២០២០
ប្រយុទ្ធ​នឹង​ភាពឯកោ​ជាមួយ​នឹង​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ
ខែ ធ្នូ ឆ្នាំ ២០២០


សម្រាប់​តែ​ឌីជីថល​ប៉ុណ្ណោះ ៖ យុវមជ្ឈិមវ័យ

ប្រយុទ្ធ​នឹង​ភាពឯកោ​ជាមួយ​នឹង​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ

ពេល​អ្នក​មាន​អារម្មណ៍​ឯកោ សូម​កុំ​ភ្លេច​អនុញ្ញាត​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតា និង​ព្រះរាជបុត្រា​ចូល​ក្នុ​ងជីវិត​របស់​អ្នក ។

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​យូថាហ៍ ស.រ.អា. ។

ទំនាក់ទំនង​គឺ​ជា​អ្វី​មួយ​ដែល​យើង​ព្យាយាម​អស់​មួយ​ជីវិត​យើង ។ យើង​ចង់​ទាក់ទង​ជាមួយ​ក្រុមគ្រួសារ​យើង មិត្តភក្ដិ​យើង មនុស្ស​សំខាន់​របស់​យើង ។ នៅក្នុង​ពិភពលោក​នៃ​បច្ចេកវិទ្យា វា​ងាយ​ដើម្បី​គិត​ថា​អ្នក​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​មនុស្ស​គ្រប់​គ្នា ។ ការណ៍​នេះ​វា​ពិត​ខ្លះ—អ្នក​អាច​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ​ទៀត ហើយ​ឃើញ​ការបង្ហោះ​របស់​ពួកគេ​នៅលើ​បណ្ដាញ​សង្គម—ប៉ុន្តែ​វា​មិន​តែងតែ​ផ្ដល់​នូវ​ទំនាក់ទំនង​ផ្លូវ​អារម្មណ៍​ដ៏​ជ្រាលជ្រៅ​នោះ​ទេ ។

មាន​អារម្មណ៍​ឯកោ​ថ្ងៃ​បុណ្យ

ការកាត់ផ្ដាច់​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ឯកោ ។ ហើយ​ភាពឯកោ​នេះ​អាច​មាន​អស់​ពេញ​មួយ​ឆ្នាំ ប៉ុន្តែ​ជា​ញឹកញាប់ វា​កាន់តែ​ឯកោ​នៅ​អំឡុង​រដូវ​បុណ្យ ដែល​វា​គួរ​ឲ្យ​សោកស្ដាយ​ណាស់ ព្រោះ​វា​ជា​ពេល​មួយ​ដែល​យើង​ត្រូវ​ហ៊ុំព័ទ្ធ​ដោយ​សេចក្ដី​ស្រឡាញ់ និង​អំណរ ។ ប៉ុន្តែ​យើង​អាច​នឹង​ឯកោ​ដោយសារ​យើង​នៅ​ឆ្ងាយ​ពី​ផ្ទះ និង​ពួក​អ្នក​ដែល​យើង​ស្រឡាញ់ ឬ​សូម្បី​តែ​នៅ​ពេល​ដែល​យើង​នៅ​ជាមួយ​នឹង​គ្រួសារ​យើង ប៉ុន្តែ​មិន​សូវ​មាន​ទំនាក់ទំនង​ជាមួយ​ពួកគេ ។

នៅ​ពេល​ដែល​អ្នក​មាន​អារម្មណ៍​ថា អ្វីៗ​ទាំងអស់​ដូច​ជា​ប្រឆាំង​នឹង​អ្នក នោះ​ចូរ​ចាំ​ថា មាន​ព្រះ​ពីរ​អង្គ​ដែល​តែងតែ​នៅ​ទីនោះ​សម្រាប់​អ្នក ។ ពីរ​អង្គ​ដែល​តែងតែ​មាន​ព្រះទ័យ​ចង់​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នក មិន​ថា​អ្នក​កំពុង​ឆ្លងកាត់​អ្វី​នោះ​ទេ—គឺ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំ​គិត​ថា ពេល​ខ្លះ​យើង​ភ្លេច​ថា យើង​អាច​បែរ​ទៅ​រក​ពួក​ទ្រង់​ជានិច្ច ពេល​យើង​ត្រូវការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​នរណា​ម្នាក់​យ៉ាង​ខ្លាំង​នោះ ។

