២០១៨
សេចក្តីសង្ឃឹម​នៅក្នុង​ប្រទេស​ហូឡង់
ខែ តុលា ២០១៨


សេចក្តីជំនឿ សេចក្តីសង្ឃឹម និង​ព្រះគុណ — ផ្នែក​ទី ៣

សេចក្តីសង្ឃឹម នៅក្នុង​ប្រទេស​ហូឡង់

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ នូវ ជើស៊ី ស.រ.អា. ។

ហ្គ្រេស​គឺជា​ក្មេង​ស្រី​អាយុ ១៥ ឆ្នាំ​រស់នៅ​ប្រទេស​ហូឡង់​អំឡុង​សង្គ្រាម​លោកលើក​ទី II ។ សង្គ្រាម​បាន​អូស​បណ្តាយ​ពេល​យ៉ាង​យូរ ។ ប្រជាជន​នៅប្រទេស​ហូឡង់​មាន​ភាពអត់​ឃ្លាន ហើយ​ពួកគេ​សង្ឃឹម​ថា សង្គ្រាម​នឹង​ចប់​ក្នុង​ពេល​ឆាប់ៗ ។

Hope in Holland

ឆ្នាំ​ចុងក្រោយ​គេនៃ​សង្គ្រាម​លោកលើកទី II គឺជា​ឆ្នាំ​ដ៏​អាក្រក់​បំផុត​សម្រាប់​ប្រទេស​ហូឡង់ ។ ពួក​ណាស្ស៊ីស​បាន​គ្រប់គ្រង​លើ​អ្វីៗ​គ្រប់​យ៉ាង ។ ហ្គ្រេស​ពុំ​អាច​ទៅ​រៀន​បាន​ឡើយ ។ គ្មាន​ធ្យូង​ដើម្បី​ដុត​កម្ដៅ​នៅក្នុង​ផ្ទះ​ពួកគេ​ឡើយ ។ ហ្គ្រេស និង​គ្រួសារ​របស់​នាង​ត្រូវតែ​បរិភោគ​ផ្កា​ធូលីប​ដើម្បី​កុំ​ឲ្យ​ដាច់​ពោះ​ស្លាប់ ។ វា​មាន​រសជាតិ មិន​ឆ្ងាញ់​ទេ ! កាន់តែ​អាក្រក់​បំផុត​នោះ ប៉ា​របស់​នាង​នៅ​តែ​ជា​អ្នក​ទោស​សង្គ្រាម ។

ប៉ុន្តែ​ពួកគេ​នៅតែ​មាន​ក្តីសង្ឃឹម ។ មនុស្ស​ម្នា​និយាយ​ថា ពួក​ណាស្ស៊ីស​បាន​ចាញ់​សង្គ្រាម ។ ហើយ​នៅក្នុង​ខែ ឧសភា ឆ្នាំ ១៩៤៥ ពួកណាស្ស៊ីស​បាន​ចុះចាញ់ ។ ទីបំផុត​ប្រទេស​ហូឡង់​មាន​សេរីភាព​សារ​ជាថ្មី ! មនុស្ស​ម្នា​បាន​អបអរសាទរ​នៅ​តាម​ដង​ផ្លូវ ។ ឥឡូវ​នេះ​ហ្គ្រេសអាចត្រឡប់​ទៅ​រៀន​វិញ​បានហើយ ។ គ្មាន​ទាហាន​ដែល​ធ្វើ​ឲ្យ​នាង​ខ្លាច​ទៀត​ឡើយ ។

កាន់តែ​ល្អ​បំផុត​នោះ នាថ្ងៃ​មួយ​ពេល​ហ្គ្រេស និង​ប្អូនប្រុស​នាង​កំពុង​ដើរ​ទៅ​ផ្ទះ​ពេល​ចេញ​ពី​រៀន ពួកគេ​បាន​ឃើញ​ថា ទង់​ជាតិ​ប្រទេស​ហូឡង់​បាន​បង្ហោះ​ឡើង​នៅ​ខាង​មុខ​ផ្ទះ​របស់​ពួកគេ ។ ពួកគេ​ដឹង​ថា ការណ៍​នោះ​មាន​អត្ថន័យ​អ្វី​មួយ ។

