២០២០
តើ​ខ្ញុំ​អាច​និយាយ​ទៅ​កាន់កូនៗ​អំពី​ដំណឹងល្អ​តាម​របៀប​នានា​ជា​រៀងរាល់​ថ្ងៃ​ដោយ​របៀប​ណា ?
ខែ ធ្នូ ឆ្នាំ ២០២០


តើ​ខ្ញុំ​អាច​និយាយ​ទៅ​កាន់កូនៗ​របស់​​ខ្ញុំ​អំពី​ដំណឹងល្អ​តាម​របៀប​នានា​ ជា​រៀងរាល់​ថ្ងៃ​ដោយ​របៀប​ណា ? 

ក្នុង​នាម​ជា​ឪពុកម្ដាយ វា​ជា​កិច្ចការ​របស់​យើង​ដើម្បី​បង្រៀន​កូនៗ​អំពី​ដំណឹងល្អ ។ ប៉ុន្តែ​ការពិភាក្សា​ពី​ដំណឹងល្អ​មិន​ចាំបាច់​មាន​ការតានតឹង និង​ផ្លូវការ​នោះ​ទេ ! នេះ​ជា​យោបល់​មួយ​ចំនួន​សម្រាប់​ការបញ្ចូល​ការពិភាក្សា​ដំណឹងល្អ​នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ។

family walking together

រចនា​រូបភាព​ដោយ ចូស៊ី ផតធីឡូ

របៀប ៧ យ៉ាង​ដើម្បី​ចាប់ផ្ដើម​ការសន្ទនា​មួយ

  • តើ​មាន​មិត្តភក្ដិ​ណា​ម្នាក់​របស់​កូន​បាន​សួរ​អំពី​រឿង​សាសនា​ទេ ?

  • តើ​កូន​បាន​អាន​អ្វី​ខ្លះ​នៅក្នុង​ព្រះគម្ពីរ​មួយ​រយៈ​ក្រោយ​នេះ ? តើ​កូន​មាន​សំណួរ​អ្វី​ទេ ?

  • តើ​ការហៅ​បម្រើ​របស់​កូន​ដំណើរការ​យ៉ាង​ណា​ដែរ ( ឬ​ការចាត់តាំង​ផ្សេងៗ​ទៀត​ខាង​សាសនាចក្រ ) ? តើ​អ្វីនឹង​ជួយ​កូន ?

  • ម៉ាក់/ប៉ា​បាន​គិត​ពី​ខគម្ពីរ​នេះ​ថ្មីៗ​នេះ ។ តើ​កូន​មាន​គំនិត​អ្វី​ខ្លះ​ពី​វា ?

  • តើ​មាន​អ្វី​នៅ​ព្រះវិហារ​នៅ​ថ្ងៃ​នេះ​ដែល​កូន​មាន​សំណួរ​ទេ ?

  • តើ​មាន​អ្វី​ដែល​យើង​បាន​អាន​នៅក្នុង ចូរ​មក​តាម​ខ្ញុំ មួយ​រយៈ​ក្រោយ​នេះ ដែល​កូន​នៅតែ​គិត​ដល់​ទេ ?

  • តើ​កូន​គិត​ដូចម្ដេច​ពី​សុន្ទរកថា​សន្និសីទ​ទូទៅ​ទាំងនោះ​ដែល​យើង​បាន​មើល ?

ពេលវេលា​និយាយ​មិន​ផ្លូវការ ៧ យ៉ាង

  • ពេល​ញ៉ាំ​អាហារ​រួម​គ្នា ឬ​ពេល​ចូលគេង

  • ពេល​កូន​របស់​អ្នក​កំពុង​ឆ្លងកាត់​គ្រាលំបាក​មួយ

  • អំឡុង​គម្រោង​បម្រើ​មួយ ឬ​ពេល​កំពុង​ជួយ​អ្នក​ផ្សេង​ទៀត

  • មុន និង​បន្ទាប់​ពី​ការប្រជុំ ឬ​សកម្មភាព​សាសនាចក្រ

  • ពេល​ប្រាប់​ដំណើររឿង​គ្រួសារ ឬ​និយាយ​ពី​បុព្វការីជន

  • ពេល​ណា​ក៏​ដោយ​ដែល​អ្នក​កត់សម្គាល់​ឃើញ​ពី​អ្វី​ដែល​ទាក់ទង​នឹង​សារ​ខាង​វិញ្ញាណ

  • ពេលណា​ក៏​បាន—ប្រសិន​បើ​អ្នក​ចូល​ទៅ​កាន់​ការសន្ទនា​ដោយ​បើក​ចំហរ ដោយ​សេចក្ដី​ស្រឡាញ់​ក្នុង​ចិត្ត និង​ដោយ​បំណង​ប្រាថ្នា​ដើម្បី​ស្ដាប់ និង​យល់

