២០២០
ភាព​ពិត​នៅពីក្រោយ ប្រវត្តិនៃ​រូបភាព​ដ៏ល្អឥត​ខ្ចោះ​ទាំងនោះ
ខែ ធ្នូ ឆ្នាំ ២០២០


យុវមជ្ឈិមវ័យ

ភាព​ពិត នៅពីក្រោយ ប្រវត្តិនៃ​រូបភាព​ដ៏ល្អឥត​ខ្ចោះ​ទាំងនោះ

បាបារ៉ា រ៉ូដរីហ្គាស​អាយុ​២៥​ឆ្នាំ បាន​កើតនៅ អាំង​ហ្សូតាគី ប្រទេស វ៉េណេស្ស៊ូអេឡា ជាកន្លែង​ដែល​នាង​បាន​ជួប​ស្វាមី​នាង ។ បច្ចុប្បន្ន​ពួកគេ​រស់នៅ លីម៉ា ពេរូ បាបារ៉ា បាន​ធ្វើការ​ឧទ្ទិស​ដើម្បី​បង្កើត​មាតិកា​ដែល​លើក​តម្កើង​នៅក្នុង ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​ពួកគេ ។

ពេល​យើង​ប្រៀបធៀប​ខ្លួន​យើង​ទៅនឹង ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម យើង​នឹងយល់​ច្រឡំ​រូបភាព​ពិតប្រាកដ ។

family getting ready for church

រូបថត​បាន​ផ្តល់​ឲ្យ​ពី​ក្រុម​គ្រួសារ

មួយ​រយៈ​ពេល​កន្លង​ទៅហើយ អ្នកតាម​ដាន​របស់​ខ្ញុំ​ម្នាក់​នៅក្នុង Instagram ( អ៊ីនស្តាក្រាម ) បាន​ផ្តល់​មតិ​លើ​រូបថត​មួយ ដោយ​និយាយថា « បង​មើល​ទៅ​ស្រស់​ស្រាយ​ណាស់​ជាមួយ​កូន​ទាំងពីរ ចំណែក​ខ្ញុំវិញ​ពិបាក​ណាស់​សូម្បី​មើល​កូន​តែម្នាក់ ? » រំពេច​នោះ​ខ្ញុំ​សើច ហើយ​ចង់​ឆ្លើយ​តប​ទៅនាង​ដោយ​ផ្ញើ​រូបថត ក្នុង​សភាព​ឥឡូវនេះ ។

ខ្ញុំ​បាន​ឆ្លើយ​ថា « ខ្ញុំតែង​គិតថា ខ្ញុំជាមនុស្ស​ដែល​តែង​ខ្លួន​រយីក​រយាក បើប្រៀប​ធៀប​ជាមួយ​អ្នក​ម្តាយ​ដទៃ​ទៀត ។ នោះ​ហើយ​គឺជា​ឥទ្ធិពល​នៃ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម—យើង​ទោរទន់​ទៅរក​ការ​ប្រៀប​ធៀន​ខ្លួន​យើង​ទៅ​មនុស្ស​ម្នាក់​ទៀត ខណៈ​ដែល​មនុស្ស​ម្នាក់​នោះ​ប្រៀប​ធៀប​ខ្លួន​ទៅ​អ្នក​ផ្សេង​ទៀត ។ ប៉ុន្តែ​ភាព​ពិត​នោះ​គឺថា​ពេលនេះ​ខ្ញុំ​មិន​ស្រស់​ស្រាយ​ទេ ហើយ​ខ្ញុំ​ក៏គ្មាន​សេចក្តី​ក្លាហាន​បញ្ចូល​រូប​ថត​ក្នុង​សភាព​បែប​នេះដែរ ។ ជាទូទៅ​ខ្ញុំ​ស្លៀក​ពាក់​ស្អាត​បាត និង ‹ ត្រឹមត្រូវ › តែនៅ ថ្ងៃ​សុក្រ និង​ថ្ងៃ​អាទិត្យ​ប៉ុណ្ណោះ » ។

ខ្ញុំ​បាន​ចែកចាយ​អំពី​ជីវិត​របស់​ខ្ញុំ​នៅលើ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ពីរបី​ឆ្នាំហើយ​ពេលនេះ ។ ភាគច្រើន ខ្ញុំព្យាយាម​ចែកចាយពី « ជីវិត​ពិត » របស់​សមាជិក​ទាំងឡាយ​នៃ​សាសនាចក្រ ។ ហើយ​ការធ្វើ​ដូច្នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​បទពិសធន៍​មួយ​ចំនួន ដែលបាន​បំផុស​ខ្ញុំ ឲ្យ​គិត​អំពី គុណធម៌ និង ហានិភ័យ នៃ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​មិន​បង្ហាញ​អ្វី​គ្រប់យ៉ាង​ទេ

វាមិន​មែន​ជាលើក​ដំបូង​ទេ​ដែល​មាន​អ្នក​សួរ​សំណួរ​ដូច្នេះ​ដល់​ខ្ញុំ ។ អ្វី​ដែល​សំខាន់​នោះគឺ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បង្ហាញ​តែ​ផ្នែក​តូច​មួយ​នៃ​ជីវិត​របស់​មនុស្ស​ប៉ុណ្ណោះ ។ នៅក្នុង​ករណី​របស់​ខ្ញុំ ទោះ​បីជាខ្ញុំ​ព្យាយាម បញ្ជាក់​ការពិត​យ៉ាងណា ក៏នៅ​តែ​មិនអាច​បង្ហាញ​អ្វីគ្រប់​សព្វ​បែប​យ៉ាង​ដែរ​ចំពោះខ្ញុំ ។ ហើយ​យើង​មិន​គួរ​ប្រៀបធៀប​ខ្លួន​យើង ឬ ឲ្យ​តម្លៃ​តែ​ទៅ​លើ​រូបថត​ស្អាត​មួយ​សន្លឹក​នោះទេ ។ ការបៀបធៀប​ខ្លួនយើង​ជាពិសេស​នៅលើ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម អាច​ធ្វើ​ឲ្យ​យើង​មាន​ការលំបាក ក្នុង​ការទទួល​ស្គាល់​នូវ​កម្លាំង​ដែល​ព្រះ​ប្រទាន​ដល់​យើង ។

ក្នុង​នាម​ជាពួក​បរិសុទ្ធ​ថ្ងៃចុង​ក្រោយ យើង​ធ្វើ​អ្វីដែល​ល្អ​បំផុត​ដែល​យើង​អាច​ដើម្បី​ប្រែក្លាយ​ដូចជា​ព្រះយេស៊ូវ គ្រីស្ទ ។ ប៉ុន្តែ​ការពិត​នោះ​គឺ​ថា គ្មាន​យើង​ណាម្នាក់​ឥតខ្ចោះ​នោះទេ ។ ហើយ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម យើង​មិនគួរ​ព្យាយាម​ធ្វើ​ឲ្យ​មាន​ការវិនិច្ឆ័យ​ខុស មិនមែន​តែ​ចំពោះ​ខ្លួន​យើង​តែក៏​ចំពោះ​អ្នក​ដទៃ​ដែរ ។ ត្រូវ​ចាំថា​ទោះបី​ពេល​យើង​គិតថា ជីវិត​នរណា​ម្នាក់​ល្អឥត​ខ្ចោះ​ក្តី​ក៏យើង​មិន​អាច​មើល​ឃើញ ឧបសគ្គ​ផ្ទាល់ខ្លួន​ដែល​ពួកគេ​ប្រឈមមុខ​ដែរ ។ យើង​មិនដឹង​ប្រាកដ​ទេ​ថា​មាន​អ្វី​កើតឡើង​ក្នុង​ជីវិត​មនុស្ស​ម្នាក់ៗ​ពីក្រោយ​អ្វី ដែល​ពួកគេ​សម្រិត​សម្រាំង​ជ្រើស​រើស​ទុក​ចែក​ចាយនោះ ។

