អំណោយគ្រីស្ទម៉ាស់ ឬដង្វាយមួយភាគដប់ ?
ខ្ញុំជឿថាដំណឹង ល្អពិត ប៉ុន្តែតើខ្ញុំអាចមានលទ្ធិភាពដើម្បីបង់ដង្វាយមួយភាគក្នុងដប់ដែរទេ ?
ខ្ញុំបានស្វែងរកព្រះវិហារមួយ រហូតដល់ស៊ីស្ទើរ ពួកអ្នកផ្សព្វផ្សាយសាសនា បានណែនាំខ្ញុំឲ្យស្គាល់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ មួយខែកន្លះក្រោយមក ខ្ញុំបានទទួលបុណ្យជ្រមុជទឹក និងបានទទួលពិធីបញ្ជាក់ ។ អ្វីមួយដែលពួកអ្នកផ្សព្វផ្សាយសាសនាបានបង្រៀនខ្ញុំ គឺគោលការណ៍នៃដង្វាយមួយភាគដប់ ។
ពួកគេបានប្រាប់ខ្ញុំថា « បងស្រីនឹងទទួលបានពរជ័យ បើបងស្រីបង់ដង្វាយមួយភាគក្នុងដប់ » ។
ខ្ញុំជាម្តាយទោលម្នាក់ ។ ខ្ញុំមានប្រាក់ត្រឹមតែសម្រាប់ទិញអាហារ និងបង់ថ្លៃចំណាយផ្សេងៗប៉ុណ្ណោះ ។ បញ្ហាកើតឡើងញឹកញាប់នោះគឺ បង់ ដង្វាយមួយភាគដប់ ឬទិញអាហារ បង់ទឹកភ្លើង ឬបង់ថ្លៃឡាន ។
ខ្ញុំបានឆ្លងកាត់ដំណាក់កាលនៃការព្យាយាម បង់ដង្វាយមួយភាគដប់ អស់រយៈពេលជាច្រើនឆ្នាំ ។ នៅទីបញ្ចប់ ខ្ញុំបាននិយាយថា « ប្រសិនបើអ្នកជឿថាដំណឹងល្អពិត អ្នកត្រូវឆ្ពោះទៅមុខ ។ កាលណាអ្នកឆ្ពោះទៅមុខ នោះព្រះអាចប្រទានពរដល់អ្នក » ។
ខ្ញុំជំពាក់ដង្វាយមួយភាគក្នុងដប់ ៥០០$ ប៉ុន្តែខ្ញុំត្រូវការ ៥០៣$ ដើម្បីថ្លៃចំណាយផ្សេងៗទៀត ។ ខ្ញុំមើលមិនឃើញថាអាចធ្វើបានយ៉ាងដូចម្តេចទេ ប៉ុន្តែខ្ញុំបាននិយាយថា « ខ្ញុំត្រូវតែសាកល្បង » ។ ខ្ញុំបានបង់ដង្វាយមួយភាគដប់របស់ខ្ញុំ ។ គ្មាននរណាម្នាក់ដឹងថា ខ្ញុំខ្វះលុយ ៥០៣$ ប៉ុន្តែមានជនអនាមិក បានផ្ញើក្រដាសប្រាក់ ១០០$ ប្រាំសន្លឹក ឲ្យខ្ញុំក្នុងស្រោមសំបុត្រ ។
វាជាការផ្លាស់ប្តូរមួយដ៏ធំសម្រាប់ខ្ញុំ ។ វាបានផ្លាស់ប្ដូរខាងវិញ្ញាណរបស់ខ្ញុំ ។ ខ្ញុំដឹងថា ព្រះស្រឡាញ់ខ្ញុំ ទ្រង់យកចិត្តទុកដាក់ចំពោះខ្ញុំ ហើយទ្រង់ចង់ឲ្យខ្ញុំទទួលបានជោគជ័យ ។ ចាប់តាំងពីគ្រានោះមកខ្ញុំបានបង់ដង្វាយមួយភាគក្នុងដប់របស់ខ្ញុំ ។ ប៉ុន្តែវាមិនងាយស្រួលជានិច្ចនោះទេ ។
ជាច្រើនឆ្នាំកន្លងទៅហើយ នៅថ្ងៃបុណ្យគ្រីស្ទម៉ាស់មួយ កូនស្រីច្បងរបស់ខ្ញុំបានចាំឮខ្ញុំនិយាយថា ម៉ាក់មិនអាចមានលទ្ធភាពបង់ដង្វាយមួយភាគក្នុងដប់ផង និង ទិញអំណោយផងសម្រាប់នាង និង បងប្អូនរបស់នាងទេ ។
ក្រោយមកកូនស្រីរបស់ខ្ញុំ បានប្រាប់ខ្ញុំថា « យើងដឹងថាយើងនឹងមិនទទួលបានអ្វីនោះទេ ប៉ុន្តែវាក៏មិនអីដែរ » ។ « យើងសម្រេចចិត្តថាចង់ឲ្យម៉ាក់បង់ដង្វាយមួយភាគដប់ » ។
ដូចរាល់ដងអញ្ចឹង ព្រះអម្ចាស់តែងតែប្រទានដល់យើង ហើយពួកគេមិនដែលគ្មានអំណោយបុណ្យគ្រីស្ទម៉ាស់នោះទេ ។
សម្រាប់ម្តាយទោលដើម្បីមានលទ្ធភាពផ្គត់ផ្គង់កូនៗរបស់នាង និងបង់ដង្វាយមួយភាគដប់ គឺជារឿងធំធេងណាស់ ។ ចាប់តាំងពីពេលដែលខ្ញុំសម្រេចចិត្តថា បង់ដង្វាយមួយភាគក្នុងដប់ ខ្ញុំបានទទួលពរជ័យជានិច្ច ។ ខ្ញុំមិនមែនជាអ្នកមានទេ ប៉ុន្តែព្រះអម្ចាស់តែងរៀបចំផ្លូវឲ្យខ្ញុំ ។
ខ្ញុំក៏បានទទួលពរជ័យក្នងរបៀបជាច្រើន ។ គំរូដ៏ល្អនៃសមាជិកសាសនាចក្រ និង ក្រុមគ្រួសារពួកគេ បានជួយកូនៗខ្ញុំ និងខ្ញុំឲ្យនៅសកម្មក្នុងសាសនាចក្រ ។ ខ្ញុំបានប្រាប់ពួកគេថា គ្រប់ផ្នែកទាំងអស់នៃពរជ័យដែលព្រះអម្ចាស់បានសន្យា—នោះគឺបង្អួចនៃស្ថានសួគ៌បានបើកសម្រាប់យើង ។ ◼