២០២០
អំណោយ​នៃ​មិត្តភាព
ខែ ធ្នូ ឆ្នាំ ២០២០


គំរូ​ក្លាហាន

អំណោយ​នៃ​មិត្តភាព

នេះ​គឺជា​រឿង​រ៉ាវ​ដែល​បាន​កើត​ឡើង​នៅប្រទេស​អង់គ្លេស បន្ទាប់​ពីសង្រ្គាម​លោក​លើកទីII ភ្លាម ។

A Gift of Friendship

ហឺមិន មូស្នឺ មាន​ការ​ភ័យ​ខ្លាច​ពេល​គាត់​ដើរ​ចូល​ទៅក្នុង​រោង​ជំនុំ ។ គាត់ និង​មិត្តភក្តិ​របស់​គាត់​ទើប​មកពី​ជំរុំនៅក្នុង​ឯក​សណ្ឋានរបស់​ពួកគេ​នៅឡើយ ដោយ​មាន​ប៉ាក់​អក្សរ « P.O.W. » នៅលើអាវ ។ គ្រប់គ្នា​បាន​ដឹង​ថា​អក្សរ​នោះ​តំណាង​ឲ្យ « អ្នក​ទោស​សង្រ្គាម » ។ តើ​សមាជិក​នៅក្នុង​សាខា​គិត​យ៉ាងណា​ដែរ ? តើ​ពួកគេ​ឃើញ​គាត់​ថាជា​សត្រូវ​របស់​ពួកគេ​ដែរទេ ?

សាលាប្រជុំនៅជិត​ទីក្រុង​លីដស៍ ប្រទេស​អង់គ្លេស ។ ប៉ុន្ដែ ហឺមិន​មិន​មែន​មក​ពី​ប្រទេស​អង់​គ្លេស​ទេ ។ គាត់​មក​ពី​ប្រទេស​អាល្លឺម៉ង់ ។ បន្ទាប់​ពីត្រូវ​បាន​បង្ខិត​បង្ខំ​ឲ្យ​ប្រយុទ្ធ​ក្នុង​សង្គ្រាម លោក​លើកទី II មក ហឺមិនត្រូវ​បាន​ចាប់​ជាឈ្លើយ​សឹក​ដោយ​ទាហ៊ាន​អង់គ្លេស ហើយ​បញ្ជូន​ទៅ​ដាក់​គុក​ក្នុង​ជំរំ​សម្រាប់​សាសន៍​អង់គ្លេស ។ វា​ជាលើក​ដំបូង​សម្រាប់​គាត់​នៅ​ព្រះវិហារ​បន្ទាប់​មិន​បាន​ចូលរួម​អស់​រយៈ​ពេលយ៉ាងយូរ ។

ហឺមិន បាន​ដក​ដង្ហើម​ធំ នៅពេល​គាត់​អង្គុយ​ចុះ​លើ​កៅអី ? គាត់​អាច​មើល​ឃើញ​ប្រធាន​សាខា ​ចច ខាំ អង្គុយ​នៅ​ខាង​មុខ ។ ប្រធាន ខាំ គឺជា​មិត្តរបស់​ហឺមិន ។ ការឃើញ​ស្នាម​ញញឹម​របស់​គាត់​ធ្វើ​ឲ្យ​ហឺមិន​មាន​អារម្មណ៏​ប្រសើរ​ឡើង​បន្តិច ។

ពីរបី​ខែមុន ប្រធាន ខាំ​ បាន​ទៅ​សួរសុខ​ទុក្ខ ហឺមិន នៅក្នុង​ជំរុំបន្ទាប់​ពី​បាន​ទទួល​ដំណឹង​ថាគាត់​គឺជា​សមាជិក​នៃសាសនា​ចក្រ​តែ​មា្នក់​គត់​នៅទីនោះ ។ ដំបូង ហឺមិន​មានការ​ព្រួយ​បារម្មណ៏​បន្តិច​បន្តួច ។ តើប្រធាន ខាំ នឹង​ស្អប់​គាត់ដែរ​ទេ ? ប្រទេស​របស់​ពួកគេ​ពិតជា​បាន​ច្បាំង​គ្នា​នៅក្នុង​សង្គ្រាម ។

ប៉ុន្តែ​នៅពេល​ដែល​ប្រធាន​ខាំ និង​ហឺមិន​បាន​ជួបគ្នា ពួកគេ​បាន​ញញឹម និង​ចាប់ដៃគ្នា ។ បន្ទាប់​មក​ពួកគេ​បាន​អធិស្ឋាន​ជាមួយគ្នា ។ ពួកគេ​បាន​ច្រៀង​ចម្រៀង និង​និយាយ​គ្នា​អំពី​ដំណឹងល្អ ។ ពួក​គេ​ក៏​បាន​ទទួល​ទាន​សាក្រាម៉ង់​ជាមួយគ្នា​ផងដែរ ។

ហឺមិន បាន​និយាយថា « ខ្ញុំ​ស្រឡាញ់​បងប្រុស » ពេល​ដែល​ប្រធាន​ខាំ​ចាកចេញ ។ គាត់​បាន​ឃើញ​ប្រធាន​ខាំ​ស្រក់​ទឹកភ្នែក នៅពេល​គាត់​លើកដៃ​លា ។

