២០២០
របៀប​ដើម្បី​នៅលើ ប៉ុន្តែ​មិន​នៅក្នុង​បណ្ដាញ​សង្គម
ខែ ធ្នូ ឆ្នាំ ២០២០


សម្រាប់​តែ​ឌីជីថល​ប៉ុណ្ណោះ ៖ យុវមជ្ឈិមវ័យ

របៀប​ដើម្បី​នៅលើ ប៉ុន្តែ​មិន​នៅក្នុង​បណ្ដាញ​សង្គម

នេះ​គឺ​ជា​របៀប​មួយ​ចំនួន​តូច​ដែល​ខ្ញុំ​បាន​រៀន ដើម្បី​ប្រើប្រាស់​បណ្ដាញ​សង្គម​ជា​ឧបករណ៍​មួយ​សម្រាប់​សេចក្ដី​ល្អ ។

ខ្ញុំ​គិត​ថា ពេល​ខ្លះ​យើង​ទាំងអស់​គ្នា​អាច​ជាប់​នៅក្នុង​បណ្ដាញ​សង្គម មិន​ថា​វា​ជា​ការសុបិន​អំពី​ផ្ទះ​ដ៏​ស្អាត​បំផុត​ក្នុង​អនាគត ការរក​មើល​របៀប​ដែល​យើង​អាច​ធ្វើ​ឲ្យ​ការតុបតែង​មុខ​របស់​យើង​មើល​ទៅ​ឥត​ខ្ចោះ ឬ​ការប្រាថ្នា​ថា​យើង​បាន​ទៅ​ដំណើរ​កម្សាន្ត​ដែល​មិត្ត​រួមការងារ​ចាស់​របស់​យើង​បាន​ទៅ ។ ខណៈ​ដែល​បណ្ដាញ​សង្គម​អាច​ត្រូវបាន​ប្រើប្រាស់​សម្រាប់​គោលបំណង​ល្អៗ​ជា​ច្រើន វា​ក៏​អាច​ធ្វើ​ឲ្យ​យើង​ឈឺចាប់ ដោយ​ការបំផ្លាញ​ទំនុក​ចិត្ត​របស់​យើង ការធ្វើ​ឲ្យ​ការរំពឹង​ទុក​របស់​យើង​ខ្ពស់​ជ្រុល​បន្តិច និង​ការបង្កើន​ភាពច្រណែន​ដែល​យើង​មាន​ចំពោះ​អ្នក​ដទៃ​ទៀត ។

ក្នុង​នាម​ជា blogger ម្នាក់ ខ្ញុំ​បាន​ឃើញ​ថា ខ្លួនខ្ញុំ​ងាយ​ទទួល​រង​ផល​ប៉ះពាល់​ពី​ផលពិបាក​នៃ​បណ្ដាញ​សង្គម​ដែល​ធ្វើ​ឲ្យ​ខូចខាត​ទាំងនេះ ។ ខ្ញុំ​បាន​រៀន​ពី​របៀប​នានា​ដែល​ខ្ញុំ​អាច​នៅលើ​បណ្ដាញ​សង្គម ប៉ុន្តែ​មិន​ធ្វើ​ឲ្យ​វា​ស្ថិត​នៅក្នុង​ការផ្ដោត​នៃ​ជីវិត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​របស់​ខ្ញុំ ។ នេះ​គឺ​ជា​របៀប​មួយ​ចំនួន​ដែល​ខ្ញុំ​ធ្វើ ដែល​ជួយ​ខ្ញុំ​ឲ្យ​ប្រើប្រាស់​បណ្ដាញ​សង្គម​ជា​ឧបករណ៍​មួយ​សម្រាប់​សេចក្ដី​ល្អ ៖

  • ដាក់​កំណត់​រយៈពេល​ដែល​អ្នក​នឹង​ចំណាយ​នៅលើ​បណ្ដាញ​សង្គម​រាល់​ថ្ងៃ ។ បើ​មិន​ដូច្នោះ​ទេ នាទី​អាច​ក្លាយ​ទៅ​ជា​រាប់​ម៉ោង ។

  • មាន​គោលបំណង​មួយ​ពេល​ចូល​ប្រើ​បណ្ដាញ​សង្គម ។ បើ​អ្នក​នៅលើ​បណ្ដាញ​សង្គម​ដោយ​គ្មាន​គោលបំណង​មួយ​នៅក្នុង​ចិត្ត​ទេ ( ឧទាហរណ៍ ពេល​អ្នក​ចូល​ប្រើ​ដោយ​គ្រាន់តែ​ដើម្បី​មាន​អ្វី​ធ្វើ ព្រោះ​អ្នក​ធុញ ) នោះ​ជា​ពេល​ដែល​អ្នក​ទំនង​ជា​នឹង​ខ្ជះខ្ជាយ​ពេល​វេលា​ច្រើន​បំផុត ។

