២០២០
ពិបាក​នឹង​សិក្សា ចូរ​មក​តាម​ខ្ញុំ ដោយ​ខ្លួន​ឯង​ឬ ? នេះ​គឺ​ជា​គន្លឹះ​មួយ​ចំនួន​សម្រាប់​ឆ្នាំ​ថ្មី
ខែ ធ្នូ ឆ្នាំ ២០២០


សម្រាប់​តែ​ឌីជីថល​ប៉ុណ្ណោះ ៖ យុវមជ្ឈិមវ័យ

ពិបាក​នឹង​សិក្សា ចូរ​មក​តាម​ខ្ញុំ ដោយ​ខ្លួន​ឯង​ឬ ? នេះ​គឺ​ជា​គន្លឹះ​មួយ​ចំនួន​សម្រាប់​ឆ្នាំ​ថ្មី

មិន​គិត​ថា​អ្នក​កំពុង​ទាញយក​អ្វី​គ្រប់​យ៉ាង​ចេញ​ពី ចូរ​មក​តាម​ខ្ញុំ ឬ ? យើង​នៅ​ទី​នេះ​ដើម្បី​ជួយ !

ឆ្នាំ​ក្រោយ—២០២១—នឹង​ជា​ឆ្នាំ​ទីបី​នៃ ចូរ​មក​តាម​ខ្ញុំ សម្រាប់​សាសនាចក្រ​ទាំង​មូល ។ មក​ដល់​ពេល​នេះ យើង​គួរតែ​ជា​អ្នក​ជំនាញ​ហើយ មែនទេ ?

ប្រសិន​បើ​អ្នក​ដូច​ជា​ខ្ញុំ ចម្លើយ​ចំពោះ​សំណួរ​នោះ​គឺ​ប្រហែល​ជា « មិន​ទាន់​ទេ ! » ហើយ​វា​មិន​ជា​ថ្វី​នោះ​ទេ !

ចូរ​មក​តាម​ខ្ញុំ គឺ​សម្រាប់​មនុស្ស​គ្រប់​គ្នា ប៉ុន្តែ​ជួនកាល​វា​អាច​ពិបាក​យល់ បើ​អ្នក​ពុំ​តែងតែ​មាន​មនុស្ស​ផ្សេង​ទៀត​សិក្សា​ជាមួយ​ទេ​នោះ ។ ចុះ​យុវមជ្ឈិមវ័យ​នៅលីវ​វិញ​នោះ ? តើ​អ្នក​មាន​ការពិភាក្សា​ជាមួយ​ខ្លួន​ឯង​យ៉ាង​ម៉េច​ទៅ ? ចុះ​បើ​មិត្ត​រួម​បន្ទប់​របស់​អ្នក​មិន​ចង់​ចូលរួម​វិញ​នោះ ?

ដើម្បី​ជួយ​យើង​ទាំងអស់​គ្នា​ជាមួយ​នឹង​ការសិក្សា ចូរ​មក​តាម​ខ្ញុំ របស់​យើង យើង​បាន​ចងក្រង​គំនិត​នានា​ជា​បញ្ជី​មួយ ដើម្បី​ជំរុញ​ការច្នៃប្រឌិត​របស់​អ្នក ។

  • ក្រុម ចូរ​មក​តាម​ខ្ញុំ—ប្រមូល​ផ្ដុំ​មិត្តភក្ដិ ឬ​សមាជិក​គ្រួសារ​មួយ​ក្រុម ដោយ​ជួប​ផ្ទាល់ ឬ​តាម​អ៊ិនធើរណែត ហើយ​ពិភាក្សា​បទគម្ពីរ ចូរ​មក​តាម​ខ្ញុំ សម្រាប់​សប្ដាហ៍​នោះ ។ ដាក់​ពេល​វេលា និង​ទីកន្លែង​ដើម្បី​ជួប​តាម​អ៊ិនធើរណែត ឬ​ជួប​ផ្ទាល់​រាល់​សប្ដាហ៍ ។ អ្នក​ថែម​ទាំង​អាច​ប្រើ​សារ​ជា​ក្រុម​មួយ ជា​កន្លែង​ដែល​អ្នក​អាច​ចែកចាយ​ការយល់​ដឹង​របស់​អ្នក​ជាមួយ​គ្នា​ទៅវិញ​ទៅមក​ក្នុង​សប្ដាហ៍​នោះ ។

