ទ្រង់គឺជា ពន្លឺ
អ្នកនិពន្ធរស់នៅរដ្ឋយូថាហ៍ ស.រ.អា. ។
កាលនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រពីផ្ទះ ខ្ញុំបានរៀនមេរៀនពីចំណុចតូចៗនៃ ពន្លឺដែលនៅឆ្ងាយរាប់លានគីឡូម៉ែត្រ ។
ស្តាប់ទៅហាក់បីដូចជាចម្លែក ប៉ុន្តែខ្ញុំតែងតែរំភើប សម្រាប់ថ្ងៃបុណ្យគ្រីស្ទម៉ាស់ នៅក្នុងបេសកកម្មរបស់ខ្ញុំ ដែលមានចម្ងាយរាប់រយ ឬរាប់ពាន់គីឡូម៉ែត្រ ត្រូវឃ្លាតឆ្ងាយពីការឈ្លោះប្រកែកក្នុងគ្រួសារ និងការរំខានមកពីពាណិជ្ជកម្ម ។ បុណ្យគ្រីស្ទម៉ាស់គឺជាបុណ្យអំពីព្រះយេស៊ូវ តើអ្វីជាវីធីដ៏ល្អបំផុតដើម្បីអបអរ ជាជាងការជួយអ្នកដទៃឲ្យមករកព្រះគ្រីស្ទទៀតនោះ ?
ល្ងាចមួយនៅក្នុងខែ ធ្នូ ដៃគូនិងខ្ញុំបានត្រឡប់មកផ្ទះវិញ បន្ទាប់ពីបានធ្វើកិច្ចការផ្សព្វផ្សាយពេញមួយថ្ងៃនៅ ឡា ប៉ាហ្ស ជាកន្លែងវេទមន្តមួយ នៅជាយក្រុងនៃ ទីក្រុង ឡាអូហ្គ ប្រទេស ហ្វីលីពីន ។ ខ្ញុំកំពុងអង្គុយនៅក្នុងម៉ូតូកង់បីប្រជ្រៀតក្បែរដៃគូរបស់ខ្ញុំដែលមានកម្ពស់ ១,៨៣ ម៉ែត្រ ហើយខ្ញុំពេញចិត្តនឹងជីវិតខ្ញុំណាស់ ។ ខ្យល់ត្រជាក់បក់ប៉ះយើង រំឭកខ្ញុំ ( ស្ទើរតែដូច ) ពីព្រឹលនាពេលគ្រីស្ទម៉ាស់នៅឯផ្ទះ—ប៉ុន្តែវានៅត្រជាក់មិនដូច ខែធ្នូ ដូចដែលខ្ញុំធ្លាប់មានទេ ។
ពេលយើងជិះកាត់ទីជនបទ ភ្នែករបស់ខ្ញុំផ្តោតទៅលើមេឃ ។ នៅខាងលើ ឆ្ងាយពីពន្លឺ និងសំឡេងនៃទីក្រុង នៅទីនោះអាចមើលឃើញផ្កាយរាប់ពាន់ ។ ប៉ុន្តែយើងអាចមើលឃើញផ្កាយម្តងពីរបីៗ ពេលដែលយើងមកដល់កណ្តាលក្រុង រហូតដល់មានតែផ្កាយដែលមានពន្លឺខ្លាំងជាងគេប៉ុណ្ណោះទើបអាចមើលឃើញ ។
ខ្ញុំបានគិតអំពីពន្លឺមកពីផ្កាយ និងព្រះយេស៊ូវ គ្រីស្ទ ។ ខ្ញុំបានគិតអំពីផ្កាយដែលបានប្រកាសនៅពេលដែល ទ្រង់ប្រសូត្រ និង ព្រះគ្រីស្ទ ទ្រង់ផ្ទាល់ « ជាផ្កាយព្រឹកដ៏ភ្លឺចិញ្ចែង » ( វិវរណៈ ២២:១៦ ) ។ ទ្រង់គឺជាផ្កាយដែលមានពន្លឺខ្លាំងជាងគេ ជាពន្លឺដ៏ភ្លឺចិញ្ចែងសម្រាប់យើងទាំងអស់គ្នា ។ ប៉ុន្តែយ៉ាងណាក្តី គឺដូចជាផ្កាយទាំងនេះ ដែលខ្ញុំបានឃើញខណៈពេលដែលក្រឡេកមើលពីលើកង់បី សូម្បីតែទ្រង់ក៏អាចត្រូវស្រអាប់ដោយពន្លឺក្រខ្វក់ផ្សេងៗ ។ នៅពេលដែលមានការរំខានកាន់តែច្រើន ពន្លឺសិប្បនិម្មិតកាន់តែច្រើន នោះយើងអាចមើលឃើញពន្លឺធម្មជាតិកាន់តែតិច ។ នៅតាមបណ្តាខេត្តនៃប្រទេសហ្វីលីពិន ផ្កាយមួយចំនួនយើងនៅតែអាចមើលឃើញ សូម្បីតែនៅកណ្តាលក្រុងក្តី ប៉ុន្តែនៅទីក្រុងធំដូច ម៉ានីល បងប្អូនមិនអាចមើលឃើញសូម្បីតែមួយ ។ ពន្លឺមកពីការផ្សាយពាណិជ្ចកម្ម អាជីវកម្ម និងគេហដ្ឋានទាំងឡាយ បានរារាំងពន្លឺផ្កាយមកពីចម្ងាយ ។
ការណ៏ដូចគ្នានេះកើតឡើង នៅពេលដែលយើងហ៊ុំពទ័ខ្លួនយើងដោយការរំខាន និងពន្លឺសិប្បនិម្មិតទាំងឡាយ ។ វាកាន់តែពិបាកក្នុងការមើលឃើញពន្លឺរបស់ព្រះគ្រីស្ទ ។
ការពិតជាពិសេសនេះកើតឡើងអំឡុងគ្រានៃពិធីបុណ្យគ្រីស្ទម៉ាស់ ។ វាងាយស្រួលណាស់ក្នុងការមើលរំលង ថ្ងៃឈប់សម្រាកបុណ្យ ហើយធ្វើឲ្យខ្លួនយើងមានការរវល់ ដូចជាក្រុង ម៉ានីល អំឡុងពេលដ៏មមាញឹក ។ មានអំណោយដែលយើងត្រូវរក មានផែនការកម្មវិធីជប់លៀង មានកាតដែលយើងត្រូវសរសេរ និង ការសម្តែង ព្រមទាំងព្រឹត្តិការណ៍រាប់មិនអស់ដែលត្រូវចូលរួម ។ នៅពេលដែលយើងមានអារម្មណ៍ថា គ្មានពេលទំនេរដើម្បីក្រឡេកមើលលើ យើងប្រហែលជាមិនទាំងដឹងថា ពន្លឺរបស់ព្រះគ្រីស្ទកាន់តែស្រអាប់នៅក្នុងជីវិតយើងរបៀបណាទេ ។
យើងបើកភ្លើងក្នុងគេហដ្ឋាន និងដើមឈើ យើងមិនអាចបំភ្លេចពន្លឺនៃព្រះគ្រីស្ទក្នុងដួងចិត្តយើងបានទេ ។ យើងប្រហែលជាចង់បញ្ឈប់សកម្មភាពអធិកអធមមួយភ្លែត ដើម្បីចងចាំ ពីអ្វីដែលយើងកំពុងតែប្រារព្ធ ។ បុណ្យគ្រីស្ទម៉ាស់គឺជាបុណ្យអំពីព្រះយេស៊ូវ ទ្រង់ជាពន្លឺ ហើយប្រសិនបើយើង បង្រួមការរំខាន ហើយក្រឡេកមើលលើ នោះយើងអាចឃើញ្ទ្រង់ ពន្លឺទ្រង់ខ្ជាប់ខ្ជួន និងបំភ្លឺពិភពលោកទាំងមូលឲ្យឃើញជានិច្ច ។ ◼