សាច់មាន់ប្រាំបីដុំតូចៗ
អាប៊ីហ្គែល អាល់មែរីយ៉ា ទីក្រុង សេប៊ូ ប្រទេស ហ្វីលីពីន
ដោយស្វាមីខ្ញុំអត់មានការងារធ្វើជាបណ្ដោះអាសន្ន នោះការផ្គត់ផ្គងក្រុមគ្រួសារដែលមានកូនកំពុងធំធាត់ប្រាំនាក់ គឺជាឧបសគ្គណាស់ ។ ថ្ងៃមួយ នៅមុនថ្ងៃចាក់ផ្សាយសន្និសីទទូទៅខែ តុលា ឆ្នាំ ២០១៣ យើងបានពិនិត្យមើលអាហារដែលនៅសេសសល់របស់យើង ហើយសម្រេចចិត្តថា យើងនឹងរៀបចំអាហារថ្ងៃត្រង់យ៉ាងសាមញ្ញមួយ ជាមួយនឹងសាច់មាន់ចៀន និង បាយ សម្រាប់ហូបនៅអំឡុងពេលសម្រាកនៅចន្លោះសម័យប្រជុំទាំងឡាយ ។
ថ្ងៃអាទិត្យបានមកដល់ ហើយយើងបានរៀបចំជាស្រេច ។ អ្នកផ្សេងទៀតនៅក្នុងក្រុមគ្រួសាររបស់យើង ដែលមានឪពុកម្ដាយខ្ញុំ និង បងប្អូនស្រីរបស់ខ្ញុំ និង ក្រុមគ្រួសាររបស់ពួកគេបានជួបគ្នានៅមជ្ឈមណ្ឌលស្តេកកន្លះម៉ោង មុនការចាក់ផ្សាយបានចាប់ផ្ដើម ។
វាជាសេចក្ដីអំណរ និង ពរជ័យមួយដែលបានស្ដាប់ពួកព្យាការី អ្នកមើលឆុត និង អ្នកទទួលវិវរណៈ ចែកចាយសារលិខិតជាពិសេសសម្រាប់ជំនាន់របស់យើង ។ ពេលខ្ញុំស្ដាប់ដល់ដំបូន្មាន និង ក្រេបជញ្ជក់នៅក្នុងវិញ្ញាណនៃសេចក្ដីសុខសាន្ត និង សេចក្ដីស្រឡាញ់ដ៏អស្ចារ្យដែលខ្ញុំទទួលពីព្រះវរបិតាសួគ៌របស់ខ្ញុំ នោះខ្ញុំបានទទួលការអះអាងថា អ្វីៗទាំងអស់នឹងបានល្អហើយ ថាសេចក្ដីត្រូវការខាងវិញ្ញាណ និង ខាងលោកិយរបស់ក្រុមគ្រួសារខ្ញុំនឹងត្រូវបានដោះស្រាយ ហើយថា បើខ្ញុំបន្តអនុវត្តសេចក្ដីជំនឿ និង អនុញ្ញាតឲ្យព្រះអង្គសង្គ្រោះដឹកបង្ហៀរ នោះយើងនឹងត្រូវបានដោះចេញពីក្រញាំនៃភាពក្រីក្រ និង ការលំបាកផ្សេងៗទៀត ។
ដោយកំពុងរីករាយនឹងវិញ្ញាណដ៏ស្រស់ស្អាតនៃថ្ងៃបរិសុទ្ធនោះ ខ្ញុំបានភ្លេចពីអាហារថ្ងៃត្រង់ ។ ពេលសម្រាកដែលនៅចន្លោះសម័យប្រជុំបានមកដល់ ទើបខ្ញុំបានដឹងថា យើងមានគ្នា ១៧ នាក់ ។ មនុស្សពេញវ័យប្រាំបួននាក់ និង ក្មេងៗប្រាំបីនាក់ នឹងត្រូវចែកចាយអាហារដ៏តិចតួចស្ដួចស្ដើងរបស់យើង ដែលមានសាច់មាន់ប្រាំបីដុំតូចៗ និង បាយមួយចានធំ ព្រមទាំងមីផាស្តាមួយចានគោមដែលប្អូនស្រីម្នាក់របស់ខ្ញុំបានយកមក ។
