២០១៥
រ៉ូប​អាពាហ៍ពិពាហ៍​របស់​ម្ដាយ​ខ្ញុំ
ខែ កក្កដា ឆ្នាំ ២០១៥


រ៉ូប​អាពាហ៍ពិពាហ៍​របស់​ម្ដាយ​ខ្ញុំ

អេងជែលីកា ផ្លរេស អាលហ្កាបា ទីក្រុង ហ្គូរេតារូ ប្រទេស ម៉ិកស៊ីកូ

Wedding dress in a storage box.

ខ្ញុំ​ជា​ក្មេង​ស្រី​ម្នាក់ ពេល​ខ្ញុំ​បាន​ឃើញ​រ៉ូប​អាពាហ៍ពិពាហ៍​របស់​ម្ដាយ​ខ្ញុំ​លើក​ដំបូង ។ វា​ត្រូវ​បាន​ខ្ចប់​ទុក​នៅ​ក្នុង​ប្រអប់​យ៉ាង​មាន​របៀប​រៀប​រយ ហើយ​ខ្ញុំ​ចាំ​ពេល​ម្ដាយ​ខ្ញុំ​បើក​វា​ដោយ​ថ្មមៗ ដើម្បី​ខ្ញុំ​អាច​ឃើញ​វា ។ វា​ស្អាត​ខ្លាំង​ណាស់ ! ខ្ញុំ​ចង់​ស្លៀក​រ៉ូប​នោះ​ខ្លាំង​ណាស់ ពេល​ថ្ងៃ​អាពាហ៍ពិពាហ៍​ខ្ញុំ​មក​ដល់ ។

ម្ដាយ​ខ្ញុំ​បាន​ដាក់​ចូល​ទៅ​ក្នុង​ប្រអប់​វិញ​ថ្នមៗ ហើយ​បាន​សន្យា​ថា​នឹង​ឲ្យ​ខ្ញុំ​ខ្ចី​វា​នៅ​ពេល​ខាង​មុខ ។ គាត់​បាន​និយាយ​ថា រ៉ូប​នោះ​ជា​អំណោយ​ដ៏​ពិសេស​ពី​ឪពុក​ខ្ញុំ ។ គាត់​មើល​ទៅ​ស្អាត ហើយ​លង់​ក្នុង​សេចក្ដី​ស្នេហា​ខ្លាំង​ណាស់ នៅក្នុង​រូបថត​អាពាហ៍ពិពាហ៍​របស់​គាត់ ។ ឪពុក​ម្ដាយ​របស់​ខ្ញុំ ពុំ​មែន​ជា​សមាជិក​ទេ តែ​ជា​មនុស្ស​ល្អ​ណាស់ ។

ខ្ញុំ​បាន​រៀន​អំពី​សាសនាចក្រ ពេល​ខ្ញុំ​បាន​ជួប​នឹង​បុរស​ម្នាក់​ដែល​នឹង​ក្លាយ​ជា​ស្វាមី​ខ្ញុំ ។ ការជួប​របស់​យើង​គឺ​មិន​ធម្មតា​ទេ គាត់​ពុំ​មែន​ជា​សមាជិក​សកម្ម​ទេ ដោយសារ​ការជួប​របស់​យើង​បាន​នាំ​ទៅ​កាន់​រឿង​នៃ​ការនិមិត្ត​ដំបូង ។ ខ្ញុំ​បាន​យល់​ថា រឿង​នោះ​អស្ចារ្យ ប៉ុន្តែ​ខ្ញុំ​ពុំ​ទាន់​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ទទួល​វា​ទេ ។

បន្ទាប់​ពី​យើង​បាន​ណាត់​ជួប​ជា​គូ​បាន ១៦ ខែ សុបិន​របស់​ខ្ញុំ​បាន​ក្លាយ​ទៅជា​ការពិត ពេល​ដែល​ខ្ញុំ​បាន​ពាក់​រ៉ូប​អាពាហ៍ពិពាហ៍​របស់​ម្ដាយ​ខ្ញុំ ដែល​មាន​ស្បៃ​យ៉ាង​វែង ហើយ​បាន​ដើរ​ឆ្ពោះ​ទៅ​គូ​ដណ្ដឹង​ខ្ញុំ ។ ខ្ញុំ​ក៏​បាន​លង់​ក្នុង​សេចក្ដី​ស្នេហា​ដែរ ។ មនុស្ស​ជាច្រើន​បាន​និយាយ​ថា ខ្ញុំ​មើល​ទៅ​ដូច​ជា​ម្ដាយ​ខ្ញុំ​ពេល​គាត់​រៀបការ ។

ជាច្រើន​ឆ្នាំ​បាន​កន្លង​ផុតទៅ ហើយ​ពួកយើង​បាន​មាន​កូន​ប្រុស​ពីរនាក់ ។ ពេល​ស្វាមី​ខ្ញុំ​បាន​ព្យាយាម​ត្រឡប់​ទៅ​ព្រះវិហារ​វិញ ខ្ញុំ​បាន​រារាំង​ការ​ព្យាយាម​របស់​គាត់ ។ ថ្វី​បើ​ខ្ញុំ​ពុំ​បាន​សកម្ម​ក្នុង​ព្រះវិហារ​ពេល​ខ្ញុំ​នៅ​ជា​យុវវ័យ​ក្ដី ក៏​ខ្ញុំ​ពិបាក​នឹង​ទទួល​យក​សាសនា​ផ្សេងទៀត​ដែរ ។

