ការរៀនសូត្រតាម របៀបរបស់ព្រះអម្ចាស់
ដកស្រង់ចេញពីសុន្ទរកថាដែលបានធ្វើឡើងនៅក្នុងសិក្ខាសាលាសម្រាប់ប្រធានបេសកកម្មថ្មីនៅថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៤ ។
ការយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យធ្វើជាគ្រូបង្រៀន គឺជាគោលបំណងចម្បងមួយនៅក្នុងលំនាំទាំងអស់របស់ព្រះអម្ចាស់សម្រាប់ការរៀនសូត្រ ។
ការពន្លឿននៃកិច្ចការរបស់ព្រះអម្ចាស់តម្រូវឲ្យយើងបន្តរៀនសូត្រ ផ្លាស់ប្តូរ និងឆ្ពោះទៅមុខដោយសេចក្តីជំនឿលើព្រះអង្គសង្គ្រោះ ។
គំរូអំពីគ្រប់ទាំងអស់
នៅក្នុងវិវរណៈមួយដែលបានប្រទានឲ្យព្យាការីយ៉ូសែប ស្ម៊ីធ នៅខែ មិថុនា ឆ្នាំ ១៨៣១ នោះព្រះអម្ចាស់បានប្រកាសដូច្នេះ ៖ « យើងនឹងប្រទានគំរូដល់អ្នកអំពីគ្រប់ទាំងអស់ ដើម្បីកុំឲ្យអ្នករាល់គ្នាអាចត្រូវគេបញ្ឆោតបាន ដ្បិតសាតាំងកំពុងនៅពាសពេញលើដែនដី ហើយវាចេញទៅ ដោយបញ្ឆោតសាសន៍នានា » ( គ. និង ស. ៥២:១៤ ) ។
គួរឲ្យចាប់អារម្មណ៍ណាស់ ព្រះអម្ចាស់បានប្រទានដល់យើងនូវគំរូ « មួយ » មិនមែនគំរូ « មួយ » សម្រាប់ គ្រប់ទាំងអស់នោះទេ ។ ខ្ញុំពុំជឿថា ព្រះអម្ចាស់កំពុងប្រាប់នូវពាក្យ « គំរូអំពីគ្រប់ទាំងអស់ » ថាទ្រង់មានតែគំរូមួយដើម្បីប្រើប្រាស់នៅក្នុងគ្រប់ស្ថានភាពនោះទេ ។ ផ្ទុយទៅវិញ របៀបរបស់ព្រះអម្ចាស់រួមមានគំរូជាច្រើនដែលអាចត្រូវបានប្រើប្រាស់ដើម្បីសម្រេចបាននូវវត្ថុបំណងខាងវិញ្ញាណផ្សេងៗគ្នា ។
គោលបំណងចម្បងបំផុតរបស់យើងក្នុងបទពិសោធន៍នៃការរៀនសូត្រ និងការបង្រៀន គួរតែត្រូវបានកំណត់ និងប្រើគំរូនេះ ឬគំរូនានាដែលបំពេញតម្រូវការរបស់យើងបានល្អបំផុត ហើយសម្រេចបាននូវលទ្ធផលរៀនសូត្រដែលប៉ងប្រាថ្នា ។
ព្រះវិញ្ញាណបរិសុទ្ធគឺជាគ្រូបង្រៀន
ព្រះវិញ្ញាណបរិសុទ្ធគឺជាសមាជិកទីបីនៃក្រុមព្រះ និងជាអ្នកផ្តល់វិវរណៈ គ្រូបង្រៀន អង្គជាជំនួយ អង្គដែលញែកចេញបរិសុទ្ធ ហើយទ្រង់នាំឲ្យយើងចងចាំនូវអ្វីៗទាំងអស់ ( សូមមើល យ៉ូហាន ១៤:១៦–១៧, ២៦; នីហ្វៃទី ៣ ២៧:២០ ) ។ អែលឌើរ ជេម អ៊ី ថាលម៉េហ្គ ( ឆ្នាំ ១៨៦២–១៩៣៣ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ថា « តំណែងរបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងការងារបម្រើរបស់ទ្រង់ក្នុងចំណោមមនុស្សត្រូវបានពិពណ៌នានៅក្នុងព្រះគម្ពីរ ។ ទ្រង់គឺជាគ្រូបង្រៀនដែលព្រះវរបិតាបានបញ្ជូនមក ហើយចំពោះអស់អ្នកដែលមានសិទ្ធិដើម្បីទទួលការបង្រៀនរបស់ទ្រង់ នោះទ្រង់នឹងបើកសម្តែងនូវគ្រប់អ្វីៗទាំងអស់ដែលចាំបាច់សម្រាប់ការលើកតម្កើងព្រលឹង » ។១ ការយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យធ្វើជា គ្រូបង្រៀននោះ គឺជាគោលបំណងចម្បងមួយនៅក្នុងលំនាំទាំងអស់របស់ព្រះអម្ចាស់សម្រាប់ការរៀនសូត្រ និងការបង្រៀន ។
អ្នករៀនសូត្រដែលអនុវត្តសិទ្ធិជ្រើសរើសខាងសីលធម៌ ហើយអនុវត្តស្របតាមគោលការណ៍ត្រឹមត្រូវ បើកដួងចិត្តពួកគេចំពោះព្រះវិញ្ញាណបរិសុទ្ធ — ហើយអញ្ជើញការបង្រៀនរបស់ទ្រង់ អំណាចនៃការថ្លែងទីបន្ទាល់ និងសាក្សីបញ្ជាក់របស់ទ្រង់ ។ … ការរៀនសូត្រជាមួយ និងដោយសេចក្ដីជំនឿតម្រូវឲ្យមានកិច្ចខិតខំខាងវិញ្ញាណ ខាងសតិអារម្មណ៍ និង ខាងរូបកាយ ហើយពុំមែនគ្រាន់តែជាការទទួលដោយភាពអកម្មនោះទេ ។ នៅក្នុងសេចក្តីស្មោះត្រង់ និងភាពខ្ជាប់ខ្ជួននៃសកម្មភាពដែលបានបំផុសគំនិតយើងឲ្យមានសេចក្ដីជំនឿ នោះយើងបង្ហាញចំពោះព្រះវរបិតាសួគ៌ និងព្រះរាជបុត្រារបស់ទ្រង់ព្រះយេស៊ូវគ្រីស្ទ នូវការស្ម័គ្រចិត្តរបស់យើងដើម្បីរៀន និងទទួលយកការបង្ហាត់បង្រៀនពីព្រះវិញ្ញាណបរិសុទ្ធ ។
សូមពិចារណាអំពីរបៀបដែលពួកអ្នកផ្សព្វផ្សាយសាសនាជួយសាសនាគន់ការីរៀនដោយសេចក្តីជំនឿ ។ ការធ្វើ និងការរក្សាការតាំងចិត្តខាងវិញ្ញាណ ដូចជាការសិក្សា និងការអធិស្ឋានអំពីព្រះគម្ពីរមរមន ការរក្សាបទបញ្ញត្តិ និងការចូលរួមការប្រជុំសាសនាចក្រតម្រូវឲ្យសាសនាគន់ការីអនុវត្តសេចក្តីជំនឿ ហើយធ្វើសកម្មភាព ។ គោលការណ៍នេះក៏អនុវត្តចំពោះសមាជិកទាំងអស់ រួមទាំងឪពុកម្តាយ គ្រូបង្រៀន និងថ្នាក់ដឹកនាំផងដែរ ។
ការបង្រៀន ការដាស់តឿន និងការពន្យល់ — គឺសំខាន់ — តែពុំអាចផ្លាស់ប្តូរសាសនាគន់ការី កុមារ សិស្ស ឬសមាជិកនូវសាក្សីនៃសេចក្ដីពិតដ៏ពេញលេញនៃដំណឹងល្អដែលបានស្ដារឡើងវិញឡើយ ។ លើកលែងតែនៅពេលសេចក្តីជំនឿរបស់ពួកគេចាប់ផ្តើមសកម្មភាព ហើយបើកផ្លូវទៅដល់ដួងចិត្ត ដែលអាចឲ្យព្រះវិញ្ញាណបរិសុទ្ធនាំមកនូវសាក្សីបញ្ជាក់នោះ ។ ពួកអ្នកផ្សព្វផ្សាយសាសនា ឪពុកម្ដាយ គ្រូបង្រៀន និងថ្នាក់ដឹកនាំត្រូវតែរៀនជាប្រាកដ ដើម្បីបង្រៀនដោយព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ ។ ប៉ុន្តែភាពសំខាន់ស្មើគ្នានោះគឺការទទួលខុសត្រូវដែលពួកគេមានដើម្បីជួយអ្នកដទៃឲ្យរៀនដោយខ្លួនពួកគេតាមរយៈសេចក្តីជំនឿ ។
