មានតែឌីជីថលប៉ុណ្ណោះ
ពរជ័យតូចៗនៃដង្វាយមួយភាគក្នុងដប់
ពរជ័យទាំងឡាយដែលខ្ញុំទទួលបានពីការបង់ដង្វាយមួយភាគក្នុងដប់ ពុំមែនដូចជានំម៉ាន៉ាដែលធ្លាក់មកពីស្ថានសួគ៌នោះទេ ប៉ុន្តែខ្ញុំប្រាកដណាស់ថាពរជ័យពិតជាបានមកមែន ។
ខ្ញុំមានអារម្មណ៍ថា ពេលណាដែលខ្ញុំឮទីន្ទាល់នានាអំពីការបង់ដង្វាយមួយភាគក្នុងដប់ ពួកគេតែងតែរួមបញ្ចូលនូវបទពិសោធន៍នៃអព្ភូតហេតុដ៏អស្ចារ្យ ។
ខ្ញុំមានអំណរគុណសម្រាប់ទីបន្ទាល់ទាំងនេះ ប៉ុន្តែខ្ញុំមិនដែលមានបទពិសោធន៍ប្រភេទនេះពីមុនមកទេ ។
ប៉ុន្តែម្ដងទៀត ខ្ញុំក៏មិនដែលមានព្រះវិញ្ញាណគោះលើក្បាលខ្ញុំនោះដែរ—វាតែងតែជាពរជ័យដែលមិនជាក់ស្ដែងច្រើនជាង ។
ខ្ញុំតែងតែបង់ដង្វាយមួយភាគក្នុងដប់ ។ ខ្ញុំមិនដែលបានពិចារណាពីការអត់បង់វានោះទេ ដើមឡើយគឺដោយសារឪពុកម្ដាយរបស់ខ្ញុំរំពឹងឲ្យខ្ញុំធ្វើដូច្នោះ បន្ទាប់មកខ្ញុំបានទៅមហាវិទ្យាល័យដោយសារខ្ញុំត្រូវបានបំផុសឲ្យធ្វើដូច្នោះ ។ ហើយពេលខ្ញុំរៀបការ និងចាប់ផ្ដើមមានកូន ខ្ញុំបន្តធ្វើវា ដោយសារខ្ញុំមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងមានទីបន្ទាល់រឹងមាំមួយអំពីពរជ័យទាំងឡាយដែលអាចបានមកពីការបង់ដង្វាយពេញលេញ ។
ពេលខ្ញុំបង់ដង្វាយមួយភាគក្នុងដប់របស់ខ្ញុំ អ្វីៗដំណើរការ ។ យើងតែងតែមានម្ហូបគ្រប់គ្រាន់ ។ របស់របរមានតម្លៃថោកបន្តិចជាងដែលខ្ញុំបានគិត ឬខ្ញុំអាចរកឃើញរបស់គេលក់បញ្ចុះតម្លៃ ឬបានប័ណ្ណបញ្ចុះតម្លៃ ។ ខ្ញុំត្រូវតែខិតខំដើម្បីបានវា—វាត្រូវការការប្រឹងប្រែង និងសេចក្ដីជំនឿ ។ យើងសន្សំសំចៃ ហើយយើងចាត់ចែងថវិកា ។ ប៉ុន្តែនិយាយឲ្យអស់ទៅ នៅចុងបញ្ចប់នៃថ្ងៃ ខ្ញុំតែងតែដឹងថា អ្វីៗនឹងមិនអីទេ ដោយសារខ្ញុំបានបង់ដង្វាយមួយភាគក្នុងដប់របស់ខ្ញុំ ហើយបានធ្វើអស់ពីសមត្ថភាពដែលខ្ញុំអាចធ្វើបាន ហើយទុកអ្វីដែលនៅសល់នៅក្នុងព្រះហស្ដព្រះ ។
