ការទទួលអ្វីៗទាំងអស់ដែលឪពុកមាន ៖ រឿងប្រៀបធៀបសម័យទំនើប
ដកស្រង់ពី អែលឌើរ ខារឡូស អ៊ី អេសេ ( ឆ្នាំ ១៩២៦–១៩៩៩ ) នៃពួកចិតសិបនាក់ “The Oath and Covenant of the Priesthood,” Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៨៥ ទំព័រ ៤៥ ។
ក្មេងប្រុសម្នាក់កំពុងរៀបចំខ្លួនបម្រើបេសកកម្ម ។ ឪពុកម្ដាយរបស់គាត់បានយល់ព្រមបង់ថ្លៃបេសកកម្មរបស់គាត់ ដរាបណាគាត់នឹងរក្សាច្បាប់បេសកកម្ម និង ខំប្រឹងធ្វើការ ។ គាត់បានយល់ព្រម ។
បន្ទាប់ពីបានចូលក្នុងបេសកកម្ម គាត់បានឃើញថា កិច្ចការផ្សព្វផ្សាយសាសនាគឺពិបាកខ្លាំងជាងដែលគាត់បានរំពឹងគិត ។ ការរៀនភាសាថ្មី ការសម្របសម្រួលទៅនឹងវប្បធម៌ផ្សេង និង ការប្រឈមនឹងការបដិសេធ បានធ្វើឲ្យគាត់បាក់ទឹកចិត្ត ។ ដៃគូ និង ប្រធានបេសកកម្មរបស់គាត់បានព្យាយាមលើកទឹកចិត្តគាត់ ប៉ុន្តែ គាត់នៅតែមានអារម្មណ៍ថាដូចជាចង់បោះបង់ចោល ។
គាត់បានប្រាប់ប្រធានបេសកកម្មគាត់ថា គាត់ចង់ត្រឡប់ទៅផ្ទះវិញ ។ ប្រធានបេសកកម្មរបស់គាត់បានទូរសព្ទទៅឪពុករបស់យុវជននោះ ហើយបានផ្ដល់ការអនុញ្ញាតឲ្យគាត់ទូរសព្ទទៅកូនប្រុសគាត់ ។
អ្នកផ្សព្វផ្សាយសាសនារូបនោះបានប្រាប់ឪពុកគាត់អំពីការបាក់ទឹកចិត្តរបស់គាត់ ។ ឪពុកគាត់បាននិយាយថា « អស់ជាច្រើនឆ្នាំ ម៉ាក់កូន និង ប៉ា បានទន្ទឹងរង់ចាំថ្ងៃដែលឯងនឹងបម្រើបេសកកម្មពេញម៉ោង ។ យើងដឹងថា វាសំខាន់យ៉ាងណា ក្នុងការបង្រៀនដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទទៅដល់ពួកអ្នកទាំងឡាយដែលពុំមានវា » ។
កូនប្រុសបានឆ្លើយតបថា « ប៉ា ខ្ញុំពុំបានដឹងថា បេសកកម្មមានន័យយ៉ាងនេះសម្រាប់ប៉ាទេ » ។
ឪពុកបានប្រកាសថា « វាមានន័យគ្រប់បែបយ៉ាងទាំងអស់សម្រាប់ប៉ា » ។ « អស់មួយជីវិតប៉ា ប៉ាខំធ្វើការ កសាងមុខជំនួញ និង ខំសន្សំប្រាក់ដោយមានមនុស្សម្នាក់នៅក្នុងគំនិត ៖ គឺកូន ។ គោលដៅរបស់ប៉ា គឺដើម្បីផ្ដល់ដល់កូននូវមរតកដ៏បរិបូរ » ។
កូនប្រុសបានឆ្លើយកាត់ថា « ប៉ុន្តែ ប៉ា ការណ៍នោះមិនបានផ្លាស់ប្ដូរការពិតដែលថា ខ្ញុំមិនរីករាយ … »
ឪពុកបានកាត់ថា « តើប៉ាអាចទុកដាក់មុខជំនួញរបស់ប៉ាទៅនឹងកូនបានយ៉ាងម៉េចទៅ បើកូនពុំអាចបញ្ជាក់ពីខ្លួនកូន ដោយការបម្រើព្រះអម្ចាស់តែពីរឆ្នាំយ៉ាងខ្លីនេះ ? »
មានភាពស្ងាត់មួយសន្ទុះ កាលដែលកូនប្រុសបានសញ្ជឹងគិតពីសំណួររបស់ឪពុក ។
បន្ទាប់មកឪពុកបាននិយាយថា « កូនប៉ា បើកូននឹងមានភាពស្មោះត្រង់នៅក្នុងការហៅបម្រើនេះ ហើយបញ្ជាក់ខ្លួនកូនថាសក្ដិសម នោះអ្វីៗទាំងអស់ដែលជាកម្មសិទ្ធិរបស់ប៉ា នឹងក្លាយជារបស់កូន » ។
ដោយរំជួលចិត្តដោយការសន្យានេះ នោះកូនប្រុសបានប្រាប់ឪពុកដោយក្ដីក្លាហានថា « កូននឹងនៅបន្ត » ។
កូនប្រុសពិតជាបាននៅបន្ត ហើយគាត់បានបម្រើដោយស្មោះត្រង់ ។ គាត់បានធ្វើតាមច្បាប់បេសកកម្ម និង បានខិតខំធ្វើការ ។ មែនហើយ ក្រោយពីបេសកកម្មរបស់គាត់ គាត់បានទទួលពីឪពុកគាត់នូវមរតកដែលបានសន្យា គឺសូម្បីតែអ្វីៗទាំងអស់ដែលឪពុកគាត់មានដើម្បីនឹងចែកឲ្យ ។