គោលការណ៍នៃការងារបម្រើ
ការចែកចាយពន្លឺរបស់ព្រះអង្គសង្គ្រោះនៅបុណ្យគ្រីស្ទម៉ាស់
សូមពិចារណាពីអស់អ្នកដែលបងប្អូនផ្តល់ការងារបម្រើ ។ តើបងប្អូនអាចជួយពួកគេខិតកាន់តែជិតព្រះគ្រីស្ទនៅបុណ្យគ្រីស្ទម៉ាស់នេះដូចម្ដេច ?
ខណៈដែលយើងចងចាំ ព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទពេញមួយឆ្នាំ បុណ្យគ្រីស្ទម៉ាស់គឺជារដូវកាលដែលយើងអបអរនូវអំណោយទានដ៏មហិមា ដែលបានប្រទានមក ៖ « ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយ » ។ ( យ៉ូហាន ៣:១៦ ) ។ ពេលយើងធ្វើការងារបម្រើនៅបុណ្យគ្រីស្ទម៉ាស់យើងក៏អាចផ្តល់អំណោយដែលជួយអ្នកដទៃឲ្យខិតមកកាន់តែជិតព្រះអង្គសង្គ្រោះដែរ ។ វាជារឿងដ៏អស្ចារ្យដើម្បីគិតថាខ្លួនយើងក៏អាចផ្តល់អំណោយដូចគ្នាដែលប្រទានឲ្យដោយព្រះវរបិតាសួគ៌ ។
ខ្ញុំនៅតែស្រឡាញ់អំណោយនោះជានិច្ច
ស៊ូសាន ហាឌី កាលីហ្វ័រញ៉ា ស.រ.អា.
កាលខ្ញុំអាយុ១១ឆ្នាំ គ្រូបង្រៀនសាលាថ្ងៃអាទិត្យរបស់ខ្ញុំ បងប្រុស ឌីតស៍ បានប្រាប់ថ្នាក់យើងថា ប្រសិនបើយើងចងចាំមាត្រានៃសេចក្តីជំនឿ ហើយពន្យល់ប្រាប់គាត់ពីអត្ថន័យរបស់វា នោះគាត់នឹងទិញព្រះគម្ពីរមួយឈុតសម្រាប់យើងផ្ទាល់ ។
បងប្រុស និងបងស្រីឌីតស៍ គឺជាគូស្វាមីភរិយាវ័យក្មេងថ្មីថ្មោង ។ ខ្ញុំមិនប្រាកដទេថាបងប្រុសឌីតស៍ អាចមានលទ្ធភាពទិញអំណោយឲ្យនរណាម្នាក់ ។ ប៉ុន្តែខ្ញុំបានសម្រចចិត្តថាប្រសិនបើគាត់គិតថាមាត្រានៃសេចក្តីជំនឿសំខាន់ដល់ម្លឹងដើម្បីចងចាំ នោះខ្ញុំនឹងសាកល្បងធ្វើដូច្នោះ ។
បន្ទាប់ពីខ្ញុំបញ្ចប់មាត្រាទាំងដប់បីហើយ ពេលវេលាបានកន្លងផុតទៅ ហើយខ្ញុំបានភ្លេចពាក្យសន្យានេះ ។
បន្ទាប់មកដល់ថ្ងៃបុណ្យ គ្រីស្ទ ម៉ាស់ ខ្ញុំបានទទួលកញ្ចប់កាដូមួយដែលមានឈ្មោះខ្ញុំនៅលើនោះ ។ ខ្ញុំបានបើកកាដូនោះហើយឃើញព្រះគម្ពីរមួយឈុត សម្រាប់ខ្ញុំជាមួយនឹងកាតលើកទឹកចិត្តដល់ខ្ញុំឲ្យអានវាជាទៀតទាត់ ។ កាលនោះក្នុងឆ្នាំ ១៩៧២ ហើយមកទល់ពេលនេះខ្ញុំនៅរក្សាព្រះគម្ពីរទាំងនោះ ។ ពួកវាមានតម្លៃណាស់ចំពោះខ្ញុំ ។
វាពុំមែនព្រោះតែតម្លៃនៃអំណោយទេ ប៉ុន្តែគឺចិត្តមេត្តាដែលគាត់បង្ហាញដល់ខ្ញុំ និងឆន្ទៈនៃការលះបង់របស់គាត់បានធ្វើសម្រាប់ខ្ញុំដែលបន្សល់ទុកនូវបំណងប្រាថ្នាដ៏ជ្រាលជ្រៅដើម្បីសិក្សាព្រះបន្ទូលរបស់ព្រះ ។ ខ្ញុំបានព្យាយាមធ្វើតាមគំរូរបស់បងប្រុសឌីតស៍អំពីការងារបម្រើតាមរយៈការឲ្យអំណោយដ៏មានអត្ថន័យ ដល់អស់អ្នកដែលនៅជុំវិញខ្ញុំ ដោយសង្ឃឹមថាខ្ញុំអាចផ្តល់ពរជ័យដល់ជីវិតអ្នកដទៃ ដូចជាគាត់បានផ្ដល់ពរជ័យដល់ខ្ញុំដែរ ។
ការអញ្ជើញឲ្យដើរតួរជាផ្នែកមួយ
រីឆាត អិម រ៉មនី រដ្ឋ យូថាហ៍ ស.រ.អា.