ហើប៊ើរ​បាន​ស្រែក​ថា « ប៉ា​ត្រឡប់​មក​ផ្ទះ​វិញ​ហើយ ! »

ហ្គ្រេស​ និង​ប្អូនប្រុស​របស់​នាង​បាន​រត់​ចូល​ទៅ​ក្នុង​ផ្ទះ ។ ហ្គ្រេស​បាន​ឱប​ប៉ា ហើយ​ឱប​គាត់​យ៉ាង​ណែន ​។ ឪពុក​គាត់​ក៏​បាន​ឱប​គាត់​វិញ​ផងដែរ ។ វា​ជា​រឿង​ដ៏​អស្ចារ្យ​ដែល​ឪពុក​គាត់​បាន​ត្រឡប់​មក​ផ្ទះ​វិញ ។

មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​រឿង​នោះមក កញ្ចប់​អាហារ សម្លៀកបំពាក់ និង​ថ្នាំពេទ្យ​បាន​ចាប់ផ្តើម​មក​ដល់​ប្រទេស​ហូឡង់ ។ ថ្នាក់​ដឹកនាំ​សាសនាចក្រ​នៅ​ទីក្រុង សលត៍ លេក បាន​បញ្ជូន​គ្រឿង​បរិក្ខារ​ជា​ច្រើន​ដើម្បីជួយ​មនុស្ស​បន្ទាប់​ពី​សង្គ្រាម ។ ហ្គ្រេស​ថែមទាំង​បាន​រ៉ូបថ្មី​មួយ​ផងដែរ ។ គាត់​បាន​ពាក់​រ៉ូប​ដដែល​ៗ​អស់រយៈពេល​ប្រាំឆ្នាំ​ហើយ ដូច្នេះ​គាត់​សប្បាយ​ចិត្ត​ណាស់​ដែល​បានរ៉ូប​ថ្មី​មួយ ។

ជា​លើក​ទីមួយ​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ ហ្គ្រេស​មាន​អាហារ​គ្រប់គ្រាន់​បរិភោគ ។ គណៈប្រធាន​បេសកកម្ម និង​រដ្ឋាភិបាល​នៅ​ប្រទេស​ហូឡង់​បាន​សម្រេច​ចិត្ត​ចាប់ផ្តើម​គម្រោង​ដាំដំឡូង​ដើម្បី​បានអាហារ​ច្រើន​ថែម​ទៀត ។ សមាជិក​សាសនាចក្រ​បាន​ដាំ​ដំឡូង​យ៉ាង​ច្រើន​នៅលើ​ដី​វាល​ក្បែរ​នោះ ។ នៅ​ត្រឹម​រដូវ​ធ្លាក់​ទឹកកក ពួកគេ​ទទួល​បាន​ដំឡូង​រាប់ពាន់​ដើម្បី​បរិភោគ ។

ហ្គ្រេស​បាន​ប្រាប់​ប៉ា​ដោយ​ចង្អុល​ទៅ​ពន្លក​ដើម​ដំឡូង​ថា « មើល​ន៎ ! យើង​នឹង​មិន​ស្រេក​ឃ្លាន​ទៀត​ទេ ! »

ប៉ា​បាន​ងក់​ក្បាល តែ​ពុំ​បាន​ញញឹម​ទេ ។ គាត់​បាន​និយាយ​ថា « ប៉ា​បាន​និយាយ​ជាមួយ​ប្រធាន​ស្សាភៃ ។ គាត់​បាន​ប្រាប់​ប៉ា​ថា ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​នៅ​ប្រទេស​អាល្លឺម៉ង់​នៅ​តែ​ស្រេកឃ្លាន ដូច​យើង​ធ្លាប់​ស្រេកឃ្លាន​ផងដែរ ។ ពួកគេ​ពុំ​បាន​ទទួល​ជំនួយ​ពី​រដ្ឋាភិបាល​ដូច​យើង​ឡើយ » ។ ប៉ា​បាន​ដាក់​ដៃ​លើ​ស្មា​របស់​ហ្គ្រេស ។ « ប្រធាន​ស្សាភៃ​បាន​សួរ ប្រសិនបើ​យើង​នឹង​ឲ្យ​ដំឡូង​របស់​យើង​ទៅ​ពួកបរិសុទ្ធ​អាល្លឺម៉ង់ដែរ​ឬ​អត់ ។

