២០២០
ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ព្រះគ្រីស្ទ
ខែ ធ្នូ ឆ្នាំ ២០២០


ពាក្យ​ចុង​ក្រោយ

ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ព្រះគ្រីស្ទ

ដកស្រង់​ចេញពី​សុន្ទរកថា​នៅ​ក្នុង​សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០១៨ ។

ពន្លឺ និង​ជីវិត​ខាង​វិញ្ញាណ​កើត​ឡើង នៅពេល​ការគោរព​ប្រតិបត្តិ​ខាង​សាសនា​ជា​ទៀងទាត់​នាំ​យើង​ឲ្យ​ខិត​កាន់តែ​ជិត​នឹង​ព្រះវរបិតា​សួគ៌ និង​ព្រះអង្គសង្គ្រោះ​របស់​យើង​គឺ​ព្រះ​យេស៊ូវគ្រីស្ទ ។ ជាមួយ​នឹង​ការគោរព​ប្រតិបត្តិ​ជា​ប្រចាំ យើង​រកឃើញ​ចម្លើយ សេចក្តីជំនឿ និង​កម្លាំង​ដែល​ដោះស្រាយ​នូវ​ឧបសគ្គ​រៀងរាល់​ថ្ងៃ និង​ទទួល​យក​ឱកាស​នានា​ដោយ​ការអត់ធ្មត់ ទស្សនវិស័យ និង​អំណរ​នៃ​ដំណឹងល្អ ។

អំឡុង​ពេល​ដែល​យើង​ស្វែងរក​មធ្យោបាយ​ថ្មី និង​កាន់តែ​បរិសុទ្ធ ដើម្បី​ស្រឡាញ់​ព្រះ ហើយ​ជួយ​យើង និង​មនុស្ស​ដទៃ​រៀប​ចំ​ខ្លួន​ទៅ​ជួប​ទ្រង់ នោះ​យើង​ចងចាំ​ភាព​ល្អ​ឥតខ្ចោះ​នៅក្នុង​ព្រះគ្រីស្ទ គឺ​ពុំមែន​នៅក្នុង​ខ្លួន​យើង ឬ​នៅក្នុង​ភាព​ល្អ​ឥតខ្ចោះ​នៃ​លោកិយ​ឡើយ ។

ការអញ្ជើញ​របស់​ព្រះ​ពោរពេញ​ដោយ​សេចក្តីស្រឡាញ់ និង​លទ្ធភាព ដោយសារ​ព្រះយេស៊ូវគ្រីស្ទ​គឺ​ « ជាផ្លូវ ជា​សេចក្តីពិត ហើយ​ជា​ជីវិត » ( យ៉ូហាន ១៤:៦ ) ។ ចំពោះ​អស់​អ្នក​ដែល​មាន​អារម្មណ៍​ថា មាន​បន្ទុក ទ្រង់​អញ្ជើញ​ថា « ចូរ​មក​ឯ​ខ្ញុំ » ហើយ​អស់​អ្នក​ដែល​មក​កាន់​ទ្រង់ នោះ​ទ្រង់​សន្យា​ថា « ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សម្រាក » ( ម៉ាថាយ ១១:២៨ ) ។ « ចូរ​មក​រក​ព្រះ​គ្រីស្ទ ហើយ​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ទ្រង់ … ស្រឡាញ់​ព្រះ​ឲ្យ​អស់​ពី​សមត្ថភាព អស់​ពី​គំនិត និង​អស់​ពី​កម្លាំង​របស់​អ្នក នោះ​ព្រះ​គុណ​របស់​ទ្រង់​ល្មម​ដល់​អ្នក​ហើយ ដោយ​សារ​ព្រះ​គុណ​នៃ​ព្រះ នោះ​អ្នក​រាល់​គ្នា​អាច​បាន​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ព្រះ​គ្រីស្ទ » ។ ( មរ៉ូណៃ ១០:៣២ ) ។

