ពរជ័យនៃ ទំនៀមទម្លាប់បុណ្យគ្រីស្ទម៉ាស់
អ្នកនិពន្ធរស់នៅរដ្ឋយូថាហ៍ ស.រ.អា. ។
វាគ្មានអ្វី ពិសេសទេក្នុងការចំណាយពេលបុណ្យគ្រីស្ទម៉ាស់នៅក្នុងផ្ទះថ្មី នោះប៉ុន្តែពរជ័យបព្វជិតភាពធ្វើឲ្យគ្រប់យ៉ាងផ្លាស់ប្តូរ ។
ខ្ញុំបានទទួលបទពិសោធន៍ថ្ងៃគ្រីស្ទម៉ាស់ដោយគ្មានព្រឹលជាលើកទីមយយ កាលខ្ញុំមានអាយុ ១៤ ឆ្នាំ ។ ក្រុមគ្រួសាររបស់ខ្ញុំទើបផ្លាស់ទីលំនៅពីលើភ្នំ រដ្ឋ យូថាហ៍ ទៅរដ្ឋតិចសាស ស.រ.អា ។ ខ្ញុំមានអារម្មណ៍ថា រដ្ឋតិចសាស គឺជាវាលទំនាប និងក្តៅពេកសម្រាប់ខ្ញុំ ។ វាពិបាកក្នុងការទទួលអារម្មណ៍នៃស្មារតីនៃបុណ្យគ្រីស្ទម៉ាស់នៅពេលដែលគ្មានមិត្តភក្តិនៅសាលារៀនថ្មី និងជាពិសេសនៅពេលដែលគ្មានព្រឹលនៅលើដី ។ ខ្ញុំមានអារម្មណ៍ថា ចូលគេមិនចុះនៅកន្លែងណាមួយ ដូច្នេះជាញឹកញាប់ខ្ញុំតែមានអារម្មណ៍ឯកោ និងសោកសៅ ។
នៅតែមួយសប្តាហ៍ទៀតប៉ុណ្ណោះដល់ថ្ងៃបុណ្យគ្រីស្ទម៉ាស់ហើយ ខ្ញុំរំពឹងទៅលើទំនៀមទម្លាប់ពិធីបុណ្យគ្រីស្ទម៉ាស់ក្នុងគ្រួសារដែលធ្វើឲ្យវិញ្ញាណរបស់ខ្ញុំលើកតម្កើង ចេញពីភាពសោកសៅ ។ សកម្មភាពសប្បាយៗដែលយើងបានធ្វើរួមគ្នាក្នុងគ្រួសារ កាលពីឆ្នាំកន្លងមកតែធ្វើឲ្យខ្ញុំមានអារម្មណ៍សប្បាយខ្លាំងណាស់ ។ ទំនៀមទម្លាប់ជាផ្នែកមួយដ៏សំខាន់ពីរបៀបដែលយើងអបអរបុណ្យគ្រីស្ទម៉ាស់ដូច្នេះខ្ញុំគិតថាគ្មានអ្វីគួរឲ្យបារម្មណ៍ទេ ។ វាត្រូវបានគេហៅថា ទំនៀមទម្លាប់សម្រាប់មូលហេតុមួយ ដូច្នេះខ្ញុំដឹង វាត្រូវតែត្រូវបានរក្សាទុក ។
ការរក្សាស្មារតីនៃបុណ្យគ្រីស្ទម៉ាស់ឲ្យមានភាពរស់រវើក
ថ្ងៃបុណ្យគ្រីស្ទម៉ាស់ឈានចូលសន្សឹមៗ ។ យើងមិនទាន់បានធ្វើអ្វីមួយជាលក្ខណៈគ្រួសារដើម្បីអបអរ ដូច្នេះខ្ញុំមានអារម្មណ៍ខូចចិត្តណាស់ ។ នៅទីបញ្ចប់ យប់មុនថ្ងៃបុណ្យគ្រីស្ទម៉ាស់ឈានចូលមកដល់ ខ្ញុំរង់ចាំពេញមួយថ្ងៃ ចាំអ្វីមួយដែលនឹងកើតឡើង—សកម្មភាពអ្វីមួយដែលបង្ហាញថា ទំនៀមទម្លាប់ដ៏រីករាយនៃគ្រួសារយើង អាចនៅតែបន្តមានក្នុងគេហដ្ឋានថ្មីយើង ។ ខ្ញុំប្រាដកថាខ្ញុំអាចចាប់ផ្តើមទំនៀមទម្លាប់ដ៏មានតម្លៃនេះដោយខ្លួនឯងបាន ប៉ុន្តែខ្ញុំមិនចង់ ។ ផ្ទុយទៅវិញ ខ្ញុំកំពុងរកមើលសញ្ញាសំគាល់ដើម្បីបង្ហាញខ្ញុំថា ស្មារតីនៃបុណ្យគ្រីស្ទម៉ាស់គឺនៅមានភាពរស់រវើក ។
