ហេតុអ្វីយើងត្រូវការ ព្រះយេស៊ូវ គ្រីស្ទ
ដកស្រង់ចេញពីសុន្ទរកថាមួយមានចំណងជើងថា « សារលិខិតពិធីបុណ្យគ្រីស្ទម៉ាស់ » ដែលថ្លែងនៅសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ កាលពីថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៧ ។
សំឡេងកណ្តឹងនៃរដូវកាលបុណ្យគ្រីស្ទម៉ាស់ និងការសញ្ជឹងគិតអំពីព្រះរាជបុត្រានៃព្រះដ៏អស្ចារ្យ និង មានឫទ្ធានុភាព ។
ខ្ញុំមានអំណរ បន្ថែមនៅក្នុង បុណ្យគ្រីស្ទម៉ាស់ ដែលខែ ធ្នូ បាននាំមកនូវឱកាស ដើម្បីសញ្ជឹងគតិជាថ្មី អំពីជីវិត និងពលិកម្មរបស់ព្យាការី យ៉ូសែប ស៊្មីធ ថ្ងៃកំណើតរបស់លោកចាប់ផ្តើមនៅថ្ងៃ ទី ២៣ ខែ ធ្នូ ។ វាពិបាកណាស់ ក្នុងការមានអំណរគុណពេញលេញចំពោះអ្វីដែលលោកសម្រេចបាន ក្នុងនាមជាឧបករណ៍នៅក្នុងព្រះហស្តរបស់ព្រះអម្ចាស់ និងបរិយាកាសនៃការប្រឆាំងការបៀតបៀន និងឧបសគ្គឥតឈប់ឈរ ។ នៅពេលនោះមក ដល់ យើង នឹងឃើញ ព្យាការី យ៉ូសែប ដោយ កិត្តិយសក្នុងនាម ជា មេដឹកនាំដ៏សក្តិសម នៃគ្រាកាន់កាប់ត្រួតត្រា ដ៏អសា្ចរ្យ និង ចុងក្រោយនេះ—ជាគ្រាកាន់កាប់ត្រួតត្រាមួយដែលឆ្ពោះទៅ រកភាពជោគជ័យ ផ្ទុយពីគ្រាកាន់កាប់ត្រួតត្រាមុនៗ ដែលបញ្ចប់ដោយការក្បត់សាសនា ។
ខ្ញុំមិនស្មានថា នៅគ្រាកាន់កាប់ត្រួតត្រានេះ មានមនុស្សណាម្នាក់ បានរៀនខ្លាចព្រះ ជាងមនុស្សប្រសើរជាងព្យាការីនេះឡើយ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៣:៧–៨ ) ។ ព្រះអម្ចាស់ បានតម្រូវឲ្យយ៉ូសែបធ្វើកិច្ចការលំបាក មួយចំនួន ។ លោកបានធ្វើកិច្ចការទាំងនោះ ហើយពួកយើងទាំងអស់គ្នាគឺជាអ្នកទទួលផលប្រយោជន៍ទាំងនោះ ។
ការបកប្រែ និងការបោះពុម្ពព្រះគម្ពីរមរមន គឺជាសញ្ញានៃជោគជ័យ និងជាគ្រឹះទៅកាន់ជ័យជម្នះនៃបុព្វហេតុរបស់ព្រះអម្ចាស់នៅក្នុងគ្រាកាន់កាប់ត្រួតត្រាចុងក្រោយនេះ ។ តាមរយៈព្រះគម្ពីរមរមន និងការនិមិត្តរបស់លោក និងវិវរណៈ យ៉ូសែប បានបើកសម្តែងពីចរិតលក្ខណៈពិតរបស់ព្រះយេស៊ូវគ្រីស្ទ ក្នុងយុគសម័យទំនើប ក្នុងនាមជា ព្រះរាជបុត្រាបង្កើតតែមួយនៃព្រះ និងជាព្រះប្រោសលោះនៃមនុស្សលោក ។
ជាពិសេសនេះជារដូវកាលដែលយើងត្រូវចងចាំពីទំនាក់ទំនងផ្ទាល់ខ្លួនរបស់ព្យការីជាមួយព្រះអង្គសង្គ្រោះ និង « នេះគឺជាទីបន្ទាល់ចុងក្រោយបង្អស់ ដែល [ លោកថ្លែង ] អំពី [ ព្រះគ្រីស្ទ ] ៖ គឺថាទ្រង់មានព្រះជន្មរស់នៅ ! » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:២២ ) ទីបន្ទាល់របស់យ៉ូសែបអំពីព្រះគ្រីស្ទដែលមានព្រះជន្មរស់ បានបំផុសគំនិតខ្ញុំអំពីសេចក្តីថ្លែងការណ៍របស់ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ១៩១០–២០០៨ ) ៖ « នឹងគ្មានបុណ្យគ្រីស្ទម៉ាស់ទេ ប្រសិនបើគ្មានបុណ្យអ៊ីសស្ទើរ ។ ព្រះឱរសយេស៊ូវនៃភូមិបេថ្លេហិមនឹងក្លាយជាទារកធម្មតាម្នាក់ ប្រសិនបើគ្មានព្រះគ្រីស្ទដ៏ប្រោសលោះនៃសួនច្បារគែតសាម៉ានី និងកាល់វ៉ារី និងការពិតដ៏ជោគជ័យនៃការរស់ឡើងវិញនោះ » ។១
ហេតុអ្វីយើងត្រូវការព្រះយេស៊ូវ គ្រីស្ទ ?
