២០២០
ការ​ខិត​កាន់​តែជិត ៖ ស្រឡាញ់​ដូចជា​ព្រះអង្គ​សង្គ្រោះ
ខែ ធ្នូ ឆ្នាំ ២០២០


ការ​ខិត​កាន់​តែជិត ៖ ស្រឡាញ់​ដូចជា​ព្រះអង្គ​សង្គ្រោះ

អ្នក​និពន្ធ​រស់​នៅ​ រដ្ឋ​យូថាហ៍ ស.រ.អា. ។

យើង​អាច​រៀនយ៉ាង​ច្រើន​ពី​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ការ​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ ។

Jesus talking to the Samaritan woman at the well

At the Well ( នៅ​ឯ​អណ្តូង​ទឹក ) ដោយ គ្រីស្ទស្តាល់ ខ្លូស

នៅក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ដែល​ប្រតិព័ទ្ធ​ភេទ​ដូច​គ្នា ជាញឹកញាប់យើង​ងាក​ទៅរកគំរូ​របស់​ព្រះអង្គសង្គ្រោះ សម្រាប់​ជាជំនួយក្នុង​ការយល់ដឹង​ពី​របៀប​ដ៏វិសេស​បំផុត​ក្នុង​ការតម្រង់ទិសដៅ​ទំនាក់​ទំនង​ជាមួយនឹង​សមាជិក​នៃសាសសនាដទៃទៀត ។ ថ្ងៃមួយ​យើង​បាន​សញ្ជឹងគិត​អំពីរបៀប​ដែល ព្រះអង្គសង្គ្រោះ បាន​សុំឲ្យយើង « ត្រូវ​ឲ្យ​ស្រឡាញ់​គ្នា ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ » ( យ៉ូហាន ១៣:៣៤ ) ។ យើងឃើញ​ថា​វា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែល​ទ្រង់មិន​មាន​បន្ទូលថា « ពីព្រោះ ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា » ប៉ុន្តែបែរជាមានបន្ទូលថា « ដូច ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា » ទៅវិញ ។ ចំណុច​នេះធ្វើឲ្យ​យើង​គិតអំពី របៀបដែល ព្រះអង្គសង្គ្រោះ​ស្រឡាញ់​រាស្រ្តទាំងអស់ ។ តើ​ទ្រង់​បង្ហាញ​សេចក្តីស្រឡាញ់​របស់ទ្រង់របៀប​ណា ?

យើង​បាន​សម្រេចចិត្ត​ចំណាយពេល​វេលាមួយ​ចំនួន​របស់យើង សិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី រកមើល​ដំណើរ​រឿង​ជាក់លាក់​អំពីរបៀប​ដែល​ព្រះអង្គសង្ក្រោះមានទំនាក់ទំនង​ជាមួយមនុស្ស​ផ្សេងៗ ក្នុងអំឡុងពេល​នៃការធ្វើការងារ​បម្រើ​​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់ ។ ក្នុង​នាម​ជា​ស្វាមី​ភរិយា ដែល​យើង​ទាំងពីរ​មានការទាក់ចិត្ត​នឹងការ​ប្រតិព័ទ្ធ​ភេទដូចគ្នា យើង​ចង់មាន​ចំណេះដឹង​កាន់តែជាក់ច្បាស់ អំពីរបៀប​ដែលព្រះយេស៊ូវប្រព្រឹត្ត​ចំពោះ​អស់អ្នក​ដែលហាក់​ដូច​ជា​នៅក្រៅសង្គម ខុសពីគេឯង ។ នេះ​គឺជា​លំនំាពីរបី​​ដែលយើង​កត់សម្គាល់ឃើញ ។

ព្រះយេស៊ូវអនុវត្តចំពោះវប្បធម៌ខុសៗគ្នា​ដោយ​ព្រះទ័យ​សន្តោស

យើង​រស់នៅក្នុងជំនាន់ដែល​សង្គម និង​នយោបាយ​មាន​ការខ្វែង​គំនិត​គ្នាយ៉ាងខ្លាំង ដូច​ជំនាន់​ព្រះអង្គសង្គ្រោះ មាន​ព្រះជន្មរស់នៅដែរ ។ រឿងរ៉ាវមួយ​ចំនួន​នៅក្នុង​ជំនាន់​របស់​ទ្រង់​គឺ​ចាក់​ឫសយ៉ាងយូរ និង​យ៉ាងជ្រៅក្នុង​ជំនឿពីបុរាណ និង ក្នុង​ប្រវត្តិសាស្រ្ត ។