នៅក្នុង​ការធានា​អះអាង​នេះ « ដោយ​សារ​ព្រះ​គុណ​នៃ​ព្រះ នោះ​អ្នក​រាល់​គ្នា​អាច​បាន​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ព្រះ​គ្រីស្ទ » វា​ក៏​ជា​ការលួងលោម ភាពសុខសាន្ត និង​ការសន្យា​ថា យើង​អាច​បន្ត​ឆ្ពោះ​ទៅមុខ​ដោយ​សេចក្តីជំនឿ និង​ទំនុកចិត្ត​លើ​ព្រះអម្ចាស់ ទោះបី​ជា​អ្វីៗ​ពុំ​ដំណើរ​ការ​ដូច​ក្តីសង្ឃឹម ការរឹពឹងទុក ឬ​ប្រហែល​ជា​យើង​សម​នឹង​ទទួល​បាន ទោះ​មិន​មែន​ជា​កំហុស​របស់​យើង​ផ្ទាល់ ឬ​ទោះបី​បន្ទាប់​ពី​យើង​បាន​ធ្វើ​អស់​ពី​សមត្ថភាព​ក្តី ។

ក្នុង​គ្រា និង​មធ្យោបាយ​ផ្សេងៗ យើង​ទាំងអស់​គ្នា​មាន​អារម្មណ៍​ថា ខ្វះ​សមត្ថភាព ពុំ​ប្រាកដ​ប្រជា ហើយ​ប្រហែល​ជា​មិន​ស័ក្ដិសម​ផង ។ ប៉ុន្តែ​នៅក្នុង​កិច្ចខិត​ខំ​ដ៏​ស្មោះត្រង់​របស់​យើង​ដើម្បី​ស្រឡាញ់​ព្រះ និង​ផ្តល់​ការងារ​បម្រើ​ដល់​អ្នក​ជិត​ខាង​របស់​យើង នោះ​យើង​អាច​ទទួល​អារម្មណ៍​នៃ​ក្តី​ស្រឡាញ់​របស់​ព្រះ និង​ការបំផុសគំនិត​ដែល​ចាំបាច់​សម្រាប់​ជីវិត​ពួកគេ និង​ជីវិត​របស់​យើង ។

ជាមួយ​នឹង​សេចក្តីអាណិតអាសូរ ព្រះអង្គ​សង្គ្រោះ​យើង​លើក​ទឹកចិត្ត និង​សន្យា​ថា យើង​អាច « ឈាន​ទៅ​មុខ​ដោយ​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ព្រះគ្រីស្ទ ដោយ​មាន​ការភ្លឺថ្លា​នៃ​សេចក្ដីសង្ឃឹម​ដ៏​ឥត​ខ្ចោះ ហើយ​ដោយ​មានចិត្ត​ស្រឡាញ់​ព្រះ និង​មនុស្ស​គ្រប់រូប » ។ ( នីហ្វៃទី ២ ៣១:២០ ) ។ គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​របស់​យើង និង​ការដើរតាម​ផ្លូវ​នៃ​សេចក្តីសញ្ញា​របស់​ទ្រង់​ដោយ​ព្រលឹង​ទាំងស្រុង​របស់​យើង អាច​ជួយ​យើង​ឲ្យ​ស្គាល់​សេចក្តីពិត​របស់​ទ្រង់ និង​ធ្វើ​ឲ្យ​យើង​មាន​សេរីភាព ។ ( សូម​មើល យ៉ូហាន ៨:៣២ ) ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ផ្លូវ​នៃ​សេចក្តីសញ្ញា​របស់​ទ្រង់​ដឹកនាំ​ទៅ​រក​អំណោយ​ទាន​ដ៏​មហិមា​បំផុត​ដែល​ព្រះវរបិតាសួគ៌​ជា​ទីស្រឡាញ់​របស់​យើង​សន្យា​ថា ៖ « អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច » ។ ( នីហ្វៃ​ទី ២ ៣១:២០ ) ។ ◼