ជាច្រើនឆ្នំាកន្លងទៅហើយ មនុស្សម្នាក់ដែលជាសមាជិកនៃសាសនាចក្រជាច្រើនឆ្នាំមកហើយនោះបានសួរខ្ញុំថា « ហេតុអ្វីយើងត្រូវការព្រះយេស៊ូវ គ្រីស្ទ ? ខ្ញុំជាមនុស្សរក្សាព្រះបញ្ញត្តិ ខ្ញុំគឺជាមនុស្សល្អ ។ ហេតុអ្វីខ្ញុំត្រូវការព្រះអង្គសង្គ្រោះ ? » ខ្ញុំអាចនិយាយថា ការដែលសមាជិករូបនេះមិនយល់អំពីផ្នែកដ៏សំខាន់បំផុតនៃគោលលទ្ធិរបស់យើង ជាធាតុផ្សំនៃមូលដ្ឋានគ្រឹះនៃផែនការនៃសេចក្តីសង្គ្រោះ បានធ្វើឲ្យខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
ខ្ញុំបានឆ្លើយថា « មែនហើយសេចក្តីស្លាប់គឺជាបញ្ហាតូចតាចដែលទើបចាប់ផ្តើមប៉ុណ្ណោះ ។ ខ្ញុំស្មានថាបងមិនចង់ឲ្យសេចក្តីស្លាប់របស់បងជាស្ថានភាពចុងក្រោយរបស់បង ហើយបើគ្មានព្រះយេស៊ូវ គ្រីស្ទទេ នោះក៏គ្មានដំណើររស់ឡើងវិញដែរ »។
ខ្ញុំបាននិយាយពីរឿងផ្សេងៗ ថាទោះបីជាមនុស្សល្អបំផុត ក៏នៅតែត្រូវការការអភ័យទោស និង ការសម្អាត ដែលអាចធ្វើបានមានតែតាមរយៈព្រះគុណនៃដង្វាយធួនរបស់ព្រះអង្គសង្គ្រោះប៉ុណ្ណោះ ។
ទោះបីយ៉ាងណាក្តីនៅក្នុងកម្រិតមួយផ្សេងទៀត សំណួរអាចជា « តើព្រះអាចធ្វើអ្វីៗដែលទ្រង់សព្វព្រះទ័យដើម្បីសង្គ្រោះយើង ដោយមិនចាំបាច់មានព្រះអង្គសង្គ្រោះឬទេ ? មានមនុស្សមួយចំនួននៅក្នុងពិភពលោកសព្វថ្ងៃនេះ អាចនឹងមានសំណួរដូចនេះ ។ ពួកគេជឿលើព្រះ និងជីវិតបន្ទាប់ពីជីវិតរមែងស្លាប់ប៉ុន្តែ សន្មត់ថាព្រះស្រឡាញ់យើង ដូច្នេះវាមិនសំខាន់ទេនូវអ្វីដែលយើងធ្វើ ឬមិនត្រូវធ្វើនោះ ទ្រង់ចាត់ចែងរឿងទាំងនោះហើយ ។
ទស្សនៈបែបនេះមានប្រភពតាំងពីបុរាណមក ។ ឧទាហរណ៍ នីហូរ « ហើយគាត់ក៏ធ្វើទីបន្ទាល់ទៅប្រជាជនថា មនុស្សលោកទាំងអស់ត្រូវតែបានសង្គ្រោះនៅថ្ងៃចុងក្រោយបង្អស់ ហើយថា ពួកគេមិនចាំបាច់ខ្លាច ឬញាប់ញ័រទេ តែថា ពួកគេអាចងើបមុខឡើង ហើយអររីករាយវិញ ត្បិតព្រះអម្ចាស់ទ្រង់បានបង្កើតមនុស្សទាំងអស់ ហើយបានប្រោសលោះមនុស្សទាំងអស់ផង ហើយនៅទីបញ្ចប់ មនុស្សទាំងអស់នឹងមានជីវិតដ៏នៅអស់កល្បជានិច្ច » ( អាលម៉ា ៣:៤ ) ។