ឧទាហរណ៍ គោលបំណង​របស់​ព្រះអម្ចាស់​គឺ​ធ្វើ​ដំណើរ​កាត់​ស្រុក​សាម៉ារី​ គឺជាទីកន្លែងដែលពួកយ៉ូដាបានគេចវេស​ពីព្រោះ​តែជម្លោះ​រាប់ពាន់ឆ្នាំ​កន្លងទៅហើយ ។ នៅពេលព្រះយស៊ូវ ជួបស្រី្តម្នាក់ហើយ​សុំទឹកនាង​សោយ ប្រតិកម្មរបស់នាង​ហាក់ដូចជា ផ្នែកនយោបាយ និង​សាសនា « ផ្សេង »—ដោយ​ឆ្លុះបញ្ជាំង​ពីភាព​ខុសគ្នា​រវាងទ្រង់​ជាសាសន៍យ៉ូដា ហើយ​នាង​គឺជាសាសន៍​សាម៉ារី ។ ( សូមមើល យ៉ូហាន ៤ ) ។ ក្នុងការឆ្លើយតប​នឹង​ឥរិយាប​បែប​នោះ ព្រះយេ​ស៊ូវ​បាន​ប្រព្រឹត្ត​ចំពោះនាង​ក្នុង​នាមជា​បុត្រី​របស់​ព្រះ ។ ប្រតិកម្មរបស់ទ្រង់​ចំពោះការមានបន្ទូលតប នឹងនាង​ដោយ​ក្តីស្រឡាញ់ និង​ដោយ​ស្មោះត្រង់​គឺជា​គំរូយ៉ាង​អស្ចារ្យ​សម្រាប់​យើង​ម្នាក់ៗ ។ យុទ្ធសាស្រ្តទូទៅ​របស់​មាសត្រូវ​គឺព្យាយាម​បំបែកយើង ជា​ក្រុម​ខុស​ៗគ្នា បង្កើតជម្លោះ ហើយច្បាំងគ្នាក្នុង​សង្គ្រាម ។ « ព្រះយេហូវ៉ា​ទ្រង់ទត​ចំពោះក្នុង​ចិត្ត​វិញ » ( សាំយូអែលទី ១ ១៦:៧ ) ។

វាងាយស្រួល​ក្នុងការ​អនុវត្ត​មេរៀន​នៅក្នុង​ដំណើរ​រឿងនេះ​ ទៅនឹង​សង្គម​របស់យើង​នាសព្វថ្ងៃនេះ ។ កាលយើង​ឆ្លងកាត់​ជីវិត​ប្រចាំថ្ងៃរបស់យើង រួមទាំង​ការប្រជុំ​ក្នុង​សាសនាចក្រ និង​សកម្មភាពផ្សេងៗ យើង​បាន​ជួ​ប​មនុស្ស​មកពី​ជីវប្រវត្តិ​ខុសគ្នាៗ ។ មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​ពិភពលោក​ចាត់ទុកថា ជាសត្រូវ​ផ្នែក​នយោបាយ ឬវប្បធម៌ ។ ជាជាង​ការផ្តោត​លើអ្វីដែលអាច​បំបែកយើង យើង​អាច​ជ្រើស​រើស​​ផ្តោត​លើអ្វីដែល​យើងមាន​ដូចគ្នា ក្នុង​នាម​ជាបុត្រាបុត្រី​នៃ​ព្រះ​វរបិតា​មាតាសួគ៌ ហើយ​រៀន​និយាយ​ជាមួយ​អ្នកដទៃ​ដោយក្តីស្រឡាញ់​​ដូចជា​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ ។​

