២០២០
បំភ្លឺ​ពិភពលោក​នៅ​ប៉ារីស
ខែ ធ្នូ ឆ្នាំ ២០២០


បំភ្លឺ​ពិភពលោក​នៅ​ប៉ារីស

ខ្ញុំ​បាន​រកឃើញ​ថា ការ​បម្រើ​បាន​នាំ​មកនូវ​សេចក្តី​អំណរ​ដែល​ពុំអាច​ពិពណ៌នា​បាន​ហើយ​សកម្មភាព​តូចតាច ​អាច​ស្ថាបនា​បុគ្គល​ម្នាក់ៗ ក្នុង​របៀប​ដ៏​អស្ចារ្យ ។

people standing on a stage

រចនា​រូបភាព​ដោយ អេលែន ម៉ារីឡូ

នៅប្រទេស​​បារាំង មាន​ជនអនាថា និង​ជន​ភៀសខ្លួនដេកនៅ​តាម​សួន​ច្បារ នៃទីក្រុង​ប៉ារីស ប្រទេសបារាំង ពួកគេ​ត្រូវ​ការជំនួយ​នៅ​ចំពោះ​មុខ​យើង​ជារៀង​រាល់ថ្ងៃ សូម្បីតែ​ក្នុង​អំឡុង​រដូវ​បុណ្យគ្រីស្ទ​ម៉ាស់ ។ ខ្ញុំ និង​មិត្តរបស់​ខ្ញុំពីរនាក់ បានសម្រេច​បង្កើត​ក្រុម​សហគមន៍​ មួយហៅថា Solidarity to Act Together ( ធ្វើការ​រួមគ្នាដើម្បី​អនុវត្តដោយ​សាមគ្គីភាព ) ដើម្បី​ជួយ​អ្វី​ដែល​យើង​អាច ។

ដោយ​មាន​ការគាំទ្រ​ពីអ្នកស្មគ្រ័ចិត្ត​ទូទាំង​សហគមន៍ រួមទាំង​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ មកពីស្តេក​បីក្នងទីក្រុង​ប៉ារីស​ផង​ដែរ យើង​បាន​រៀបចំ​សកម្មភាព​បំភ្លឺ​ពិភពលោក​ដើម្បី​ជួយ​បង​ប្អូនប្រុសស្រី​ដែលត្រូវការ ។

រយៈពេល​បីឆ្នាំជាប់គ្នា យើង​បានប្រារព្ធ ព្រឹត្តិការណ៍បំភ្លឺ​ពិភពលោកនៅចុងឆ្នាំ ដែល​មានសិល្បៈករ អ្នកស្មគ្រ័ចិត្ត និង​ភ្ញៀវ​កិត្តិយសមកពី​ព្រះវិហារ និង​អង្គការ​ផ្សេងៗ ក្នុង​ទីក្រុង​ប៉ារីស ​ដើម្បី​ចូលរួមសម្តែង និងបរិច្ចាគសម្ភារៈដល់​អស់អ្នក​ដែល​ត្រូវ​ការ ។ វាត្រូវ​ការពេលវេលារាប់ខែ​ដើម្បីរៀបចំ ប៉ុន្តែអ្នក​ស្ម័គ្រចិត្ត និង​អ្នកសម្តែង​ទាំងនោះ បាន​ទទួល​បទពិសោធន៍នៃក្តីអំណរ​ដ៏​មហិមា​ពីការចូលរួមក្នុង​ព្រឹត្តិការណ៍នេះ ។ គ្មាន​ពួកគេ​ណា​ម្នាក់ចង់​ខកខាន​ព្រឹត្តិ​ការណ៍​នេះ​ទេ ។ ចំពោះ​ព្រឹត្តិការណ៍​បំភ្លឺ​ពិភព​លោកលើក​ទី​បី​របស់​យើង​អ្នក​ចូល​រួម ៨២ រូបបាន​មក​ទោះបី​ជាមធ្យោបាយ​ធ្វើដំណើរ​មា​នបញ្ហាក្តី !

