ទទួលអំណោយ
ការសិក្សាព្រះបន្ទូលនៃព្រះ ការបម្រើ ការប្រែចិត្ត និងការទៅ ព្រះវិហារបរិសុទ្ធ នឹងជួយយើងឲ្យទទួលអារម្មណ៍នៃក្ដីស្រឡាញ់របស់ព្រះក្នុងពិធីបុណ្យគ្រីស្ទម៉ាស់នេះ ។
នាល្ងាចមួយក្នុងខែវិច្ឆិកា ខ្ញុំបានត្រឡប់មកផ្ទះវិញដោយឃើញកូនៗរបស់ខ្ញុំដែលបានកែប្រែបន្ទប់ដេករបស់ពួកគេទៅជាបន្ទប់ គ្រីស្ទម៉ាស់ដ៏ជាទីមនោរម្យ ។ មានដើមគ្រីស្ទម៉ាស់ កម្រងផ្កាផ្លេកៗ ខ្សែអំពូលភ្លើង និងក្រដាសរូបកាត់តូចៗមានរាងដូចជាផ្កាព្រឹល តែងលម្អតាមកន្លែងកាច់ជ្រុងៗ ស៊ុមគ្រែ ជញ្ជាំង និង ពិដាន ។ ចង្ក្រានកម្តៅក្នុងផ្ទះដាក់អុសពេញ អំពូលភ្លើង និង ស្រោមជើង បានដាក់បង្ហាញរួចជាស្រេច ។ ទស្សនីយភាពនៃពិធីបុណ្យគ្រីស្ទម៉ាស់ដ៏ឧត្តុងឧត្តមនេះ បានធ្វើឲ្យគេហដ្ឋាន និងបេះដូងយើងកក់ក្តៅ ។
ទស្សនីយភាពនៃពិធីបុណ្យគ្រីស្ទម៉ាស់ ដែលជាទីពេញចិត្តរបស់ខ្ញុំមួយទៀត ត្រូវបានពិពណ៌នាដោយព្យាការី នីហ្វៃ ។ ឳពុករបស់នីហ្វៃ ឈ្មោះលីហៃបានចែកចាយសុបិនដែលលោកបានឃើញ ដើមឈើដ៏ស្រស់ស្អាតមួយ ដែលផលផ្លែនៃដើមនោះ បំពេញព្រលឹងគាត់ដោយក្តីរីករាយ ( សូមមើល នីហ្វៃទី១ ៨:១២ ) ។ នីហ្វៃក៏មានបំណងប្រាថ្នាចង់ឃើញដើមឈើ ដែលឪពុកលោកបានពិពណ៌នាផងដែរ ។ នីហ្វៃ បានឃើញទស្សនៈនិមិត្តមួយជាការឆ្លើយតបនឹងការអធិស្ឋាន ។ សម្រាប់ខ្ញុំ បទពិសោធន៍នៃដំណើររឿងរបស់នីហ្វៃ គឺជាដំណើររឿងគ្រីស្ទម៉ាស់ដ៏អស្ចារ្យ ។ គាត់បានសរសេរថា ៖
« ហើយហេតុការណ៍បានកើតឡើងថា បន្ទាប់ពីខ្ញុំបានឃើញដើមឈើនោះហើយ ខ្ញុំក៏ទូលទៅព្រះវិញ្ញាណថា ៖ ទូលបង្គំបានឃើញថា ព្រះអង្គបានបង្ហាញឲ្យទូលបង្គំឃើញដើមឈើ ដ៏មានតម្លៃលើសជាងអ្វីៗទាំងអស់។
« ហើយព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា ៖ តើអ្នកប្រាថ្នាអ្វីទៀត ?