បងប្អូនអាចស្គាល់គោលទ្ធិរបស់នីហូរ ជាការបង្រៀនស្រដៀងទៅនឹងផែនការណ៍នៃសេចក្តីសង្គ្រោះដែលលូស៊ីហ្វើរ បានដាក់ « ជាផ្កាយព្រឹក » ប្រាកដ ណាស់វាគឺជាសោកនាដកម្មនៃសោកនាដកម្មដ៏គ្មានទីបំផុត ( អេសាយ ១៤:១២ សូមមើលផងដែរ គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:២៥–២៧ ) ។ មានម្តងនោះ ព្រះបានពន្យល់ថាលូស៊ីហ្វើរ « ដើមដំបូងមក ហើយវាបានមកចំពោះយើងដោយទូលថា—មើលចុះ ទូលបង្គំនៅឯណេះហើយ សូមចាត់ទូលបង្គំចុះ ទូលបង្គំនឹងធ្វើជាព្រះរាជបុត្រារបស់ព្រះអង្គ ហើយទូលបង្គំនឹងប្រោសលោះមនុស្សលោកទាំងអស់ ប្រយោជន៍ [ កុំឲ្យ ] ព្រលឹងណាមួយត្រូវបាត់ឡើយ ហើយទូលបង្គំនឹងប្រព្រឹត្តការនោះជាមិនខាន ហេតុដូច្នោះហើយ សូមប្រទានដល់ទូលបង្គំនូវកិត្តិយសរបស់ព្រះអង្គចុះ ។
« ប៉ុន្តែមើលចុះ ព្រះរាជបុត្រាបង្កើតតែមួយរបស់យើង ដែលជាទីស្ងួនភ្ងា និងជាទីជម្រើសរបស់យើងចាប់តាំងពីដើមដំបូងមក បានទូលដល់យើងថា—ព្រះវរបិតាអើយ សូមឲ្យព្រះហឫទ័យរបស់ព្រះអង្គបានសម្រេច ហើយសូមឲ្យសិរីល្អរបស់ព្រះអង្គបានជារបស់ផងព្រះអង្គរហូត » ( ម៉ូសេ ៤:១–២ ) ។
វាមិនមែនជាករណីធម្មតាទេដែលព្រះយេស៊ូវ គាំទ្រដល់ផែនការរបស់ព្រះវរបិតា ហើយសំណើរបស់លូស៊ីហ្វើរហាក់បីដូចជាកែប្រែបន្តិច ។ សំណើរបស់លូស៊ីហ្វើរ នឹងបំផ្លាញផែនការតាមរយៈការលុបចោលឱកាសរបស់យើងក្នុងការធ្វើសកម្មភាពដោយឯករាជ្យ ។ ផែនការរបស់លូស៊ីហ្វើរ មានមូលដ្ឋានលើការបង្ខិតបង្ខំដែលធ្វើឲ្យបុត្រាបុត្រីទាំងអស់របស់ព្រះ—យើងទាំងអស់គ្នា—ចាំបាច់ត្រូវក្លាយជាឧបករណ៍របស់វា ។ ដូចជាអ្វីដែលព្រះវរបិតាបានសង្ខេបថា ៖
« ហេតុដូច្នោះហើយ មកពីសាតាំងបានបះបោរទាស់នឹងយើង ហើយបានខំរកបំផ្លាញសិទ្ធិជ្រើសរើសរបស់មនុស្ស ដែលយើងជាព្រះអម្ចាស់ដ៏ជាព្រះបានប្រទានដល់មនុស្ស ហើយក៏មកពីវាបានចង់ឲ្យយើងប្រទានដល់វានូវព្រះចេស្ដារបស់យើងផ្ទាល់ គឺដោយសារព្រះចេស្ដានៃព្រះរាជបុត្រាបង្កើតតែមួយរបស់យើង នោះយើងបានបណ្ដាលឲ្យវាត្រូវបណ្ដេញចុះ
« ហើយវាក្លាយទៅជាសាតាំង មែនហើយ គឺជាអារក្សជាបិតានៃអស់ទាំងការកុហកដើម្បីបញ្ឆោត ហើយដើម្បីធ្វើឲ្យមនុស្សខ្វាក់ ហើយដើម្បីដឹកពួកគេយកទៅជាឈ្លើយតាមចិត្តរបស់វា គឺមនុស្សជាច្រើនណាដែលមិនព្រមស្តាប់តាមសំឡេង របស់យើង នោះហើយ » ( ម៉ូសេ ៤:៤ ការសង្កត់ន័យត្រូវបានបន្ថែម ) ។
