សម្រាប់​យើង » ។ វា​ជា​សេចក្តីស្រឡាញ់​ដែល​អែលឌើរ និង​ស៊ីស្ទើរ​ហ្កង​ចែកចាយ​ជាមួយ​គ្នា ព្រមទាំង​ជាមួយ​កូន​ប្រុស​គ្រប់រូប និង​សាច់​ញាតិ​គ្រួសារ ។

ស៊ូសាន​និយាយ​ថា « ជែរីត​គឺជា​កូន​ប្រុស និង​បងប្រុស​ដែល​លះបង់ ព្រមទាំង​ជា​ឪពុក​ដែល​មានការលះបង់​ផងដែរ ។ ច្បាប់​ទាំង​នោះ​សំខាន់​ចំពោះ​លោក​ណាស់ ។ លោក​ជួយ​យើង​ឲ្យ​យល់​ថា ទំនាក់ទំនង​គ្រួសារ​គឺ​សំខាន់ជាងអ្វីៗ​ទាំងអស់ » ។

បទពិសោធន៍​សាសនាចក្រ

ទោះបីជា​រវល់​ជាមួយ​នឹងការងារ និង​គ្រួសារ​ក្តី អែលឌើរ​ហ្កង​បាន​បន្ត​ដោយ​មាន​ឆន្ទៈ​បម្រើ​នៅក្នុង​សាសនាចក្រ បំពេញ​ការហៅបម្រើ​ក្នុងនាម​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់, អ្នកដឹកនាំ​ក្រុម​សង្ឃជាន់​ខ្ពស់, ប្រធាន​សាលា​ថ្ងៃ​អាទិត្យ​ស្តេក, គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា, ប៊ីស្សព, ប្រធាន​បេសកកម្ម​ស្តេក, ប្រធាន​ស្តេក និង​ពួកចិតសិប​នាក់​ប្រចាំ​តំបន់ ។

មិន​ថា​លោក​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​ក្នុង​មុខងារ​អ្វី​ក៏ដោយ ហើយ​មិន​ថា​នៅក្នុង​ជីវិត​គ្រួសារ​លោក​នោះ​ទេ​ លោក​តែង​បង្ហាញ​បុគ្គលិកលក្ខណៈ​ប្រាកដប្រជា​យ៉ាង​ខ្ជាប់ខ្ជួន ។ ស៊ីស្ទើរហ្កង​និយាយ​ថា « លោក​ឃើញ​ថា មនុស្ស​គ្រប់គ្នា​គឺជា​បុត្រា ឬ​បុត្រា​របស់​ព្រះវរបិតាសួគ៌ ។ ប៉ុន្តែ​លើស​ពី​អ្វី​ទាំងអស់​នោះ លោក​ស្រឡាញ់​ព្រះអម្ចាស់​ ។ លោក​ពិត​ជា​មាន​បំណង​ប្រាថ្នា​ដោយ​អស់​ពី​ដួងចិត្ត​លោក​ដើម្បី​ស្ថាបនា​នគរ និងផ្តល់​ពរ​ដល់​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌ » ។

ហើយ​លោក​បាន​កើតសរសើរ​ភរិយា​លោក ។ លោក​ថ្លែង​ថា « ទោះជា​អ្វី​ដែល​ខ្ញុំ​ត្រូវបាន​ហៅ​ឲ្យ​ធ្វើ​ក្តី ស៊ូសាន​តែង​នៅ​ក្បែរ​ខ្ញុំ ។ គាត់​រីករាយ​ជាមួយ​មនុស្ស​គ្រប់គ្នា ហើយ​ឈោង​ទៅរក​មនុស្ស​ដទៃ​ទៀត ។ គាត់​មាន​ឆន្ទៈ​ទៅកន្លែង​ថ្មីៗ ហើយ​សាកល្បង​កិច្ចការ​ថ្មីៗ​ជានិច្ច ជាអ្វី​ដែល​ខ្ញុំ​មាន​អំណរគុណ » ។

ការបម្រើ​ជាមួយ​ពួក​ចិតសិប​នាក់

អែលឌើរ ជែរីត ដ័បុលយូ ហ្កង ត្រូវ​បានគាំទ្រ​ជា​ពួកចិតសិបនាក់​ដែល​មានសិទ្ធិ​អំណាច​ទូទៅ​នៅថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០១០ ។ លោក​ត្រូវបាន​ចាត់តាំង​ឲ្យ​ទៅ​ទីស្នាក់ការកណ្តាល​នៃ​គណៈប្រធាន​តំបន់​អាស៊ី​នៅ​ទីក្រុង​ហុងកុង ។ ក្រោយ​មក​លោក​បាន​ក្លាយ​ជា​ប្រធាន​តំបន់​អាស៊ី ។ អែលឌើរ​ហ្កង​ត្រូវបាន​គាំទ្រ​ជា​គណៈប្រធាន​នៃ​ពួកចិតសិប​នៅ​ថ្ងៃ​ទី ៦ ខែ តុលា ឆ្នាំ ២០១៥ ជា​ពេល​ដែល​បទពិសោធន៍​ផ្នែក​អន្តរជាតិ​របស់​លោក​បាន​បន្ដ​ រួមមាន​ការពិនិត្យ​តំបន់​នៅក្នុង​ផ្នែក​ផ្សេងៗ​នៃ​ពិភពលោក​ដូចជា​ទ្វីប​អាហ្វ្រិក និង​អាមេរិក​កណ្តាល ។