អនុញ្ញាត​ឲ្យ​ពួកទ្រង់​ចូល​មក

ពេល​ខ្ញុំ​គិត​អំពី​ការភ្ជាប់​ទំនាក់ទំនង​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ នោះ​ខ្ញុំ​បាន​នឹកឃើញ​ពី​បទពិសោធន៍​មួយ​ដែល​ខ្ញុំ​បាន​មាន​មួយ​រយៈ​កន្លង​មក ។

ខ្ញុំ​កំពុង​សម្លឹង​មើល​ទៅ​ព្យុះ​ភ្លៀង​តាម​បង្អួច​របស់​ខ្ញុំ រង់ចាំ​សំឡេង​របស់​វា​ដើម្បី​នាំ​មក​នូវ​អារម្មណ៍​សុខសាន្ត​ដល់​ខ្ញុំ ។ ជា​ទូទៅ ពេល​ខ្ញុំ​សញ្ជឹង​ស្មារតី​ស្ដាប់​ដល់​ដំណក់​ទឹក​ប៉ះ​នឹង​ដី នោះ​អារម្មណ៍​ផ្សេង​ទៀត​ដែល​ខ្ញុំ​មាន​ត្រូវ​បាន​លាង​ជម្រះ​មួយ​រយៈ​ដោយ​ព្រោះតែ​គ្រា​ដ៏​សណ្តំ​នោះ ។

អារម្មណ៍​នៃ​ភាពសុខសាន្ត​ពិត​ជា​បាន​មក ប៉ុន្តែ​មិន​ច្រើន​ដូច​អ្វី​ដែល​ខ្ញុំ​ត្រូវការ​នោះ​ទេ ។ គំនិត​របស់​ខ្ញុំ​ភាគច្រើន​នៅតែ​ជាប់​ទៅ​នឹង​ភាពវឹកវរ​ក្នុង​ជីវិត ។ ខ្ញុំ​មិន​យល់​ថា ហេតុអ្វី​វា​មិន​បាន​ជួយ​ខ្ញុំ​ឲ្យ​មាន​អារម្មណ៍​ប្រសើរ​ឡើង​នោះ​ទេ ។

ពីរ​បី​នាទី​ក្រោយ​មក មាន​គំនិត​មួយ​បាន​ផុស​ឡើយ ។ អ្នក​មិន​បាន​អនុញ្ញាត​ឲ្យ​ភ្លៀង​ចូល​មក ។ ជាមួយ​នឹង​គំនិត​នោះ ខ្ញុំ​បាន​ទាញ​បើក​បង្អួច​ខ្ញុំ ហើយ​ឲ្យ​សំឡេង​រសាត់​មក​លើ​ខ្ញុំ ។នោះហើយ​ជា​ភាពសុខសាន្ត​ដែល​ខ្ញុំ​កំពុង​ស្វែងរក ។ គំនិត​វិលវល់​របស់​ខ្ញុំ​ទាំងអស់​ផ្សេង​ទៀត​បាន​រសាត់​បាត់​ទៅ កាលដែល​ខ្ញុំ​បាន​ស្ដាប់​ដល់​សំឡេង​ភ្លៀង​ដ៏​ទន់ភ្លន់ ។

ខ្ញុំ​បាន​ឈរ​នៅ​ទីនោះ​មួយ​សន្ទុះ មុន​ពេល​ដែល​សំណួរ​មួយ​បាន​ផុស​ឡើង​ក្នុង​គំនិត​ខ្ញុំ ៖ តើ​ខ្ញុំ​កំពុង​តែ​អនុញ្ញាត​ឲ្យ​ព្រះ និង​ព្រះអង្គ​សង្គ្រោះ​ចូល​មក​ក្នុង​ជីវិត​របស់​ខ្ញុំ​ដែរ​ឬ​ទេ ?

វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​ណាស់ ។ វា​មិន​មែន​ជា​អ្វី​ដែល​ខ្ញុំ​បាន​គិត​ដល់​ពីមុន​មក​ទេ ។ ប៉ុន្តែ ខ្ញុំ​កាន់តែ​ពិចារណា​ពី​គំនិត​នោះ​ខ្លាំង​ប៉ុណ្ណា វា​កាន់តែ​សមហេតុ​ផល ។ ការអនុញ្ញាត​ឲ្យ​ភ្លៀង​ចូល​ក្នុង បាន​នាំ​មក​នូវ​ភាពសុខសាន្ត​ដល់​ខ្ញុំ ហើយ​ការអនុញ្ញាត​ឲ្យ​ព្រះវរបិតាសួគ៌ និង​ព្រះអង្គ​សង្គ្រោះ​របស់​ខ្ញុំ​ចូល​មក​ក្នុង​ជីវិត​របស់​ខ្ញុំ អាច​នាំ​ភាពសុខសាន្ត​ឲ្យ​ខ្ញុំ​កាន់តែ​ច្រើន​ថែម​ទៀត ។

ការបើក​ដួងចិត្ត​របស់ខ្ញុំ​ចំពោះ​ព្រះ

ការអនុញ្ញាត​ឲ្យ​ព្រះអង្គ​សង្គ្រោះ និង​ព្រះវរបិតាសួគ៌​ចូល​ក្នង គឺ​ជា​ជំហាន​ទីមួយ​ប៉ុណ្ណោះ ។ ខ្ញុំ​នៅតែ​ត្រូវតែ​បើក​ដួងចិត្ត​ខ្ញុំ​ចំពោះ​ពួក​ទ្រង់ ។ ពី​ដំបូង ពេលដែល​ខ្ញុំ​ស្ដាប់​ភ្លៀង​តាម​បង្អួច សំឡេង​វា​មិន​ច្បាស់​ទេ ហើយ​វា​មិន​បាន​ផ្ដល់​ដល់​ខ្ញុំ​នូវ​ភាពសុខសាន្ត​ដ៏​ខ្លាំង​បំផុត​ដែល​ខ្ញុំ​បាន​ត្រូវការ​នោះ​ទេ ។ ហើយ​បើ​ខ្ញុំ​មិន​បាន​បើក​បង្អួច​ដើម្បី​ឲ្យ​សំឡេង​នោះ​ចូល​មក​ទេ នោះ​ខ្ញុំ​មិន​បាន​ទទួល​អារម្មណ៍​ដែល​ខ្ញុំ​បាន​មាន​នោះ​ទេ ។

ការណ៍​ដូច​គ្នា​នោះ​អនុវត្ត​សម្រាប់ « បង្អួច » ទាំងអស់​នៃ​ជីវិត​ខ្ញុំ ។ បើ​ខ្ញុំ​បិទ ហើយ​ចាក់សោរ​បង្អួច​ទាំងអស់ តើ​ខ្ញុំ​អាច​ទទួល​អាទិទេព​ដោយ​ពិត​ប្រាកដ ហើយ​បង្កើត​ចំណងទាក់ទង​មួយ​ជាមួយ​ពួក​ទ្រង់​យ៉ាង​ដូចម្ដេច​ទៅ ? តើ​ខ្ញុំ​អាច​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ និង​ភាពសុខសាន្ត​នៃ​សេចក្ដី​ស្រឡាញ់​របស់​ពួកទ្រង់​ចាក់ស្រោច​មក​លើ​ខ្ញុំ​យ៉ាង​ដូច​ម្ដេច​ទៅ ?