« ហើយខ្ញុំបានទូលទ្រង់ថា ៖ ទូលបង្គំប្រាថ្នាចង់ដឹងពីការបកស្រាយនៃរឿងនេះ …
« … ហើយខ្ញុំបានឃើញភូមិណាសារ៉ែត ហើយនៅភូមិណាសារ៉ែត ខ្ញុំបានឃើញនាងព្រហ្មចារីម្នាក់ … ។
« … ហើយទេវតាមានបន្ទូលមកខ្ញុំថា ៖ មើលចុះ នាងព្រហ្មចារីដែលអ្នកឃើញនោះ គឺជាមាតារបស់ព្រះរាជបុត្រានៃព្រះ ស្របតាមខាងឯសាច់ឈាម ។
« … ហើយខ្ញុំក៏មើលហើយបានឃើញនាងព្រហ្មចារីម្តងទៀតនាងកំពុងតែបីព្រះឱរសក្នុងដៃរបស់នាង ។
« ហើយទេវតាមានបន្ទូលមកខ្ញុំថា ៖ មើលន៍ កូនចៀមនៃព្រះ មែនហើយ គឺជាព្រះរាជបុត្រានៃព្រះ វរបិតាដ៏នៅអស់កល្បជានិច្ច ! » ( នីហ្វៃទី១ ១១:៩–១១, ១៣, ១៨, ២០–២១ ) ។
ខ្ញុំគិតថាវាសំខាន់ខ្លាំងណាស់ នៅពេលដែលនីហ្វៃបានទូលសូមចង់ដឹងអំពីអត្ថន័យ នៃដើមឈើ ដែលបានបង្ហាញដល់លោកនូវពិធីបុណ្យគ្រីស្ទម៉ាស់ដំបូង ។ បន្ទាប់មកព្រះវិញ្ញាណបានសួរនីហ្វៃថា ប្រសិនបើលោកយល់អំពីអត្ថន័យនៃដើមឈើ ។ នីហ្វៃ បានផ្ដល់ចម្លើយដ៏បំផុសគំនិតរបស់លោក ៖
« ព្រះពរ នោះគឺជាសេចក្ដីស្រឡាញ់នៃព្រះ ដែលមានសាយសព្វនៅក្នុងចិត្តនៃកូនចៅមនុស្ស ហេតុដូច្នោះហើយ នោះគឺជាសេចក្ដីស្រឡាញ់ ដែលគួរឲ្យប្រាថ្នាដ៏លើសលប់ជាងអ្វីៗទាំងអស់ » ។
ព្រះវិញ្ញាណបានបន្ថែមថា « មែនហើយ គឺជាសេចក្ដីរីករាយបំផុតដល់ព្រលឹង ។ » ( នីហ្វៃទី១ ១១:២២–២៣ ) ។
តាមរយៈបទពិសោធន៍នេះ នីហ្វៃបានរៀនថាសេចក្តីអំណរ និង ដែលគួរឲ្យប្រាថ្នាចង់បានជាងគេសម្រាប់ព្រលឹងរបស់យើង គឺជាអារម្មណ៍នៃសេចក្តីស្រឡាញ់ នៃព្រះតាមរយៈព្រះរាជបុត្រាទ្រង់គឺព្រះយេស៊ូវ គ្រីស្ទ ។ ដែលនោះគឺជាអំណោយដ៏ពិតនៃបុណ្យគ្រីស្ទម៉ាស់ ។ ទោះបីជាយ៉ាងណាក្តី យើងភាគច្រើនលំបាកនឹងទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់ពីព្រះ នៅក្នុងជីវិតរបស់យើង—សូម្បីតែនៅក្នុងអំឡុងពេលនៃរដូវកាលបុណ្យនេះក្តី ។ ខាងក្រោមនេះគឺជាយោបល់ចំនួនបួន ដែលយើងអាចធ្វើដើម្បីទទួលបានអំណោយនៃសេចក្តីស្រឡាញ់របស់ព្រះ ក្នុងរដូវកាលបុណ្យគ្រីស្ទម៉ាស់នេះ ។
១. សិក្សាព្រះបន្ទូលរបស់ព្រះ
សូមចាប់ផ្តើម ឬរំឭកឡើងវិញពីការសិក្សាជាទៀងទាត់នូវព្រះគម្ពីរ និងប្រសាសន៍របស់ព្យាការីដែលនៅរស់ ។ នៅក្នុងការនិមិត្តរបស់លីហៃ លោក « បានឃើញដំបងដែក » ( នីហ្វៃទី១ ៨:១៩ ) ដែលដឹកនាំទៅរកដើមឈើ ។ អស់អ្នកដែលបានទទួលបទពិសោធន៍ នៃសេចក្តីស្រឡាញ់របស់ព្រះ បានចាប់ដំបងនោះជាប់ កាន់យ៉ាងខ្ជាប់ខ្ជួន ហើយឆ្ពោះទៅមុខ រហូតដល់ពួកគេ បានទទួលទានផ្លៃនៃដើមនោះ ( សូមមើល នីហ្វៃទី ១ ៨:៣០ ) ។ នីហ្វៃបានរៀនថា ដំបងនេះតំណាងឲ្យព្រះបន្ទូលនៃព្រះ ( សូមមើល នីហ្វៃទី១ ១១:២៥ ) ។