បន្ទាប់​មក​ប្រធាន ខាំ បាន​ទៅ​សួរសុខ​ទុក្ខ​គាត់​ជារៀង​រាល់​ថ្ងៃ សៅរ៍ ។ ក្នុង​អំឡុង​ពេល​នៃ​សប្តាហ៏ ហឺមិន បាន​រស់នៅ​តាម​ដំណឹង​ល្អ​ឲ្យ​បានល្អបំផុត ។ គាត់​បាន​ចែក​ចាយ​ទីបន្ទាល់​របស់គាត់​ជាមួយ​អ្នក​ទោស​ដទៃទៀត នៅពេល​ពួកគេ​ធ្វើការ​នៅទីវាល ។ គាត់​បាន​ឆ្លើយ​នឹង​សំណួរ​ពួកគេ អំឡុង​ពេល​គេ​ឆ្លាក់​ឈើ បន្ទាប់​ពី​ធ្វើការ​យ៉ាង​យូរ​ពេញ​មួយថ្ងៃ ។ ពេល​ខ្លះ​គាត់​បាន​អធិស្ឋាន​ជាមួយ​ពួកគេ ។

មាន​យប់​មួយ​អ្នក​ទោស​មា្នក់​បាន​សួរថា « អេ ហឺមិន » ។ « តើ​ខ្ញុំ​អាច​ចូល​រួម​ជាមួយ​លោក និង​លោក ខាំ​ ថ្ងៃ​សៅរ៍​នេះ​បានទេ ? »

ហឺមិន បាន​មើល​តាម​បន្ទះឈើ​ដែល​គាត់ឆ្លាក់ ។ គាត់​ញញឹម ។ « ប្រាកដជា​បាន ! »

អ្នកទោស​ម្នាក់​ទៀត​ក៏បាន​សួរ​ថា « ខ្ញុំ​អាច​ចូលរួម​ដែរ​បាន​ទេ ? »

ហឺមិន និង​ប្រធាន ខាំ រំភើប​ចិត្ត​ខ្លាំងណាស់​ក្នុង​ការបង្រៀន​បន្ថែម​ដល់​អ្នកទោស​ទាំងនោះ ។ មិន​យូរ​ប៉ុន្មាន​អ្នក​ខ្លះ​ថែម​ទាំង​ចង់​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ទៀត​ផង !

ហើយ​ឥឡូវនេះ​ពេល​ដែល​ហឺមិន ក្រឡេក​មើល​ជុំវិញ​ក្នុងរោង​ជំនុំ​នៅកន្លែង​ដែល​ក្រុមគ្រួសារ​កំពុង​រង់ចាំ​ឲ្យ​ព្រះវិហារ​ចាប់ផ្តើម គាត់​មាន​អារម្មណ៍​សុខសាន្ត ។ ពី​ដំបូង​សមាជិក​ខ្លះ​មាន​ចិត្ត​ភ័យ​ញញើត ពេល​នៅជិត​ហឺមិន ។ ប៉ុន្តែ​មិនយូរ​ប៉ុន្មាន​ពួកគេ​បាន​ទុកចិត្ត​គាត់ ។ អ្នក​ទោស​ដទៃទៀត​ដែល​ចង់​រៀន​អំពី​ដំណឹងល្អ បាន​ទទួល​ការអនុញ្ញាត​ឲ្យ​ចេញ​ពីជំរុំទៅព្រះវិហារ​ជាមួយ​ ហឺមិន នៅ​ថ្ងៃ​អាទិត្យ​ក្រោយ ។ ក្រោយ​មក ហឺមិន ថែម​ទាំង​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ជា​ប្រធាន​ថ្នាក់​សាលា​ថ្ងៃអាទិត្យ​នៅ​ក្នុង​សាខា​ទៀតផង ។

ពេលវេលា​កន្លងទៅ ហើយ​ជិត​ដល់​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់ ។ ហឺមិន ចង់ធ្វើ​អ្វី​មួយ​ដើម្បី​អរគុណ​សមាជិក​ដែល​មាន​ចិត្ត​ល្អ​ចំពោះ​គាត់ ។ ក្រោយ​មក គាត់​មាន​គំនិត​មួយ ! ជិតដល់​ពេល​ជប់លៀង​ពិធីបុណ្យ​គ្រីស្ទម៉ាស់​សាខា​ហើយ ។ ហឺមិន បាន​ប្រមូល​ដុំឈើ ហើយ​ចាប់​ផ្តើម​ឆ្លាក់ ។ គាត់​បាន​ឆ្លាក់​ឈើ​ដែល​មាន​រាងជា​កូន​ឡាន​ ដំរី ​​យន្តហោះ ​រថភ្លើង និង​រូបសេះ​ម្តងមួយៗ ។

នៅទីបំផុត ថ្ងៃជប់លៀង​បាន​មកដល់ ។ គ្រប់គ្នា​បាន​បរិភោគ​អាហារ និង​ច្រៀង​ចម្រៀង​គ្រីស្ទម៉ាស់​រួមគ្នា ។ ហឺមិន និង មិត្ត​របស់គាត់​មកពី​ជំរំ​បានច្រៀង​បទ​គ្រីស្ទ​ម៉ាស់​ជាភាសា​អាល្លឺម៉ង់ ។

បន្ទាប់​មក​ហឺមិន​បាន​ទាញ​កាបូប​ដ៏ធំ​ចេញ​មក ។ នៅ​ក្នុង​នោះ​មាន​របស់​លេងពីឈើ​ចំនួន ៤០ ដុំ ! ហឺមិន បាន​ឲ្យ​កុមារ​ក្នុង​អង្គការ​បឋម​សិក្សា​ម្នាក់មួយៗ ។ វាគឺ​ជាពិធី​បុណ្យ​គ្រីស្ទម៉ាស់​ដែល​ពួកគេ​មិនដែល​ភ្លេច​ឡើយ ។ ●