ផ្ទុយទៅវិញ ការធ្វើតាមមធ្យោបាយរបស់ព្រះវរបិតាផ្តល់ដល់យើងនូវបទពិសោធន៍សំខាន់ៗនៃជីវិតរមែងស្លាប់ ។ តាមរយៈ « បទពិសោធន៍នៃជីវិតរមេងស្លាប់ » ខ្ញុំចង់មានន័យថាយើងជ្រើសរើសផ្លូវរបស់យើង « [ ភ្លក់ ] នូវសេចក្តីល្វីងជូចត់ ដើម្បី [ យើងអាច ] ចេះឲ្យតម្លៃដល់របស់ល្អ » ( ម៉ូសេ ៦:៥៥ ) ការរៀនសូត្រ ការប្រែចិត្ត និងធំឡើងប្រែក្លាយជាមនុស្សមានសមត្ថភាព និងការធ្វើសកម្មភាពដោយខ្លួនឯង ប្រសើរជាងដោយគ្រាន់តែ « ទទួលសកម្មភាព » ដោយងាយៗ ( នីហ្វៃទី ២ ២:១៣ ) ហើយនៅទីបំផុត អាចយកឈ្នះលើទាំងសេចក្តីអាក្រក់ និងអាចបង្ហាញពីបំណងប្រាថ្នា និងសមត្ថភាពក្នុងការរស់នៅតាមក្រិត្យវិន័យសេឡេស្ទាល ។
ទាំងនេះតម្រូវឲ្យមានចំណេះដឹងនៃសេចក្តីល្អ និងសេចក្តីអាក្រក់ ពីផ្នែករបស់យើងជាមួយនឹងសមត្ថភាព និងឱកាសដើម្បីជ្រើសរើសរវាងចំណុចទាំងពីរនេះ ។ ហើយវាតម្រូវឲ្យមានការទទួលខុសត្រូវសម្រាប់ជម្រើសដែលបានធ្វើ—បើមិនដូច្នេះទេវាមិនមែនជាជម្រើសពិតប្រាកដឡើយ ។ ត្រឡប់មកវិញការជ្រើសរើសតម្រូវឲ្យមានក្រឹត្យវិន័យ ឬលទ្ធផលដែលរំពឹងទុក ។ យើងត្រូវតែមានសមត្ថភាពធ្វើសកម្មភាពជាក់លាក់ ឬជម្រើសដែលបណ្តាលឲ្យជួបលទ្ធផល ឬផលជាក់លាក់—ហើយចំពោះជម្រើសផ្ទុយក៏បង្កើតលទ្ធផលផ្ទុយដែរ ។ ប្រសិនបើទង្វើមិនសមស្របនឹងផលវិបាកទេ នោះមនុស្សមិនអាចគ្រប់គ្រងលើលទ្ធផលឡើយ ហើយជម្រើសនោះវាគ្មានន័យអ្វីទាំងអស់ ។
ក្រិត្យវិន័យ និងសេចក្ដីយុត្តិធម៌
ដោយប្រើពាក្យសេចក្ដីយុត្តិធម៌មានន័យដូចពាក្យក្រិត្យវិន័យ អាលម៉ាបានថ្លែងថា « ឥឡូវនេះ កិច្ចការនៃសេចក្ដីយុត្តិធម៌ [ ដែលជាការប្រតិបត្តិនៃក្រិត្យវិន័យ ] [ ពុំអាចនឹង ] ត្រូវបំផ្លាញបានឡើយ បើដូច្នោះមែន នោះព្រះនឹងឈប់ទៅជាព្រះទៀតហើយ » ( អាលម៉ា ៤២:១៣ ) ។ វាគឺជាចំណេះដ៏ឥតខ្ចោះរបស់ទ្រង់ និងការប្រើក្រិត្យវិន័យ—ឬពាក្យម៉្យាងទៀត គឺជាសេចក្ដីយុត្តិធម៌របស់ទ្រង់—ដែលបានប្រទានព្រះចេស្តារបស់់ទ្រង់ដល់ព្រះ ។ យើងត្រូវការសេចក្ដីយុត្តិធម៌របស់ព្រះ ជាប្រព័ន្ធមិនប្រែប្រួល និងជាក្រឹត្យវិន័យស្ថិតថេរ ដែលនៅជាប់នឹងព្រះអង្គទ្រង់ផ្ទាល់ហើយទ្រង់ជាអ្នកអនុវត្ត ដូច្នេះទើបយើងអាចអនុវត្តសិទ្ធិសេរីភាព ។២ សេចក្ដីយុត្តិធម៌នេះគឺជាមូលដ្ឋាន គ្រឹះនៃការអនុវត្តសេរីភាពរបស់យើង ហើយវាគឺជាផ្លូវតែមួយគត់ដែលដឹកនាំទៅរកសុភមង្គលដ៏គ្មានទីបញ្ចប់ ។