លះបង់​ដំឡូង​របស់​យើង ! » ហ្គ្រេស​បាន​យំ ។ ប៉ុន្តែ​ពួក ណាស្ស៊ីស គឺ​មក​ពី​ប្រទេស​អាល្លឺម៉ង់ ! « ប៉ា ពួកគេ​ប្រហែលជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ប៉ុន្តែ​ពួកគេ​នៅតែ​ជា​ជនជាតិ​អាល្លឺម៉ង់ » ។

ប៉ា​បាន​និយាយ​ថា « ប៉ាដឹង​ថា វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ ។ ប៉ុន្តែ​ពួកគេ​ក៏​ជា​កូន​របស់​ព្រះ​ដែរ ។ ទ្រង់​ស្រឡាញ់​ពួកគេ​ផងដែរ ។ ប៉ា​បាន​អភ័យទោស​ឲ្យ​ពួកគេ​ដែល​ចាប់​ប៉ា​យក​ធ្វើ​ជា​ឈ្លើយ ។ ព្រះអម្ចាស់​អាច​ជួយ​យើង​ទាំងអស់​គ្នា​ឲ្យ​អភ័យទោស » ។

ហ្គ្រេស​បាន​សម្លឹងមើល​ទៅ​ប៉ា ។ ប៉ា​គឺជា​មនុស្ស​ម្នាក់ដ៏ក្លាហាន​បំផុត​ដែល​នាង​ស្គាល់ ប៉ុន្តែ​នាង​ពុំ​ដឹង​ថា តើនាង​មាន​ចិត្ត​ក្លាហាន​ដើម្បី​អភ័យទោស​ដូចជា​ប៉ា​នាង​បាន​ធ្វើដែរ​អត់​នោះទេ ។ បន្ទាប់​មក​ នាង​បាន​ចាំ​ពី​គ្រូបង្រៀន​ម្នាក់​របស់​នាង​នៅក្នុង​សាលា​អំឡុងពេល​សង្គ្រាម ។ គ្រូបង្រៀន​របស់​នាង​បាន​និយាយថា មិនមែន​ពួក​អាល្លឺម៉ង​ទាំងអស់​ជាពួកណាស្ស៊ីស​ទេ ហើយ​ពួក​ណាស្ស៊ីស​ទាំងអស់​ក៏​មិន​សុទ្ធតែ​ជា​ទាហាន​អាក្រក់​ដែរ ។ ហើយ​ឥឡូវ​នេះ ក្មេង​ប្រុសស្រី​នៅ​ប្រទេស​អាល្លឺម៉ង់​កំពុង​ស្រេកឃ្លាន គឺដូចជា​ហ្គ្រេស​ធ្លាប់ស្រេក​ឃ្លាន​ដែរ ។

ហ្គ្រេស​បាន​ដក​ដង្ហើម​ធំ ។ នាង​បាន​និយាយ​ថា « កូន​យល់​ហើយ ។ ចូរ​ឲ្យ​ដំឡូង​របស់​យើង​ទៅ​ពួកគេ​ចុះ » ។

ប៉ា​បាន​ឱប​នាង ហើយ​ញញឹម ។ « កូន​គឺ​ជា​ក្មេង​ស្រី​ដ៏​ក្លាហាន​ម្នាក់ ។ នេះជារឿង​មួយ​ដែល​ពិបាក​ធ្វើ​ណាស់ ។ ប៉ុន្តែ​យើង​គឺជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​បងប្អូន​ប្រុសស្រី​ជនជាតិ​អាល្លឺម៉ង់​របស់​យើង​នោះ​ក៏ដូច្នោះ​ដែរ ។

ហ្គ្រេស​បាន​ញញឹម ។ កំហឹង​ដែល​នាង​មាន​ក្នុង​ចិត្ត​បាន​រសាយ​បាត់​អស់ ហើយ​នាង​មាន​អារម្មណ៍ស្ងប់សុខ និង​កក់ក្តៅ ។ នាង​អាច​អភ័យទោស​ដល់​ពួក​អាល្លឺម៉ង់​បាន ! ហើយ​ព្រះយេស៊ូវ​អាច​ជួយ​នាង​ឲ្យ​ស្រឡាញ់​ពួកគេ​ផងដែរ ។