  • រាត្រី​ជួបជុំ—ពេល​ដាក់​ផែនការ​រាត្រី​ជួបជុំ​សម្រាប់​គ្រួសារ​អ្នក ឬ​សម្រាប់​វួដ​នៅ​លីវ ( តាម​អ៊ិនធើរណែ ឬ​ជួប​ផ្ទាល់ ) សូម​គិត​អំពី​មេរៀន និង​សកម្មភាព​ដែល​អាច​ភ្ជាប់​ទៅនឹង​ការអាន ចូរ​មក​តាម​ខ្ញុំ របស់​សប្ដាហ៍​នោះ ។ ( សូមមើល​នៅ​ខាងក្រោម​សម្រាប់​គំរូ​នៃ​គំនិត​រាត្រី​ជួបជុំ ) ។

  • ការរំឭក​ក្នុង​ទូរសព្ទ—យុវមជ្ឈិវ័យ​ជា​ច្រើន​រស់នៅ​ដោយ​ខ្លួន​ឯង ឬ​ជាមួយ​មនុស្ស​ដទៃ​តែ​ពីរបី​នាក់​ទៀត​ប៉ុណ្ណោះ ។ ដោយ​គ្មាន​គ្រួសារ​ដើម្បី​សិក្សា​ជាមួយ វា​អាច​ពិបាក​នៅ​ពេល​ខ្លះ ដើម្បី​ចងចាំ​នឹង​បើក​សៀវភៅ ចូរ​មក​តាម​ខ្ញុំ ជា​រៀង​រាល់​ថ្ងៃ​នោះ ។ សូម​ព្យាយាម​ដាក់​ការរំឭក ឬ​សំឡេង​រោទ៍​នៅក្នុង​ទូរសព្ទ ដើម្បី​ផ្ដល់​ការជំរុញ​បន្ថែម​ដែល​អ្នក​ត្រូវការ ។

  • ធនធាន​ប្រព័ន្ធ​ផ្សព្វផ្សាយ—សាសនាចក្រ​ផ្ដល់​នូវ​ធនធាន​ពហុ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន ដើម្បី​ជួយ​អ្នក​សិក្សា ចូរ​មក​តាម​ខ្ញុំ ។ ទាំងនេះ​រួមមាន សុន្ទរកថា​សន្និសីទ​ទូទៅ ( អត្ថបទ សំឡេង និង​វីដេអូ ) សុន្ទរកថា​សាកលវិទ្យាល័យ​ព្រិកហាំ​យ៉ង់ ( អត្ថបទ សំឡេង និង​វីដេអូ ) podcasts របស់​សាសនាចក្រ ( សំឡេង វីដេអូ ) និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដំណឹងល្អ​ផ្សេងៗ​ទៀត ( វីដេអូ រូបភាព តន្ត្រី និង​សំឡេង ) ។ សូម​ស្វែង​រក​ធនធាន​ទាំងនេះ​នៅលើ​កម្មវីធី​របស់​សាសនាចក្រ ( Gospel Library, Gospel Media ) ChurchofJesusChrist.org និង speeches.byu.edu ហើយ​ប្រើប្រាស់​ប្រភេទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​អ្នក​អាច​រៀន​បាន​ល្អ​បំផុត !