ព្រះអម្ចាស់បានមានបន្ទូលប្រាប់យើងថា « អ្វីក៏ដោយដែលត្រូវបានគ្រប់គ្រងដោយសារក្រឹត្យវិន័យ នោះក៏ត្រូវបានរក្សាទុកឲ្យបានគង់វង្សដោយសារក្រឹត្យវិន័យដែរ ហើយត្រូវបានធ្វើឲ្យល្អឥតខ្ចោះ និងត្រូវបានញែកចេញជាបរិសុទ្ធដោយសារក្រឹត្យវិន័យដដែល ( គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:៣៤ ) ។ ប៉ុន្តែយើងសូមសារភាពថា គ្មានយើងណាម្នាក់ ដែល « គ្រប់គ្រងដោយសារក្រឹត្យវិន័យ » ជានិច្ច និងមិនប្រែប្រួលនោះឡើយ ។ ហើយយើងពិតជាមិនអាចរក្សាក្រឹត្យវិន័យ ឬសេចក្តីយុត្តិធម៌បានល្អឥតខ្ចោះ នៅពេលដែលយើងនៅតែបំពានក្រឹត្យវិន័យនោះទេ ( សូមមើល នីហ្វៃទី ២ ២:៥ ) ។ ដូច្នេះហើយ ការមានសេចក្តីយុត្តិធម៌ ប៉ុន្តែក៏ត្រូវបានលើកទឹកចិត្តដោយក្ដីស្រឡាញ់ នោះព្រះវរបិតាសួគ៌របស់យើង បានបង្កើតផែនការនៃសេចក្តីមេត្តាករុណា ។ ទ្រង់់បានប្រទានព្រះរាជបុត្រាតែមួយគត់របស់ទ្រង់ ជាអ្នកដែលបានលះបង់សម្រាប់អំពើបាបរបស់យើង ជាអង្គដែលដង្វាយធួនរបស់ទ្រង់អាចធ្វើឲ្យស្កប់ស្កល់ដល់សេចក្ដីយុត្តិធម៌សម្រាប់យើង ដាក់យើងក្នុងក្រឹត្យវិន័យដែលត្រឹមត្រូវ ហើយជាថ្មីម្តងទៀត វាគឺជាការគាំទ្រ និងការរក្សាការពារយើង មិនមែនផ្ដន្ទាទោសយើងឡើយ ។ អាលម៉ាបានពន្យល់ ៖
« ហើយឥឡូវនេះ ផែនការនៃសេចក្ដីមេត្តាករុណា ពុំអាចអនុវត្តទៅបាន លើកលែងតែមានដង្វាយធួនកើតឡើង ហេតុដូច្នេះហើយ ព្រះអង្គទ្រង់ផ្ទាល់បានធ្វើឲ្យធួននឹងអំពើបាបទាំងឡាយនៃមនុស្សលោកដើម្បីនាំមកនូវផែនការនៃសេចក្ដីមេត្តាករុណា ដើម្បីធ្វើឲ្យស្កប់ស្កល់ដល់ការទាមទារនៃសេចក្ដីយុត្តិធម៌ ដើម្បីព្រះជាព្រះដ៏ល្អឥតខ្ចោះ ហើយត្រឹមត្រូវ និងជាព្រះដែលប្រកបដោយសេចក្ដីមេត្តាករុណាផង ។ …
« ប៉ុន្តែមានច្បាប់មួយបានតែងឡើង និងទោសមួយ [ ឬ លទ្ធផល ] បានភ្ជាប់ទុក និងការប្រែចិត្តមួយបានប្រទានឲ្យជាការប្រែចិត្ត ដែលទាមទារដោយសេចក្ដីមេត្តាករុណា បើពុំនោះសោតទេ សេចក្ដីយុត្តិធម៌ទាមទារសត្វលោក ហើយអនុវត្តច្បាប់ ហើយច្បាប់ធ្វើទុក្ខទោស បើពុំនោះសោតទេ កិច្ចការទាំងឡាយនៃសេចក្ដីយុត្តិធម៌ នឹងត្រូវបំផ្លាញចោល ហើយព្រះទ្រង់នឹងឈប់ទៅជាព្រះទៀតហើយ ។
« ប៉ុន្តែព្រះទ្រង់មិនឈប់ធ្វើជាព្រះទេ ឯសេចក្ដីមេត្តាករុណាការពារដល់ជនណាដែលប្រែចិត្ត ហើយសេចក្ដីមេត្តាករុណាបានមក ដោយសារដង្វាយធួន » ។ ( អាលម៉ា ៤២:១៥, ២២–២៣ ) ។