នៅពេល​​ព្រះអង្គសង្គ្រោះទៅជួប​ប្រជាជន​នៅទ្វីបអាមេរិក បន្ទាប់ពីការរស់ឡើងវិញ​របស់ទ្រង់ ទ្រង់បាន​បង្រៀនថា « អារក្ស​វិញ … ដែល​ជា​បិតា​នៃ​ការ​ទាស់​ទែងគ្នា ហើយ​វា​ចាក់​រុកចិត្ត​មនុស្ស​ឲ្យ​មាន​កំហឹង​ទាស់ទែង​នឹង​គ្នា​ទៅវិញ​ទៅ​មក » ( នីហ្វៃទី ៣ ១១:២៩ ) ។ ប្រជាជនទាំង​នោះ​បាន​ស្ដាប់តាមទ្រង់ ហើយ​ជាច្រើន​ជំនាន់​ក្រោយ​មកទៀត ពួកគេ​បាន​បង្កើតសង្គមមួយ​ដែល​ « គ្មាន​អ្នក​មាន ឬ​អ្នក​ក្រ គ្មាន​អ្នក​បម្រើ​គេ ឬ​អ្នក​សេរី​ឡើយ តែ​ពួក​គេ​ទាំង​អស់​ត្រូវ​បាន​ធ្វើ​ឲ្យ​មាន​សេរីភាព ហើយ​ជា​អ្នក​ទទួល​អំណោយទាន​ខាង​ឯ​ស្ថានសួគ៌ » ( នីហ្វៃទី ៤ ១:៣ ) ។

ព្រះយេស៊ូវ ឆ្ពោះទៅមុខជំនួស​ដោយ​គេចចេញ

ព្រះយេស៊ូវបានខិតខំយ៉ាងសកម្ម​ក្នុ​ងការខិតទៅជិត​អ្នក​ដទៃ ទាំងខាងសតិ​អារម្មណ៍ និង ខាងរាងកាយជាញយៗ ជំនួស​ដោយ​ការប្រើ​ពាក្យ​ដោះសា ដើម្បីអង្គទ្រង់​នៅឆ្ងាយ​ពីពួក​អ្នក​ដែល​ជាញឹក​ញាប់​តែង​ត្រូវ​គេស្អប់ខ្ពើម និង​បណ្តេញ​ចេញ​ឡើយ ។

ឧទាហរណ៍ មានគ្រាមួយ​ព្រះយេស៊ូវ​បាន​ជួបបុរសម្នាក់ពិការដៃ ។ ពីព្រោះវាជាថ្ងៃ​ឈប់សម្រាក គឺមានបម្រាម​ខាងសាសនា ដាក់​កំហិត​លើ​កិច្ចការណាដែលត្រូវធ្វើ និង​មិនត្រូវធ្វើក្នុង​ថ្ងៃនោះ ។ ជាជាងគេច​ចេញ​ពីមនុស្ស​ដែលត្រូវ​ការជំនួយ រហូតដល់​ថ្ងៃ​ដែល​សង្គម​ទទួល​ស្គាល់​ឱកាស​ដែល​នឹង​មក​ដល់​ពេលក្រោយ ព្រះយេស៊ូវ បានជ្រើសរើស « ធ្វើការល្អ » មួយរំពេច ( ម៉ាថាយ ១២:១២ ) ។ ទ្រង់អញ្ជើញ​ឲ្យបុរសនោះលើកដៃរបស់គាត់ ។ « រួចទ្រង់មានព្រះបន្ទូលទៅមនុស្សនោះថាចូរលាតដៃអ្នកទៅ គាត់​ក៏​លាត​ហើយ​ដៃ​នោះ​បានជា​ដូច​ដៃ​ម្ខាង » ( ម៉ាថាយ ១២:១៣ ) ។

ដំណើររឿង​ស្រដៀងគ្នានេះ​បាន​ដំណាល​ម្តងហើយ​ម្តងទៀត ទូទាំងព្រះគម្ពីរ ។ ព្រះយេស៊ូវ ត្រូវបាន​ស្គាល់ថាទ្រង់​មានក្តីមេត្តា​សូម្បីតែជាមួយ​នឹងស្រ្តី​ដែលត្រូវ​បាន​គេចាត់ទុកថា​មិនស្អាតស្អំ ( សូមមើល លូកា ៨ ) ទ្រង់បាន​ទទួល ហើយ​ព្យាបាលមនុស្ស​ថ្លង់ ( សូមមើល ម៉ាកុស ៥ )​ហើយទ្រង់ព្យាបាលមនុស្សម្នាក់​ដែលគេមើលងាយ ( សូមមើល យ៉ូហាន ៩:១–៧ ) ។ គំរូមួយ​ដែលយើង​មើលឃើញទូទាំងព្រះគម្ពីរគឺថា​នៅពេល « ទ្រង់​ក៏លូកព្រះហស្ត​ទៅពាល់គាត់ » ( ម៉ាថាយ ៨:៣ ) វាតែង​ជាការលើក​ទឹកចិត្ត និង​សេចក្តីស្រឡាញ់ចំពោះ​អ្នកដទៃ ដើម្បី​ផ្តល់នូវ​ការព្យាបាល និង​ភាពសុខសាន្ត ។