យើងអាចអញ្ជើញព្រះអម្ចាស់ចូលក្នុងជីវិតរបស់យើង តាមរយៈការសិក្សាព្រះបន្ទូលរបស់ទ្រង់ ។ យើងពុំចាំបាច់មានការតាំងចិត្តលើសលប់ពេកទេ ។ នៅពេលមិត្តភក្តិសួរថាតើពួកគេត្រូវការសិក្សាព្រះគម្ពីររយៈពេលប៉ុន្មាន ជាញឹកញប់ខ្ញុំតែងឆ្លើយថា « អានរហូតដល់អ្នកទទួលអារម្មណ៍ពីព្រះវិញ្ញាណ បន្ទាប់មកអ្នកមានអារម្មណ៍ចង់បន្តទៅទៀត » ។ វាមិនអាស្រ័យលើចំនួននាទី ខគម្ពីរ ឬជំពូក ដែលយើងអាននោះទេ ។ អ្វីដែលកាន់តែសំខាន់នោះគឺជាបទពិសោធន៍ ដែលយើងស្វែងរកជាមួយនឹងការសិក្សាប្រកបដោយព្រះវិញ្ញាណ ។ ព្រះអម្ចាស់នឹងប្រទានពរដល់យើងនូវរាល់គ្រប់កិច្ចខិតខំប្រឹងប្រែងតូចៗដែលយើងបានធ្វើ ។
សៀវភៅសិក្សា ចូរមកតាមខ្ញុំ សម្រាប់ខែ ធ្នូ រួមមានគម្ពីរ មរ៉ូណៃ និងជំពូកពិសេសដែលមានចំណងជើងថា « ពិធីបុណ្យគ្រីស្ទម៉ាស់ » ។ តើអ្វីដែលជាឱកាសប្រសើរជាងការជ្រមុជខ្លួនយើងទៅក្នុង ព្រះគម្ពីរ ជាជាងការសិក្សាពាក្យអធិស្ឋានក្នុងពិធីសាក្រាម៉ង់ និងពាក្យសម្តីព្យាការី ដូចជាព្យាការី មរ៉ូណៃ ដែលបានថ្លែងដោយព្រះចេស្តា និងជាសាក្សីផ្ទាល់នៃព្រះយេស៊ូវគ្រីស្ទនោះ ?
យើងក៏អាចសិក្សាពាក្យសម្តីនៃព្យាការីដែលនៅរស់ តាមរយៈការអាន សន្និសីទ ទូទៅ នៃលេខ ទស្សនាវដ្តី លីអាហូណា ឬតាមរយៈការស្តាប់សុន្ទរកថារបស់ពួកលោក នៅក្នុងបណ្ណាល័យដំណឹងល្អផងដែរ ។ ដូចដំបងដែកនៅក្នុងសុបិនរបស់ លីហៃការសិក្សាដោយតាំងចិត្តសារជាថ្មីនូវព្រះបន្ទូលនៃព្រះគ្រីស្ទ អាចដឹកនាំយើងទៅរកបទពិសោធន៍នៃសេចក្តី ស្រឡាញ់របស់ព្រះ ក្នុងរដូវកាលគ្រីស្ទម៉ាស់នេះ ។
២.ការបម្រើ
បុណ្យគ្រីស្ទម៉ាស់ដ៏រីករាយជាងគេបំផុតក្នុងយុវវ័យរបស់ខ្ញុំប្រហែលជានៅក្នុងឆ្នាំដែលក្រុមគ្រួសាររបស់យើងបានជុំគ្នាជាមួយពូមីង និងបងប្អូនជីដូនមួយ ធ្វើការបរិច្ចាគសម្លៀកបំពាក់ ម្ហូបអាហារ របស់លេង វ៉ែនតា និងសម្ភារផ្ទះបាយ ដល់ក្រុមគ្រួសារដែលស្ថិតនៅក្នុងសេចក្តីត្រូវការក្នុងតំបន់ ។ ខ្ញុំមិនដែលភ្លេច ក្នុងការធ្វើជាផ្នែកមួយក្នុងចំណោមមនុស្សជាច្រើន ដែលបាននាំយក