រឿងប្រសូត្រកម្មរបស់អ្នកជិតខាង
អ្នកនិពន្ធរស់នៅរដ្ឋតិចសាស ស.រ.អា. ។
« ត្បិតមានបុត្រមួយកើតដល់យើង » ។ ( នីហ្វៃទី២ ១៩:៦ ) ។
រ៉ូស បានលោតក្រោកឈរឡើង ពេលនាងលួចមើលតាមបង្អួច ។ មិត្តរបស់ពួកគេនឹងមកដល់ឆាប់ៗ !
ក្នុងថ្ងៃបុណ្យគ្រីស្ទម៉ាស់ជារៀងរាល់ឆ្នាំរ៉ូស និងគ្រួសាររបស់នាង បានសម្តែងរឿងប្រសូត្រកម្ម ។ ពួកគេអញ្ជើញមនុស្សមកលេង និងចូលរួមនឹងពួកគេ ។ ពេលនេះពួកគេបានអញ្ជើញអ្នកជិតខាងរបស់ពួកគេ និងពួកអ្នកផ្សព្វផ្សាយសាសនា ! រ៉ូស រំភើបយ៉ាងខ្លាំងពីព្រោះអ្នកជិតខាងពួកគេមានទារកតូច ដើម្បីសម្តែងជាព្រះឱរសយេស៊ូវ ។
អ្វីៗទាំងអស់ជិតរួចរាល់ហើយ ។ ម៉ាក់បានយកនំចេញពីចង្ក្រាន ។ ប្អូនប្រុសទាំងឡាយរបស់ រ៉ូស បានប្រមូល ប្រដាប់លេងរបស់ពួកគេ ។ អេលែន កំពុងស្លៀកសំលៀកបំពាក់ប្រពៃណី ។ ហើយរ៉ូស ក៏បានតុបតែងបិទរូបផ្កាយពណ៌លឿងយ៉ាងធំមួយនៅលើជញ្ជាំង ។
ម៉ាក់បានស្រែកហៅពីចង្ក្រានបាយថា « រ៉ូស » ។ « តើកូនអាចជួយរៀបចំសម្លៀកបំពាក់ឲ្យ អេលែន បានទេ ? »
« ចាស៎ម៉ាក់ ! » រ៉ូស បានត្រឡប់ទៅជួយប្អូនស្រីរបស់នាង ដែលកំពុងកាន់ភួយនៅក្នុងដៃ ។
អេលែន និយាយថា « យើងមានភួយ កន្សែងពោះគោ សម្លៀកបំពាក់ចេញពីក្នុងទូ » ។ « ហើយយើងក៏អាចប្រើកន្ត្រកនេះជំនួសស្នូកផងដែរ » ។ នាងបានហុចកន្ត្រកដ៏ធំនោះឲ្យ រ៉ូស ។ រ៉ូស ដាក់ភួយទន់ៗ នៅក្នុងកន្ត្រកសម្រាប់ទារក ។
រ៉ូស និយាយថា « ល្អណាស់ » ។
ប្អូនប្រុសរបស់ រ៉ូស ឈ្មោះជែកឃ៍ បានទាញភួយពណ៌ប្រផេះគ្របក្បាលរបស់គាត់ ហើយធ្វើមុខកំប្លែង ។ « តើខ្ញុំអាចធ្វើជាសត្វលាបានទេ ?