  • ចូរចងចាំ​ពី​រូបភាព​ដែល​ធំជាង ។ មនុស្ស​ជា​ច្រើន​នៅលើ​បណ្ដាញ​សង្គម គ្រាន់តែ​បង្ហាញ​ផ្នែក​ល្អៗ​នៃ​ជីវិត​របស់​ពួកគេ​ប៉ុណ្ណោះ ហើយ​វា​អាច​ធ្វើ​ឲ្យ​វា​មើល​ទៅ​ដូចជា​អ្វី​ទាំងអស់​ដែល​ពួកគេ​ដកពិសោធន៍ គឺពន្លឺ​ព្រះអាទិត្យ និង​ឥន្ទធនូ​រហូត​តែ​ម្ដង ។ ប៉ុន្តែ​អ្នក​ពុំ​បាន​ឃើញ​អ្វី​គ្រប់យ៉ាង​នោះទេ ។ ខាងក្រោយ​ឆាក ជីវិត​របស់​ពួកគេ​ប្រហែល​ជា​ច្របូក​ច្របល់​ដូច​ជា​ជីវិត​របស់​អ្នក​ដែរ ។ កុំ​ប្រៀបធៀប​ខ្លួន​ឯង​ទៅ​នឹង​មនុស្ស​ដទៃទៀត ។ អ្នក​មាន​គ្រប់គ្រាន់​ហើយ ហើយ​អ្នក​មាន​គុណសម្បត្តិ​គ្រប់គ្រាន់ ។ អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​រំឭក​យើង​ថា « ការប្រៀបធៀប​រូបភាព​ជីវិត​ដែល​ហាក់ដូច​ជា​ធម្មតាៗ​របស់​យើង​ផ្ទាល់ ទៅនឹង​ជីវិត​របស់​អ្នក​ដទៃ​ទៀត​ដែល​បាន​កែច្នៃ​យ៉ាង​ល្អ នឹង​ឥតខ្ចោះ​ដូច​ដែល​បាន​បង្ហាញ​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​បាក់​ទឹកចិត្ត ច្រណែន និង​បរាជ័យ » ។

  • សូម​កុំ​ទាញ​ខ្លួន​ឯង​ចូល​ក្នុង​ភាពអវិជ្ជមាន ។ ប្រសិន​បើ​មាន​អ្វី​ដែល​តែងតែ​ទាញ​អារម្មណ៍​អ្នក​ឲ្យ​ធ្លាក់​ចុះ​ឥត​ឈប់ឈរ នោះសូម unlike, unfollow ឬ unfriend ។ បណ្ដាញ​សង្គម​មិន​គួរ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ធ្លាក់​ទឹកចិត្ត​នោះ​ទេ ។ សូម Follow, friend និង like មនុស្ស និង​អ្វី​ដែល​នឹង​ជួយ​អ្នក និង​ជីវិត​អ្នក​ឲ្យ​ប្រសើរ​ឡើង ។

  • សូម​ព្យាយាម​ស្រឡាញ់ លើក​ទឹកចិត្ត និង​បំផុស​អ្នក​ដទៃ​ទៀត ។ ជាជាង​ឲ្យ​ការប្រើ​បណ្ដាញ​សង្គម​ដើម្បី​ធ្វើ​ឲ្យ​ខ្លួនឯង​មើល​ទៅ​ល្អ សូម​ព្យាយាម​បង្ហោះ​អ្វី​ដែល​ជួយ​អ្នក​ដទៃ​ទៀត​មាន​អារម្មណ៍​ថា​មាន​គេ​ស្រឡាញ់ និង​សំខាន់ ។ ចែកចាយ​សេចក្ដី​ល្អ ។ ត្រូវ​ដឹង​ពី​មនុស្ស​ដែល​មើល​ទៅ​ដូចជា​ពួកគេ​ត្រូវការ​មិត្តភក្ដិ ហើយ​ឈោង​ទៅ​ជួយ​ពួកគេ​ដើម្បី​ចែកចាយ​សារ​លើក​ស្ទួយ​មួយ !

អែលឌើរ ស្ទីវ៉ែនសុន ក៏​បាន​មាន​ប្រសាសន៍​ផងដែរ​ថា « ដូច​ដែល​ស៊ីស្ទើរ ប៊ូននី អិល អូស្ការសិន បាន​រំឭក​យើង…ភាពជោគជ័យ​ក្នុង​ជីវិត​ពុំ​មែន​កំណត់​លើ​ចំនួន Like ដែល​យើង​ទទួលបាន ឬ​ចំនួន​មិត្តភក្ដិ ឬ​អ្នក Follow នៅលើ​បណ្ដាញ​សង្គម​ដែល​យើង​មាន​នោះ​ឡើយ ។ ទោះ​យ៉ាង​ណា វា​ពិត​ជា​មាន​អត្ថន័យ​ក្នុង​ការទំនាក់ទំនង​ជាមួយ​អ្នក​ផ្សេងទៀត ហើយ​បន្ថែម​ពន្លឺ​ទៅដល់​ជីវិត​ពួកគេ » ។

នោះ​គួរ​តែ​ជា​គោលដៅ​ខ្ពស់​បំផុត​របស់​យើង ពេល​ប្រើប្រាស់​បណ្ដាញ​សង្គម ។

ចូរ​ចាំ​ថា ពេល​យើង​មើល​បណ្ដាញ​សង្គម​តាមរយៈ​កែវភ្នែក​ដំណឹងល្អ ហើយ​ព្យាយាម​ប្រើ​វា​នៅក្នុង​របៀប​វិជ្ជមាន នោះ​យើង​នឹង​មិន​ជាប់​នៅក្នុង​គំនិត​នៃ​ការប្រៀបធៀប ឬ​ខកចិត្ត​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ យើង​នឹង​ចេញ​ពី​បណ្ដាញ​សង្គម ដោយ​មាន​អារម្មណ៍​លើក​ស្ទួយ និង​ជំរុញ​ឲ្យ​ធ្វើ​ល្អ ។

កំណត់​ចំណាំ

  1. ហ្គែរី អ៊ី ស្ទីវ៉ែនសុន « Spiritual Eclipse » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៤៦ ។

  2. ហ្គែរី អ៊ី ស្ទីវ៉ែនសុន « Spiritual Eclipse » ទំព័រ ៤៦ ។ សូមមើល​ផងដែរ បូនី អិល អូស្ការសុន « The Needs before Us » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ២៥ ។