ការរៀនសូត្រដែលខ្ញុំកំពុងពិពណ៌នានេះ វាមានកម្រិតហួសពីការយល់ដឹង ហើយរក្សាទុក និងចងចាំអំពីព័ត៌មាន ។ ប្រភេទការរៀនសូត្រដែលខ្ញុំកំពុងនិយាយនេះធ្វើឲ្យយើងភ្ញាក់ឡើងចំពោះព្រះ ( សូមមើល អាលម៉ា ៥:៧ ) សម្រាតភាពខាងសាច់ឈាមចេញ ( សូមមើល ម៉ូសាយ ៣:១៩ ) ផ្លាស់ប្តូរដួងចិត្តរបស់យើង ( សូមមើល ម៉ូសាយ ៥:២ ) ហើយបានប្រែចិត្តជឿដល់ព្រះអម្ចាស់ និងពុំបោះបង់ចោលសាសនាឡើយ ( សូមមើល អាលម៉ា ២៣:៦ ) ។ ការរៀនសូត្រដោយសេចក្ដីជំនឿ តម្រូវឲ្យមានចិត្ត និងគំនិតដែលស្ម័គ្រតាម ( សូមមើល គ. និង ស. ៦៤:៣៤ ) ហើយជាលទ្ធផលនៃព្រះវិញ្ញាណបរិសុទ្ធ ដែលនាំព្រះចេស្ដានៃព្រះបន្ទូលព្រះមកកាន់ដួងចិត្តផង និងចូលដល់ក្នុងដួងចិត្តផង ។ ការរៀនសូត្រដោយសេចក្ដីជំនឿ ពុំអាចត្រូវបានផ្ទេរពីគ្រូបង្រៀនទៅសិស្សម្នាក់ ពីអ្នកផ្សព្វផ្សាយសាសនាម្នាក់ទៅសាសនាគន់ការីម្នាក់ តាមរយៈការបង្រៀន ការបង្ហាញ ឬតាមសកម្មភាពក្នុងថ្នាក់រៀនទេ តែសិស្សម្នាក់ត្រូវតែអនុវត្តសេចក្ដីជំនឿ និងធ្វើសកម្មភាព ដើម្បីទទួលបានចំណេះដឹងសម្រាប់ខ្លួនគាត់ ។
គំរូសម្រាប់ការរៀនសូត្រ និងការបង្រៀន
១. រៀបចំខ្លួនរៀន ប្រសិនបើអ្នកចូលរួមថ្នាក់សាលាថ្ងៃអាទិត្យ ហើយស្តាប់គ្រូបង្រៀនរបស់អ្នកបង្ហាញប្រធានបទមួយ នោះគឺជាការល្អណាស់ ។ ប៉ុន្តែប្រសិនបើអ្នកបានធ្វើការ ហើយរៀបចំ ប្រសិនបើអ្នកកំពុងគិតអំពីអ្វីដែលគ្រូបង្រៀនរបស់អ្នកបានអញ្ជើញអ្នកឲ្យអាន ពិចារណា និងអធិស្ឋានពីមុនមករៀន នោះអាចមានការចាក់ស្រោចព្រះវិញ្ញាណដ៏មានអនុភាព ហើយព្រះវិញ្ញាណបរិសុទ្ធក្លាយជាគ្រូបង្រៀនរបស់អ្នក ។ ការរៀបចំអញ្ជើញឲ្យមានវិវរណៈ ។
២. រួមចំណែកដើម្បីឲ្យស្អាងឡើង ខ្ញុំចង់ឲ្យអ្នកយកចិត្តទុកដាក់នឹងខគម្ពីរនេះ ។ « តាំងគ្រូបង្រៀនម្នាក់នៅក្នុងចំណោមអ្នករាល់គ្នា ហើយចូរកុំឲ្យទាំងអស់គ្នានិយាយព្រមគ្នាឡើយ ប៉ុន្តែចូរនិយាយម្នាក់ម្ដង ហើយចូរឲ្យទាំងអស់គ្នាស្ដាប់ពាក្យសម្ដីរបស់អ្នកនោះ ប្រយោជន៍កាលណាទាំងអស់គ្នានិយាយ នោះទើបឲ្យទាំងអស់បានស្អាងឡើងទាំងអស់គ្នា ហើយប្រយោជន៍ឲ្យមនុស្សគ្រប់រូបអាចបានសិទ្ធិស្មើគ្នា » ( គ. និង ស. ៨៨:១២២ ) ។