  • ការចែកចាយ—របៀប​ដ៏​ល្អ​បំផុត​មួយ​ដើម្បី​ធ្វើ​ឲ្យ​ការរៀនសូត្រ​ដំណឹងល្អ​របស់​អ្នក​កាន់តែ​ស៊ី​ជម្រៅ គឺ​ដោយ​ការចែកចាយ​នូវ​អ្វី​ដែល​អ្នក​បាន​រៀន ។ ចែកចាយ​ដោយ​ផ្ទាល់ នៅក្នុង​សៀវភៅ​កំណត់ហេតុ នៅក្នុង​សារ តាមទូរសព្ទ ឬ​សូម្បី​តែ​តាម​បណ្ដាញ​សង្គម ។ សូម​ចាប់​ផ្ដើម​ឲ្យ​មាន​ការសន្ទនា ។

នោក្នុង​ឆ្នាំ ២០២១ យើង​នឹង​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្តីសញ្ញា នៅក្នុង ចូរ​មក​តាម​ខ្ញុំ ។ នេះ​ជា​យោបល់​មួយ​ចំនួន​សម្រាប់​ការសិក្សាព្រះគម្ពីរ​នេះ​ជា​ពិសេស ៖

  • Revelations in Context—សៀវភៅ Revelations in Context រួមមាន​ព័ត៌មាន​ប្រវត្តិ​អំពី​មនុស្ស និង​កាលៈទេសៈ​ដែល​ពិភាក្សា​នៅក្នុង​ព្រះគម្ពីរ គោលលទ្ធិ និង​សេចក្តីសញ្ញា ។ អ្នក​អាច​រក​សៀវភៅ​នេះបាន​នៅ​ក្នុង​កម្មវិធី Gospel Library ( បណ្ណាល័យ​ដំណឹង​ល្អ ) និង​នៅ​លើ​គេហទំព័រ ChurchofJesusChrist.org ។

  • អត្ថបទ​គាំទ្រ ចូរ​មក​តាម​ខ្ញុំ—ជា​រៀងរាល់​ខែ ទស្សនាវដ្តី​សាសនាចក្រ​ផ្ដល់​នូវ​អត្ថបទ​នានា​ដើម្បី​បន្ថែម និង​ពង្រឹង​ការសិក្សា​របស់​អ្នក​អំពី ចូរ​មក​តាម​ខ្ញុំ ។ អ្នក​អាច​ចូល​ប្រើប្រាស់​ទស្សនាវដ្ដី​ទាំង​នេះ​នៅក្នុង​កម្មវិធី Gospel Library ( បណ្ណាល័យ​ដំណឹង​ល្អ ) នៅ​គេហទំព័រ ChurchofJesusChrist.org និង​តាមរយៈ​ទស្សនាវដ្ដី​ដែល​បាន​បោះពុម្ព ។

  • Gospel Topics essay « គោលលទ្ធិ និង​សេចក្តីសញ្ញា »—សាសនាចក្រ​មាន​បទនិពន្ធ​ប្រធានបទ​ដំណឹងល្អ​អំពី​ប្រធានបទ​ប្រវត្តិសាស្ត្រ​សាសនាចក្រ​ជាច្រើន រួម​ទាំង គោលលទ្ធិ និង​សេចក្តីសញ្ញា ផងដែរ ។ បទនិពន្ធ​នីមួយៗ​រួមមាន​ការពន្យល់​ខ្លី​មួយ​អំពី​ប្រធានបទ​នោះ ក៏​ដូចជា​តំណភ្ជាប់​ទៅនឹង​សុន្ទរកថា​សន្និសីទ​ទូទៅ បទគម្ពីរ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​សាសនាចក្រ​ផ្សេងៗ​ដែល​ទាក់ទង ។ អ្នក​អាច​ស្វែករក​បទនិពន្ធ គោលលទ្ធិ និង​សេចក្តីសញ្ញា ( និង​ផ្សេងៗ​ទៀត​ជា​ច្រើន ) នៅលើ​គេហទំព័រ ChurchofJesusChrist.org/topics និង​នៅ​ក្នុង​កម្មវិធី Gospel Library ( បណ្ណាល័យ​ដំណឹងល្អ ) ។