គំនិត និង​ព័ត៌មាន​ជំនួយ

  • បង្រៀន​កូន​របស់​អ្នក​ថា ការមាន​សំណួរ​អំពី​ដំណឹងល្អ​គឺ​មិន​ថ្វី​ទេ ។ បន្ទាប់​ពី​អ្វីៗ​ទាំងអស់ វា​គឺ​ជា​សំណួរ​ដែល​បាន​បំផុស យ៉ូសែប ស៊្មីធ ឲ្យ​អធិស្ឋាន​សូម​ជំនួយ ដែល​នាំ​ឲ្យ​មាន​ការនិមិត្ត​ដំបូង ! សូម​ជួយ​ពួកគេ​ឲ្យ​ដឹង​ថា ពួកគេ​នៅតែ​អាច​ចិញ្ចឹម​បីបាច់​ទីបន្ទាល់​មួយ​ដោយ​មិន​បាច់​មាន​ចម្លើយ​ទាំងអស់ ។

  • សូម​ចង្អុល​បង្ហាញ​ពេល​អ្នក​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ មិន​ថា​វា​អំឡុង​ពេល​រាត្រី​ក្រុមគ្រួសារ នៅ​ព្រះវិហារ ឬ​នៅ​ថ្ងៃលិច​ដ៏​ស្រស់ស្អាត​មួយ ។ ការណ៍​នេះ​អាច​ជួយ​ពួកគេ​ឲ្យ​ចាប់ផ្ដើម​ស្គាល់​ពី​របៀប​ដែល​ព្រះវិញ្ញាណបរិសុទ្ធ​មាន​បន្ទូល​មក​យើង ។ សូម​ពន្យល់​ថា ព្រះវិញ្ញាណ​បាន​ទាក់ទង​មក​យើង​តាមរយៈ​របៀប​ខុសៗ​គ្នា​ជាច្រើន ដូចជា​អារម្មណ៍​កក់ក្ដៅ ឬ​ស្រាលៗ គំនិត​ច្បាស់លាស់ អារម្មណ៍​សុខសាន្ត ជាដើម ។

  • ធ្វើ​ឲ្យ​សារ​ដំណឹងល្អ​ងាយស្រួល​រកបាន ។ កូនៗ​វ័យ​ជំទង់​របស់​អ្នក​ប្រហែល​ជា​មិន​មើល​អត្ថបទ​ទស្សនាវដ្ដី​សាសនាចក្រ​នៅក្នុង​ទូរសព្ទ​របស់​ពួកគេ​ទេ តែ​ពួកគេ​ប្រហែល​ជា​បើក​មើល លីអាហូណា ដែល​នៅលើ​តុ ។ ពួកគេ​ប្រហែល​ជា​មិន​ស្ដាប់​សុន្ទរកថា​សន្និសីទ​ទូទៅ​នៅពេល​ទំនេរ​របស់​ពួកគេ​ទេ ប៉ុន្តែ​ពួកគេ​ប្រហែល​ជា​ចាប់​បាន​ពាក្យ​មួយ​ចំនួន​ពេល​អ្នក​កំពុង​ស្ដាប់​វា​ពេល​អ្នក​ធ្វើ​អាហារ​ពេលល្ងាច ។

  • សំខាន់​បំផុត សូម​បន្ត​ព្យាយាម សូម្បី​វា​ហាក់ដូច​ជា​មិន​ដំណើរការ​ក្ដី ! ព្រះគម្ពីរ​មាន​ដំណើរ​រឿង​ជាច្រើន​អំពី​កូនៗ​ដែល​មិន​ស្ដាប់​ពី​ដំបូង ដូចជា អាលម៉ា​ជា​កូន ។ សូម​ទុកចិត្ត​ថា ថ្ងៃ​មួយ​សេចក្ដី​ពិត​ខាង​វិញ្ញាណ​នឹង​ជ្រាប​ចូល​ទៅក្នុង​ដួងចិត្ត​របស់​ពួកគេ ។