នេះគឺជាគំរូដ៏មានអនុភាពមួយរបស់ព្រះអម្ចាស់សម្រាប់ការរៀនសូត្រ និងការបង្រៀន ។ ខ្ញុំសូមផ្តល់យោបល់នូវវិធីមួយនៃការមើលខគម្ពីរនេះ « តាំងគ្រូបង្រៀនម្នាក់នៅក្នុងចំណោមអ្នករាល់គ្នា » ។ តើនរណាជាគ្រូបង្រៀន ? ព្រះវិញ្ញាណបរិសុទ្ធ ។ តើវាអាចទេ ប្រសិនបើអ្នកចង់ឲ្យព្រះវិញ្ញាណបរិសុទ្ធក្លាយជាគ្រូបង្រៀនរបស់អ្នក នោះ « ចូរកុំឲ្យទាំងអស់គ្នា [ និយាយ ] ព្រមគ្នាឡើយ ប៉ុន្តែចូរនិយាយម្នាក់ម្ដង ហើយចូរឲ្យទាំងអស់គ្នាស្ដាប់ពាក្យសម្ដីរបស់អ្នកនោះ ប្រយោជន៍កាលណាទាំងអស់គ្នានិយាយ នោះទើបឲ្យទាំងអស់បានស្អាងឡើងទាំងអស់គ្នា ? » បុគ្គលម្នាក់ដែលអាចបង្កើតការស្អាងឡើងនោះមានតែព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ ។
ការចូលរួមដើម្បីស្អាងឡើងអញ្ជើញឲ្យមានវិវរណៈ ។ បច្ចុប្បន្ននេះនៅក្នុងសាសនាចក្រ ពួកយើងកំពុងតែរៀន និងអនុវត្តការកាន់តែឆាប់ដឹង ភាពហ្មត់ចត់ខាងវិញ្ញាណ និងគំរូនៃតម្រូវការក្នុងការរៀនសូត្រ និងការបង្រៀន ។ តើយើងនឹងធ្វើជានិច្ចនូវអ្វីដែលតែងតែធ្វើ ហើយទទួលលទ្ធផលដដែលៗដែលយើងធ្លាប់ទទួលដែរឬទេ ឬតើយើងនឹងប្រែចិត្ត ហើយរៀន និងផ្លាស់ប្តូរ ហើយបង្រៀនតាមរបៀបរបស់ព្រះអម្ចាស់កាន់តែច្រើនឡើងដែរឬទេ ?
៣. អញ្ជើញឲ្យអនុវត្ត គ្រាន់តែសំណួរសាមញ្ញមួយអាចជួយឲ្យសម្រេចបានគោលដៅនេះ ។ តើអ្នកនឹងធ្វើយ៉ាងណាជាមួយនឹងអ្វីដែលអ្នកបានរៀននេះ ? ការអនុវត្តតាមវិវរណៈអញ្ជើញវិវរណៈកាន់តែច្រើនឡើង ។
ខ្ញុំអធិស្ឋានសូមឲ្យពួកយើងរក្សាល្បឿនជាមួយការពន្លឿនរបស់ព្រះអម្ចាស់ ថាយើងនឹងពុំគ្រាន់តែធ្វើនូវអ្វីដែលសាមញ្ញៗដូចដែលយើងធ្លាប់បានធ្វើវាឡើយ ។
ខ្ញុំសូមប្រកាសជាសាក្សីអំពីភាពពិតប្រាកដនៃព្រះជន្មរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។ ខ្ញុំសូមធ្វើជាសាក្សីថា ទ្រង់មានព្រះជន្មរស់ ។ ទ្រង់បានមានព្រះជន្មរស់ឡើងវិញ ។ ទ្រង់គង់នៅជាប្រមុខនៃសាសនាចក្រនេះ ហើយទ្រង់ដឹកនាំកិច្ចការសាសនាចក្រនេះ ។ ទ្រង់កំពុងអង្វរករយើងម្នាក់ៗឲ្យរក្សាល្បឿនជាមួយនឹងការពន្លឿនកិច្ចការរបស់ទ្រង់ ហើយធ្វើតាមគំរូដែលទ្រង់បានគូសដានមកសម្រាប់ការរីកចម្រើន និងការរៀនសូត្ររបស់យើង ។