រ៉ូសបានសើច ។ « ទេ ប្អូនឆ្កួត ! ចាំទេ ប្អូនឯងចង់ធ្វើជាហោរា ? »
ជែកឃ៍និយាយថា « អូ៎ មែនហើយ ! » គាត់បានចាប់ម្កុដ ហើយពាក់លើក្បាល ។
បន្ទាប់មក មានសំឡេងគោះទ្វារ ។
រ៉ូស និយាយថា « ពួកគេមកហើយ! » « ខ្ញុំនឹងទៅបើកទ្វារ » ។
មិនយូរប៉ុន្មានផ្ទះទាំងមូលមានពោរពេញដោយមនុស្សរីករាយ ។ រ៉ូស ជួយស្លៀកសម្លៀកបំពាក់ឲ្យគ្រប់គ្នា ។ ស៊ីស្ទើរផ្សព្វផ្សាយសាសនាជាអ្នកគង្វាល ។ បងប្អូនប្រុសស្រីរបស់នាង ជាហោរា ។ ទារកដ៏គួរឲ្យស្រឡាញ់គឺជាព្រះឱរសយេស៊ូវ ហើយឪពុកម្តាយគាត់ដើរតួជា ម៉ារា និងយ៉ូសែប ។
រ៉ូស បានពាក់មួកទន់ៗពណ៌ស ។ នាងគឺជាកូនចៀម ។
នៅទីបញ្ចប់ គ្រប់គ្នាបានស្លៀកពាក់រួចរាល់ ដើម្បីចាប់ផ្តើមការសម្តែង ។ អែលឌើរ និងស៊ីស្ទើរ យេនស៊ី គូស្វាមីភរិយាជាអ្នកផ្សព្វផ្សាយសាសនាមកពីវួដរបស់យើង បានបើកព្រះគម្ពីរសញ្ញាថ្មីទៅកាន់ដំណើររឿងប្រសូត្រកម្ម ។ ពួកគាត់បានអានខគម្ពីរទាំងនោះឮៗ ។ គ្រប់គ្នាសម្តែងតាមផ្នែករៀងខ្លួន ។
នៅចុងបញ្ចប់នៃដំណើររឿងគ្រប់គ្នាបានច្រៀងបទ « យប់សុខសាន្ត » ។ រ៉ូសបានទទួលអារម្មណ៍កក់ក្តៅ និងរីករាយក្នុងចិត្ត ។ នាងដឹងថា នាងទទួលអារម្មណ៍មកពីព្រះវិញ្ញាណបរិសុទ្ធ ។ វាមានអារម្មណ៍ដូចជាព្រះយេស៊ូវ នៅជិតដួងចិត្តរបស់នាង ។
បន្ទាប់ពីចម្រៀង ម៉ាក់បានចាក់វីដេអូ « សាំយូអែល និង ផ្កាយ » ។ អេលែន នឹងពោលពាក្យអធិស្ឋាន ។ បន្ទាប់មកពួកគេបានយកអាហារចេញមក ។ គ្រប់គ្នាមានការជួបជុំដ៏រីករាយ ។
ស៊ីស្ទើរ យេនស៊ី បានសួរថា « តើផ្នែកមួយណាដែលប្អូនៗទាំងអស់គ្នាពេញចិត្តជាងគេ ? »
អេលែន និយាយថា « ខ្ញុំចូលចិត្តច្រៀងចម្រៀង » ។ « និងលេងជាមួយនឹងព្រះឱរសយេស៊ូវ » អេលែនបានបីអង្រួនទារកថ្នមៗ នៅលើភ្លៅនាង ។ នាងបានលេងជាមួយគាត់ចាប់តាំងពីច្រៀងចប់ ។
ជែកឃ៍ និយាយថា « ខ្ញុំចូលចិត្តផ្នែកយកអំណោយឲ្យព្រះយេស៊ូវ » ។ គាត់នៅតែពាក់ម្កុដជ័រ ។
« រ៉ូស ចុះក្មួយវិញ » ?
រ៉ូស បានលាតដៃនាងយ៉ាងធំ ។ នាងបាននិយាយខ្លាំងៗថា « ខ្ញុំពេញចិត្តគ្រប់យ៉ាង ! » « ប៉ុន្តែអ្វីដែលពិសេសជាងគេ គឺបងប្អូនទាំងអស់គ្នាដែលមកទីនេះដើម្បីប្រារព្ធពិធីអបអរព្រះយេស៊ូវ ។ ព្រោះបុណ្យគ្រីស្ទម៉ាស់គឺអំពីទ្រង់ » ។ ●