  • ពួក​បរិសុទ្ធ ៖ រឿង​អំពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ភាគ ១ និង​ភាគ ២—សៀវភៅ ពួកបរិសុទ្ធ ថ្មី​ដែល​ត្រូវបាន​សរសេរ​ដោយ​ប្រវត្តិវិទូ​របស់​សាសនាចក្រ រួមមាន​រឿងរ៉ាង​ទាំងឡាយ​របស់​សមាជិក​សាសនាចក្រ​ពី​ដំបូងៗ និង​ត្រូវបាន​សរសេរ​ជា​ទម្រង់​ងាយ​អាន ប្រភេទ​ប្រលោមលោក ។ អ្នក​អាច​អាន ឬ​ស្ដាប់​សៀវភៅ​ទាំងនេះ​នៅលើ​កម្មវិធី Gospel Library [ បណ្ណាល័យ​ដំណឹងល្អ ] ( ឬ​ទិញ​ច្បាប់​ដែល​បាន​បោះពុម្ព​ប្រសិន​បើ​អ្នក​ចូលចិត្ត ) ហើយ​ក៏​អាច​ស្ដាប់ ឬ​មើល podcast Saints នៅលើ​គេហទំព័រ ChurchofJesusChrist.org ឬ​នៅលើ​កម្មវិធី Latter-Day Saints Channel ។

យើង​ទាំងអស់​គ្នា​មាន​កាលៈទេសៈ​ជីវិត​ខុសៗ​គ្នា ប៉ុន្តែ​រឿង​ដ៏​អស្ចារ្យ​អំពី​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ គឺ​ថា​វា​សម្រាប់​មនុស្ស​គ្រប់​គ្នា ! ចូរ​មក​តាម​ខ្ញុំ អាច​ជួយ​យើង​ឲ្យ​រកឃើញ និង​អនុវត្ត​ដំណឹងល្អ​នៅក្នុង​ជីវិត និង​ស្ថានភាព​របស់​យើង​ម្នាក់ៗ​ផ្ទាល់ ។ គោលដៅ​ខ្ពស់​បំផុត​របស់​យើង​ក្នុង​ការប្រើប្រាស់ ចូរ​មក​តាម​ខ្ញុំ មិន​ចាំ​បាច់​តែ​ដើម្បី​បញ្ចប់​គ្រប់​សកម្មភាព ឬ​គំនិត​សិក្សា​ដែល​បាន​ផ្ដល់​ឲ្យ​នៅ​ក្នុង​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ យើង​គួរតែ​ព្យាយាម​ជ្រមុជ​ទៅក្នុង​ព្រះគម្ពីរ—ជា​ព្រះបន្ទូល​នៃ​ព្រះ ។

ប្រហែល​ជា​បញ្ជី​នេះ​រួម​មាន​នូវ​គំនិត​មួយ ឬ​ពីរ ដែល​ត្រូវ​នឹង​ស្ថានភាព​របស់​អ្នក ឬ​ប្រហែល​ជា​គំនិត​ទាំងនេះ​ជំរុញ​ឲ្យ​មាន​វិវរណៈ​ផ្ទាល់​ខ្លួន​មួយ​ចំនួន​របស់​អ្នក​ផ្ទាល់ អំពី​របៀប​ដែល​អ្នក​សិក្សា ចូរមក​តាម​ខ្ញុំ ។ បែបណា​ក៏​ដោយ សូម​កុំ​បោះបង់ ហើយ « ចូរមើល​មក​ឯ [ ព្រះអម្ចាស់ ] ដោយ​នូវ​គ្រប់​ទាំង​គំនិត ចូរ​កុំ​សង្ស័យ ចូរ​កុំ​ខ្លាច​ឡើយ » ( គោលលទ្ធិ និង​សេចក្តីសញ្ញា ៦:៣៦ ) ។