ប្រហែល​ការអញ្ជើញមួយ​ពីដំណើរ​រឿងទាំងនេះ ធ្វើឲ្យ​យើង​អាច​ខិតកាន់​តែជិត​អស់អ្នកដែល​ខុស​ពីយើង ។ ឧទាហរណ៍ តើយើង​អង្គុយ​ជិត​នរណាម្នាក់​ដែលទើប​មក​ព្រះវិហារ​ដែរទេ ទោះបី​ជាពួកគេ​មិនបាន​ស្លៀកពាក់​ដូច​អ្នកដទៃ​ទៀតក្តី ? តើ​យើងបាន​ទុក​កន្លែងសម្រាប់​ពួកគេ ចូលរួម​ក្នុង​ការសន្ទនា​ក្នុង​សាល​ដែរឬទេ ? តើយើង​បាន​ញញឹម ហើយនិយាយថា​សួស្តី និងសួរសំណួរល្អៗ ដែល​សម្តែង​ពីការ​ចង់ស្គាល់ពួកគេ​ឲ្យកាន់តែច្បាស់ និងជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៍​ថាចូលរួមឬទេ ?

ហើយប្រហែល​ជា​អ្វី​ដែល​សំខាន់​ជាងនេះគឺ តើយើងអាច​អភិវឌ្ឍ​ទំនាក់ទំនង​ជិតស្និទ ខាងសតិអារម្មណ៍ និង​ខាងវិញ្ញាណជាមួយ​អ្នកដទៃ ចែកចាយ​ភាពសុខសាន្ត និងសេចក្តីស្រឡាញ់​ដូច ព្រះអង្គសង្គ្រោះ​របៀបណា ? យើង​ដឹងថា​ យើងបានពរជ័យពីព្រះ នៅពេលដែលយើងខិតខំ​ទាក់ទង—ជាពិសេស​ជាមួយ​អស់អ្នកដែល​ហាក់បីដូចជា​ខុស​ពីយើង ។

ព្រះយេស៊ូវអញ្ជើញ​ប្រជាជ​ន​ឲ្យ​ចែករំលែក​អាហារ

ក្នុងអំឡុង​ការសិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មីរបស់យើង យើងបាន​រំជួល​ចិត្ត ដែលជាញឹកញាប់ព្រះអង្គសង្គ្រោះ បានចែកចាយ​អាហារ​ជាមួយ​អ្នក​ដទៃ ។ នៅក្នុងករណី​ជាច្រើន ទ្រង់ត្រូវបាន​គេរិះគន់ ពីព្រោះ​តែ​មនុស្ស​ដែល​ទ្រង់ជ្រើសរើស​ចំណាយ​ពេលជាមួយ ។

ក្នុងនោះមានឧទាហរណ៍មួយ ព្រះយេស៊ូវបានហៅសិស្ស​ម្នាក់របស់​ទ្រង់ បុរសនោះឈ្មោះ ម៉ាថាយ គាត់គឺជា « អ្នកយកពន្ធ » ឬជាមនុស្ស​ម្នាក់ជាអ្នក​តំណាង​រដ្ឋាភិបាលកំពង់កាន់អំណាច​នាពេលនោះ ( សូមមើល លូកា ៥:២៧ សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ « អ្នកយកពន្ធ » ) ។ ជាទូទៅ​ប្រជាជន យ៉ូដា ស្អប់អ្នកយក​ពន្ធណាស់ ។ ដូច្នេះ នៅពេល​ម៉ាថាយរៀបចំពិធីជប់លៀង​ដ៏ធំ​មួយ សម្រាប់ព្រះ​យេស៊ូវ និងសិស្ស​របស់ទ្រង់ ពួកអាចារ្យ និង​ពួកផារិស៊ី—ជាអស់​អ្នកដែលគួរតែ​ធ្វើតាម​ព្រះបញ្ញតិ្ត​ទាំងឡាយ​របស់ព្រះ—បាន​រអ៊ូរទាំ ។ ពួកគេ​បានសួរថា « ហេតុអ្វី​បាន​ជាបរិភោគជាមួយ​ពួកអ្នក​យកពន្ធ » ។ ព្រះយេស៊ូវ បានឆ្លើយថា « ពួក​អ្នក​ជា​មិន​ត្រូវការ​នឹង​គ្រូពេទ្យ​ទេ ត្រូវ​ការ​តែ​ពួក​អ្នក​ដែល​ឈឺ​ប៉ុណ្ណោះ » ( លូកា ៥:៣០–៣១ ) ។