គ្រីស្ទម៉ាស់ទៅផ្ទះរបស់គេឡើយ ។ អារម្មណ៍បែបនេះនៅបន្តមានយ៉ាងយូរ បន្ទាប់ពីពិធីបុណ្យគ្រីស្ទម៉ាស់បានកន្លងផុតទៅ និងការសម្តែងនូវអំណរគុណរបស់អ្នកម្តាយម្នាក់ និងកូនទាំងបួនរបស់គាត់ បន្តនៅក្នុងការចងចាំរបស់ខ្ញុំ ។ ការបម្រើដល់ក្រុមគ្រួសារនោះ បានអនុញ្ញាតឲ្យសេចក្តីស្រឡាញ់របស់ព្រះ « [ ដែលមាន ] សាយសព្វ » ( នីហ្វៃទី១ ១១:២២ ) នៅក្នុងចិត្តរបស់ខ្ញុំ ។
ការបម្រើរបស់យើងដល់អ្នកដទៃ មិនចាំបាច់ត្រូវធំដុំ ឬស្មុគស្មាញពេកនោះទេ ។ ក្នុងអំឡុងពេលបម្រើជាប៊ីស្សព ខ្ញុំបានរៀនថា មានមនុស្សជាច្រើននៅក្នុងវួដ និងក្នុងសហគមន៍របស់យើង ក្នុងថ្ងៃខ្លះ មានអារម្មណ៍ឯកោ ថប់អារម្មណ៍ ឬលើសលុប ។ គ្រាន់តែការហៅទូរសព្ទ ការផ្ញើសារដែលយកចិត្តទុកដាក់ សារល្អ ខ្លីៗ នំចំណីដែលធ្វើផ្ទាល់ដៃ ការដើរជាមួយអ្នកជិតខាង ឬក៏ស្ម័គ្រចិត្តជួយមើលកូន អាចក្លាយជាអព្ភូតហេតុដែលបញ្ជូនមកពីស្ថានសួគ៌ និងឆ្លើយតបចំពោះការអធិស្ឋាន ។
ប្រសិនបើយើងទូលសួរព្រះវបិតាសួគ៌របស់យើង « តើមាននរណាម្នាក់ដែលអាចឲ្យខ្ញុំជួយទេថ្ងៃនេះ ? » អាចមានឈ្មោះ ឬឃើញមុខប្រាកដឡើងក្នុងគំនិតរបស់យើង ហើយនឹងការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ នឹងជួយឲ្យយើងយល់ពីរបៀបដែលយើងអាចប្រទានពរដល់មនុស្សទាំងនោះ ។ កាលដែលយើងអនុវត្តតាមការបំផុសគំនិតទាំងនោះ យើងនឹងទទួលបទពិសោធន៍នៃសេចក្តីស្រឡាញ់របស់ព្រះសម្រាប់យើង ។
កម្មវិធី « បំភ្លឺពិភពលោក » របស់សាសនាចក្រ គឺជាយោបល់ផ្តួចផ្តើម នៃសកម្មភាពសាមញ្ញៗនៃការបម្រើដើម្បីជួយអ្នកដទៃឲ្យទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះ ។ ប្រសិនបើព្រះវិញ្ញាណបំផុសគំនិតអ្នកឲ្យទទួលអំណោយនៃសេចក្តីស្រឡាញ់របស់ព្រះ នៅក្នុងជីវិតរបស់បងប្អូន តាមរយៈការបម្រើ នារដូវកាលគ្រីស្ទម៉ាស់នេះ នោះកម្មវិធីបំភ្លឺពិភពលោក អាចជួយឲ្យអ្នកចាប់ផ្តើម បាន ( សូមទស្សនាគេហទំព័រ ComeuntoChrist.org ) ។
៣. ប្រែចិត្ត
ការអញ្ជើញទីបី គឺការទទួលអំណោយទានពីព្រះអង្គសង្គ្រោះ តាមរយៈការប្រែចិត្ត ។ អែលឌើរ លីន ជី រ៉ូប៊ីននៃពួកចិតសិននាក់ បានបង្រៀនថា ៖ « ការប្រែចិត្តគឺជាអំណោយទានដែលអាចទទួលបានរហូតរបស់ព្រះដែលធ្វើឲ្យ និងអាចឲ្យយើងចេញពីភាពបរាជ័យមួយទៅកាន់ភាពបរាជ័យមួយទៀតដោយគ្មានការបាត់បង់នូវភាពរីករាយឡើយ ។ ការប្រែចិត្តពុំមែនជាផែនការបម្រុងនៅក្នុងព្រឹត្តិការណ៍ដែលយើងអាចបរាជ័យឡើយ ។ ការប្រែចិត្តគឺជាផែនការរបស់ទ្រង់ ដោយដឹងថា យើងនឹងមានកំហុស » ។១