ប្រាកដណាស់ ការប្រែចិត្តគឺមានតែចំពោះអ្នកណាដែលទទួលយកការទទួលខុសត្រូវ និងព្រមទទួលយកសេចក្តីមេត្តាករុណារបស់ទ្រង់ តាមរយៈការប្រែចិត្តប៉ុណ្ណោះ ។ ឬ និយាយម្យ៉ាងទៀត ការប្រែចិត្តគឺជាអ្វី យើងធ្វើដើម្បីទាមទារអំណោយទាននៃការអភ័យទោស ថាព្រះវរបិតាដែលគង់នៅស្ថានសួគ៌អាចប្រទានមកយើងដោយព្រោះ ព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះអង្គបានធួននឹងបាបរបស់យើង ។៣
ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ
ដោយសារតែដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ យើងអាចបានជាសះស្បើយពីការជ្រើសរើសមិនល្អ ។ ដោយសារតែដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ បានធ្វើឲ្យមានឥទ្ធិពលមកលើបាប និងកំហុសរបស់យើងនិងអ្នកដទៃ និងរាល់គ្រប់សេចក្តីយុត្តិធម៌ទាំងឡាយនឹងត្រូវកែតម្រូវឡើងវិញ ។ យើងត្រូវការព្រះអង្គសង្គ្រោះដើម្បីបានជាសះស្បើយទាំងស្រុង និងបានក្លាយជាបរិសុទ្ធទាំងស្រុង ។ ដូច្នេះចម្លើយចំពោះសំណួររបស់យើងគឺ « ទេ ព្រះមិនអាចអនុវត្តអ្វីផ្សេងក្រៅពីទ្រង់រីករាយនឹងជួយសង្គ្រោះមនុស្ស ។ ទ្រង់ពុំអាចធ្វើជាអ្នកបំពានផង និងជាអ្នកផ្តល់យុត្តិធម៌ផងនោះទេ ។ ហើយបើសិនជាទ្រង់គ្មានយុត្តិធម៌ទេ នោះក៏គ្មានព្រះដែរ » ។ ហេតុដូច្នេះហើយ សេចក្តីសង្រ្គោះ និងភាពលើកតម្កើងគឺត្រូវតែបានសម្រេច នៅក្នុងរបៀបមួយដែលគាំទ្រ និងអនុលោមទៅតាមក្រឹត្យវិន័យ មិនប្រែប្រួល ទៅកាន់សេចក្តីយុត្តិធម៌ ។ ហើយសូមថ្វាយអំណរគុណដល់ព្រះ ទ្រង់បានគាំទ្រ ឲ្យមានសេចក្តីយុត្តិធម៌ តាមរយៈការប្រទានព្រះអង្គសង្គ្រោះមួយអង្គ » ។
ចូរចាំថា នៅក្នុងក្រុមប្រឹក្សាមុនជីវិតលើផែនដីលូស៊ីហ្វើរមិនបានស្ម័គ្រចិត្តធ្វើជាព្រះអង្គសង្គ្រោះរបស់យើងទេ ។ វាមិនចាប់អារម្មណ៍នឹងការរងទុក្ខ ឬការស្លាប់ ឬការបង្ហូរឈាមពីខ្លួនវាជំនួសយើងឡើយ ។ វាមិនបានស្វែងរកប្រែក្លាយជាអ្នកតំណាងនៃសេចក្តីយុត្តិធម៌ឡើយ ប៉ុន្តែប្រែក្លាយខ្លួនវាជាក្រឹត្យវិន័យវិញ ។៤ តាមមតិរបស់ខ្ញុំ កាលដែលវានិយាយទៅកាន់ព្រះវរបិតាថា « សូមប្រទានដល់ទូលបង្គំនូវកិត្តិយសរបស់ព្រះអង្គ » ( ម៉ូសេ ៤:១ ) គឺលូស៊ីហ្វើរចង់និយាយថា « សូមប្រទានសិទ្ធឲ្យទូលបង្គំគ្រប់គ្រង » ដោយមានបំណងចង់អនុវត្តអំណាចតាមចិត្តវា ។ ក្រឹត្យវិន័យនឹងទៅតាមអ្វីដែលវានិយាយ វានឹងផ្តល់ឲ្យភ្លាមៗ ។ វិធីនេះគ្មាននរណាម្នាក់ មានសមត្ថភាពធ្វើអ្វីដោយឯករាជ្យបានទេ ។ លូស៊ីហ្វើរ នឹងនៅលើគេ ហើយគ្មាននរណាម្នាក់អាចលូតលាស់ឡើយ ។
ព្រះយេស៊ូវ បាននៅម្ខាងទៀត ទ្រង់ជ្រាបដឹងទាំង សេចក្តីយុត្តិធម៌ និងសេចក្តីមេត្តាករុណាឥតឈប់ឈរ គឺជាតម្រូវការសម្រាប់ការរីកចម្រើននៃបងប្អូនប្រុសស្រីទាំងឡាយរបស់ទ្រង់ ។ ជាមួយព្រះវរបិតា ទ្រង់មិនបានស្វែងរកការបង្ខិតបង្ខំ និងគាបសង្កត់យើងឡើយ ប៉ុន្តែទ្រង់ចង់ឲ្យយើងមានសេរីភាពនឹងលើកតម្កើងឡើង ដូច្នេះទើបយើងអាច « លើអ្វីៗទាំងអស់ » និង « មានអំណាចគ្រប់យ៉ាង » ជាមួយព្រះវរបិតា ( គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:២០ ) ។
យើងគួរតែរីករាយដែលបុត្រាច្បង នៅក្នុងវិញ្ញាណបានស្ម័គ្រព្រះទ័យប្រែក្លាយជាព្រះរាជបុត្រាតែម្នាក់គត់នៅក្នុងសាច់ឈាម ដើម្បីរងទុក្ខលើសលុប និងសុគតយ៉ាងអាណោចអាធម៌ ដើម្បីប្រោសលោះយើង ។ ទ្រង់បានរួមសាមគ្គីយ៉ាងឥតខ្ចោះរវាងសេចក្តី យុត្តិធម៌ និងសេចក្តីមេត្តាករុណា ។ ទ្រង់បានសង្គ្រោះយើងពី—មិនមែននៅក្នុង ប៉ុន្តែមកពី—អំពើបាបរបស់យើង ( សូមមើល ហេលេមិន ៥:១០–១១ សូមមើល ផងដែរ ម៉ាថាយ ១:២១ ) ។
ហើយទ្រង់ក៏បានសង្គ្រោះយើងពីការធ្លាក់ ពីសេចក្តីស្លាប់ខាងវិញ្ញាណ និងខាងរូបកាយ ។ ទ្រង់បានបើកទ្វារទៅកាន់អមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ច ។ វាមិនអាចវាស់ពីជម្រៅនៃសេចក្តីស្រឡាញ់របស់ទ្រង់បានឡើយ ។ « ទ្រង់បានទ្រាំទ្ររងអស់ទាំងសេចក្ដីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្ដីទុក្ខព្រួយរបស់យើងជាពិត ។ …
« … តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់ » ( អេសាយ ៥៣:៤–៥ ) ។
សរសើរដល់ព្រះ