painting of Jesus walking down a dirt path with disciples

Jesus and Disciples in the Kidron Valley ( ព្រះយេស៊ូវ និងសិស្ស​របស់ទ្រង់ នៅឃិនដ្រូន វ៉ាលី ) ដោយ បាឡ៉ាក បាឡុក ធនធាន​សិល្បៈ

នេះគឺជាគំរូ ដែលប្រកបដោយ​ព្រះចេស្តា អំពីរបៀបដែលព្រះ​អង្គ​សង្គ្រោះ​ជ្រើសរើសមិនលំអៀង​ទៅរក​ការមើល​តែទៅលើ​អាការៈ​ខាងក្រៅ ឬ កេរ្តិ៍ឈ្មោះខាងលោកិយ ។ ផ្ទុយទៅវិញ ទ្រង់ផ្តោតទៅលើ​សេចក្តីត្រូវការ តម្លៃ និង​សក្តានុពល​របស់​បុគ្គលម្នាក់ៗ ។ វាគឺជាចំណេះដឹង​ដ៏គួរឲ្យ​ចាប់អារម្មណ៍ តាំងពី​លើក​ដំបូង នៅ​ពេល​ដែលយើង​អាន​អំពីព្រះយេស៊ូវ​ចែក​រំលែកអាយារជាមួយ​នឹង ម៉ាថាយ និង​អ្នកដទៃទៀត ។ យើងនឹង​មិន​ដែល​អាច​ជះ​ឥទ្ធិពល​លើនរណា​ម្នាក់ឡើយ ប្រសិន​បើយើង​មិនអាច​ចូលទៅដល់​ពួកគេ​នោះ ។ លើក​លែង​តែយើង​ចំណាយ​ពេលវេលារៀន​ស្គាល់ពួកគេ ស្រឡាញ់​ពួកគេ និង​ព្រមទទួល​យក​ពួកគេ ត្រង់​ដំណាក់កាល​នៃ​ជីវិត​របស់​ពួកគេ យើងនឹងមានឥទ្ធិពល​តិច​តួច​បំផុត នៅក្នុង​ជីវិត​របស់​ពួកគេ ។

បងប្អូន​ប្រហែល​ជាធ្លាប់​បានឮ សុភាសិតថា « គឺ​ត្រូវ​ស្រឡាញ់​ដល់​អ្នក​ប្រព្រឹត្ត​បាបតែត្រូវ​ស្អប់​អំពើបាប » ។ តើយើង​បាន​ចំណាយ​ពេល​គ្រប់គ្រាន់ បានពាក់កណ្តាល​នៃការ​អញ្ជើ​ញ​លើក​ដំបូង​នោះទេ ? ព្រះយេស៊ូវ មានបន្ទូល​ប្រាប់យើងថា « ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក » ( សូមមើល យ៉ូហាន ១៣:៣៤ ) និង ត្រូវអភ័យទោស « ដល់​៧​ចិតសិប​ដង​ទៅ​ទៀត » ( ម៉ាថាយ ១៨:២២ ) ។ ជំនួស​ឲ្យ​ការចំណាយ​ពេលព្យាយាម​កំណត់រក និងស្អប់អំពើ​បាប​របស់​អ្នកដទៃ ចូរយើង​ប្រើឋាមពលនោះ ចិញ្ចឹម​បីបាច់​ទំនាក់​ទំនងរបស់យើង​ជាមួយបងប្អូន​ប្រុសស្រី​របស់យើង​វិញ ។