ជីវិតនេះពិបាកណាស់ ។ នៅពេលដែលយើងខិតខំឆ្ពោះទៅរកគោលដៅនៃជីវិតដ៏នៅអស់កល្បជានិច្ច យើងទាំងអស់គ្នានឹងមានកំហុស ហើយត្រូវការព្រះចេស្តាប្រោសលោះនៃដង្វាយធួនរបស់ព្រះគ្រីស្ទ ។ នេះជាមូលហេតុមួយដែល ព្រះអង្គសង្គ្រោះសព្វព្រះទ័យជ្រើសរើសទទួលយកបទពិសោធន៍ និងការដាក់ទោសចំពោះអំពើបាបរបស់យើង ដូច្នេះទើបទ្រង់អាចផ្តល់អំណោយនៃការប្រែចិត្តដល់យើង ។ ទ្រង់បានបង់ថ្លៃសម្រាប់បងប្អូនរួចហើយ ។ អ្វីដែលបន្សល់ទុកសម្រាប់យើង គឺការជ្រើសរើសរបស់យើង នឹងទទួលយកការអញ្ជើញរបស់ទ្រង់ឬអត់ ៖
« ហេតុដូច្នេះហើយ អ្នកណាដែលប្រែចិត្ត ហើយមករកយើង ដូចជាកូនក្មេងតូចម្នាក់ អ្នកនោះហើយដែលយើងនឹងទទួល ត្បិតនគររបស់ព្រះជារបស់ផងអ្នកនោះ ។ មើលចុះ ជំនួសអ្នកទាំងនោះហើយដែលយើងបានប្ដូរជីវិតរបស់យើង ហើយបានយកជីវិតយើងឡើងវិញ ហេតុដូច្នោះហើយ ចូរប្រែចិត្ត ហើយមករកយើង ឱអ្នករាល់គ្នានៅចុងផែនដីអើយ ហើយចូរបានសង្គ្រោះចុះ » ។ ( នីហ្វៃទី ៣ ៩:២២ ) ។
ខ្ញុំប្រាកដថាយើងទាំងអស់គ្នាបានសែងបន្ទុកនៃអំពើបាបមួយចំនួន តិច ឬច្រើន ហើយព្រះវិញ្ញាណបានបំផុសយើងឲ្យទម្លាក់ចុះ ។ ប៊ីស្សព និងប្រធានស្តេករបស់យើងអាចជួយបាន ។ ព្រះអង្គសង្គ្រោះមានព្រះទ័យមេត្តា និង ការអភ័យទោស ហើយទ្រង់ចែករំលែកព្រះទ័យស្រដៀងគ្នានេះជាមួយអ្នកបម្រើរបស់ទ្រង់ដែរ ។ ពួកលោកស្រឡាញ់យើង ហើយអាចជួយព្យាបាលយើង តាមរយៈដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ។ យើងម្នាក់ៗព្រមទទួលយកការអញ្ជើញរបស់ព្រះអង្គសង្គ្រោះ ឲ្យចូលមករកទ្រង់ ហើយធ្វើឲ្យគ្រីស្ទម៉ាស់ឆ្នាំនេះបានបរិសុទ្ធ ។
៤ .ទៅលេងដំណាក់របស់ព្រះអម្ចាស់
អំឡុងពេលខ្លះដែលខ្ញុំមានអារម្មណ៏នៃសេចក្តីស្រឡាញ់របស់ព្រះបំផុត គឺនៅពេលនៅក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់ ។ នៅទីនោះ ភរិយាជាទីស្រឡាញ់របស់ខ្ញុំ និងខ្ញុំបានផ្សារភ្ជាប់ជាមួយគ្នាសម្រាប់វេលាកាលនេះ និង សម្រាប់ភាពអស់កល្បជានិច្ច ។ ខ្ញុំបានទៅទីនោះស្វែងរកការណែនាំ ដើម្បីធ្វើការសម្រេចចិត្ត និងស្វែងរកភាពសុខសាន្ត ក្នងអំឡុងគ្រាមានទុក្ខព្រួយ ។ នៅក្នុងព្រះវិហារបរិសុទ្ធ ស្ថានសួគ៌ហាក់នៅជិត ហើយវិវរណៈហាក់ដូចជាហូរចូលមកកាន់តែស្រួល ។