នៅពេលអ្នករៀបចំគម្រោងពិធីបុណ្យគ្រីស្ទម៉ាស់វួដ សុំឲ្យខ្ញុំចុះទៅសួរសុខទុក្ខសមាជិកមិនសូវសកម្មម្នាក់ ហើយអញ្ជើញគាត់ចូលរួមកម្មវិធី ខ្ញុំសូមសារភាពថាខ្ញុំភ័យណាស់ ។ ខ្ញុំធ្លាប់ជួបឌែរិនតែម្តងប៉ុណ្ណោះ នៅពេលគាត់ចូលរួមក្នុងសកម្មភាពវួដកាលពីមុន ។ គាត់បានចងក្រណាត់រូបម៉ូតូនៅលើថ្ងាសរបស់គាត់ ។ គាត់ចងសក់វែងពណ៌សមកក្រោយ គាត់មានពុកចង្កាពណ៌ស ហើយដៃរបស់គាត់សាក់ពេញ ។
ឥឡូវដោយមានការចូលរួមពីសមាជិកគណៈកម្មការម្នាក់ ខ្ញុំបានឈរនៅមាត់ទ្វាររបស់ឌែរិនខ្ញុំងឿងឆ្ងល់តើគាត់នឹងនិយាយអ្វី ។ គាត់បានសុំឲ្យយើងចូលក្នុង ហើយយើងបានប្រាប់គាត់ពីមូលហេតុដែលយើងមកទីនេះ ។ គាត់បាននិយាយថា« អូ៎ខ្ញុំពេញចិត្តនឹងសកម្មភាពនោះណាស់ ! »
គាត់ធ្វើកិច្ចការបានអស្ចារ្យណាស់ បានធ្វើឲ្យសកម្មភាពកាន់តែមានអត្ថន័យចំពោះមនុស្សជាច្រើន ។ មួយរយៈពេលខ្លីក្រោយមក ដៃគូការងារបម្រើរបស់ខ្ញុំ និងខ្ញុំបានចុះទៅសួរសុខទុក្ខ ឌែរិន ជាប្រចាំ ។ គាត់ហាក់ដូចជាត្រេកអរណាស់ដែលបានជួបយើង ហើយយើងបានមានការសន្ទនាដ៏រីករាយ ។ ខ្ញុំមានអំណរគុណចំពោះការបំផុសគំនិត ដែលបានអញ្ជើញគាត់ឲ្យចូលរួមក្នងកម្មវិធីសកម្មភាពរួដ ដែលដឹកនាំទៅរកទំនាក់ទំនងដ៏រីករាយ ។
ការងារបម្រើដល់អ្នកដទៃ នៅបុណ្យគ្រីស្ទម៉ាស់
នេះគឺជាការណ៏មួយចំនួនដែលបងប្ទូនអាចធ្វើ ដើម្បីប្រាដកថាអស់អ្នកដែលបងប្ទូនធ្វើការងារបម្រើ នឹងដឹងថាបងប្ទូនបានគិតអំពីពួកគេជាពិសេសក្នុងរដូវកាលនេះនៃឆ្នាំ ។
-
នៅពេលខ្លះការទូរស័ព្ទទៅ ឬ ការផ្ញើរសារអាចដំណើរការដ៏ល្អ ។ នៅពេលខ្លះការចាប់ផ្តើមការសន្ទនាដោយពាក្យសាមញ្ញ « តើអ្នកសុខសប្បាយជាទេ ? » អាចធ្វើឲ្យមានភាពខុសគ្នា ។
-
ចូលរួមការប្រារព្ធពិធីអបអរជាមួយពួកគេ ទៅតាមពេលដែលសមរម្យ ។ បុណ្យគ្រីស្ទម៉ាស់ គឺជាពេលវេលាមួយដ៏ល្អដើម្បីរៀនអំពីជំនឿ ដែលពួកយើងមានដូចគ្នា ។ ពេលដែលបងប្អូនចែកចាយសេចក្តីជំនឿ និងស្តាប់អ្នកដទៃ នោះបងប្អូនបើកទ្វារនៃចំណេះដឹងកាន់តែទូលំទូលាយ ។
-