លោក​ថ្លែង​ថា « អ្នក​ទៅ​ជួប និង​ស្រឡាញ់​ពួកបរិសុទ្ធ​នៅក្នុង​គ្រប់ទីកន្លែង​ទាំង​អស់​នេះ ។ អ្នក​មាន​ពរ​ដែល​មាន​មនុស្ស​ប្រាប់​អ្នក​អំពី​សេចក្តីជំនឿ​របស់ពួកគេ ដោយសារ​បទពិសោធន៍​របស់​ពួកគេ​អំពី​ព្រះ​ធ្វើការ​នៅក្នុង​ជីវិត​របស់​ពួកគេ ក្លាយ​ជា​ផ្នែក​នៃ​ការយល់​ដឹង​អំពីព្រះ និង​របៀប​ដែល​ទ្រង់​ស្រឡាញ់​ពួកយើង​ម្នាក់ៗ » ។

ប្រធាន រ័សុល អិម ណិលសុន ថ្លែង​ថា « ពេលយើង​បញ្ជូន​អែលឌើរ​ហ្កង​ទៅក្នុង​ស្ថានភាព​ណា​មួយ នោះ​អ្នក​ដែល​ទាក់ទង​លោកទទួល​អារម្មណ៍​ថា ពួកគេ​បាន​ជួប​មិត្ត​ម្នាក់ ។ លោក​មាន​ចំណេះដឹង​ខ្ពស់ ប៉ុន្តែ​លោក​មាន​ការបន្ទាបខ្លួន ។ លោក​ទាក់ទង​ជាមួយ​មនុស្ស​គ្រប់​ស្រទាប់​វណ្ណៈ ហើយតែងតែ​រៀបចំ​ខ្លួន​បាន​ល្អ និង​យោគយល់​គ្នា » ។

Gongs in Thailand

ចាប់​ពីខាងឆ្វេង ៖ នៅ​ក្នុង​ប្រទេស​ថៃ អែលឌើរ​ហ្កង បាន​ជួប​ជាមួយ​លោក​ម្ចាស់ ហ្រ្វាំងស៊ីស សាវៀរ ដែល​ជា​សង្ឃ​ថ្នាក់​ខ្ពស់ គ្រៀងសាក់ កូវីថាវ៉ានីយ ជា​សង្ឃ​កាតូលិក​នៅ​ទីក្រុង​បាំងកក ។ អែលឌើរ​ហ្កង​រីករាយ​ក្នុង​ការធ្វើដំណើរ​ផ្ទាល់​ខ្លួន​ជាមួយ​ពួកកូនប្រុស​របស់​លោក នេះជា​ការធ្វើដំណើរ​នៅ​ប្រទេសកាណាដា ​ជាមួយ​កូន​ប្រុស​របស់​លោក​សាំយ៉ូអែល ។ អែលឌើរ​ហ្កង​បាន​ចែកចាយគំនិត​របស់​លោក​អំពី​នំបុ័ង​ជីវិត​ជាមួយ​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់វិទ្យាស្ថាន​ក្នុង​ឆ្នាំ ២០១៧ ។ ស៊ីស្ទើរ​ហ្កង​ស្វាគមន៍​គ្នា​នៅក្នុង​ផ្ទះ​នៃ​សមាជិក​ម្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

ការហៅបម្រើ​ជា​សាវក

ពេល​ប្រធាន​ណិលសុន​ផ្តល់​ការហៅ​បម្រើ​ដល់​អែលឌើរ​ហ្កង​ឲ្យ​បម្រើ​ជា​សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​ នោះ​ព្យាការី « ដោយ​ក្តីស្រឡាញ់ បាន​ចាប់​ដៃ​របស់​ខ្ញុំ [ ជាមួយ ] នឹង​ភរិយា​ជា​ទីស្រឡាញ់​របស់​ខ្ញុំ ស៊ូសាន​ដែល​នៅ​ក្បែរ​ខ្ញុំ ហើយ​ផ្តល់​ការហៅ​បម្រើ​ក្នុង​មុខងារ​ដ៏​ពិសិដ្ឋ​នេះ​មក​ពី​ព្រះអម្ចាស់ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល » ( ព្រះគ្រីស្ទ​ទ្រង់​បាន​រស់​ឡើង​វិញ » Liahona, ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៧ ) ។ ដោយ​បន្ទាប​ខ្លួន ប៉ុន្តែ​ដោយ​ភាពជឿជាក់​នៃ​សេចក្តីស្រឡាញ់ និង​ការទុក​ចិត្ត​របស់​លោក​លើ​ព្រះអម្ចាស់ នោះ​អែលឌើរ​ហ្កង​បាន​ទទួល​យក​ការហៅបម្រើ​នោះ ។ លោក​ត្រូវបាន​គាំទ្រ​នៅ​ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០១៨ ។ ដោយ​បាន​រៀបចំ​យ៉ាង​ប្រុងប្រយ័ត្ន​ដោយ​ព្រះអម្ចាស់ ឥឡូវ​នេះ​លោក​នឹង​ធ្វើការងារ​បម្រើ​ក្នុងនាម​ជា « [ សាក្សី ] ពិសេស​អំពី​ព្រះនាម​នៃ​ព្រះគ្រីស្ទ​នៅ​ពេញ​សព្វ​ក្នុង​ពិភពលោក » ( គ. និង ស. ១០៧:២៣ ) ។