ភាព​ពិត​នៃ​រូបថត​គ្រួសារ

ជាញឹក​ញាប់​មាន​រឿង​ជាច្រើន​កើតឡើង ពីក្រោយ ទស្សនីយភាព​នៃ​រូបថត​របស់​ក្រុមគ្រួសារ​និមួយៗ ដែល​បងប្អូន​មើល​ឃើញ នៅលើ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។ មនុស្ស​មួយ​ចំនួន​អាច​មើល​រូបថត​ទាំងនេះ​ហើយ​សួរ​ខ្លួន​ពួកគេថា « ហេតុអ្វី​រូបថត​គ្រួសារ​ខ្ញុំ​មិន​ស្អាត​អញ្ចឹង​សោះ ? » ប៉ុន្តែ​យើង​មិន​ដឹង​ទេ​ថា​ត្រូវ​ធ្វើ​អ្វីខ្លះ ដើម្បី​បាន​រូបថត « ដ៏ឥត​ខ្ចោះនោះ » ។

ឧទាហរណ៍ មាន​ម្តងនោះ​យើង ព្យាយាម​ថត​រូបគ្រួសារ​បន្ទាប់​ពី​ព្រះ​វិហារ ។ វាអាច​ជារឿង​ពិបាក​ណាស់​ជាមួយ​កុមារ​តូចៗ ប៉ុន្តែ​ខ្ញុំ​ពិតជា​ស្រឡាញ់​រូបថត​ដែលចាប់​បាន​នោះណាស់ ហើយ​ពេល​ដែល​ក្រឡេក​មើល​ឡើងវិញ ពេលនេះ​កូនៗ​ខ្ញុំ​ធំ​ច្រើនណាស់ ។

អំឡុង​ពេល​ដែល​យើង​ព្យាយាម​រៀប​ចំកូនៗ​ដើម្បី​ថត​រូប​ខ្ញុំ​ត្រូវ​ការពេល​បន្តិច​ដើម្បី និយាយ​ជាមួយ​កូនប្រុស​អាយុ​ពីរឆ្នាំ របស់​ខ្ញុំ អាល់វិន ដែល​កំពុង​យំ​ព្រោះ​គាត់​ត្រូវ​ការ​ឲ្យ​ខ្ញុំ​ពរគាត់ ។ ខ្ញុំបាន​ឱន​ជូន​ទឹក​ភ្នែក​គាត់​ហើយ​លួង​គាត់​ឲ្យក្រោក​ឈរ ដើម្បី​ខ្ញុំ​អាច​បង្ហាញ​សម្លៀក​បំពាក់​របស់ខ្ញុំ ( ដែល​ខ្ញុំ​បាន​រៀបចំ​ឲ្យស៊ីគ្នា​នៅព្រឹកនោះ ) ។ កូន​ស្រី​អាយុ​បី​ឆ្នាំ​របស់​ខ្ញុំ​ឈ្មោះ អារៀល ក៏​បាន​សុំ​ឲ្យ​ស្វាមី​ខ្ញុំពរ​ដែរ​ព្រោះ​នាង​ក៏​មិន​ចង់​ឈរដែរ ។ ពួកគេ​ពិត​ជា​មិន​ចង់​ថត​រូបទេ ។

វគ្គថត​រូប​មិនបាន​ជោគជ័យ​—​ដូច្នេះ​យើង​បោះបង់​ចោល ។ ប៉ុន្តែ​ពេល​ខ្ញុំ​ទៅ​ដល់​ផ្ទះ ខ្ញុំ​បាន​រក​ឃើញ​អ្វី​ដែល​ល្អ​ជាង ។ ប្អូន​ប្រុស​ខ្ញុំ​ ( ជាអ្នកថត​រូប ) ថត​ចាប់​បាន​រាល់​សកម្ម​ភាព​វីកវរ​ទាំងអស់​ ។ ស្វាមី និង​ខ្ញុំ​បាន លួង​កូន​នៅក្នុង​រូបថត ។​ វា​មិនបាន​បង្ហាញ​ពីម៉ូត​សម្លៀក​បំពាក់​របស់​ខ្ញុំទេ ប៉ុន្តែ​វាទន់ភ្លន់—និង—ជាសកម្មភាព​ពិត ។ ខ្ញុំ ស្រឡាញ់ រូប​នោះ​ណាស់ ។