អធិស្ឋានសម្រាប់ពួកគេដោយប្រើឈ្មោះរបស់ពួកគេ ។ ចូរទូលសូមដល់ព្រះវរបិតាសួគ៌របស់បងប្អូនឲ្យជួយបងប្អូនគិតអំពីរបៀបដែលនាំពួកគេខិតកាន់តែជិតព្រះរាជបុត្រារបស់ទ្រង់ ។
-
ជាទូទៅអំណោយសាមញ្ញអាចធ្វើឲ្យមានការចងចាំដ៏ល្អបំផុត ។ អំណោយពុំចាំបាច់ទាល់តែអ្វីដែលធំដុំទើបគួរឲ្យស្រឡាញ់នោះទេ ។ អំណោយនៃពេលវេលា អំណោយនៃការស្តាប់ ឬអនុស្សាវរីយ៍—ទាំងនេះគឺជាអំណោយចេញពីបេះដូង ។
-
ផ្ដល់អំណោយនៃទីបន្ទាល់ ។ សូមឲ្យពួកគេចែកចាយសេចក្ដីស្រឡាញ់របស់ពួកគេអំពីព្រះអង្គសង្គ្រោះជាមួយបងប្អូន ហើយបងប្អូនក៏សូមផ្តល់ការចែកចាយសេចក្តីស្រឡាញ់របស់បងប្អូន ចំពោះទ្រង់ជាមួយពួកគេ ។
ការប្រើឯកសារបំភ្លឺពិភពលោកដើម្បីផ្តល់ការងារបម្រើ
បងប្អូនអាចប្រើឯកសារយុទ្ធនាការបំភ្លឺពិភពលោក ដើម្បីជួយបងប្អូនក្នុងការងារបម្រើបងប្អូន ។ នេះគឺជាគំនិតមួយចំនួនដើម្បីជួយបងប្អូនចាប់ផ្ដើម ។ ( ស្វែងរកបន្ថែមទៀតនៅលើគេហទំព័រ ComeuntoChrist.org ) ។
-
ចែកចាយ វីដេអូ The Christ Child ។ បងប្អូនអាចប្រកាសវា ចែកចាយតំណរ ឬ អញ្ជើញអ្នកដទៃឲ្យចូលមើលជាមួយបងប្អូន ។
-
អញ្ជើញអ្នកដទៃមកកាន់កម្មវិធីបុណ្យគ្រីស្ទម៉ាស ។ មនុស្សមួយចំនួនចង់ថ្វាយបង្គំ ប៉ុន្តែមិនស្គាល់កន្លែងដើម្បីទៅ ។ អញ្ជើញពួកគេមកថ្វាយបង្គំជាមួយបងប្អូន ។
-
សូមលើកទឹកចិត្តពួកគេឲ្យផ្តល់ឲ្យអ្នកដទៃ ។ ពួកគេអាចធ្វើការបរិច្ចាគទៅកាន់សេវាមនុស្សធម៌របស់សាសនាចក្រ ឬកន្លែងមនុស្សធម៌ក្នុងតំបន់ ។ ប្រសិនបើបងប្អូនរស់នៅក្នុងទីក្រុងដែលទទួលការបរិច្ចាគដោយគ្រឿងម៉ាស៊ីនរបស់សាសនាចក្របងប្អូនអាចយកពួកគេទៅជាមួយ ពេលបងប្អូនទៅធ្វើការបរិច្ចាគ ។ ម៉ាស៊ីនផ្តល់មធ្យោបាយងាយស្រួល ដើម្បីផ្ញើអំណោយ ដែលអាចផ្ដល់ពរដល់មនុស្សជុំវិញពិភពលោក ។
-
សូមចុះឈ្មោះសម្រាប់ការបំផុសការបម្រើប្រចាំថ្ងៃ ។ បងប្អូនអាចជួយអ្នកដទៃឲ្យចុះឈ្មោះដែរ ។ ការបំផុសទាំងនោះអាចផ្តល់ឱកាសឲ្យបងប្អូនធ្វើការបម្រើរួមគ្នា ។
-