យើងចូលចិត្តសុភាសិតថា « គឺ​ត្រូវ​ស្រឡាញ់​ដល់​អ្នក​ប្រព្រឹត្ត​បាប ចូរអញ្ជើញ​ពួកគេ​ចូល​រួម​អាហារ​ពេលល្ងាច ! » ។ ដោយសារ​តែ​យើង ​ទាំង​អស់​គ្នា បាន​ធ្វើ​បាប « ហើយ​ខ្វះ​មិន​ដល់​សិរី​ល្អ​នៃ​ព្រះ » ( រ៉ូម ៣:២៣ ) ​រឿងនេះ​ផ្តល់​ឱកាស​យ៉ាង​ច្រើន​ដល់យើង ដើម្បី​បម្រើអ្នកដទៃ តាមរយៈការ​រៀបចំអាហារដោយ​ក្តីស្រឡាញ់ ផ្តល់​ការបម្រើ​នៅកន្លែង​ដែល​ព្រះវិញ្ញាណរបស់ព្រះ​មានវត្ថមាន ។ ចូរយើង​សន្ទនានៅជុំវិញតុអាហារ​របស់យើង ដោយសណ្តាន​ចិត្តស្មោះត្រង់ ជាមិត្តភាព​ពិត​ប្រាកដ និង​ការខិត​ខំ​ដោយចេតនា​ពិត ក្នុងការ​មើល​ទៅលើ​អ្នកដទៃ ដូចព្រះយេស៊ូវ ទត​មើល​ចំពោះយើង ។

ការ​កសាង​ស៊ីយ៉ូន

ឆ្នាំនេះ​យើង​ប្រារព្ធពិធីអបអរ​ខួប​លើក​ទី​ពីររយឆ្នាំ​នៃការនិមិត្ត​ដំបូង នៅពេល​ព្រះយេស៊ូវ គ្រីស្ទបានប្រកាសថា ដំណឹង​ល្អ​របស់​ទ្រង់​នឹងត្រូវ​បាន​ស្តារឡើងវិញ ។ ឆ្នាំក្រោយ​យើង​នឹង​រៀន​អំពី គំរូរបស់​ពួកបរិសុទ្ធជំនាន់​ដើម​ដែល​បាន​ជួយ​សាងសង់ នគររបស់ព្រះអម្ចាស់នៅលើ​ផែន​ដីនេះ នៅ​ក្នុង​សម័យ​កាន់កាប់​ត្រួតត្រា​នេះ ។ ពួកបរិសុទ្ធទាំងនេះ​កាលពីជំនាន់មុន​បាន​រកមធ្យោ​បាយ​ធ្វើការ​រួមគ្នា និង​សាមគ្គីគ្នា ទោះបីជាពួកគេ​មក​ពី​ជាតិសាសន៍​ជំនឿ​សាសនា​ពីមុន និងជីវប្រវត្តិខាង​សង្គម​សេដ្ឋ​កិច្ច​ផ្សេង​ពី​គ្នា​ក្តី ។

សព្វថ្ងៃនេះ យើងប្រឈមមុខ​នឹង​ឱកាស​ដូចគ្នា ។ យើងត្រូវតែរិះរកវិធី​រួមសាមគ្គីគ្នា ក្នុង​សេចក្តី​ជំនឿ​របស់យើង ទោះបីជាមានវប្បធម៌ និង​នយោបាយ​ផ្សេងគ្នាដែល​ព្យាយាម​បំបែកយើង​ចេញពីគ្នា​យ៉ាងណាក្តី ។ រឿននេះ​អាច​កើត​ឡើង ប្រសិន​បើ​យើងអនុញ្ញាតឲ្យ​ព្រះអង្គសង្គ្រោះ ជាអ្នកណែនាំយើង ។ ទ្រង់ជ្រាបដឹងអំពីភាពទន់ខ្សោយរបស់យើង​ដ៏ឥតខ្ចោះហើយធ្វើ​ឲ្យ​អ្វី​ដែល​ទន់​ខ្សោយ​ក្លាយ​ទៅ​ជា​ខ្លាំង​ពូកែបាន ( សូមមើល អេធើរ ១២:២៧ ) ។ ទ្រង់ជ្រាបដឹងអំពីពីការឈឺចាប់​របស់យើង ដ៏ឥតខ្ចោះ ហើយ​អាច​ជួយ​ព្យាបាល​យើង ( សូមមើល អេធើរ ៧:១១–១២ ) ។ ទ្រង់ជ្រាប​ដឹង​អំពី​ភាពខុសគ្នា​របស់យើង​យ៉ាងឥតខ្ចោះ ហើយនៅ​សន្យាថាយើងអាច—ដូចនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៩:២៥ ពិពណ៌នា​អំពី—ភាព​រីក​ចម្រើន និង ក្តី​រីក​រាយ​នៅ​ក្នុង​ស៊ីយ៉ូន រួមគ្នា ។ ◼