តាំងពីថ្ងៃដល់យប់ស្វិតស្រពោន ហើយខ្ញុំកាន់តែសោកសៅ ។ នៅពេលក្រុមគ្រួសារជុំគ្នាអធិស្ឋានល្ងាចនោះ ខ្ញុំបានស្រក់ទឹកភ្នែក ។ មានអារម្មណ៍ថាផ្ទះទាំងមូលរបស់ខ្ញុំរងារ ហើយទទេស្អាត ទោះបីមានយើងរស់នៅក្នងផ្ទះនោះក្តី ។ រំពេចនោះប៉ារបស់ខ្ញុំបានប្តូរបរិយាកាស ស្ងប់ស្ងាត់ជាមួយសំណួរមួយថា ។
តើមានអ្នកណាចង់ទទួលពរជ័យបព្វជិតភាពដែរទេ ?
បេះដូងរបស់ខ្ញុំគាំងមួយសន្ទុះ ។ ខ្ញុំខ្វល់ខ្លាំងពេកអំពីតើគួរដាក់អំពូលភ្លើងគ្រីស្ទម៉ាស់ ឬដុតនំឃុកគី ឬអត់ វាបានធ្វើឲ្យខ្ញុំភ្លេចអំពីទំនៀមទម្លាប់ពិសេស ដែលពួកយើងបានធ្វើជារៀងរាល់យប់មុនថ្ងៃបុណ្យគ្រីស្ទម៉ាស់—គឺយើងទាំងអស់គ្នាទទួលពរជ័យនៃបព្វជិតភាព ។ កាលពីមុនរាល់ពេលទទួលពរជ័យពីប៉ា គឺតែងផ្តល់សន្តិភាពដល់ខ្ញុំ ប៉ុន្តែមិនមែនគ្រប់គ្នានៅក្នុងគ្រួសារខ្ញុំ ចូលចិត្តទទួលពរជ័យនោះទេ ។ ពេលខ្លះ បងប្អូន និងម៉ាក់របស់ខ្ញុំនិយាយថា ពួកគាត់មានអារម្មណ៏ថាមិនត្រូវការទេ ។ ខ្ញុំមិនចង់មានសេចក្តីសង្ឃឹមជាថ្មីម្តងទៀតទេ បើគ្រប់គ្នាច្រានចោលនោះ ។
ប៉ុន្តែពេលនេះ ខុសពីមុន ។ ម៉ាក់បានក្រោកឡើងហើយទៅអង្គុយលើកៅអីដែលប៉ាយកមកសម្រាប់យើង ។
ម៉ាក់និយាយយ៉ាងទន់ភ្លន់ថា « អូនចង់បានការប្រសិទ្ធពរ » ។
យើងទាំងអស់គ្នាមានការភ្ញាក់ផ្អើល ប៉ុន្តែប៉ាមិនស្ទាក់ស្ទើទេ ។ គាត់បានដាក់ដៃគាត់លើក្បាលម៉ាក់ ហើយចាប់ផ្ដើមនិយាយ ។ ខ្ញុំអាចញាណដឹងតាមរយៈពាក្យសម្ដីប៉ាថា ម៉ាក់របស់ខ្ញុំក៏មានអារម្មណ៍ស្មុគស្មាញ និងមានរឿងផ្ទាល់ខ្លួនផងដែរ ។ គាត់បានពោលពាក្យលួងលោម និងភាពសុខសាន្តដល់់ម៉ាក់អំឡុងគ្រានៃការផ្លាស់ប្តូរនេះ ។
ភ្លាមនោះខ្ញុំមានអារម្មណ៍ដូចជា ភ្លើងកំពុងឆេះក្នុងទ្រូងរបស់ខ្ញុំ—ដូចជានរណាម្នាក់អុចឈើគូសក្នុងពោះខ្ញុំ ។ ខ្ញុំដឹងថាខ្ញុំទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ ទោះបីជាការឆេះក្នុងទ្រូង គឺមិនដូចជាអ្វីដែលខ្ញុំធ្លាប់ទទួលអារម្មណ៏ពីព្រះវិញ្ញាណពីមុនក្តី ។ វាគឺដូចជាអ្វីដែលព្រះវរបិតាសួគ៌បានមានព្រះបន្ទូលមកកាន់ខ្ញុំ ហើយសូម្បីតែវាមិនមែនជាពរជ័យនៃបព្វជិតភាពរបស់ខ្ញុំក្តី !
