ព្រះអម្ចាស់បានមានព្រះបន្ទូលនៃសេចក្ដីសុខសាន្តមកកាន់ខ្ញុំ
ត្រីស្សា ថមឃិនសិន រីកស៍ រដ្ឋ អារីហ្សូណា ស.រ.អា
កូនស្រីរបស់យើង ខារលី បានឈឺអស់ពីរបីថ្ងៃ ហើយខ្ញុំបានគិតថា នាងគ្រាន់តែផ្ដាសាយប៉ុណ្ណោះ ។ ប៉ុន្តែ ពេលរោគសញ្ញារបស់នាងចេះតែរីករាលដាលឡើង នោះខ្ញុំបានចាប់ផ្ដើមគិតថា វាធ្ងន់ធ្ងរ ។
ការភ័យខ្លាចរបស់ខ្ញុំត្រូវបានបញ្ជាក់ និង រឹតតែភ័យខ្លាំងឡើងពេលនៅឯការណាត់ជួបជាមួយគ្រូពេទ្យរបស់នាង — ខារលីត្រូវបានធ្វើរោគវិនិច្ឆ័យថាមានរោគទឹកនោមផ្អែមប្រភេទទី១ ។ នាងបានបានសន្លប់ដោយសាររោគទឹកនោមផ្អែម ហើយត្រូវបញ្ជូនទៅមន្ទីរពេទជាបន្ទាន់ ។ ខ្ញុំបានអធិស្ឋាននៅក្នុងចិត្តខ្ញុំ ដើម្បីឲ្យខ្ញុំស្ងប់អារម្មណ៍ និង ថាគ្រូពេទ្យអាចជួយនាងបាន ។
ពេលយើងមកដល់បន្ទប់សង្គ្រោះបន្ទាន់ ពួកគ្រូពេទ្យ និង គលានុបដ្ឋយិកា បានប្រញាប់ប្រញាល់ធ្វើការដើម្បីសង្គ្រោះនាង ។ ខ្ញុំបានទូលអង្វរដល់ព្រះវរបិតារបស់ខ្ញុំ ដើម្បីបានការលួងលោម និង សេចក្ដីសុខសាន្ត ។
ក្នុងពេលស្ងាត់មួយភ្លែត ស្វាមីខ្ញុំ និង ឪពុកគាត់បានផ្ដល់ពរជ័យបព្វជិតភាពដល់ខារលី ។ នៅក្នុងការប្រសិទ្ធិពររបស់គាត់ ស្វាមីខ្ញុំបានអះអាងដល់នាងថា វាជាព្រះឆន្ទៈរបស់ព្រះវរបិតាសួគ៌របស់នាងថានាងនឹងរស់នៅ ។ ខ្ញុំបានចាប់ផ្ដើមមានអារម្មណ៍នូវសេចក្ដីសុខសាន្ត ។
បន្ទាប់ពីបួនប្រាំម៉ោងនៃការមើលគ្រូពេទ្យចាក់ និង ពិនិត្យមើលការរីកចម្រើនរបស់ខារលី នោះខ្ញុំបានអស់កម្លាំងជាខ្លាំង ។ បន្ទប់របស់នាងមិនសូវរវល់ទេនៅម៉ោង ១:០០ ព្រឹក ។ ខ្ញុំមិនដឹងថាត្រូវរំពឹងអ្វីនោះទេ ខ្ញុំពុំអាចគេងលក់ ហើយមានអារម្មណ៍ឯកោ ។
ខ្ញុំបានដកព្រះគម្ពីរមរមនចេញមក ដែលប្អូនស្រីខ្ញុំបានយកមកមន្ទីរពេទ្យ ហើយបានអធិស្ឋានថា ព្រះគម្ពីរនឹងនាំមកនូវការអះអាងឡើងវិញដែលខ្ញុំត្រូវការ ។ ព្រះគម្ពីរបានបើកនៅ អាលម៉ា ៣៦:៣ ។ ពេលខ្ញុំអាន ខ្ញុំមានអារម្មណ៍ថា ព្រះអម្ចាស់កំពុងមានបន្ទូលមកខ្ញុំ ៖ « ឪពុកដឹងថា នរណាដែលដាក់ទីទុកចិត្តរបស់ខ្លួនទៅលើព្រះ អ្នកនោះហើយដែលនឹងបានគាំទ្រនៅក្នុងការពិសោធន៍របស់គេ និង វិបត្តិរបស់គេ និង ការទុក្ខវេទនារបស់គេ ហើយនឹងត្រូវបានលើកឡើងនៅថ្ងៃចុងក្រោយ » ។
ខ្ញុំបានទទួលអារម្មណ៍នៃសេចក្ដីសុខសាន្តជាលើកទីពីរនៅយប់នោះ ។ ខ្ញុំដឹងថា ព្រះវរបិតាសួគ៌ទ្រង់ត្រាស់ដឹងពីយើង ។ ទ្រង់ចង់ឲ្យខ្ញុំដឹងថា ទ្រង់នៅទីនោះ ហើយថា ខ្ញុំត្រូវមានសេចក្ដីជំនឿលើទ្រង់ ។
កាលដែលខ្ញុំបាននឹកពីព្រឹត្តិការណ៍នៅក្នុងថ្ងៃនោះ ខ្ញុំបានគិតអំពីរបៀបដែលព្រះអម្ចាស់បានប្រទានពរដល់យើង ។ ខ្ញុំបានមានអារម្មណ៍ថាត្រូវយកខារលីទៅជួបគ្រូពេទ្យជាបន្ទាន់ ។ យើងបានមកដល់មន្ទីរពេទ្យដោយសុវត្ថិភាព ។ អ្នកកាន់អំណាចបព្វជិតភាពបានមកដល់ភ្លាមៗ ហើយបានធ្វើការប្រសិទ្ធពរ ។
ចាប់តាំងពីថ្ងៃនោះមក យើងបានទម្លាប់ក្នុងការពិនិត្យមើលជាតិស្ករក្នុងឈាមនាង ហើយបានរៀបចំចំណីជាស្រេច ។ យើងបានរៀនពីរបៀបដែលការគ្រប់គ្រងជំងឺទឹកនោមផ្អែមអាចមានឥទ្ធិពលទៅលើរាងកាយ ។ ជំងឺរបស់ខារលីនៅតែជាការលំបាកមួយ ប៉ុន្តែយើងបានរៀនដើម្បីទុកចិត្តលើព្រះវរបិតាសួគ៌ជារៀងរាល់ថ្ងៃ ។
ថ្ងៃនោះដែលនៅក្នុងមន្ទីរពេទ្យ ពុំមែនជាថ្ងៃដែលខ្ញុំចង់មានម្ដងទៀតទេ ប៉ុន្តែវាជាថ្ងៃមួយដែលខ្ញុំនឹងមានអំណរគុណចំពោះវាជានិច្ច ។ វាជាថ្ងៃមួយនៃការរៀន ការអនុវត្តសេចក្ដីជំនឿ ការមានអារម្មណ៍នៃការដឹងគុណ ។ ខ្ញុំបានរៀនថា ព្រះវរបិតាសួគ៌ទ្រង់ត្រាស់ដឹងអំពីបុត្រាបុត្រីទ្រង់ម្នាក់ៗ ហើយថា ទ្រង់នឹងពិតជាគាំទ្រយើងនៅក្នុងការសាកល្បងទាំងឡាយ ។