មុនព្រឹត្តិការណ៍ យើង​បានរៀបចំ និងប្រមូល​ផលិតផល​អនាម័យ​ដាក់ក្នុង​​ការបូបស្ពាយ ដើម្បី​បរិច្ចាគ​ដល់ជនភៀស​ខ្លួន និង​ជន​អនាថា​ក្នុងទីក្រុង​ប៉ារីស ។ យើង​ក៏បាន​ប្រមូលភួយ កម្រាល ខ្នើយ សម្ភារៈកីឡា ស្បែក​ជើង​ពាក់​ងូត​ទឹក និង​សូម្បី​តែ​កង់ ដែល​ត្រូវ​បាន​ផ្តល់​ជូន​ជនភៀស​ខ្លួន ។

កាល​ពី​ឆ្នាំ​មុន​យើង​ក៏បាន​ដាក់បញ្ចូល​កម្មវិធី​បង្ហាញ​ម៉ូត​នៅក្នង​ព្រឹត្តិការណ៍​នោះដែរ ។ អ្នក​បង្ហាញ​ម៉ូត​អាយុ ២២ឆ្នាំម្នាក់ដែលបាន​ចូលរួមបាន​និយាយ​ថា ការគាំទ្រ​ដែលគាត់​បាន​ទទួល បានផ្តល់​ជាកម្លាំង​ដល់​គាត់​ឲ្យជឿជាក់លើ​សមត្ថភាព​របស់គាត់ ។ ពេល​គាត់​និយាយ​ជាមួយ​ខ្ញុំ បាន​រំឭក​ខ្ញុំ​ថាមនុស្ស​គ្រប់​រូប​ត្រូវ​មាន​​អារម្មណ៍​ថា​មាន​គេត្រូវការខ្លួន ហើយ​ថាយើង​គ្រប់រូប​អាច​មាន​តម្រូវការ​ក្នុង​របៀបណាមួយ ។

ខ្ញុំ​ទន្ទឹង​រង់ចាំឆ្នាំក្រោយ​មកដល់ ។ យើង​រំពឹងថា​មាន​អ្នក​ចូលរួម និង​មាន​សកម្មភាព​កាន់​តែ​ច្រើន ។ មនុស្ស​មួយ​ចំនួន​ផ្តល់​ទាំងឃ្លាំងស្តុក និង​ឡាន​ទូ​ត្រជាក់ ដើម្បី​ជួយ​យើង នៅ​ពេល​យើង​ធ្វើការ​ជាមួយទីភ្នាក់ងារ​សហគមន៍ និង​ដៃគូ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ចំណី​អាហារ​អន្តរជាតិ​ធំៗ ដើម្បី​ផ្តល់​​អាហារ​មាន​តុល្យភាព​ដល់​អស់​អ្នក​ដែល​ត្រូវការ ។ យើង​ក៏​បាន​រៀបចំ​ផ្តល់​មធ្យោបាយ​បង្រៀន​មេរៀន​ភាសា​បារាំង ដោយ​មិន​គិត​ថ្លៃ សម្រាប់​អស់​អ្នក​ដែល​រៀន​ភាសា​បារាំង​ជា​ភាសា​ទី​ពីរ ។

ខ្ញុំ​រក​ឃើញ​ថា​ការបម្រើ​ក្នុង​បុព្វហេតុ​ថ្លៃថ្នូរ នាំ​មក​នូវ​ក្តី​អំណរ​ដែល​មិន​អាច​ពិពណ៌នា​បាន ។ សកម្មភាព​តូចតាច​អាច​ស្ថាបនា​បុគ្គល​ម្នាក់ៗ​ក្នុង​របៀប​ដ៏​អស្ចារ្យ ។ ស្នាមញញឹម និង​គារវភាព​ដែល​យើង​បាន​ទទួល​ជំរុញ​ឲ្យ​យើង​កាន់​តែ​ចង់​ធ្វើ​បន្ថែម​ទៀត ។ ◼