នៅពេល​ដែល​ខ្ញុំ​ចែក​ចាយ​រូបថត នៅលើ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ខ្ញុំ​បាន​ដាក់​ចំណង​ជើង​ថា « ធាតុ​ពិត​នៃរូប​ថត​គ្រួសារ » ។ ខ្ញុំ​មិនធ្លាប់​ស្រមៃ​ទេថា​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ធ្លាប់​ជួប​រឿងនេះ​ប៉ុន្តែ​វាធ្វើ​ឲ្យ​ខ្ញុំ​បាន​ដឹងថា គ្រប់​យ៉ាង​មិន​ចាំបាច់​ត្រូវ​មើល​ឥតខ្ចោះ​នោះទេ ។ វា​មិន​អី​ទេ​បើ​បណ្តោយ​តាម​ដំំណើរ ហើយ​ពិត​ប្រាកដ ។ ប៉ុន្តែ​វា​បាន​បង្រៀន​មេរៀន​កាន់​តែ​ទូលំ​ទូលាយ​ដល់​ខ្ញុំ—ថា​យើង​មិន​ទាន់​បាន​ឃើញ​រាល់​ពត៌មាន​លម្អិត​ទេ​ពេល​យើង​ជឿថា​នរណា​ម្នាក់​ឥតខ្ចោះ នោះ ។

សូម​កុំ​អនុញ្ញាតិ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​គ្របលើ អត្ត​សញ្ញាណ​ពិត​របស់​អ្នក

បណ្តាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​គឺជា​ឧបរណ៏​ដ៏មាន​អំណាច ដែល​យើង​អាចប្រើ សម្រាប់​សេចក្តីល្អ​ជាច្រើន ។ ប៉ុន្តែ​យើង​ត្រូវ​ប្រុង​ប្រយត្ន័ កុំ​បាក់​ទឹក​ចិត្ត​ឬ​ប្រៀបធៀប​ខ្លួនយើង ទៅ​អ្វី​ដែល​យើង​មើល​ឃើញ​នៅលើ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។ ដូច អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន នៃកូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​មាន​ប្រសាសន៍​ថា « សង្ឃឹម​ថាយើង​រៀន​កាន់​តែពិតប្រាកដ កាន់តែ​ចេះ​លេង​សើច និង​មិនសូវ​ទទួល​បទពិសោធន៍​នៃការ​បាក់​ទឹកចិត្ត នៅពេល​ដែល​យើង​ត្រូវ​ប្រឈម​នឹង រូប​ភាព​ដែល​ជារូបបង្ហាញ​ពីគំនិត​ពិតៗ​ហើយ​ដែល​ជាញឹកញាប់​ដឹង​នាំ​ទៅរក​ការ​ប្រៀបធៀប ឥត​បាន​ការ » ។

ខ្ញុំដឹង​ថា​នៅពេល​ដែល​យើង​ចង​ចាំ​អំពី​និស្ស័យ​នៃ​ព្រះ​របស់​យើង​ថាជា កូន​របស់ព្រះ នោះ​យើង​នឹង​គ្មាន​កន្លែង សម្រាប់​ការបៀបធៀប​ដែល​ឈឺចាប់​ឬ ការវិនិច្ឆ័យ​ផ្ទាល់​ខ្លួន ។ ហើយ​ប្រសិន​បើយើង​ឈប់​ស្តាប់​តាម​ការប្រៀប​ធៀប​ទាំងឡាយ​ដែល​ព្យាយាម​បង្ខូច​កិត្យានុភាព​នៃ​សក្តានុពល​របស់យើង​នោះ​យើង​អាច​រស់​នៅក្នុង​ជីវិត​ដែល​ពេញ​បរិបូណ៌ ដោយ​គ្មាន​ការព្រួយ​បារម្មណ៍ អំពី​រូបភាព​ដែល​ឥតខ្ចោះ​ទាំងឡាយ​ដែល​ដាក់​លើ​បណ្តាយ​ទាំងនោះ ។ ◼

កំណត់​ចំណាំ

  1. សូមមើល ហ្គែរី អ៊ី ស្ទីវ៉ែនសុន « Spiritual Eclipse » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៤៦ ។