ហិនរី ដែលមានអាយុប្រាំបីឆ្នាំ បានអធិស្ឋានអរព្រះគុណ និង ប្រសិទ្ធិពរដល់អាហារ ដោយសុំថា អស់អ្នកទាំងឡាយណាដែលទទួលទាននឹងបានឆ្អែត ។ បន្ទាប់មក ខ្ញុំបានបំបែកសាច់មាន់ទៅជាដុំកាន់តែតូចៗទៅទៀត ហើយបានហុចវាទៅក្មេងៗ កាលដែលប្អូនស្រីខ្ញុំបានដាក់មីផាស្តា និង បាយទៅក្នុងចានរបស់ពួកគេ ។ ខ្ញុំពុំអាចទប់ទឹកភ្នែកបាន ពេលដែលខ្ញុំបានឃើញថា យើងបានមានគ្រប់គ្រាន់សម្រាប់អ្នកគ្រប់គ្នាបានទទួលទានអាហារតូចមួយ ហើយនៅសល់មួយចានទៀត បន្ទាប់ពីដុំសាច់មាន់ទាំងអស់ត្រូវបានកាត់ ហើយមីផ្តាស្តា និង បាយត្រូវបានចែកចាយក្នុងចំណោមពួកយើង ។ ពួកយើងទាំងអស់គ្នាបានញ៉ាំ — ហើយបានឆ្អែត ។
ខ្ញុំបានប្រាប់ឪពុកម្ដាយ និង ស្វាមីខ្ញុំថា ខ្ញុំបានដឹងដោយប្រាកដថា ព្រះអង្គសង្គ្រោះពិតជាបានបែងចែកនំប៉័ងប្រាំដុំ និង ត្រីពីរ ហើយបានផ្ដល់ចំណីដល់បណ្ដាជន « ចំនួនប្រាំពាន់នាក់ ឥតរាប់ពួកស្រីៗ និង កូនក្មេងទេ » ( សូមមើល ម៉ាថាយ ១៤:១៤–២១ ) ។ ពួកអ្នករិះគន់ និង អ្នកមិនជឿមួយចំនួន ប្រកាសថា អព្ភូតហេតុគឺជាការប្រៀបធៀប បំផ្លើស ឬ មិនអាចកើតឡើង ។ ប៉ុន្តែ សម្រាប់ក្រុមគ្រួសារខ្ញុំ និង ខ្ញុំ ដំណើររឿងគឺពិតដូចជាបានសរសេរ ។
ព្រះវរបិតាសួគ៌បានឮការអធិស្ឋានដ៏ស្មោះត្រង់ ដែលក្មេងម្នាក់បានផ្ដល់អំណរគុណ និង បានសុំពរជ័យថា អស់អ្នកដែលនឹងទទួលទាននឹងបានឆ្អែត ហើយទទួលការចញ្ចឹមបីបាច់ ។
កាលដែលយើងបានទៅឯបន្ទប់សម្រាប់ចាក់ផ្សាយសន្និសីទទូទៅវិញ នោះខ្ញុំមានការសប្បាយនៅក្នុងចិត្តជាខ្លាំង ។ ខ្ញុំបានមានអារម្មណ៍ដូចជាខ្ញុំបាននៅជាមួយនឹងបណ្ដាជនដែលព្រះយេស៊ូវបានផ្ដល់ចំណី ដោយចង់នៅទីនោះយ៉ាងខ្លាំង ហើយរៀនអំពីទ្រង់ ជាអង្គដែលសន្យាថា បើយើងស្ដាប់តាម នោះយើងនឹងមិនដែលឃ្លាន ឬ ស្រេកទៀតឡើយ ( សូមមើល យ៉ូហាន ៦:៣៥ ) ។
យើងបានប្រញាប់ប្រញាល់អង្គុយចុះជាមួយកូនៗយើងដោយស្ងៀមស្ងាត់នៅក្នុងសាលប្រជុំ ហើយបានរៀបចំដើម្បីស្ដាប់ពួកអ្នកបម្រើដែលបានជ្រើសតាំងរបស់ព្រះវរបិតាសួគ៌ ។ វាគឺជាឱកាសមួយដែលយើងនឹងចងចាំជានិច្ច ។