ទីបំផុត ការណ៍​នោះ​បាន​ផ្លាស់​ប្ដូរ បន្ទាប់​ពី​រៀបការ​បាន ១៩ ឆ្នាំ ។ ស្វាមី​របស់​ខ្ញុំ​បាន​ត្រឡប់​ទៅ​ព្រះវិហារ​វិញ ហើយ​ពីរ​បី​សប្ដាហ៍​ក្រោយ​មក ខ្ញុំ​បាន​ចាប់ផ្ដើម​ចូលរួម​ជាមួយ​គាត់ ។ ទីបន្ទាល់​របស់​ខ្ញុំ​បាន​លូតលាស់​យ៉ាង​ឆាប់​រហ័ស ហើយ​ខ្ញុំ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក និង ពិធី​បញ្ជាក់ ។ ភ្លាមៗ​បន្ទាប់​ពី​នោះ ក្ដី​ប្រាថ្នា​ដ៏​ធំ​បំផុត​របស់​ខ្ញុំ គឺ​រៀបចំ​ខ្លួន​ខ្ញុំ​ដើម្បី​បាន​ផ្សារ​ភ្ជាប់​ជាមួយ​ស្វាមី​ខ្ញុំ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

ពេល​ដែល​ថ្ងៃ​ដ៏​រីករាយ​នៃ​ពិធី​ផ្សារ​ភ្ជាប់​របស់​យើង​បាន​មក​ដល់ ខ្ញុំ​បាន​ពាក់​រ៉ូប​ពណ៌​ស​របស់​ម្ដាយ​ខ្ញុំ​ម្ដង​ទៀត ។ មិត្ត​ម្នាក់មក​ពី​ព្រះវិហារ​បាន​កែសម្រួល​វា ដើម្បី​ឲ្យ​វា​សមរម្យ​ដើម្បី​ពាក់​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ខ្ញុំ​បាន​ពាក់​វា​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​តាំង​ពី​ពេល​នោះ​មក ។

រហូត​មក​ដល់​ថ្ងៃ​ដែល​ឪពុក​ខ្ញុំ​ទទួល​អនិច្ចកម្ម ហើយ​ម្ដាយ​ខ្ញុំ​បាន​ឈាន​ចូល​ដល់​ពេល​វេលា​ចុងក្រោយ​នៃ​ជីវិត​គាត់​ហើយ ក៏​គាត់​នៅ​តែ​ពុំ​ទាន់​រួចរាល់​ដើម្បី​ទទួល​យក​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើង​វិញ​ដែរ ។ ប៉ុន្តែ ខ្ញុំ​បាន​ប្រាប់​គាត់​នូវ​ការណ៍​អស្ចារ្យ​ជាច្រើន​អំពី​ការស្ដារ​ឡើង​វិញ ។ ខ្ញុំ​ក៏​បាន​ប្រាប់​គាត់​ថា ពេល​គាត់​ឆ្លង​កាត់​វាំង​នន​ទៅ​ម្ខាង​ទៀត នោះ​គាត់​នឹង​បាន​ឮ​ពី​សារ​នៃ​ដំណឹង​ល្អ​ដ៏​ពិត ។ ខ្ញុំ​បាន​សន្យា​នឹង​គាត់​ថា បន្ទាប់​ពី​មួយ​ឆ្នាំ ខ្ញុំ​នឹង​ពាក់​រ៉ូប​របស់​យើង តំណាង​ឲ្យ​គាត់ ដើម្បី​គាត់​អាច​ទទួល​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ និង ផ្សារភ្ជាប់​នឹង​ឪពុក​ខ្ញុំ ។ ហើយ​ខ្ញុំ​បាន​ធ្វើ​ដូច្នោះ​មែន ។

រ៉ូប​របស់​ខ្ញុំ​ចាស់​ហើយ​ឥឡូវ​នេះ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា ថ្ងៃ​មួយ​ខ្ញុំ​ត្រូវ​តែ​ឈប់​ពាក់​វា ។ រហូត​ដល់​ថ្ងៃ​នោះ​មក​ដល់ ខ្ញុំ​នឹង​បន្ត​ពាក់​វា​ដោយ​សេចក្ដី​ស្រឡាញ់ — សម្រាប់​ស្វាមី​ខ្ញុំ ម្ដាយ និង ឪពុក​ខ្ញុំ សម្រាប់​សមាជិក​គ្រួសារ​ដែល​ខ្ញុំ​បាន​បម្រើ​ជួស​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ សម្រាប់​ដំណឹងល្អ​ដ៏​ពិត សម្រាប់​ពិធី​បរិសុទ្ធ​ដ៏​ពិសិដ្ឋ និង សម្រាប់​ព្រះវរបិតាសួគ៌​របស់​ខ្ញុំ និង ព្រះរាជបុត្រា​របស់​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។