ពេលខ្ញុំគិតត្រឡប់ទៅក្រោយវិញអំពីបទពិសោធន៍ទាំងឡាយរបស់ខ្ញុំ និងមូលហេតុ ដែលខ្ញុំមានទីបន្ទាល់ដ៏រឹងមាំអំពីដង្វាយមួយភាគក្នុងដប់ ខ្ញុំបានគិតអំពីរឿងក៏គួរឲ្យចាប់អារម្មណ៍មួយ ។ យ៉ាងហោចណាស់សម្រាប់ខ្ញុំ ពរជ័យទាំងឡាយនៃដង្វាយមួយភាគក្នុងដប់ គឺមិនដូចជានំម៉ាន៉ាពីស្ថានសួគ៌នោះទេ ។ ខ្ញុំមិនចេះតែទទួលបានមូលប្បទានប័ត្រប្រាក់នៅក្នុងប្រអប់សំបុត្រ ឬអាហារមកពីនរណាម្នាក់ដែលត្រូវបានបំផុសឲ្យយកមកឲ្យខ្ញុំនោះទេ ។ វាមានទំនងដូចជាពេលព្រះយេស៊ូវបានផ្ដល់ចំណីដល់មនុស្ស ៥០០០នាក់ច្រើនជាង ( សូមមើល ម៉ាថាយ ១៤:១៤–២១ ) ។ បុរសវ័យក្មេងម្នាក់បានផ្ដល់អាហារទាំងអស់ដែលគាត់មាន ។ ព្រះអម្ចាស់បានថ្លែងអំណរព្រះគុណដល់ព្រះ ហើយបន្ទាប់មកបានប្រទានចំណីដល់មនុស្សគ្រប់គ្នា ជាមួយនឹងនំប៉័ងតែប្រាំចំណិត និងត្រីតែពីរប៉ុណ្ណោះ ។ ហើយដោយអព្ភូតហេតុ នោះមនុស្សគ្រប់គ្នាបានឆ្អែត និងមានអាហារសេសសល់ទៀតផង ។
មានសប្ដាហ៍ខ្លះ ដែលខ្ញុំមិនប្រាកដពីអ្វីដែលខ្ញុំនឹងញ៉ាំ ដោយសារខ្ញុំត្រូវការផ្ដល់ចំណីដល់គ្រួសារខ្ញុំ ។ ប៉ុន្តែដោយហេតុណានោះ តែងតែមានគ្រប់គ្រាន់ជានិច្ច ។ អាហារមិនគ្រាន់តែលេចឡើងមកនោះទេ ។ ប៉ុន្តែខ្ញុំមានអារម្មណ៍ស្កប់ស្កល់នឹងចំណែកដ៏តូចមួយ ហើយស្វាមីខ្ញុំក៏អញ្ចឹងដែរ ។ ខ្ញុំមិនបានទទួលប្រាក់បន្ថែមទេ ប៉ុន្តែខ្ញុំអាចប្រើប្រាស់អ្វីៗដោយសន្សំសំចៃបានកាន់តែយូរ ។
វាអស្ចារ្យណាស់ចំពោះរបៀបដែលព្រះវរបិតាធ្វើកិច្ចការជាមួយយើង និងជាមួយអ្វីដែលយើងមាន ។ គ្រប់គ្នាគឺខុសគ្នា ។ តម្រូវការរបស់មនុស្សគ្រប់គ្នាគឺខុសគ្នា ។ ហើយពរជ័យរបស់យើងក៏ខុសគ្នាដែរ ។ វាអស្ចារ្យណាស់ទ្រង់ដឹងពីតម្រូវការរបស់យើង ទាំងខាងរាងកាយ និងខាងវិញ្ញាណ ។ ខ្ញុំបានទទួលពរជ័យដោយសារការបង់ដង្វាយមួយភាគក្នុងដប់របស់ខ្ញុំ ។ ខ្ញុំចង់ឲ្យអ្នកដឹងពីរឿងនេះ ។