ការនិយាយ​ថា ខ្ញុំ​ត្រូវ​បើក​បង្អួច​ទាំងអស់​របស់​ខ្ញុំ គឺ​ងាយ​ជាង​ការធ្វើ ។ ខ្ញុំ​បាន​ដឹង​ថា ពេល​ខ្ញុំ​មាន​អារម្មណ៍​ផ្ដាច់​ទំនាក់ទំនង​ពី​ព្រះវិញ្ញាណ ខ្ញុំ​ត្រូវតែ​រកមើល​ថា​តើ​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​កាត់ផ្ដាច់ ។ ភាគច្រើន​បំផុត​គឺ​ជា​រឿង​តូចៗ ដូចជា​ការតែងតែ​នៅ​ជាប់​នឹង​ទូរសព្ទ​ខ្ញុំ ។ ឬ​ការមិន​អាន​ព្រះគម្ពីរ​របស់​ខ្ញុំ​ឲ្យ​បាន​ច្រើន​ដូច​ដែល​ខ្ញុំ​គួរ​តែ​ធ្វើ ។ ឬ​ការសម្រេច​ចិត្ត​ដើម្បី​ធ្វើ​តាម​ឆន្ទៈ​ផ្ទាល់​របស់​ខ្ញុំ ជាជាង​ការស្វែង​រក​ព្រះឆន្ទៈ​របស់​ពួក​ទ្រង់ ។ ឬ​ថែមទាំង​ការជាប់​នៅក្នុង​ការសាកល្បង​ទាំងអស់​របស់​ខ្ញុំ និង​ការដកខ្លួន​ខ្ញុំ​ឲ្យ​ឆ្ងាយ​ពី​ពួកទ្រង់ ព្រោះ​ខ្ញុំ​គិត​ថា​ព្រះវរបិតាសួគ៌​មិន​ឆ្លើយ​តប​ការអធិស្ឋាន​របស់​ខ្ញុំ ។

ពេល​ខ្ញុំ​រកឃើញ​ពី​អ្វី​ដែល​កំពុង​រារាំង​ខ្ញុំ​ពី​ការទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ នោះ​ខ្ញុំ​អាច​ជ្រើសរើស​ឈប់​ធ្វើ​រឿង​ទាំងនោះ ម្ដង​មួយៗ ។ ខ្ញុំ​អាច​បើក​បង្អួច​របស់​ខ្ញុំ​បន្ដិច​ម្តងៗ ដោយ​យាង​អញ្ជើញ​ព្រះវរបិតាសួគ៌ និង​ព្រះអង្គ​សង្គ្រោះ​ឲ្យ​ចូល​មក រហូត​ទាល់តែ​ខ្ញុំ​អាច​មាន​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ពួកទ្រង់​នៅ​ហ៊ុំព័ទ្ធ​ខ្ញុំ ។

ការដឹង​ថា​យើង​មិន​ដែល​នៅ​ម្នាក់ឯង​ឡើយ

ភាពឯកោ​អាច​ហាក់ដូច​ជា​ងងឹង ហើយ​គ្មាន​ទីបញ្ចប់​នៅ​ពេល​ខ្លះ ជា​ពិសេស​អំឡុង​បុណ្យ​គ្រីស្ទម៉ាស់ ។ នៅ​អំឡុង​គ្រា​ទាំងនោះ ពេល​ដែល​យើង​ចង់​បោះបង់ យើង​ត្រូវតែ​រំឭក​ខ្លួន​យើង​ថា យើង​មិន​នៅ​ម្នាក់​ឯង​នោះ​ទេ ។ យើង​គ្រាន់តែ​ត្រូវ​មាន​ឆន្ទៈ​ដើម្បី​​អនុញ្ញាត​ឲ្យ​ពួក​ទ្រង់​ចូល​មក​ប៉ុណ្ណោះ ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា « ដោយសារ​ព្រះយេស៊ូវ បាន​ដើរ​លើ​ផ្លូវ​ដ៏​វែងឆ្ងាយ និង​ឯកោ តែ​អង្គ​ទ្រង់ យើង​មិន​ចាំបាច់​ធ្វើ​ដូច្នោះ​ទេ ។ ការធ្វើ​ដំណើរ​តែ​អង្គ​ឯង​របស់​ទ្រង់ បាន​នាំ​មក​នូវ​ការអម​ដំណើរ​សម្រាប់​ផ្លូវ​តូចៗ​របស់​យើង » ។

ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ តែងតែ​នៅ​ទីនោះ​សម្រាប់​យើង ។ ពួកទ្រង់​កំពុង​ឈោង​ព្រះហស្ដ​មក កំពុង​រង់ចាំ​យើង​ដោយ​អត់ធ្មត់ ដើម្បី​យើង​បើក​ដួងចិត្ត និង​ជីវិត​យើង​ចំពោះ​ពួក​ទ្រង់—មិន​ថា​នៅ​ពេល​បុណ្យ​គ្រីស្ទម៉ាស់ ឬ​នៅពេល​ណាៗ​នោះ​ទេ ។

កំណត់​ចំណាំ

  1. ជែហ្រ្វី អ័រ ហូឡែន « None Were with Him » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៨៨ ។