យោងទៅលើពិធីបរិសុទ្ធទាំងឡាយ នៃបព្វជិតភាពមិលគីស្សាដែក ដែលរួមទាំងពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ ព្រះអម្ចាស់បានមានព្រះបន្ទូលថា « នៅក្នុងពិធីបរិសុទ្ធទាំងឡាយ អំណាចនៃព្រះត្រូវបានសម្ដែងឲ្យឃើញ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤:២០ ) ។
កាលដែលយើងចូលរួមនៅក្នុងពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ យើងបានស្គាល់ព្រះ ព្រមទាំងភាពសុខសាន្ត និងព្រះចេស្តានៃជីវិតដូចព្រះ គឺបានបើកសម្តែងនៅក្នុងជីវិតរបស់យើង ។
ប្រធានថូម៉ាស អេស. ម៉នសុន ( ១៩២៧–២០១៨ ) បានសន្យាថា ៖ « នៅពេលយើងចូលក្នុងព្រះវិហារបរិសុទ្ធ នោះអាចមានកម្រិតនៃជីវភាពខាងវិញ្ញាណ និងអារម្មណ៍សុខសាន្ដ ដែលនឹងលើសអស់អារម្មណ៍ផ្សេងទៀត ដែលអាចនឹងកើតមានក្នុងចិត្តមនុស្ស » ។២
ប្រសិនបើអារម្មណ៍នៃភាពសុខសាន្ត បានកន្លងទៅមួយរយៈពេលហើយ ហេតុអ្វីមិនអនុញ្ញាតឲ្យរដូវកាលនៃបុណ្យគ្រីស្ទម៉ាស់នេះ ចាប់ផ្តើមជាថ្មី នៃការប្តេជ្ញាចិត្ត ដើម្បីចូលរួមក្នុងព្រះវិហារបរិសុទ្ធ នៅពេលបើកឡើងវិញ ? ប្រសិនបើបងប្អូនពុំទាន់បានទទួលអំណោយទានពិសិដ្ឋទេ ថ្នាក់ដឹកនាំ សាខា និង វួដបស់បងប្អូនអាចជួយបងប្អូនរៀបចំបាន ។ យើងអាចទទួលអារម្មណ៏នៃសេចក្តីស្រឡាញ់របស់ព្រះ កាលណាយើងស្វែងរក ហើយបញ្ជូនឈ្មោះបុព្វការីជនរបស់យើង ដើម្បីទទួលពរជ័យទាំងឡាយនៃព្រះវិហារបរិសុទ្ធ ។
អំណោយពិត
ព្រះបន្ទូលនៃព្រះ ការបម្រើចេញពីបេះដូង ការប្រែចិត្ត និងការចូលរួមក្នុងពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ គឺជាឱកាសទាំងអស់ដើម្បីទទួលអំណោយពិតនៃពិធីបុណ្យគ្រីស្ទម៉ាស់ ។ សាវកយ៉ូហានបានសរសេរថា « ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្ល៉េះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយ » ( យ៉ូហាន ៣:១៦ ) ។ ក្នុងពិធីបុណ្យគ្រីស្ទម៉ាស់នេះ ខ្ញុំសូមអធិស្ឋានថាយើងម្នាក់ៗ នឹងត្រូវបានដឹកនាំដោយព្រះវិញ្ញាណ ដើម្បីជ្រើសរើសការណ៍ទាំងឡាយដែលនឹងជួយយើង ទទួលបទពិសោធន៍នៃអំណោយអស្ចារ្យនៃសេចក្តីស្រឡាញ់របស់ព្រះ តាមរយៈព្រះរាជបុត្ររបស់ទ្រង់ ព្រះយេស៊ូវ គ្រីស្ទ ។ ◼