ការអធិស្ឋានសម្រាប់មែកស៍
នៅពេលខ្ញុំមានអាយុប្រាំមួយឆ្នាំ គូរស្វាមីភរិយាចំណាស់មួយគូរនៅក្នុងវួដរបស់យើង ចង់ស្វែងរកផ្ទះល្អមួយសម្រាប់ឆ្កែរបស់ពួកគាត់ឈោ្មះមែកស៍ ។ ពួកគាត់បានដឹងថាយើងនឹងស្រឡាញ់មែកស៍ ។ ដូច្នេះយើងទទួលមែកស៍មកចិញ្ចឹម !
ពីរបីសប្ដាហ៍ក្រោយមក មានមិត្តរបស់ខ្ញុំមួយចំនួនបានមកស្នាក់នៅជាមួយយើងពីរបីថ្ងៃ ។ ផ្ទះរបស់យើង ពេញទៅដោយក្មេងៗរត់គ្រប់ទីកន្លែង ។
ប៉ុន្តែ មែកស៍ ទម្លាប់នឹងផ្ទះស្អាត ហើយស្ងប់ស្ងាត់ ។ ការនៅក្នុងផ្ទះដែលពោរពេញដោយសំឡេងក្មេងឡូឡាធ្វើឲ្យវាភិតភ័យ ។ ថ្ងៃមួយពេលដែលយើងកំពុងលេង ហើយសើចក្អាកក្អាយ យើងចាប់ផ្តើមដឹងភ្លាមថាមែកស៍បានរត់បាត់ !
យើងបានដើររក មែកស៍គ្រប់ទីកន្លែង ។ ពេលដែលម្តាយខ្ញុំបើកឡានជូនខ្ញុំដើររកស្ទើរគ្រប់សហគមន៍ ខ្ញុំស្ទើរតែស្រក់ទឹកភ្នែក ។ យើងបានទៅរកម្ចាស់ដើមរបស់មែកស៍ ។ ប៉ុន្តែយើងរកវាពុំឃើញទេ ។
ពេលយើងមកដល់ផ្ទះវិញ មានមនុស្សម្នាក់និយាយថា « ចូរអធិស្ឋានឲ្យមែកស៍ ! » យើងលុតជង្គង់ចុះ ហើយថ្លែងពាក្យអធិស្ឋានយ៉ាងសាមញ្ញ ។ យើងសូមព្រះវរបិតាសួគ៌ផ្តល់គំនិតឲ្យយើងថាទៅរកមែកស៍ទីណា ។
ពេលយើងនិយាយពោលពាក្យថា « អាម៉ែន » ស្រាប់តែឮសម្លេងព្រុស ចេញពីក្នុងទូ ! វាគឺជាមែកស៍ !
ព្រះវរបិតាសួគ៌ជ្រាបដឹងពីយើងម្នាក់ៗ ហើយទ្រង់ស្រឡាញ់យើង ។ ចម្លើយចំពោះការអធិស្ឋានរបស់យើងមិនតែងតែបានមកភ្លាមៗនោះទេ ។ ហើយព្រះវរបិតាសួគ៌អាចនឹងពុំឆ្លើយតបការអធិស្ឋានរបស់យើងជានិច្ចជាកាលតាមរបៀបដែលយើងពិតជាចង់បាននោះទេ ។ ប៉ុន្តែនោះគឺជារបៀបដែលសេចក្តីជំនឿ និងការអត់ធ្មត់របស់យើង រីកចម្រើន ។
ប្រសិនបើអ្នកមានបញ្ហាអ្វីមួយ ឬក៏គ្រាន់តែចង់និយាយជាមួយព្រះវរបិតាសួគ៌នោះទ្រង់នឹងតែងតែស្តាប់អ្នក !