បំពេញគេហដ្ឋានរបស់ពួកគេជាមួយភាពសុខសាន្ត ។ ចូរឲ្យពួកគេបានដឹងថា ពួកអ្នកផ្សព្វផ្សាយសាសនា មានសារលិខិតពិសេសអំពីពិធីបុណ្យគ្រីស្ទម៉ាស់ ដែលពួកគេអាចចែកចាយជាសារមួយដែលនឹងនាំមកនូវសេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់មកក្នុងដួងចិត្តពួកគេ ។
-
ណែនាំពួកគេទៅកាន់បំភ្លឺពិភពលោក ។ សូមបង្ហាញពួកគេអំពីរបៀបរៀនបន្ថែមទៀតនៅគេហទព័រ ComeuntoChrist.org ។
ផ្តល់ការងារបម្រើដល់មនុស្សគ្រប់រូបក្នុងនាមជាក្រុមជំនុំ
អ្វីដែលក្រុមជំនុំត្រូវការគឺប្លែកៗពីគ្នា ។ ក្រុមជំនុំខ្លះអាចទទួលអត្ថប្រយោជន៍ពីការរៀបចំសកម្មភាពធំៗ ។ ក្រុមជំនុំខ្លះអាចទទួលអត្ថប្រយោជន៍ពីអ្វីមួយដែលតូច និងសាមញ្ញ ។ ពួកអ្នកដែលរួមចំណែកនៅក្នុងការដាក់ផែនការ និងការរៀបចំសកម្មភាព ធ្វើការពិចារណាប្រកបដោយការអធិស្ឋានអំពីរបៀបដែលបំពេញសេចក្តីត្រូវការនៅចំពោះមុខ ។
-
សមាជិកមកពីស្តេកទាំងបីនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង បានជួយគាំទ្រនៅក្នុងពិធីជប់លៀង បំភ្លឺពិភពលោក ដែលរួមមានការបង្ហាញទេពកោសល្យ និងកម្មវិធីបង្ហាញម៉ូដ ។ ពួកគេបានរៀបចំសម្ភារៈផ្តល់ដល់ជនភៀសខ្លួន និងជនអនាថា ។ ( សូមមើល « បំភ្លឺពិភពលោកនៅប៉ារីស » ទំព័រ ៣២ ) ។
-
ស្តេកកណ្តាល ឆាឡុត រដ្ឋ ណស ខារ៉ូលីណា បានប្រារព្ធ កម្មវិធី « បុណ្យគ្រីស្ទម៉ាស់ជុំវិញពិភពលោក » ជាព្រឹត្តការណ៏ សម្រាប់សហគមន៍ក្នុងសង្គម ដើម្បីអបអរព្រះគ្រីស្ទតាមរយៈពិធីជប់លៀងអាហារ ការសម្តែងពីទំនៀមទម្លាប់បុណ្យគ្រីស្ទម៉ាស់អន្តរជាតិ តន្ត្រី គម្រោងនៃការបម្រើ និងសម្តែងរឿងប្រសូត្រកម្មរបស់កុមារ ។
-
សមាជិកនៃ ស្តេក វឺរ៉ូ ប៊ីច រដ្ឋ ហ្វ្លរីដា បានចូលរួមការរំឭកក្នុងសហគមន៍ពីមូលហេតុដែលយើងអបអរបុណ្យគ្រីស្ទម៉ាស់ ។ របស់ក្មេងលេងត្រូវបានបរិច្ចាគ ទៅអង្គការសប្បុរសធម៌សហគមន៍ ។ ឥឡូវ ក្រុមចម្រៀងនៃកុមារអង្គការបឋមសិក្សានឹងសម្តែងហើយព្រះវិហារជាច្រើនបានដាក់តូបតាំងបង្ហាញព័ត៌មាន ។
-
ស្តេក ចាកសិនវិល រដ្ឋ ហ្វ្លរីដា ខាងត្បូង បានធ្វើបទបង្ហាញអំពី ព្រះអង្គសង្គ្រោះនៃពិភពលោក ជាផលិតកម្មសម្រាប់សហគមន៏ ។