នៅពេលឳពុកខ្ញុំពោលពាក្យ « អាម៉ែន » ថ្នមៗចប់ខ្ញុំបានបើកភ្នែកឡើងទាំងទឹកភ្នែក ខ្ញុំដឹងថាគ្រួសារទាំងមូលរបស់ខ្ញុំ កំពុងយំទាំងអស់គ្នា ។ យើងទាំងអស់គ្នាបានឮព្រះវិញ្ញាណ និយាយមកកាន់យើង នៅក្នុងរបៀបដែលពោរពេញដោយក្តីស្រឡាញ់ ថាគ្រប់យ៉ាងនឹងមិនអីទេ ។ ម៉ាក់ប៉ារបស់ខ្ញុំបានឱបគ្នា ហើយខ្ញុំមានអារម្មណ៍ថា ពពកខ្មៅដែលនៅលើក្បាលរបស់ខ្ញុំ ជាយូរមកហើយនោះ នៅទីបំផុតបានប្រែទៅជាពន្លឺព្រះអាទិត្យ ៕
យើងទាំងអស់គ្នាទទួលពរជ័យរួមទាំងខ្ញុំផងដែរ ។ នៅក្នុងការប្រសិទ្ធពររបស់ខ្ញុំ ព្រះអម្ចាស់បានធានាដល់ខ្ញុំថា ទ្រង់តែងយកព្រះទ័យទុកដាក់ចំពោះខ្ញុំ ហើយទ្រង់ចង់ឲ្យខ្ញុំរីករាយ ។ វាផ្តល់អារម្មណ៍នៃសន្តិភាព និងភាពកក់ក្តៅ ដែលខ្ញុំមិនធ្លាប់មានចាប់តាំងពីពេលដែលយើងផ្លាស់ទីលំនៅមករដ្ឋតិចសាស ។
អំណាចបព្វជិតភាពគឺជាការពិត
យើងប្រហែលជាមិនអាចរក្សាទំនៀមទម្លាប់គ្រប់យ៉ាងនៅឆ្នាំនោះបានទេ ប៉ុន្តែយើងតែងចងចាំ តើវាមានអារម្មណ៍បែបណា ក្នុងការធ្វើជាសាក្សី ចំពោះអំណាចនៃព្រះ ដែលហូរមកតាមរយៈពរជ័យបព្វជិតភាពរបស់ប៉ាខ្ញុំ ។ ខ្ញុំតែងចងចាំពីរបៀបដែលវាបានផ្លាស់ប្តូរអារម្មណ៍ខ្ញុំ ពីភាពសោកសៅទៅរកភាពសុខសាន្ត និងក្តីអំណរ ។ ខ្ញុំក៏បានរៀនមេរៀនដ៏មានតម្លៃអំពីអំណាចបព្វជិតភាពផងដែរ ។ នៅពេលគ្រប់យ៉ាងជុំវិញបងប្អូនហាក់ដូចជា ទៅខុសទិសដៅ នោះពរជ័យនៃបព្វជិតភាពអាចរំឭកបងប្អូន ពីការយកព្រះទ័យទុកដាក់របស់ព្រះអម្ចាស់ និងវត្តមាននៃសេចក្តីស្រឡាញ់របស់ទ្រង់ក្នុងជីវិតបងប្អូន ។ ◼