នៅពេលពិធីបុណ្យគ្រីស្ទម៉ាស់ជិតចូលមកដល់ខ្ញុំដឹងថាមនុស្សមួយចំនួន ប្រហែលជាមានកង្វល់ និងប្រហែលជាអាចមានការភ័យព្រួយខ្លះៗអំពីអនាគត ។ ប្រហែលជាមាន « ការរំខាន » ជាច្រើន នៅក្នុងជីវិតបងប្អូន អាចពាក់ពន្ធ័ឥតឈប់នៅលើអ៊ិនធើរណែតតិចឬច្រើន គ្មានពេលឈប់ គ្មានពេលស្ងប់ស្ងាត់ និង គ្មានពេលពិចារណា និងគិត គ្មានពេលមើលទៅខាងក្នុង និងញែកដឹង តើបងប្អូននៅទីណា ហើយបងប្អូនគួរទៅទីណា ។ បងប្អូនប្រហែលទទួលរងឥទ្ធិពល ដោយការរំពឹងទុកពុំពិតប្រាកដដូចជា « ភាពល្អឥតខ្ចោះគួរតែកើតឡើងភ្លាមៗ » ឬ « សុភមង្គល និងជោគជ័យត្រូវនៅជាប់ជានិច្ចក្នុងជីវិតធម្មតា » ។
ខ្ញុំសង្ឃឹមថា បងប្អូននឹងទុកការយល់ខុសនេះមួយឡែក គិតអំពី « សំឡេង » កណ្តឹងហើយឆ្លៀតពេលខ្លះៗនៃរដូវកាលបុណ្យគ្រីស្ទម៉ាស់បើមិនបានច្រើនយ៉ាងតិចណាស់ក៏បានមួយម៉ោង—ដើម្បីសញ្ជឹងគិតអំពី « ព្រះរាជបុត្រានៃព្រះ … ដ៏អស្ចារ្យ និងមានឫទ្ធានុភាព » ។ ៥ សូមទុកពេលមួយម៉ោង រំឭកកិច្ចសន្យា និងការចាប់ផ្តើមជាថ្មីសម្រាប់បងប្អូន ។
ខ្ញុំបានសរសេរសារលិខិតនេះមុនពិធីបុណ្យគ្រីស្ទម៉ាស់ ៖
« នៅពេលយើងនិយាយអំពីកំណើតរបស់ព្រះយេស៊ូវ គ្រីស្ទ យើងប្រហែលជាគិតអំពីអ្វី ដែលបានកើតឡើងបន្ទាប់ទៀត ។ កំណើតរបស់ទ្រង់អស្ចារ្យបំផុត ដោយសារអ្វីដែលទ្រង់បានជួប និងរងទុក្ខ ដូច្នេះទ្រង់អាចជួយយើងបានកាន់តែប្រសើរ—អ្វីៗទាំងអស់ត្រូវបានបញ្ចប់នៅក្នុងការឆ្កាង និងការរស់ឡើងវិញរបស់ទ្រង់ ( សូមមើល អាលម៉ា ៧:១១–១២ ) …
« [ ប៉ុន្តែខ្ញុំក៏បាន ] គិតផងដែរ ថាវាគឺជាពេវេលាសមរម្យនៃឆ្នាំដែលត្រូវគិតអំពីទារកនៅក្នុងស្នូក ។ សូមកុំគិតពីអ្វីដែលស្មុគស្មាញ ឬអ្វីផ្សេងទៀតដែលនឹងកើតឡើងឡើយ ។ … សូមឆ្លៀតពេលដ៏មានភាពសុខសាន្តបន្តិចដើម្បីគិតពីការចាប់ផ្តើមនៃព្រះជន្មរបស់ទ្រង់—គឺជាអ្វីដែលបានបញ្ចប់នៃការព្យាករណ៍សួគ៌ា ប៉ុន្តែគឺជាការចាប់ផ្តើមនៃជីវិតផែនដីរបស់ទ្រង់ ។
« សូមឆ្លៀតពេលសម្រាក ចូរមានសេចក្តីសុខសាន្តចុះ ហើយសូមមើលព្រះឱរសតូចនេះនៅក្នុងចិត្តបងប្អូនចុះ ។ សូមកុំព្រួយបារម្ភ ជាមួយអ្វី [ ប្រហែល ] ដែលនឹងកើតឡើងនៅក្នុងជីវិតរបស់ទ្រង់ ឬជីវិតរបស់បងប្អូនឡើយ ។ ផ្ទុយទៅវិញ សូមឆ្លៀតពេលនៃភាពសុខសាន្តដើម្បីសញ្ជឹងពីឱកាសដ៏ស្ងប់ស្ងាត់បំផុតនៅក្នុងប្រវត្តិសាស្ត្រនៃពិភពលោក—នៅពេលពលទ័ពនៃឋានសួគ៌រីករាយនឹងសារលិខិត ‹ សួស្តីដល់ព្រះនៅស្ថានដ៏ខ្ពស់បំផុត ហើយសេចក្តីសុខសាន្តនៅផែនដី នៅកណ្តាលមនុស្ស ដែលជាទីគាប់ព្រះហឫទ័យដល់ទ្រង់ › ( លូកា ២:១៤ ) ។ »៦ ◼